ក្រុមហ៊ុនAmazon ចាប់ផ្តើមលក់ទំនិញពីសហរដ្ឋអាមេរិកទៅទូទាំងពិភពលោក

ក្រុមហ៊ុនAmazon.com Incបានបើកដំណើរការជាលក្ខណៈពិសេសក្នុងការទិញឥវ៉ាន់ជាអន្តរជាតិមួយដែលនឹងជួយដល់អតិថិជនទូទាំងពិភពលោកដើម្បីទិញទំនិញជាង 45 លានមុខពីសហរដ្ឋអាមេរិកដែលអាចដឹកជញ្ជូនទៅកាន់ប្រទេសរបស់ពួកគេបានយ៉ាងងាយស្រួល។

លក្ខណៈពិសេសនៃការទិញទំនិញបែបអន្ដរជាតិដែលមាននៅលើកម្មវិធី browser និងMobile app ដែលដំណើរការដោយប្រព័ន្ធ​ iOS និងAndroid នេះត្រូវបានពង្រីកទៅដល់អ្នកប្រើប្រាស់ទូទាំងពិភពលោកដើម្បីទិញផលិតផលនៅខាងក្រៅទីផ្សារក្នុងស្រុករបស់ពួកគេ និងអាចប្រើបានចំនួន 5ភាសា ដែលរួមមានភាសាអង់គ្លេស ចិន ប្រេស៊ីល ព័រទុយហ្គាល់ និងអាល្លឺម៉ង់។

កម្មវិធីនេះនឹងអនុញ្ញាតឱ្យអតិថិជនទិញតាមរយៈរូបិយប័ណ្ណចំនួន 25ប្រភេទ ហើយនឹងមានដាក់បញ្ចូលភាសាបរទេស និងរូបិយប័ណ្ណផ្សេងៗបន្ថែមទៀតជាច្រើនក្នុងឆ្នាំ 2018នេះ ហើយក្រៅពីនេះអតិថិជនក៏អាចជ្រើសរើសប្រើសេវាដឹកជញ្ជូនផ្សេងៗ និងរយៈវេលានៃការដឹកជញ្ជូនបានទៀតផង។

លក្ខណៈពិសេសនៃការទិញឥវ៉ាន់បែបអន្ដរជាតិនេះនឹងមានដាក់បង្ហាញពីការកំណត់តម្លៃទំនិញ ប៉ុន្តែតម្លៃការដឹកជញ្ជូន និងតម្លៃសេវាផ្សេងៗពាក់ព័ន្ធនឹងការនាំចូល គឺអតិថិជនជាអ្នកបង់ក្នុងប្រទេសរបស់ខ្លួន៕

Advertisement