សំណង់​លំនៅឋាន​កើនឡើង​ខ្លាំង​កាលពី​ឆ្នាំ 2017

ទោះបីជា​វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ជាង 10ឆ្នាំ​ចុង​ក្រោយនេះ​ក៏ដោយ ក៏​គេ​មើលឃើញថា វិស័យនេះ​នៅតែ​បន្ត​កើន​ឡើងជា​លំដាប់​តទៅទៀត​ដោយសារ​តម្រូវការ​រប​ស់​ប្រជាជន​ក្នុងស្រុក​នៅមាន​ច្រើន។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើកឡើងថា នៅក្នុង​ឆ្នាំ2017កន្លងទៅនេះ​កម្ពុ​ជាមាន​លំនៅឋានសំណង់ផ្ទះ​ល្វែង​នៅតាម​បុរី​នានា​ប្រមាណ​ជាង 52ម៉ឺន​ខ្នង កើនឡើង​រហូតដល់1637% បើ​ធៀប​នឹង​ឆ្នាំ2016ដែលមាន​ចំនួន​ត្រឹមតែ​ជាង3ម៉ឺន​លំនៅឋាន​តែប៉ុណ្ណោះ។

ឯកឧត្តម​មានប្រសាសន៍​ថា ដោយ​ផ្អែកលើ​កំណើនសេដ្ឋកិច្ច​ថេរ7% ក្នុង​រយៈពេល​ជាង 2ទសវត្សរ៍​ចុងក្រោយ និង​ដោយ​ចំណូល​ប្រចាំឆ្នាំ (GDP)របស់​ប្រជាពលរដ្ឋ​មានការ​កើន​ឡើងជា​លំដាប់​បានធ្វើឱ្យ​តម្រូវការ​នៃ​ការទិញ​លំនៅឋាន​នៅតែ​បន្ត​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៅមុខទៀត។

យោងតាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា  ទំហំ​សេដ្ឋកិច្ចជាតិ (ផ.ស.ស.តាម​ថ្លៃ​បច្ចុប្បន្ន) បាន​កើនឡើង​ពី 61,326,928លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 15,237លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ 2013 ដល់ 89,509,422លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 22,172 លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ 2017 ហើយនឹង​បន្ត​ឡើងដល់ 99,116,041លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 24,552 លាន​ដុល្លារ នៅ​ឆ្នាំ 2018។

ចំណូល​មនុស្ស​ម្នាក់​ធៀប​នឹង ផ.ស.ស. បាន​កើនឡើង​ពី 1,042ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ2013 ដល់​ប្រមាណ 1,435 ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ 2017 ហើយនឹង​បន្ត​ឡើងដល់​ប្រមាណ 1,568 ដុល្លារ​អាមេរិក​នៅ​ឆ្នាំ 2018នេះ ខណៈដែល​អត្រា​ប្តូរប្រាក់​ស្ថិតក្នុង​រង្វង់ 4,050រៀល ក្នុង​មួយ​ដុល្លារ​អាមេរិក។

ប្រការនេះ​ជា​កត្តា​ដែល​ធ្វើឱ្យ​សំណង់ផ្ទះ​ល្វែង​នៅតែ​បន្ត​កើនឡើង​ដែល​បើ​គិត​ត្រឹម 2030 ខាងមុខ ត្រូវបាន​គេ​ព្យាករ​ឃើញថា កម្ពុជា​នៅ​ត្រូវការ​លំនៅឋាន​ប្រមាណ 80ម៉ឺន​ខ្នង​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ប្រជាសាស្ត្រ និង​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចសង្គម។

ជាមួយគ្នានេះ លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន Vtrust បាន​មានប្រសាសន៍ថា ខេត្ត​ដែលមាន​សក្តានុពល​ខ្លាំងជាងគេ គឺ​ខេត្តកណ្តាល​ដែលជា​ខេត្ត​នៅជាប់​នឹង​រាជធានី​ភ្នំពេញ​មាន​គម្រោង​សាងសង់​រហូតដល់ 8,900ខ្នង​ក្នុង​ឆ្នាំ2017។

ទី2.គឺ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​មានការ​កើនឡើង​រហូត​ដល់ 5,400ខ្នង។
ទី3.បាត់ដំបង មាន3,800ខ្នង។
ទី4.សៀមរាប​មាន 3,500ខ្នង ដែល​ភាគច្រើន​ស្ថិតនៅ​ក្នុងអំឡុង​ការសាងសង់។

លោក​ថា អ្វីដែល​ធ្វើឱ្យ​សំណង់​លំនៅឋាន​មានការ​កើនឡើង​ខ្លាំង​នោះ គឺ​ដោយសារ​តម្រូវ​ការរស់នៅ​ក្នុងផ្ទះ​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ ជាពិសេស​ពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក​ពី​បណ្តា​ខេត្ត​មក​រស់នៅ​បំពេញការងារ និង​រកស៊ី​ប្រក​បរបរផ្សេងៗនៅក្នុង​ក្រុងភ្នំពេញ ហើយ​និង​កំណើន​កើនឡើង​នៃ​គូស្រករ​វ័យក្មេង។

តាម​ការសិក្សា​ស្រាវជ្រាវ​ខាងលើ​បង្ហាញថា ក្នុង​ឆ្នាំ2018នេះ អគារ​សំណង់​ផ្ទះល្វែង​នៅតែមាន​សញ្ញា​នៃ​ការរីកចម្រើន បើទោះបីជា​ឆ្នាំ​ដែលមាន​ការបោះឆ្នោត​អាណត្តិ​ថ្មី​ចូល​មកដល់​ក៏ដោយ៕

Advertisement