4 វិធី​គិត ជួយ​ធុរកិច្ច​ឱ្យ​រុងរឿង

ក្រៅពី​ចំណេះ និង​ការយល់ដឹង​ក្នុង​ធុរកិច្ច​ដែល​ខ្លួន​កំពុង​ធ្វើ​ហើយ​នោះ វិធី​គិត​ដែលល្អៗ ក៏​ហុច​ផល​ដល់​ភាពជោគជ័យ​របស់​ធុរកិច្ច​បាន​ដូចគ្នា ព្រោះ​វិធី​គិត​ប្រៀបដូចជា​ខ្សែ​ផ្លូវ​ដែលនឹង​នាំ​សហគ្រិន​ឆ្ពោះទៅរក​ជ័យជម្នះ ហើយ 4វិធី​គិត​ដែល​ឡា​រ៉ែ​ន​នឹង​ណែនាំ​តទៅ​នេះ គឺជា​វិធី​គិត​ដែល​សហគ្រិន​គ្រប់រូប​ចាំបាច់​ត្រូវតែមាន។

  1. ត្រៀម​កែសម្រួល​វិធី​គិត​គ្រប់ពេលវេលា

ការប្រកាន់​ខ្ជាប់​ជាមួយ​វិធី​គិតដដែលៗដែល​ធ្លាប់បាន​សាង​ភាពជោគជ័យ​ដល់​យើង​នោះ​មិនមែនជា​រឿង​ខុសឆ្គង​ទេ​ប៉ុន្តែ​បើសិន​ថ្ងៃ​ណាមួយ ដែល​វិធី​គិត​ទាំងនោះ​មិនអាច​សាង​ភាពជោគជ័យ​បាន​តទៅទៀត ឬ​ប្រើ​សម្រាប់​កែខៃ​បញ្ហា​លែង​បាន​ហើយ​នោះ សហគ្រិន​ត្រូវតែ​កែសម្រួល​វិធី​គិត​ជាថ្មី ដោយ​វិធី​គិត​បែប​ថ្មី​នេះ ត្រូវតែ​អាច​កែខៃ​បញ្ហា​ដែល​កើតឡើង​នៅ​ខណៈ​ពេលនោះ​ឱ្យបាន។

  1. សម្លឹងមើល​អនាគតរ​បស់​ធុរកិច្ច​ឱ្យ​ធ្លុះ

ព្រោះ​វា​នឹង​ធ្វើឱ្យ​សហគ្រិន​អាច​កំណត់​ខ្សែ​ផ្លូវ​នៃ​ការ​ដំណើរការ​ធុរកិច្ច​របស់ខ្លួន​បានច្បាស់លាស់ និង​ដឹងថា ត្រូវ​ដំណើរការ​ធុរកិច្ច​ទៅក្នុង​ទិសដៅ​ណា​ទើប​ទទួលបាន​ជោគជ័យ​តាមគោលដៅ​ដែល​បានកំណត់​ទុក។ ផ្ទុយទៅវិញ បើ​សហគ្រិន​សម្លឹងមើល​អនាគត​របស់​ធុរកិច្ច​មិន​ធ្លុះ ច្បាស់​ជា​នឹង​ដំណើរការ​ធុរកិច្ច​ទៅមុខ​យ៉ាង​គ្មាន​គោលដៅ ដែល​នឹង​ហុច​ផល​ឱ្យ​ធុរកិច្ចនោះ​ដួលរលំ​បាន។

  1. មាន​ផែនការ​បម្រុង ទុក​សម្រាប់​ហេតុការណ៍​ដែល​មិន​នឹកស្មាន​ដល់

យើង​មិនដឹងថា​នៅពេល​អនាគត ធុរកិច្ច​របស់​យើង​នឹង​ទទួលបាន​ជោគជ័យ ឬ​បរាជ័យ ហើយ​នឹងមាន​បញ្ហា​អ្វីខ្លះ​ឱ្យ​យើង​ដោះស្រាយ​នោះទេ ដូច្នេះហើយ​ទើប​វិធី​ការពារ​ដែល​ល្អបំផុត ប្រហែលជា​គេច​មិន​ផុតពី​ការ​ត្រូវតែមាន​ផែនការ​បម្រុង ទុក​ប្រើ​ក្នុងពេល​អាសន្ន​ហ្នឹងឯង (ចំណុច​នេះ​ចាំបាច់​ត្រូវតែមាន)។

4 . ធ្វើ​ធុរកិច្ច​ដោយ​ទ្រឹស្ដី Game Theory

ព្រោះ​នឹងធ្វើ​ឱ្យ​សហគ្រិន​សម្លឹងមើល​ធ្លុះ​ថា គូប្រជែង​របស់​ធុរកិច្ច​ខ្លួនឯង​គឺ​នរណា? ការប្រកួតប្រជែង​លើក​នេះ​នឹងមាន​លទ្ធផល​ឈ្នះ​ចាញ់​យ៉ាងណា? និង​មាន​ភាព​មានប្រៀប​លើការប្រកួតប្រជែង​ច្រើន​តិច​ប៉ុនណា?។ នៅពេល​សម្លឹងមើល​ធ្លុះ​ហើយ ក៏​នឹង​អាច​វាយតម្លៃ​ស្ថានការណ៍​នៃ​ការប្រកួតប្រជែង​បាន និង​ដឹងថា ត្រូវ​ទប់​ទល់នឹង​គូប្រជែង​យ៉ាងណា​ទើប​ទទួលបានជ័យជម្នះ?៕

រៀបរៀង​ដោយ តា​វ៉ែនតា

Advertisement