ដំណាំ កា​រុត

ការ៉ុត​ជា​ដំណាំ​ហូប​មើម 2រដូវ​កាល ដែល​ក្នុង​រដូវ​កាល​ដំបូង​នឹង​លូតលាស់​ធំធាត់​ផ្នែក​ដើម ស្លឹក និង​ឫស ចំណែក​ក្នុង​រដូវ​កាល​ទី​ពីរ​ដំណាំ​ការ៉ុត​នឹង​លូតលាស់​ផ្នែក​ផ្កា និង​គ្រាប់ (ដាំ​ទុក​យក​គ្រាប់​ធ្វើ​ពូជ)។

លក្ខណៈ​របស់​ដើម​ការ៉ុត​ជា​ស្លឹក​បន្ទះ​ដែល​នឹង​ដុះ​លូតលាស់​ចេញពី​ដើម ជា​ក្រុម​ដំណាំ​ដែលមាន​ធាង​ស្លឹក​វែង។ ពូជ​ការ៉ុត​ដែលមាន​គុណភាព​ខ្ពស់​នឹងមាន​បណ្ដូល​តូច និង​មាន​ពណ៌​ដូចគ្នា​នឹង​សាច់ ឬ​មាន​ផ្នែក​របស់​សាច់​ច្រើន​ជា​ផ្នែក​របស់​បណ្ដូល។ កា​ដាំ​រដូវ​កាល​ទី​ពីរ​ដើម្បី​ទទួលផល​ជា​គ្រាប់ពូជ​នោះ ដើម​ការ៉ុត​នឹង​ឈរ​ឡើង​ត្រង់ ផលិត​ធាង​ស្លឹកវែងៗប្រវែង2-4ហ្វុ​៊​ត នៅ​ខាងចុង​មាន​កញ្ចុំ​ផ្កា ដែល​កញ្ចុំ​ដំបូង​នឹង​ដុះ​លូតលាស់​ចេញពី​ផ្នែក​កណ្ដាល​របស់​ដើម បន្ទាប់ពីនោះ​កញ្ចុះ​ដទៃទៀត​នឹង​ដុះ​លូតលាស់​មក​តាម​ក្រោយ។ ការ​ផ្សំ​លម្អង​កេសរ​ធ្វើឡើង​បែប​ផ្សំ​ចម្លង ដែល​ភាគច្រើន​ប្រើ​សត្វល្អិត​ជា​អ្នក​ជួយ​ផ្សំ​លម្អង​កេសរ។

ការដាក់​ដាំ
– ការត្រៀម​ដី៖
ផ្ទៃដី​ដែល​ស័ក្តិសម​សម្រាប់​ការបណ្ដុះ​ដាំ គួរ​ស្ថិតនៅ​ខ្ពស់ជាង​កម្រិត​កម្ពស់​ទឹកសមុទ្រ​ប្រមាណ600-1,300 ម៉ែត្រ ដី​គួរតែ​ជា​ដី​ល្បាយ​លាយ​ខ្សាច់។ មិនគួរ​ដាក់​ជីលា​មក​គោ​ស្រស់​ទេ ត្រូវធ្វើ​ការ​លាយ​ផ្សំ រួច​ដាក់​ហាលថ្ងៃ​ចោល​មួយរយៈ​សិន។

ក្នុងដំណាក់កាល​ភ្ជួរ​ដី​ត្រៀម​លើក​ជា​រង ចូរ​ជីក​មុខ​ដី​រហូតដល់​បែក​ត្រសុស​ជម្រៅ​មិនតិចជាង 40សង់ទីម៉ែត្រ លើក​ជា​រង​ទំហំ​ទទឹង1ម៉ែត្រ​អាច​ដាំ​បាន3ជួរ។ បើជា​ដីស្អិត ត្រូវតែ​លាយ​ផ្សំ​ជាមួយ​ជីធម្មជាតិ​ផ្អាប់2គីឡូក្រាម ជាមួយ​ផេះ​អង្កាម1កា​រ៉ុង​ដាក់​លើ​ផ្ទៃដី2ម៉ែត្រ​បួន​ជ្រុង។

បន្ថែម៖ នៅក្នុង​ផ្ទៃដី​ដាំ​ដុះ មិនគួរ​មាន​កម្ទេច​ឫស​ឈើធំៗ ក្រួស​ថ្មធំៗឡើយ។

– វិធី​ដាំ៖ អាចធ្វើ​បាន​ដោយ​វិធី​បណ្ដុះ​គ្រាប់ តែ​គ្រាប់ពូជ​ការ៉ុត​មាន​ទំហំ​តូច និង​ទន់ខ្សោយ​ណាស់។ មានការ​រួចផុត​ពី​ការ​ស្អុយ​ងាប់​ក្រោយ​ការបណ្ដុះ​ជា​កូន​ត្រឹមតែ50%ប៉ុណ្ណោះ ដូច្នេះ​គួរ​នាំយក​គ្រាប់ពូជ3ចំណែក លាយ​ជាមួយ​ដីខ្សាច់ 1ចំណែក​មុននឹង​យកទៅ​ព្រោះ។ ស្រោច​ទឹក​លើ​រង​ឱ្យ​ជោក​មុននឹង​ចាប់ផ្ដើម ព្រោះ​គ្រាប់ពូជ ដើម្បី​បិទ​រន្ធ​ដី និង​ឱ្យ​ដី​រួម​ចូលគ្នា​មិនឱ្យ​គ្រាប់ពូជ​ធ្លាក់ចូលទៅក្នុង​ដី​ជ្រៅ​ពេក។ បន្ទាប់ពីនោះ​បាច​ជី​ផ្អាប់​ធម្មជាតិ​លាយ​ផេះ​អង្កាម​រោយតិចៗលើ​បរិវេណ​រង ស្រោច​ទឹក​លាយ​ទឹក​ជីសរីរាង្គ រួចហើយ​យក​ចំបើង​ស្ងួត​មក​គ្រប​លើ​រង​មួយ​ជាន់​ទៀត។

ក្រោយ​ពីព្រោះ​គ្រាប់ពូជ ក្នុង​រយៈ​ដំបូង នៅពេល​ដើម​មាន​ខ្នាត​កម្ពស់5-7សង់ទីម៉ែត្រ ចូរ​ដក​ដើម​ដែល​ដុះ​ឡើង​ញឹក​ចេញ​ខ្លះ ទុក​ចម្ងាយ​ពី​ដើម​មួយ​ទៅ​ដើម​មួយ​ប្រមាណ2-3សង់ទីម៉ែត្រ។ រង់ចាំ​រហូតដល់​មាន​អាយុ20ថ្ងៃ កូន​ការ៉ុត​មាន​ខ្នាត​កម្ពស់​ប្រមាណ10-15សង់ទីម៉ែត្រ​អាច​ដក​បំបែក​ដាំ​បាន ហើយ​ចំណែក​ដើម​ដែល​នៅតូចៗកម្ពស់​ត្រឹមតែ1-1.5សង់ទីម៉ែត្រ គួរ​ដក​ចោល។ ក្នុងដំណាក់កាល​ទី​ពីរ នៅពេល​ដើម​មាន​អាយុប្រមាណ40-50ថ្ងៃ ក្នុងដំណាក់កាល​នេះ​អាច​ដកយក​មើម​ការ៉ុត​មក​ទទួលទាន​បាន​ខ្លះ​ហើយ។ សម្រាប់​ការដក​យកទៅ​បំបែក​ដាំ គួរ​ដាក់​ដាំ​ឱ្យ​ឆ្ងាយ​ពីគ្នា12-15សង់ទីម៉ែត្រ ហើយ​ថែទាំ​បំប៉ន​ត​រហូត​ដល់ពេល​ប្រមូល​ផល។

– វិធី​ការថែទាំ​រក្សា

ការ​ស្រោច​ទឹក៖ ត្រូវ​ឧស្សាហ៍​មើលថែ​ស្រោច​ទឹក​រៀងរាល់ថ្ងៃ ព្រឹក-ល្ងាច។
ការដាក់​ជី៖ នៅពេល​កូន​ការ៉ុត​អាយុ​បាន10-15ថ្ងៃ ចូរ​ដាក់​ជី 46-0-0 ក្នុង​អត្រា3ស្លាបព្រា​បាយ​ក្នុង​ផ្ទៃដី​មួយ​ម៉ែត្រការ៉េ និង​នៅពេល​អាយុ30ថ្ងៃ ចូរ​ដាក់​ជី​រូបមន្ត​ស្មើ 16-16-16 ឬ​អាច​ប្រើ​ជីសរីរាង្គ​ក្នុង​ចន្លោះ​ជួរ​ដើម​ការ៉ុត​ចំនួន 300ក្រាម​ក្នុង​ផ្ទៃដី​មួយ​ម៉ែត្រការ៉េ និង​ដាក់​រៀងរាល់20ថ្ងៃ​ម្ដង។
ការការពារ និង​កម្ចាត់​សត្រូវ​ដំណាំ៖ ការពារ​សត្វល្អិត​សត្រូវ​ដំណាំ​ដោយ​ទឹក​ត្រាំ​ស្លឹក​ស្ដៅ និង​ទឹក​ត្រាំ​ជីសរីរាង្គ ដោយ​ត្រូវ​បាញ់​ដាក់​ដំណាំ​រៀងរាល់3-5ថ្ងៃ​ម្ដង​ជា​បន្តបន្ទាប់។

– វិធី​ការប្រមូល​ផល៖ ប្រមាណ​ជា85-90ថ្ងៃ អ្នក​អាចធ្វើ​ការប្រមូល​ផល​មើម​ការ៉ុត​បាន​ហើយ។ មុន​ការប្រមូល​ផល គួរ​ស្រោច​ទឹក​ឱ្យ​ដី​សើម​ជោកជាំ​ជាមុនសិន ដើម្បី​បង្កើន​ភាពងាយស្រួល​ក្នុងការ​ប្រមូល​ផល បន្ទាប់ពីនោះ​ត្រូវ​យកដៃ​ចាប់​បួង​ស្លឹក​ទាំងអស់ រួចហើយ​ព្យាយាម​ដកថ្នមៗជា​រាង​បញ្ឆិត បន្ទាប់មក​នាំយក​មើម​ការ៉ុត​ទៅ​លាង​ទឹក​សម្អាត ដាក់​សំ​ដឹ​ល​ឱ្យ​ស្ងួត។

មើម​ការ៉ុត យើង​អាច​រក្សាទុក​ក្នុង​ទូទឹកកក​បានយូរ​ប្រមាណ​ជា1-2ខែ បើសិន​បាន​រុំ​ដោយ​ថង់​ជ័រ​ប្លា​ស្ទិ​ក​ខ្ចប់​ម្ហូបអាហារ៕

Advertisement