ឆ្នាំនេះ​ខេត្តតាកែវ​សល់​ស្រូវ​ជិត 80ម៉ឺន​តោន

កសិកម្ម​ជា​វិស័យ​មួយ​យ៉ាងសំខាន់​នៅ​ប្រទេស​កម្ពុជា ហើយ​ពេលថ្មីៗនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ជំរុញ​ដល់​កសិករ​ឱ្យ​ផលិត​ស្រូវ​ដើម្បី​នាំចេញ​ឱ្យបាន 1លាន​តោន​ក្នុង​មួយឆ្នាំ។

ខេត្ត តាកែវ ត្រូវបាន​គេ​មើលឃើញថា ជា​ខេត្ត​ដែលមាន​សក្តានុពល​មួយ​ក្នុងចំណោម​ខេត្តសំខាន់ៗដូចជា​ខេត្តបាត់ដំបង ពោធិ៍សាត់ និង​កំពង់ធំ​ជាដើម។

នៅ​ឆ្នាំនេះ បើ​យោងតាម​ការឱ្យ​ដឹង​រប​ស់​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ញ៉ិ​ប ស្រ៊ន បាន​លើកឡើងថា ការបង្កើត​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ 2017-2018នេះ កសិករ​នៅ​ខេត្ត តាកែវ​បាន​បង្កបង្កើនផល​ស្រូវ​លើ​ផ្ទៃដី​ចំនួន 198,438 ហិកតា ស្មើនឹង 116.72 ភាគរយ​នៃ​ផែនការ ក្នុង​ទិន្នផល​មធ្យម​ជាង 3តោន​ក្នុង​មួយ​ហិកតា ដោយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន 662,778តោន។

ងាក​មក​ទិន្នផល​ស្រូវប្រាំង​វិញ​ប្រជាជន​ខេត្តតាកែវ​អនុវត្តបាន 98,580ហិកតា ស្មើនឹង 131.44ភាគរយ​នៃ​ផែនការ​ក្នុង​ទិន្នផល​មធ្យម​ប្រមាណ​ជិត 5តោន​ក្នុង​មួយ​ហិកតា ដែល​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន 484,062តោន។

សម្រាប់​ឆ្នាំ2018នេះ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​នៅ​ខេត្តតាកែវ​មាន​ចំនួន 1,003,927នាក់ ខណៈម្នាក់ៗមាន​តម្រូវការ​ស្បៀង​ប្រមាណ 143គីឡូក្រាម​ក្នុង​មួយឆ្នាំ ហេតុនេះ​ប្រជាជន​ទូទាំង​ខេត្ត​អាច​នឹង​ត្រូវការ​ស្បៀង​ប្រមាណ 143,562តោន​ក្នុង​មួយឆ្នាំ។

តាម​ការប៉ាន់ប្រមាណ​លើ​តុល្យភាព​ស្បៀង ដោយ​ដកចេញ​ស្រូវ​សម្រាប់​ការហូបចុក​ក្នុង​មួយឆ្នាំ ការ​ទុក​ពូជ ទុកជា​ចំណី​សត្វ និង​ការបាត់បង់​ស្រូវ​ខ្លះ​ពេល​ប្រមូល​ផល យើង​ឃើញថា នៅ​ទូទាំង​ខេត្តតាកែវ អាច​នៅសល់​ស្រូវ​ប្រមាណ 773,436តោន និង​គិត​ជា​អង្ករ​ប្រមាណ 494,999តោន សម្រាប់ធ្វើ​ការនាំ​ចេញទៅ​បណ្តា​ខេត្ត​នានា និង​ក្រៅប្រទេស៕

Advertisement