ក្រុមហ៊ុន​យក្ស​ចិន​ដាក់ទុន​ជាង 10លាន​ដុល្លារ កែច្នៃ​អាហារ​នាំ​ចេញពី​កម្ពុជា

ដោយ​សម្លឹង​ឃើញ​សក្តានុពល​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ចិន​បាន​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់​ជាង 10លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​រោងចក្រ​កែច្នៃ​ម្ហូបអាហារ​សម្រាប់​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​របស់ខ្លួន។

ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​សប្តាហ៍​មុន លោក Wong Yung នាយក​ក្រុមហ៊ុន Tain Jin Trade Free Zone របស់ប្រទេស​ចិន​បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​នេះ​បានដាក់​ទុនវិនិយោគ​ជា​ង 10លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​រោងចក្រ ដូចជា​បន្ទប់​ក្លាស្សេ និង​បង្កក​ផលិតផល (បន្លែ ផ្លែឈើ ត្រី សាច់) បន្ទប់​កែច្នៃ​ឃ្លាំង​ស្តុក អគារ​រដ្ឋបាល និង​ហាង​សម្រាប់​ជួល និង​លក់​ផលិតផល​បោះ​ដុំ​លើ​ផ្ទៃដី4ហិកតា ស្ថិតនៅក្នុង​សង្កាត់​ក្រាំងធ្នុង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

លោក​មានប្រសាសន៍ថា ក្នុងជំនួប​ដំបូង​នេះ គឺ​ក្រុមហ៊ុន​ចង់​សិក្សា​ឱ្យបាន​ស៊ីជម្រៅ​ពី​យន្តការ​នៃ​ការនាំចេញ​កសិផល​កម្ពុ​ជា​ទៅកាន់​ប្រទេស​ចិន​ថា តើ​មាន​លក្ខណៈ​ងាយស្រួល រលូន និង​លឿន​យ៉ាងណា និង​ធ្វើយ៉ាងណា​ដើម្បី​ឆ្លើយតប​ឱ្យបាន​សមស្រប​ទៅនឹង​សេចក្តីត្រូវការ​របស់​ទីផ្សារ​ប្រទេស​ចិន គឺ​ទាំង​បរិមាណ គុណភាព សុវត្ថិភាព ពេលវេលា​និង​តម្លៃ ដែល​ទាំងអស់​នេះហើយ គឺជា​ដើម​ហេតុដែល​ក្រុមហ៊ុន​ Tain Jin Trade Free Zone មានបំណង​សហការ​ជាមួយ​ក្រុមហ៊ុន Hun Ty ដើម្បី​សហការ​វិនិយោគ​ឱ្យ​កាន់តែ​បាន​ឆាប់រហ័ស និង​មាន​សក្តានុពល​កាន់តែខ្លាំង​ឡើង​ក្នុង​ការនាំ​បន្លែ​ត្រី​សាច់​ពី​កម្ពុជា​នៅ​កាន់​ទីផ្សារ​ប្រទេស​ចិន។

លោក Wong Yung មានប្រសាសន៍​បញ្ជាក់បន្ថែម​ថា “ប្រទេស​កម្ពុ​ជាមាន​សក្តា​នុព​ល​លើ​វិស័យ​កសិកម្ម ហើយ​បច្ចុប្បន្ន​ប្រទេស​ចិន​កំពុង​តែមាន​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ដែល​នេះ​ជា​ឱកាស​មាស​របស់​កម្ពុជា​ដើម្បី​ពង្រឹង និង​ពង្រីក​ទីផ្សារ​កសិផល​ជាមួយ​មហាមិត្ត​ចិន។ ឆ្លៀត​ក្នុងឱកាស​នេះ​ក្រុមហ៊ុន​មានបំណង​ធ្វើការ​វិនិយោគ​ដោយ​បង្កើតជា​សួន​ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម​នៅឯ​ខេត្ត​ព្រះសីហនុ​ដើម្បី​ប្រមូល​ទិញ​កសិផល​របស់​កសិក​រ​ខ្មែរ​សម្រាប់​កែច្នៃ និង​នាំចេញ​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​របស់​ប្រទេស​ចិន​ដោយ​ត្រង់ ពិសេស​ផលិតផល​ត្រី អង្ករ និង​ផ្លែស្វាយ​ជាដើម ដោយ​លោក​រំពឹង និង​ជឿជាក់ថា តាមរយៈ​ការដោះដូរ​ផលិតផល​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​នឹងធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ចំណង​សាមគ្គីភាព និង​មិត្ត​ភាពជា​ប្រពៃណី​ដ៏​យូរលង់​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​បាន​យ៉ាង​ល្អប្រសើរ ហើយក៏​ជា​ផ្នែក​មួយ​ក្នុងការ​លើកកម្ពស់​កសិក​ម្ម​របស់​កសិករ​កម្ពុ​ជា​ផងដែរ។

ឯកឧត្តម វេ​ង សាខុន បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ក្រុមហ៊ុន​ដែល​បានជ្រើសរើស​យក​ប្រទេស​កម្ពុជា​ធ្វើជា​ដៃគូ​វិនិយោគ​លើ​វិស័យ​កសិកម្ម ពិសេស​ការកែច្នៃ​កសិផល​សម្រាប់​នាំចេញដែល​នេះ​ជា​គន្លឹះ​មួយ​យ៉ាងសំខាន់​ក្នុង​ការនាំ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​ចិន សមស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​ការកែច្នៃ​កសិផល​ឱ្យ​អស់ពី​លទ្ធភាព។

ឯកឧត្តម​ក៏បាន​លើកឡើង​ដែរ​ថា “ពីមុន​កម្ពុជា​ជា​ប្រទេស​ផលិត​ផលិតផល​កសិកម្ម​ដើម្បី​តែ​ផ្គត់ផ្គង់​សន្តិសុខ​ស្បៀង​ក្នុងប្រទេស​ប៉ុណ្ណោះ ប៉ុន្តែ​នាពេល​បច្ចុប្បន្ន កម្ពុជា​ត្រូវ​ការផលិត​ដើម្បី​ធ្វើការ​កែច្នៃ​ក្នុងស្រុក​រួច​នាំចេញ។ នេះ​ជា​ចលករ​ដ៏​សំខាន់​មួយ​សម្រាប់​ការនាំចេញ ដែល​អាចជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​យ៉ាង​ល្អប្រសើរ ពិសេស​ចំណូល​ក្នុង​គ្រួសារ ការកាត់បន្ថយ​ភាពក្រីក្រ និង​ការធ្វើ​ចំណាកស្រុក ហើយក៏​ជា​ឆន្ទៈ​ដ៏​ចាំបាច់​មួយ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅក្នុង​ឆ្នាំ2030។

លោក សម វិទូ នាយក​ប្រតិបត្តិ​អង្គការ​សេ​ដាក​មានប្រសាសន៍​គាំទ្រ​លើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ខាងលើ​ដែលជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុងការ​ពង្រីក​ការដាំដុះ និង​លើកកម្ពស់​ផលិតផល​កសិក​ផល​កម្ពុជា​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​ក្រៅប្រទេស។ លោក​បញ្ជាក់​បន្ថែមថា “ទោះជា​ក្រុមហ៊ុន​ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋ​ក៏ដោយ ក៏​អាច​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​បានដែរ ប៉ុន្តែ​បើសិនជា​ក្រុមហ៊ុន​សហការ​ជាមួយ​កសិករ​ទិញ​ផលិតផល​កសិកម្ម​ពី​កសិករ​វិញ​នោះ នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ​កសិករ​កាន់តែ​ប្រសើរ​ថែមទៀត។

ករណីនេះ​លោក​បានស្នើ​ដល់​មន្ត្រី​ជំនាញ​រដ្ឋាភិបាល​ឱ្យ​បង្កើត​សហគមន៍​ចងក្រង​បណ្តុំ​កសិករ​ឱ្យបាន​កាន់តែច្រើន សម្រាប់​ពង្រីក​ការដាំដុះ និង​ចិញ្ចឹមសត្វផ្សេងៗប្រកបដោយ​សក្តានុពល​ក្នុងការ​ផ្គត់ផ្គង់​ឱ្យបាន​ប្រសើរ​ទៅដល់​ក្រុមហ៊ុន។

យ៉ាងណាក៏ដោយ​លោក​បាន​បញ្ជាក់ថា សម្រាប់​ខេត្ត​ព្រះសីហនុ​គឺមាន​សក្តានុពល​ខ្លាំង​ទៅលើ​ដំណាំ​កសិកម្ម​ស្រូវ​តែប៉ុណ្ណោះ ពិសេស​នៅក្នុង​ខណ្ឌ​ព្រៃនប់ ហើយ​បើ​ក្រុមហ៊ុន​ចង់បាន​កសិផលបន្លែ ផ្លែ ឈើ និង​ត្រី​សាច់ផ្សេងៗគួរ​សហការ​ជាមួយ​កសិករ​ក្នុង​ខេត្តកំពត​ថែមទៀត៕

Advertisement