ដំណឹង​ល្អ! អាមេរិក​បន្ត​កូតា​នាំចេញ​ទំនិញ​ឱ្យ​កម្ពុជា​ទៀតហើយ

ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​ពលរដ្ឋ​ខ្មែរ និង​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខា​ថ្មី​មួយទៀត ដើម្បី​បន្ត​ឡើងវិញ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចាប់ពី​ថ្ងៃទី1 ខែមករា ឆ្នាំ2018 រហូតដល់​ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020បន្តទៀត។

លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី23 ខែ​មិនា​កន្លង​ទៅបាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ​ដើម្បី​បន្ត​ឡើងវិញ​នូវ​ការផ្តល់​ប្រព័ន្ធ​ពន្ធ​អនុគ្រោះ​ទូទៅ ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី22 ខែមេសា ឆ្នាំ2018 ម្សិលមិញ​នេះ​តទៅ ហើយ​ចំពោះ​អ្នក​ដែល​បាន​នាំ​ទំនិញ​ចូលទៅ​សហរដ្ឋអាមេរិក គិត​ចាប់ពី​ថ្ងៃទី1 ខែមករា ឆ្នាំ2018 អាចមក​ស្នើ​ដក​ប្រាក់​ពន្ធ​ដែល​បាន​បង់​រួចមក​វិញ​បាន​តាម​ការជូនដំណឹង​របស់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (USTR)។

យោងតាម​ការណែនាំ​រប​ស់​អង្គភាព​គយ និង​ការពារ​ព្រំដែន​សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា រាល់​ពាណិជ្ជករ​ទាំងអស់​ដែល​ប្រើ Special Program Indicator(SPI) កូដ (A= All Developing Beneficiary Countries) នឹងត្រូវ​ទទួល​ប្រាក់​ពន្ធ​ដែល​បាន​បង់​ត្រឡប់មកវិញ​ដោយ​ស្វ័យប្រវត្តិ។ ដោយឡែក​ចំពោះ​ពាណិជ្ជករ​នាំ​ផលិតផល​ចូលទៅ​សហរដ្ឋអាមេរិក​ដែល​មិន​ប្រើ SPI កូដ(A) អាច​ស្នើ​ពន្ធ​មកវិញ​បាន តាមរយៈ US Customs and Border Protection (CBP) ដោយ​ត្រូវដាក់​ពាក្យស្នើសុំ​ដោយ​ខ្លួនឯង។

ករណីនេះ​ក្រសួងពាណិជ្ជកម្ម​បាន​ជំរុញ​ទៅដល់​ពាណិជ្ជករ​នាំ​ផលិតផល​ចូលទៅ​កាន់​សហរដ្ឋអាមេរិក​ដែលមាន​បំណង​ដាក់ពាក្យ​ស្នើសុំ​ដក​ប្រាក់​បង់ពន្ធ​ត្រឡប់មកវិញ​តាមរយៈ​ការធ្វើ​ប្រតិសកម្ម​ចំពោះ​ការបន្ត​ឡើងវិញ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ(GSP) ត្រូវ​ចាត់ចែង​ឱ្យបាន​មុន​ថ្ងៃទី19 ខែកញ្ញា 2018នេះ៕

Advertisement