តើ​ធ្វើ​ដូចម្តេច​ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលនវត្ថុ​ស្របច្បាប់​ដោយ​មិនបាច់​បើក​ក្រុមហ៊ុន?

បច្ចុប្បន្ន​ទោះបី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានចេញ​សេចក្តីប្រកាស និង​អំពាវនាវ​ឱ្យ​ភ្នាក់ងារ​អចលនវត្ថុ និង​ក្រុមហ៊ុន​ទាំងអស់​ទៅសុំ​អាជ្ញាប័ណ្ណ​ជា​ក្រុមហ៊ុន​អចលនវត្ថុ​ស្របច្បាប់ ឬ​សុំ​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​អ្នកជំនាញ​ភ្នាក់ងារ​អចលនវត្ថុ​ស្របច្បាប់​ក៏ដោយ ក៏ប៉ុន្តែ​នៅមាន​ភ្នាក់ងារ​អចលនវត្ថុ និង​ក្រុមហ៊ុន​មួយចំនួន​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលនវត្ថុ និង​ជា​ក្រុមហ៊ុន​ស្របច្បាប់​នៅឡើយ​ទេ។ ចំណែកឯ​បុគ្គល​ឯកជន​ដែល​រកស៊ី​ធ្វើជា​ភ្នាក់ងារ​នាំ​ភ្ញៀវ​ទិញ-លក់-ជួល​អចលនវត្ថុ​ដែល​មិនមាន​ក្រុមហ៊ុន​ត្រឹមត្រូវ​ក៏មាន​ច្រើន​ណាស់ដែរ​នៅលើ​ទីផ្សារ​នេះ។

ពាក់ព័ន្ធ​ករណីនេះ​លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន CPL បាន​មានប្រសាសន៍ថាៈ សម្រាប់​នៅ​ប្រទេសជិតខាង​គេ​បាន​អនុវត្ត​គ្រប់​ជ្រុងជ្រោយ​រួចទៅហើយ ហើយក៏​ទទួលបាន​ជោគជ័យ​ផងដែរ ពិសេស​នៅ​ប្រទេស​ម៉ាឡេស៊ី និង​សាំង​ហ្គា​ពួរ ប៉ុន្តែ​ចំពោះ​ប្រទេស​កម្ពុជា​នៅតែមាន​ភ្នាក់ងារ​អចលនវត្ថុ​ជាច្រើន​មិនទាន់មាន​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​នៅឡើយ ដោយសារ​ការបើក​ក្រុមហ៊ុនត្រូវការ​ចំណាយ​ដើមទុន​ច្រើន​ទៅលើ​ការរៀបចំ​ឯកសារ ការជ្រើសរើស​ធនធាន​មនុស្ស​ដែលមាន​ជំនាញផ្សេងៗ ដូចជា​គណនេយ្យ រដ្ឋបាល ទីផ្សារ​ផ្នែក​លក់ ជាពិសេស​អ្នកជំនាញ​ខាង​នាំ​ភ្ញៀវ​ទិញលក់-ជួល​អចលនវត្ថុ​នេះ​តែម្តង លើសពីនេះ​ភ្នាក់ងារ​ត្រូវ​ស្នើសុំ​ច្បាប់​ពី​ក្រសួង​ពាក់ព័ន្ធផ្សេងៗដែល​ធ្វើឱ្យមាន​ការលំបាក និង​ជួប​ភាពស្មុគស្មាញ​ច្រើន។  ដើម្បី​រួមចំណែក​ក្នុង​វិស័យ​អចលនវត្ថុ ក្រុមហ៊ុន CPL មាន​គោលការណ៍​មួយចំនួន​ដែល​អាចជួយ​ឱ្យ​ភ្នាក់ងារ​អចលនវត្ថុ​ដែល​គ្មាន​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​អាច​វិ​វ​ឌ្ឍ​ខ្លួន​ទៅជា​ភ្នាក់ងារ​អចលនវត្ថុ​ដែលមាន​គុណវុឌ្ឍិ​ល្អប្រសើរ មាន​ជំនាញ​ច្បាស់លាស់​ទៅលើ​ការបំពេញ​ការងារ​រប​ស់​ខ្លួន​ប្រកបដោយ​វិជ្ជាជីវៈ ទទួលបាន​ទំនុកចិត្ត​នៅលើ​ទីផ្សារ និង​ទទួលបាន​ភាពជោគជ័យ​លើ​ការងារ​របស់ខ្លួន។

ជាក់ស្ដែង​នៅ​កម្ពុជា​គេ​សង្កេតឃើញថា ភ្នាក់ងារ​អចលនវត្ថុ​មួយចំនួន​នៅតែ​មិនទាន់មាន​ការយល់ដឹង​ពី​ច្បាប់​ថា​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ​វិជ្ជាជីវៈ? ធ្វើយ៉ាងណា​ឱ្យមាន​ការជឿជាក់​ពី​អតិថិជន​នៅឡើយ​ទេ។ ករណីនេះ​ក្រុមហ៊ុន CPL មាន​គោលការណ៍​មួយចំនួន​ដើម្បី​បណ្តុះបណ្តាល​ពួកគេ​ឱ្យ​យល់ដឹង​ពី​ច្បាប់ ក្រមសីលធម៌​វិជ្ជាជីវៈ និង​កម្រៃ​សេវា​ដែល​យើង​ត្រូវយក​ពី​អតិថិជន​ទៅតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បានចែង​កាលពី​ឆ្នាំ​កន្លងទៅ។

លោក​បាន​បន្តថា បច្ចុប្បន្ន​ភ្នាក់ងារ​អចលនវត្ថុ​មាននៅ​ពាសពេញ​ប្រទេស​កម្ពុជា មិន​ថា​នៅក្នុង​ក្រុងភ្នំពេញ ឬ​នៅតាម​បណ្តា​ខេត្តផ្សេងៗនោះទេ ហើយ​ពួកគាត់​គ្រប់គ្នា​សុទ្ធតែ​ចង់​ក្លាយទៅជា​ភ្នាក់ងារ​អចលនវត្ថុ​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​ត្រឹមត្រូវ​ផងដែរ ប៉ុន្តែ​ស្ថិត​នៅត្រង់ថា ពួកគាត់​មិនដឹងថា​ត្រូវ​ធ្វើតាម​វិធី​ណា?

ក្រុមហ៊ុន​របស់លោក​មា​ន​រៀបចំ​វគ្គ​បណ្តុះបណ្តាលផ្សេងៗជាច្រើន​ដែល​អនុញ្ញាតឱ្យ​ភ្នាក់ងារ​អចលនវត្ថុ​បាន​ចូលរួម​សិក្សា​លើ​វគ្គ​បណ្តុះបណ្តាល​នេះ​ដោយ​ឥតគិតថ្លៃ ហើយ​ក្រោយពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ ភ្នាក់ងារ​អចលនវត្ថុ​ទាំងនោះ​នឹង​យល់ដឹង​ពី​វិជ្ជាជីវៈ​ផ្នែក​ទិញ-លក់-ជួល​អចលនវត្ថុ​កាន់តែច្បាស់ បន្ទាប់មក​ក្រុមហ៊ុន​នឹង​អនុញ្ញាតឱ្យ​ពួកគេ​ដាក់ពាក្យ​ចូល​ជា​សមាជិក​ភ្នាក់ងារ​អចលនវត្ថុ​របស់​ក្រុមហ៊ុន។ បើ​ពួកគាត់​ពិតជា​មានបំណង​ចង់​ចូល​រួមជាមួយ​ក្រុមហ៊ុន គឺ​យើង​តម្រូវឱ្យ​ពួកគាត់​ត្រូវ​ទៅ​ស្នើសុំ​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​អ្នកជំនាញ​អចលនវត្ថុ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្រោម​ឈ្មោះ​ក្រុមហ៊ុន ​CPL។

លើសពីនេះ​ក្រុមហ៊ុន​ក៏មាន​យុទ្ធសាស្ត្រ និង​គោលដៅ​ដើម្បី​ជួយ​ឱ្យ​ពួកគាត់​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យ​មួយ​នេះ​ផងដែរ។ លោក​បញ្ជាក់ថា ជំនាញ​ដែល​សំខាន់​ក្នុង​វិស័យ​អចលនវត្ថុ​មានតែ 2ប៉ុណ្ណោះ នោះ​គឺៈ ជំនាញ​ចុះ​យក​ព័ត៌មាន​អចលនវត្ថុ​ដែល​ម្ចាស់​ដាក់លក់ និង​ជំនាញ​ណែនាំ​អចលនវត្ថុ​ទៅឱ្យ​អ្នក​ដែលមាន​តម្រូវ​ការទិញ​អចលនវត្ថុ។ ក្នុងនាម​ជា​ភ្នាក់ងារ​ជំនាញ​អចលនវត្ថុ ពួកគាត់​ត្រូវ​ដឹង​ច្បាស់​ថា ខ្លួន​មាន​ជំនាញ​អ្វី​ពិតប្រាកដ។

បើសិនជា​គាត់​មាន​ជំនាញ​ក្នុង​ការចុះ​យក​ព័ត៌មាន​អចលនវត្ថុ ក្រុមហ៊ុន​នឹង​បង្វឹក​គាត់​ឱ្យដឹងពី​គន្លឹះសំខាន់ៗក្នុង​ការរៀបចំ​ព័ត៌មាន​អចលនវត្ថុ​នោះ​ប្រកបដោយ​ភាព​ទាក់ទាញ ល្អ​ស្អាត មិន​រញ៉េរញ៉ៃ អត្ថប្រយោជន៍​របស់​អចលនវត្ថុ និង​ភាព​ចំណេញ​ក្រោយពី​ការទិញ​អចលនវត្ថុ​នេះ។ លោក​បន្ថែមថា​ក្រោយ​ពេលដែល​ភ្នាក់ងារ​អចលនវត្ថុ​ទទួលបាន និង​រៀបចំ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​អស់ហើយ ភ្នាក់ងារ​ជំនាញ​អចលនវត្ថុ​ត្រូវ​ចេះ​ធ្វើ​ទីផ្សារ​ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ​ទៅកាន់​សមាជិកផ្សេងៗទៀត ដែលមាន​ក្រុមហ៊ុន​រាប់រយ និង​មាន​ភ្នាក់ងារ​អចលនវត្ថុ​រាប់ពាន់នាក់​ផ្សេងទៀត​ដើម្បីឱ្យ​ពួកគេ​ជួយ​លក់​នូវ​អ្វីដែល​យើង​មាន ដោយ​ប្រើប្រាស់​គ្រប់​ប្រព័ន្ធ​ទំនាក់ទំនង និង​ប្រព័ន្ធ​ផ្សព្វផ្សាយផ្សេងៗក្នុងការ​ធ្វើឱ្យ​ព័ត៌មាន​នេះ​ទៅ​ដល់ដៃ​អតិថិជន​ដែលមាន​តម្រូវ​ការទិញ​ពិតប្រាកដ។

ក្រៅពី​គន្លឹះ​សម្រាប់​ជំនាញ​យក​ព័ត៌មាន​អចលនវត្ថុ ក្រុមហ៊ុន​CPLក៏មាន​វិធីសាស្ត្រ​បន្ថែមសំខាន់ៗសម្រាប់​ភ្នាក់ងារ​ដែល​អាចធ្វើឱ្យ​ពួកគាត់​មាន​ជំនាញ​ណែនាំ​អចលនវត្ថុ​ទៅដល់​អ្នក​ដែលមាន​តម្រូវ​ការទិញ​អចលនវត្ថុ​ផងដែរ ដើម្បីឱ្យ​ពួកគាត់​ក្លាយទៅជា​ភ្នាក់ងារ​ដែលមាន​ជំនាញ​លក់​អចលនវត្ថុ​ដោយ​ពិតប្រាកដ។ ក្រុមហ៊ុន​នឹង​បង្ហាញ​ពួកគាត់​នូវ​វិធីសាស្ត្រ​ក្នុងការ​និយាយ​ទៅកាន់​អតិថិជន​ដើម្បីឱ្យ​មានកា​រ​ចាប់អារម្មណ៍ ពន្យល់​ណែនាំ​ពី​អត្ថប្រយោជន៍​លក្ខណៈពិសេស​របស់​អចលនវត្ថុ​នោះ​ទៅកាន់​អ្នកទិញ ក៏ដូចជា​ការចរចាផ្សេងៗដែល​ទាក់ទង​នឹង​តម្លៃ។ នៅពេល​ដែលមាន​ការទិញ-លក់​កើតឡើង​ភ្នាក់ងារ​អចលនវត្ថុ​នឹងត្រូវ​បានទទួល​ប្រាក់​កម្រៃជើងសា​ស្របទៅតាម​ច្បាប់​កំណត់ ចំពោះ​ករណី​ដែលមាន​ការចូលរួម​ពី​ភ្នាក់ងារ​ដទៃ ប្រាក់កម្រៃជើងសា​នឹងត្រូវ​ចែក​ឱ្យមាន​សមធម៌ មានការ​សប្បាយចិត្ត​ទាំងអស់គ្នា ទើប​អាចធ្វើ​ការចុះ​សម្រុង​គ្នា​បានយូរ​អង្វែង និង​ទទួលបាន​ទំនុកចិត្ត​កាន់តែ​ខ្ពស់​ពី​អតិថិជន ព្រមទាំង​មានកេរ្តិ៍ឈ្មោះ​ល្អ ដោយ​ចៀសវាង​ដាច់ខាត​ការដណ្តើម​ផលប្រយោជន៍​គ្នា។

លោក​មានប្រសាសន៍ថា “លក្ខណៈពិសេស​របស់​ក្រុមហ៊ុន​CPLគឺៈ ក្រុមហ៊ុន​មាន​ប្រព័ន្ធគ្រប់គ្រង​ច្បាស់លាស់​ដើម្បី​ធ្វើឱ្យ​ភ្នាក់ងារ​ទាំងអស់​ទទួល​បាន​ជោគជ័យ ស្របទៅតាម​ច្បាប់ និង​ចែករំលែកផលប្រយោជន៍​ដោយ​យុត្តិធម៌។ ក្នុងនោះដែរ ក្រុមហ៊ុន​មាន​គោលការណ៍​បែងចែក​ចំណាត់ថ្នាក់​ការងារ​ទៅតាម​ចំណេះដឹង និង​តួនាទី​របស់​ភ្នាក់ងារនីមួយៗ ហើយ​អត្ថប្រយោជន៍​ក៏​បែងចែក​ទៅតាម​នោះដែរ មានន័យថា អ្នក​ខំធ្វើការ​ច្រើន​ទទួលបាន​អត្ថប្រយោជន៍ ឬ​ភាគលាភ​កាន់តែច្រើន ដោយ​មិន​លម្អៀង​ទៅកាន់​អ្នកណា​មួយ​ឡើយ។ លើសពីនេះ​ក្រុមហ៊ុន​ក៏មាន​គោលការណ៍​លើកទឹកចិត្ត​បន្ថែមទៀត មិនមែន​មានតែ​ការបែងចែក​ប្រាក់​សេវា​កម្រៃជើងសា​មួយ​មុខ​នោះទេ គឺ​ពួកគាត់​អាចមាន​ឱកាស​បាន​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ទាំង​ក្នុង និង​ក្រៅប្រទេស​ដើម្បី​បង្កើន​ចំណេះដឹង​ជំនាញ​វិជ្ជាជីវៈ ដែល​អាចជា​ឱកាស​សម្រាប់​ពួកគាត់​មាន​ពេលវេលា​ដើរ​កម្សាន្ត​នៅក្រៅ​ប្រទេស​ផងដែរ។

មកទល់​ពេល​បច្ចុប្បន្ននេះ​ក្រុមហ៊ុន CPL មាន​បុគ្គលិក​ជាង100 នាក់ និង​មាន​ផែនការ​រើស​បុគ្គលិក​ឱ្យបាន5,000នាក់​ទូទាំង 25ខេត្ត​ក្រុង​ដើម្បី​ធ្វើជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ​ដ៏​ធំ​មួយ​នៅ​កម្ពុជា៕

Advertisement