Walmart ទទួលបានប៉ាតង់ថ្មីសម្រាប់ផលិតសត្វឃ្មុំយន្តដើម្បីជួយវិស័យកសិកម្ម

ក្រុមហ៊ុនដែលពោរពេញដោយភាពច្នៃប្រឌិត និង​ល្បីល្បាញលើពិភពលោក Walmart ឥឡូវនេះ​ទើបនឹងទទួលបាន​ប្រកាសនីយបត្រតក្កកម្ម (ប៉ាតង់) ដើម្បី​ផលិតសត្វឃ្មុំអេឡិចត្រូនិក​សម្រាប់ជួយដល់វិស័យកសិកម្ម។ គ្រឿងយន្តថ្មីនេះ គឺមានរាង និងទំហំដូចជាសត្វឃ្មុំពិតប្រាកដ ដែលវាមានតួនាទី​ក្នុងការ​ព្រោះគ្រាប់ស្រូវ និង​ជួយដល់ការងារថែទាំមួយចំនួន​។

សត្វឃ្មុំយន្តនេះ គឺត្រូវបាន​ដំណើរការឡើងដោយ​ប្រើ សិនស័រ (sensors) និងកាមេរ៉ា​ដើម្បីជួយ​ត្រួតពិនិត្យមើលលើគ្រាប់កសិផល។ គ្រឿងយន្តនេះ​ត្រូវបានផលិតឡើងស្រដៀងនឹងដ្រូន ដែល​វាអាចពង្រាយគ្រាប់ធញ្ញជាតិ ដូចជាលម្អង​​សត្វឃ្មុំពិតប្រាកដដែរ ហើយវាអាចជួយដល់ដំណាំខ្លាំងជាងការធ្វើដោយដៃរបស់មនុស្សទៀតផង។ ​

ការទទួលបានប័ណ្ណប៉ាតង់ចុងក្រោយនេះ ជាប៉ាតង់ទី6 ហើយដែល Walmart ទទួលបាន​សម្រាប់ការបង្កើត​ជាប្រភេទ​នៃ​ដ្រូនសម្រាប់​វិស័យកសិកម្ម ដែលអាច​ធ្វើគ្រប់យ៉ាងពាក់ព័ន្ធនឹងការពិនិត្យមើល​ចន្លោះប្រហោងនៃគ្រាប់ដំណាំថាវាខូច ឬមានបញ្ហាដែលត្រូវជួសជុល ហើយវាក៏មាន​មុខងារក្នុងការបាញ់ថ្នាំសម្លាប់សត្វល្អិតផងដែរ។ ការបង្កើត​គ្រឿងយន្តអេឡិចត្រូនិកសម្រាប់វិស័យសិកម្មនេះត្រូវបានអ្នកជំនាញ​បញ្ជាក់ថា ​វាជាចំណែកមួយក្នុងការកាត់បន្ថយ​ចំណាយលើ​ការធ្វើកសិកម្ម និង​បង្កើនប្រសិទ្ធភាពក្នុងការផលិត។

ពាក់ព័ន្ធនឹងការងាកមកផលិតឧបករណ៍​របស់ Walmart នេះ​ត្រូវបានគេមើលឃើញថា ​វាជាវិធីសំខាន់មួយដែរដែល Walmart ខ្លួនឯងត្រូវធ្វើ ដើម្បី​កាត់បន្ថយចំណាយ​ក្នុងការ​ទិញ​យកផលិតផល​កសិកម្មពីគ្រប់ទីកន្លែងមកពង្រាយលក់ក្នុងម៉ាតរបស់ខ្លួនដែលមានគ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិក និងតំបន់ជាច្រើន​នៅលើពិភពលោក ព្រោះថា ​នៅពេលដែល​គុណភាព​នៃផលិតផល​កសិកម្ម​នៅគ្រប់ទីកន្លែងមាន​លក្ខណៈល្អប្រសើរ ហើយកន្លែងណាក៏អាចផលិតបានល្អដែរនោះ ខ្លួនក៏នឹងអាចទទួលបានផលិតផលល្អសម្រាប់ចែកចាយបានលឿន និងចំណាយតិចផងដែរ៕

Advertisement