ការទូទាត់​ប្រាក់​តាម​អន​ឡាញ​កើនឡើង តើ​អាច​ប៉ះពាល់​ដល់​ធនាគារ​ដែរ​ឬទេ?

ស្រប​ពេលដែល​បច្ចេកវិទ្យា​មានការ​រីកចម្រើន​ខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គេ​សង្កេតឃើញថា ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់។

ដូច្នេះ​គេ​សួរថា តើ​ប្រព័ន្ធ​ទូទាត់​បែបនេះ អាច​បង្ក​ហានិភ័យ​ដល់​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដែរឬទេ?

លោក ជា សេរី​វ​ឌ្ឍ ជា​អតីត​ប្រធាន​ផ្នែក Business Process Automation នៃ​ក្រុមហ៊ុន Microsoft ប្រចាំ​នៅ​កម្ពុជា​បានឱ្យដឹងថា ឆ្លងកាត់​បទពិសោធរ​បស់​ក្រុមហ៊ុន Alipay ដែលជា​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​អន​ឡាញ​នោះ ធ្លាប់បាន​បង្ក​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​វិស័យ​ធនាគារ​នៅក្នុង​ប្រទេស​ចិន​ដោយសារតែ​ប្រព័ន្ធ​ថ្មី​នេះ​បានផ្តល់​ភាពងាយស្រួល​ទៅដល់​អតិថិជន​ឱ្យ​អាច​ចាយប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​ទិញ​ទំនិញ​គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​ចិន ដោយ​មិនចាំបាច់​យក​សាច់​ប្រាក់សុទ្ធ​ទៅតាម​ខ្លួន​ឡើយ។

លោក​បាន​បញ្ជាក់ថា ប្រព័ន្ធ នេះ​ផ្តល់​ភាពងាយស្រួល​បំផុត ដោយ​គ្រាន់តែ​អតិថិជន​យកប្រាក់​ទៅ​ដាក់​ក្នុង​បញ្ជរ​ដាក់​ប្រាក់​របស់​ក្រុមហ៊ុន​Alipay ឬ​នៅ​ធនាគារ​ណាមួយ​ដែលជា​ដៃ​គួ ហើយ​គ្រាន់តែ​ដាក់​កាត​Alipayតាម​ខ្លួន​ប៉ុណ្ណោះ។ អតិថិជន​មិនចាំបាច់​ដាក់​សាច់ប្រាក់​សុទ្ធ​តាម​ខ្លួន​នោះទេ តែ​អាច​ទិញ​ទំនិញ​គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ មិនថាតែ​ទំនិញ​ដែលជា​សម្ភារ​ប្រើប្រាស់ ដូចជា​គ្រឿង​អេឡិចត្រូនិក រួមមាន​ទូរស័ព្ទដៃ ឬ​កុំព្យូទ័រ ឬ​សូម្បីតែ​ទិញ​ផ្លែឈើ ថ្នាំពេទ្យ ឬ​ជិះ​តាក់ស៊ី ក៏​អាច​ប្រើ​កាត Alipay ដើម្បី​ទូទាត់​ប្រាក់​បានដែរ។

អ្វីដែល​ធ្វើឱ្យ​ Alipay មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ប្រទេស​ចិន​នោះ គឺ​ដោយសារតែ​ក្រុមហ៊ុន​នេះ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​នៅលើ​ទីផ្សារ​ដែលជា​ការផ្តល់​ទំនុកចិត្ត ក៏ដូចជា​ភាពងាយស្រួល​ដល់​អតិថិ​ជន​ដែរ ហើយ​អតិថិជន​ដែល​ប្រើ​សេវា​ Alipay នេះ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ជាពិសេស​នៅពេល​ទិញ​ទំនិញផ្សេងៗតាម​អន​ឡាញ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដែល​ធ្វើឱ្យ​អតិថិជន​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការដាក់​ប្រាក់​ក្នុង​ធនាគារ​មក​ប្រើ​សេវាកម្ម ​Alipay នេះ​ម្ដងវិញ។

លោក​បន្តថា ងាក​មក​ទីផ្សារ​ប្រទេស​កម្ពុជា​វិញ ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ ក៏មាន​ការកើនឡើង​ផងដែរ​តាម​បណ្តា​ប្រតិបត្តិការ​របស់​ធនាគា​រ​មួយចំនួន និង​ប្រព័ន្ធ​ទូទាត់​ប្រាក់ផ្សេងៗ ដូចជា​ប្រព័ន្ធ​ទូទាត់ Pay go និង​ប្រព័ន្ធ​ទូទាត់ Pi Pay ដែល​ទើប​ចូលមក​ដល់ទី​ផ្សារ​កម្ពុជាថ្មីៗក៏​អាច​ទាក់ទាញ​អតិថិជន​ឱ្យប្រើ​ប្រាស់​សេវាកម្ម​របស់ខ្លួន​បានដែរ ដោយសារ​វា​បានផ្តល់​នូវ​ភាពងាយស្រួល​ក្នុង​ការទិញ​ទំនិញផ្សេងៗ ហើយ​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​តាមរយៈ​ការបញ្ចុះ​តម្លៃ​លើ​ការទូទាត់​ទំនិញ​រហូតដល់ 50%ក៏មានដែរ។

នៅក្នុង​ទីផ្សារ​កម្ពុជា ធនាគារ​មួយចំនួន​មិនទាន់បាន​ដាក់ឱ្យ​ប្រើប្រាស់​សេវាកម្ម​របស់ខ្លួន​តាម​ប្រព័ន្ធ​អន​ឡាញ​បែបនេះ​នៅឡើយ​ទេ ដោយ​ភាគច្រើន​មានតែ​ការផ្តល់​ប្រាក់កម្ចី​ទៅដល់​អតិថិជន និង​ការដាក់​ប្រាក់​បញ្ញើ​តែប៉ុណ្ណោះ ក្រៅពីនេះ​មាន​ធនាគារ​មួយចំនួន​បានធ្វើ​Promotion លើ​ការចាយ​តាម Visa Card និង Master Card ខ្លះៗដែរ តែ​នៅ​មិនទាន់​ទូលំទូលាយ​នៅឡើយ​ទេ។ ប្រសិនបើ​ធនាគារ​មិនមាន​ការកែប្រែ និង​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​នេះ​ឱ្យបាន​ទាន់ពេលវេលា​ទេនោះ ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​អន​ឡាញ​ដែល​កំពុង​រីកចម្រើន​ខ្លាំង​នៅលើ​ទីផ្សារ​កម្ពុជា អាច​នឹង​បង្ក​ហានិភ័យ​ទៅដល់​វិស័យ​ធនាគារ ដូច​នៅក្នុង​ប្រទេស​ចិន​ដែរ។

ជាមួយគ្នានេះដែរ លោកស្រី សូ ផន​ណា​រី អនុប្រធាន​ប្រតិ​ប​តិ្ត​នៃ​ធនាគារ​អេស៊ីលីដា បាន​មានប្រសាសន៍ថា សម្រាប់​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា គួរតែ​ធ្វើការ​កែលម្អ​សេវាកម្ម​របស់ខ្លួន​ដើម្បី​ផ្តល់​ភាពងាយស្រួល​ទៅដល់​អតិថិជន កុំឱ្យ​អតិថិជន​ងាក​ទៅប្រើ​ប្រាស់​សេវាកម្ម​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ Online ដែល​កំពុងមាន​វត្តមាន​កាន់តែ​ច្រើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា។

សម្រាប់​ធនាគារ​អេស៊ីលីដា យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ទៅដល់​អតិថិជន តាមរយៈ​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ មិនមាន​អ្វី​គួរឱ្យ​ព្រួយបារម្ភ​នោះឡើយ។ កាលពីដើមឆ្នាំ2017 ធនាគារ​អេស៊ីលីដា​បាន​បង្កើត​សេវាកម្ម​ថ្មី​មួយទៀត គឺ​សេវាកម្ម​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត (Acleda Unity ToanChet) ដែល​ផ្តល់​ភាពងាយស្រួល​ទៅដល់​អតិថិជន​សម្រាប់​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​មិន​ត្រឹមតែ​បង់ថ្លៃ​ទឹក បង់ថ្លៃ​ភ្លើង ទូទាត់​វិក្កយបត្រ​អ៊ី​ន​ធើ​ណិ​តផ្សេងៗប៉ុណ្ណោះ​ទេ សូម្បីតែ​ការទិញ​ទំនិញផ្សេងៗនៅតាម​ផ្សារ ការ​ជិះ​តាក់ស៊ី ជិះ​ម៉ូតូ​កង់​បី និង​ទូទាត់​ទំនិញផ្សេងៗជាច្រើន​មុខ​ទៀត ក៏​អាច​ទូទាត់​តាម​ប្រព័ន្ធ​អេស៊ីលីដា យូ​នី​ធី ទាន់​ចិត្ត​នេះ​បានដែរ មិនចាំបាច់​ដាក់​ប្រាក់សុទ្ធ​តាម​ខ្លួន​ឡើយ។

នៅ​ប្រទេស​កម្ពុជា គេ​សង្កេតឃើញថា មាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​នៅ​មិនទាន់បាន​កែប្រែ​សេវាកម្ម​របស់ខ្លួន​ដើម្បីឱ្យ​អតិថិជន​បាន​ចាយប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​នៅឡើយ​ទេភាគច្រើន​មានតែ​ការដាក់​ប្រាក់​បញ្ញើ និង​ផ្តល់​ប្រាក់កម្ចី ឬ​បង្កើត​ទូ ​ATM ឱ្យ​អតិថិជន​ដក​សាច់ប្រាក់​នៅតាម​ទីប្រជុំជន​ប៉ុណ្ណោះ ហើយ​បើសិន​នៅតែ​មិន​កែប្រែ​ដូច្នេះ ពួកគេ​អាច​នឹងរង​ហានិភ័យ ដោយ​អតិថិជន​នឹង​ងាក​ទៅប្រើ​ប្រាស់​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​កំពុង​ចូលមក​ដល់ទី​ផ្សារ​កម្ពុ​ជា​កាន់តែច្រើនឡើងៗនេះ​មិន​ខាន៕

Advertisement