ទៅ​បាត់ដំបង​ឆ្នាំនេះ កុំ​ភ្លេច​ជិះ​ឡូរី​ទេសចរណ៍​ទៅលេង​ភ្នំ​បាណន់

មុនពេល​ផ្លូវ​រថភ្លើង​ភ្នំពេញ-ប៉ោយប៉ែត រៀបចំ​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ ប្រជាជន​ខ្មែរ​ជាពិសេស​យុវវ័យ ចូលចិត្ត​ថតរូប​ដោយ​ផ្តិត​យក​ទេសភាពស្អាតៗលើផ្លូវ​រថភ្លើង ដើម្បី​បង្ហាញ​លើ​បណ្តាញ​សង្គម ខណៈ​មាន​អ្នកខ្លះ​ថែមទាំង​ថតរូប​មុនពេល​អាពាហ៍ពិពាហ៍ (Pre-Wedding) នៅ​ទីនោះ​ទៀតផង។

ក្រោយមក​នៅ​ចុងឆ្នាំ 2017 និង​ដើមឆ្នាំ 2018 នេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានចាប់ផ្តើម​រៀបចំ​ស្ថាបនា​ឡើងវិញ​នូវ​ខ្សែ​រថភ្លើងសំខាន់ៗ និង​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ។  សម្រាប់​ខេត្តបាត់ដំបង​វិញ ដោយសារតែ​មើលឃើញ​ពី​សក្តានុពល​នៃ​ទេសចរណ៍​លើផ្លូវ​រថភ្លើង តាមរយៈ​ការដាក់ឱ្យ​ដំណើរការ «ឡូរី» ដែលជា​យានជំនិះ​សម្រាប់​ដឹក​អ្នកដំណើរ​ខ្នាតតូច​នៅលើ​ផ្លូវ​រថភ្លើង។

ឡូរី នៅក្នុង​ខេត្តបាត់ដំបង ត្រូវបាន​បង្កើតឡើង​ដោយមាន​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​អាជ្ញាធរ​ទេសចរណ៍​ខេត្តបាត់ដំបង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ហើយ​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ សហគមន៍​ឡូរី​នៅ​ខេត្តបាត់ដំបង​បាន​ត្រៀម​ឡូរី​ចំនួន 10គ្រឿង​បន្ថែម​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ភ្ញៀវទេសចរ។

ភ្ញៀវទេសចរ​ជាតិ​ដែល​បាន​ទៅលេង​ភ្នំ​បាណន់ បាន​និយាយថា មូល​ហេតុដែល​ឆ្នាំនេះ​ពួកគាត់​ទៅលេង​រមណីយ​ដ្ឋា​ន​ភ្នំ​បាណន់​ព្រោះ​ពួកគាត់​ចាប់អារម្មណ៍​លើ​ការ​ជិះ​ឡូរី​កម្សាន្ត​មើល​ទេសភាព​ជើងភ្នំ ហើយ​ទីនោះ​មាន​កន្លែង​កម្សាន្ត​ច្រើន ដូចជា​ប្រាសាទភ្នំបាណន់ ចម្ការ​ទំពាំងបាយជូ និង​កន្លែង​ទេសចរណ៍​ក្នុង​តំបន់​មួយចំនួនទៀត។ ចំពោះ​ការ​ជិះ​ឡូរី​វិញ ក្នុង​ម្នាក់​ត្រូវ​ចំណាយ​តែមួយ​ម៉ឺន​រៀល​ប៉ុណ្ណោះ តែ​អាច​ជិះ​បាន​ដល់​ទៅ​ចម្ងាយ 8 គីឡូម៉ែត្រ​លើផ្លូវ​រថភ្លើង​យ៉ាង​ស្រស់ស្អាត រលូន និង​គ្មាន​បញ្ហា​ស្ទះចរាចរណ៍​ឡើយ។

លោក ជុំ ញ៉ អភិបាលស្រុក​បាណន់ បានឱ្យដឹងថា កន្លងមក​កាលពី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន វៀតណាម មាន​ឡូរី​ដាក់ឱ្យ​ដំណើរការ​ដល់​ទៅ 25ឡូរី តែ​មិន​គ្រប់​ទៅនឹង​តម្រូវការ​អ្នកជិះ​នោះទេ ព្រោះ​មាន​អ្នក​រង់ចាំ​ជិះ​ច្រើន​គ្នា ដោយពេល​ខ្លះ​ដើម្បី​បាន​ជិះ​ឡូរី ភ្ញៀវ​ត្រូវ​រង់ចាំ​ដល់​ទៅ 3 ម៉ោង​ក៏មាន។ សម្រាប់​ឆ្នាំនេះ យើង​បាន​បន្ថែម​ឡូរី​ចំនួន 10ទៀត ឱ្យ​គ្រប់​ចំនួន 35 និង​សង្ឃឹមថា​វា​នឹង​អាចបំពេញ​តម្រូវ​ការបង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅលេង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​បាន។

សូមបញ្ជាក់ថា មុនពេល​បង្កើត​ឡូរី រត់តាម​ជើងភ្នំ​បាណន់​នេះ ការពិត​ឡូរី​មាន​តាំងពី​យូរ​មកហើយ គ្រាន់តែ​ការធ្វើ​នៅពេលនោះ​ប្រជាពលរដ្ឋ​រត់​ឡូរី​ដើម្បី​តែ​ដឹក​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ ទៅ​ទី​រួម​ខេត្ត​តែប៉ុណ្ណោះ ហើយ​ពេលខ្លះ​ក៏មាន​ការ​ដង្ហែ​កឋិន​តាម​ឡូរី​ម្តងម្កាល​ដែរ។ នៅ​រដូវ​បុណ្យទានម្តងៗ ភ្ញៀវ​ទេសចរណ៍ ចាប់អារម្មណ៍​មក​ជិះ​ឡូរី​ច្រើន ទើប​មានការ​ចងក្រង​គ្នា​ក្លាយជា​សហគមន៍​ទេសចរណ៍ និង​មាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ជា​អ្នក​ជ្រោមជ្រែង តែ​ក្រោយមក​ដោយសារតែ​រដ្ឋាភិបាល​ស្តារ​ផ្លូវដែក​ឡើងវិញ ទើប​ធ្វើឱ្យ​សហគមន៍​ឡូរី​ខាងលើ​មិនអាច​ដំណើរការបាន​ក៏​សម្រេចចិត្ត​បង្កើត​ថ្មី​នៅ​ស្រុក​បាណន់​តែម្តង។

យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តបាត់ដំបង បានឱ្យដឹងថា នៅ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម មាន​ភ្ញៀវទេសចរ​មកលេង​នៅក្នុង​ខេត្ត​ប្រមាណ 78,809នាក់ កើនឡើង 94.35% បើ​ធៀប​នឹង​ចូលឆ្នាំ​ចិន​ក្នុង​ឆ្នាំ 2017។ ក្នុងនោះ​រមណីយដ្ឋាន​ដែលមាន​ភ្ញៀវ​ទៅ​កម្សាន្ត​លេង​ច្រើនជាងគេ​គឺ​ប្រាសាទ​បាណន់​ដែលមាន​ឡូរី​សម្រាប់​ជិះ​កម្សាន្ត​លេង​ក្នុង​មួយថ្ងៃ​មាន​ភ្ញៀវ​ដល់​ទៅ​ជាង 18,000នាក់​ចូល​កម្សាន្ត លេង​បន្ទាប់ពី​រមណីយដ្ឋាន​ចម្ការ​ស្វាយ​មួយថ្ងៃ​មាន​ដល់​ទៅ​ជាង 2,000នាក់។ ក្រៅពីនោះ​មាន​ភ្នំ​សំពៅ ប្រាសាទឯកភ្នំ បឹង​កំពីងពួយ ជ្រលង​បុព្វ​តា សេក​សក ទឹក​ពុះ​កំរៀង ដែលមាន​ភ្ញៀវ​ទៅលេង​ក្នុង​មួយថ្ងៃ​ប្រមាណ 400នាក់​ក្នុងមួយកន្លែង៕

Advertisement