រដ្ឋាភិបាល​ចាប់ផ្តើម​ងាក​ចំណាប់អារម្មណ៍​មក​អភិវឌ្ឍ​ដែន​កោះ

ទេសចរណ៍​ជា​វិស័យ​សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ដែល​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍ និង​ជំរុញឱ្យមាន​ការគិតគូ​រ​កាន់តែខ្លាំង។ នាពេល​កន្លងទៅ ចរន្តថ្មីៗជាច្រើន​បានក្លាយ​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍ ព្រោះថា សណ្ឋាគារ​ប្រណីត​ជាច្រើន​បាន​រីកដុះដាល​ឡើង ស្រប​ពេលដែល​ជើងហោះហើរ និង​ប្រព័ន្ធ​ទូរគមនាគមន៍​ត្រូវបាន​ត​ភ្ជាប់​ដែល​ធ្វើឱ្យ​ងាយស្រួល​ដល់​ភ្ញៀវទេសចរ ដែល​ចង់​ធ្វើដំណើរ​កម្សាន្ត​ទៅគ្រប់​ទីកន្លែង​នៅ​កម្ពុជា ដោយ​រាប់បញ្ចូល​ទាំង​ដែន​កោះ​ផងដែរ។

នៅ​ព្រឹក​ថ្ងៃទី23 ម្សិលមិញ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​មើលឃើញ​ពី​ការអភិវឌ្ឍ​កោះរ៉ុង ដែលមាន​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ5 រួមទាំង​ការចាប់ផ្តើម​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ល្អ​ដែល​អាច​បង្ហាញ​ពី​សក្តានុពល​ដែន​កោះ​របស់​កម្ពុជា​កាន់តែខ្លាំង​ទៅដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។ ស្របពេល​ជាមួយគ្នានេះដែរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​បញ្ជា​ឱ្យធ្វើ​ការដកហូត​នូវ​កោះ​ប្រមាណ 30កោះ​នៅក្នុង​ដែនសមុទ្រ ពី​ក្រុមហ៊ុន​វិនិយោគ​មួយចំនួន​ត្រឡប់មកវិញ ដោយសារតែ​វិនិយោគិន​ទាំងនោះ​មិនបាន​អនុវត្តតាម​គម្រោង​វិនិយោគ ត្រឹមត្រូវ​ដើម្បី​ដាក់ឱ្យ​ធ្វើការ​វិនិយោគ​ជា​ថ្មី​ប្រកបដោយ​ប្រសិទ្ធភាព។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា៖ «បណ្ដា​កោះ​របស់​យើង​មួយចំនួន​ប្រៀបបាន​នឹង​សត្វ​ដំរី​ផើម​ទាំងអស់ បើ​គិត​តាមរយៈ​ពេល​នៃ​ការដែល​យើង​ចាប់ផ្ដើម​ធ្វើការ​ផ្ដល់ឱកាស​សម្រាប់​ការវិនិយោគ​ឱ្យទៅ​ក្រុមហ៊ុន​នានា​នោះ មាន​ប្រហែលជា ៣០កោះ ដែល​យើង​ត្រូវ​ដកហូត​ត្រឡប់មកវិញ ដោយសារតែ​ពួកគេ​មិនបាន​ធ្វើ​អ្វី​ទាំងអស់។ ដូច្នេះ​ខ្ញុំ​បានផ្ដល់​យោបល់​ឱ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ធ្វើការ​ពិនិត្យ​ដើម្បី​ដកហូត​កោះ​ទាំងនោះ​ត្រឡប់មកវិញ ហើយ​រៀបចំ​ឱ្យមាន​ការវិនិយោគ​សាជាថ្មី»។

សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ផងដែរ​ថា រដ្ឋាភិបាល​នឹងមិន​ទុក​កោះ​របស់​កម្ពុជា​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​គ្មាន​ការគ្រប់គ្រង​ដូច​សព្វថ្ងៃ ដែល​អ្នក​បាន​សិទ្ធិ​វិនិយោគ​គិតតែ​ពី​ដើរ​លក់​គម្រោង​បន្ត​នោះទេ។ កោះ​មួយ​ចំនូ​ន​នៅក្នុង​ដែនសមុទ្រ​ដែល​បាន​ចុះ​ហេតុ​លេខា​វិនិយោគ​ច្រើន​ឆ្នាំ ហើយ​មិនទាន់បាន​អនុវត្ត​មិនអាច​អនុញ្ញាត​ឱ្យនៅ​បន្តទៀត​នោះទេ។ នេះ​ជា​ស្ថានភាព​ពិតប្រាកដ​ដែល​ត្រូវ​សើរើ​ពិនិត្យមើល​ដូចជា​ករណី​កោះទន្សាយ​ក្នុង​ខេត្តកំពត ជាដើម ត្រូវ​ដកយក​មកវិញ ព្រោះ​ត្រូវ​ដល់ពេល​វេលា​ឱ្យទៅ​អ្នកវិនិយោគ​ដែលមាន​លុយ​ពិតប្រាកដ​តែ​មិនមាន​កន្លែង​វិនិយោគ​ហើយ ព្រោះ​ដោយសារតែ​អ្នក​មិនមាន​លុយ​វិនិយោគ​កំពុង​តែមាន​សិទ្ធិ​កាន់កាប់​ទីតាំង​ទាំងនោះ៕

Advertisement