ឆ្នាំ2018 វិស័យ​ទេសចរណ៍​ចាប់ផ្ដើម​ឡើង​ដោយ​ភាព​វិជ្ជមាន​ខ្លាំង

0

វិស័យ​ទេសចរណ៍​កម្ពុជា​បាន​បន្ត​បង្ហាញ​នូវ​ភាព​វិជ្ជមាន​ដល់​វិស័យ​សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំនេះ ខណៈ​ទិន្នន័យ​ចំណូល​ពី​ភ្ញៀវទេសចរ​បរទេស បានបង្ហាញ​ឱ្យឃើញ​នូវ​កំណើន​ខ្ពស់​ឡើង​ក្នុង​ត្រីមាស​ទី1 ឆ្នាំ2018នេះ។

ចំណូល​បាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន 39.65លាន​ដុល្លារ​អាមេរិក (ជិត 40លាន)ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2018នេះ ដោយមាន​កំណើន 28.52ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ដែលជា​ស្ថាប័ន​គ្រប់គ្រង​ចំណូល​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរ បានបង្ហាញ​ឱ្យឃើញថា ភ្ញៀវទេសចរ​បរទេស​ប្រមាណ​ជាង 85ម៉ឺន​នាក់ បានទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយមាន​កំណើន 12.36ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2017កន្លងទៅ។

ចំណែក​សម្រាប់​ខែមីនា ឆ្នាំ2018កន្លងទៅ មាន​ភ្ញៀវទេសចរ​បរទេស​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ប្រមាណ​ជាង 26ម៉ឺន​នាក់ កើនឡើង 19.09ភាគរយ និង​បានទទួល​ចំណូល​សរុប 12.16លាន​ដុល្លារ​អាមេរិក កើន 15.23ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន។

ការកើនឡើង​នៃ​ចំនួន​ទឹកប្រាក់ ច្រើនជាង​ការកើនឡើង​ចំនួន​ភ្ញៀវ​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរ​នេះ គឺ​ដោយសារ​រាជរដ្ឋាភិបាល​បានសម្រេច​បង្កើន​តម្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរ​រហូត​ជិត​ទ្វេដង កាលពី​ខែកុម្ភៈ​ឆ្នាំ2017កន្លងមក។

តម្លៃ​ប័ណ្ណ​ថ្មី​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី1 ខែកុម្ភៈ​កន្លងមក ដោយ​ត្រូវបាន​ដំឡើង​ពី 20ដុល្លារ ទៅ37ដុល្លារ សម្រាប់​ប័ណ្ណ​ចូល​ទស្សនា1ថ្ងៃ តម្លៃ 40ដុល្លារ ទៅ 62ដុល្លារ ចំពោះ​ប័ណ្ណ​ចូល​ទស្សនា 3ថ្ងៃ​មាន​សុពលភាព 10ថ្ងៃ និង​ពី 60ដុល្លារ ទៅ 72ដុល្លារ សម្រាប់​ប័ណ្ណ​ដែលមាន​សុពលភាព 1ខែ។

របាយការណ៍​ក្រសួងទេសចរណ៍​បានបង្ហាញ​ឱ្យឃើញថា ភ្ញៀវទេសចរ​បរទេស​ដែល​ចូលមក​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​ក្នុង​ឆ្នាំ2018នេះ មាន​កំណើន​ជាង11% ដោយមាន​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង 1លាន​នាក់។

រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹងធ្វើ​ទំនើបកម្ម​ក្នុងការ​ប្រមូល​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរ ដោយ​ការ​ដាក់លក់​សំបុត្រ​តាម​អន​ឡាញ ដោយ​គ្រោង​នឹង​អនុវត្ត​នៅ​ត្រីមាស​ទី3 នៃ​ឆ្នាំ2018នេះ។ ក្រោយ​ការប្រកាស​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើ​ទំនើបកម្ម​ដែល​គ្រប់គ្រង​គ្រឹះស្ថាន​អង្គរ​នេះ ធុរកិច្ច​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​មាន​ក្តី​សាទរ​យ៉ាងខ្លាំង​ចំពោះ​ការសម្រេចចិត្ត​នេះ ដោយ​ពួកគេ​ចាត់ទុកថា វា​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​រង់ចាំ​របស់​ភ្ញៀវ​នៅពេល​តម្រង់​ជួរ​ទិញ​សំបុត្រ និង​ថតរូប​សម្រាប់​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរ។

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​អះអាងថា ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុងការ​ដាក់ឱ្យ​ដំណើរ​ការលក់​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរតាម​អន​ឡាញ​នេះ គឺជា​ដំណឹង​ដ៏​ល្អ​មួយ និង​ជាការ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​របស់​វិស័យ​ឯកជន។ ទោះជា​បែបនេះ​ក្តី ក៏​វិស័យ​ឯកជន​នៅតែ​បារម្ភ​ចំពោះ​ការផ្តល់សេវា​មិន​ពេញលេញ ចំពោះ​ការដាក់ឱ្យ​ដំណើរការ​នៅពេល​ខាងមុខ​នេះដែរ។

ឯកឧត្តម និយាយថា៖ “កំណើន​ភ្ញៀវទេសចរ នាំឱ្យមាន​កំណើន​ក្នុង​វិស័យ​សេវាកម្ម លក់ដុំ និង​លក់រាយ ព្រមទាំង​កសិកម្ម​ផងដែរ”៕

ចែករំលែក