ឯកអគ្គរដ្ឋទូតថ្មីតួកគីជំរុញឱ្យមានជើងហោះហើរត្រង់មកកម្ពុជា

ក្នុងគោលដៅផ្លាស់ប្តូរចរន្តភ្ញៀវទេសចរពីគ្នាទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង ឯកអគ្គ​រដ្ឋទូត​ថ្មីតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អេយដា អុងលូ បានបញ្ជាក់ថា ក្នុងអាណត្តិការងារនៅកម្ពុជាលោកជំទាវនឹងជំរុញឱ្យមានជើងហោះហើរត្រង់មកកម្ពុជាឱ្យទាល់​តែ​បាន។

ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកជំទាវបានមានប្រសាសន៍ថា ប្រទេសតួកគីជាប្រទេសដែលទទួលបានជោគជ័យក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ហើយដើម្បីឱ្យទំនាក់ទំនងទេសចរណ៍រវាងតួកគី និងកម្ពុជាមានភាពរីកចម្រើនល្អប្រសើរឡើងជាលំដាប់នោះ លោកស្រីនឹងពិភាក្សាជាមួយរដ្ឋាភិបាលតួកគីដើម្បីសម្រេចផែនការនេះ។

នាឱកាសនោះដែរ ក្រសួងទេសចរណ៍កម្ពុជា និងតួកគីក៏នឹងខិតខំឱ្យមានការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅខែតុលា ឆ្នាំ2018 ខាងមុខនេះដែលក្នុងនោះក៏នឹងមានជំរុញការវិនិយោគ ការបណ្តុះបណ្តាល និងការហោះហើរត្រង់ពីតួកគីមកកាន់កម្ពុជាផងដែរ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីបានបញ្ជាក់ពីតំបន់ទេសចរណ៍ជាច្រើននៅកម្ពុជាដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងប្រាសាទជាច្រើនកន្លែងផ្សេងទៀត តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត តំបន់អេកូទេសចរណ៍ព្រៃកោងកាង តំបន់អារ៉ែង និងភូមិភាគឦសានជាដើម។ ឯកឧត្តមក៏បានគោរពអញ្ជើញលោកជំទាវឯកអគ្គរដ្ឋទូតទៅទស្សនាតំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍នៅកម្ពុជាផងដែរ។

សូមជម្រាបថា ជើងហោះហើរត្រង់ដែលប្រទេសតួកគីកំពុងហោះហើរបច្ចុប្បន្ននេះមានចំនួន 119ប្រទេស ឆ្ពោះទៅកាន់ទីក្រុងប្រមាណ 250ទីក្រុង ក្នុងនោះនៅតំបន់អាស៊ាន មានប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ីហើយត្រៀមនឹងហោះត្រង់មកកម្ពុជានៅចុងឆ្នាំ2018នេះ៕

Advertisement