IMF បង្ហាញ​ពី 10ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ឆ្នាំ 2018

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (International Monetary Fund=IMF) ថ្មីៗនេះ​បានបង្ហាញ​ទិន្នន័យ​របស់ខ្លួន​ស្តីពី​ទឹកប្រាក់ និង​ចំណាត់ថ្នាក់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំង10 លើ​ពិភពលោក​សម្រាប់​ឆ្នាំ 2018នេះ ដែល​វា​ជា​ទិន្នន័យ​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ប្រជាជន និង​ស្ថាប័ន​ពាណិជ្ជកម្ម​នានា​លើ​ពិភពលោក។

នៅក្នុង​របាយការណ៍​ដែល​ដកស្រង់​ដោយ​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​បញ្ជាក់ថា ប្រទេស​ដែល​ឈរ​នៅ​លំដាប់ថ្នាក់​លេខ1សម្រាប់​ឆ្នាំ2018 នេះ​គឺ សហរដ្ឋអាមេរិក ដែលមាន​ទឹកប្រាក់​សរុប​ចំនួន 20.4ទ្រី​លាន​ដុល្លារ​ដែល​បាន​កើនឡើង​ពី​ចំនួន 19.4ទ្រី​លាន​ដុល្លារ​កាលពី​ឆ្នាំមុន។

ប្រទេស​ដែល​ឈរ​នៅ​លំដាប់ថ្នាក់​លេខ2 នោះ​គឺ​ប្រទេស​ចិន មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ14ទ្រី​លាន​ដុល្លារ​អាមេរិក ដែល​បាន​កើនឡើង​ចំនួន 2ទ្រី​លាន​ដុល្លារ បើ​គិត​ក្នុង​ឆ្នាំ 2017 គឺមាន​ចំនួន​ត្រឹម​រង្វង់ 12ទ្រី​លាន​ដុល្លារ​ប៉ុណ្ណោះ។ ប្រទេស​ដែល​ឈរ​នៅ​លំដាប់ថ្នាក់​លេខ3 គឺ​ប្រទេស​ជប៉ុន​ដែលមាន​ទឹកប្រាក់​ក្នុង​វិស័យសេដ្ឋកិច្ច​សរុប​ប្រមាណ 5.1ទ្រី​លាន​ដុល្លារ​អាមេរិក កើនឡើង 4.87ទ្រី​លាន​ដុល្លារ​កាលពី​ឆ្នាំ 2017។

ងាក​មក​ទ្វីបអឺរ៉ុប​វិញ មាន​ប្រទេស​ចំនួន5 ដែល​ជាប់​ឈ្មោះ​ក្នុងចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​លើ​ពិភពលោក ដែល​ក្នុងនោះ​ប្រទេស​អាល្លឺម៉ង់ បាន​នាំមុខគេ​ក្នុង​លេខ​រៀង​ទី4 ដោយមាន​ទឹកប្រាក់​សរុប​ប្រមាណ 4.2ទ្រី​លាន​ដុល្លារ​អាមេរិក និង​តាម​ពីក្រោយ​ដោយ​ចក្រភព​អង់គ្លេស​ក្នុង​លេខ​រៀង​ទី5 ដែលមាន​ទឹកប្រាក់​សរុប​ក្នុង​រង្វង់ 2.84ទ្រី​លាន​ដុល្លារ​អាមេរិក ហើយ​លេខ​រៀង​ទី6 គឺ​ប្រទេស​បារាំង​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ 2.93ទ្រី​លាន​ដុល្លារ​អាមេរិក។

តាម​ពីក្រោយ​ចក្រភព​អង់គ្លេស និង​បារាំង គឺ​ប្រទេស​នៅ​ទ្វីបអាស៊ី​វិញ​ម្តង។ ឥណ្ឌា​នៅ​ឆ្នាំនេះ បាន​ឈរ​នៅ​លេខ​រៀង​ទី7 លើ​ពិភពលោក​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ 2.85ទ្រី​លាន​ដុល្លារ។ អុ​ី​តា​លី បាន​ឈរ​ក្នុង​លំដាប់ថ្នាក់​សេដ្ឋកិច្ច​ធំ​ទី8 ដែលមាន​ទឹកប្រាក់​សរុប 2.18ទ្រី​លាន​ដុល្លារ​អាមេរិក តាម​ជាប់កិតៗដោយ​ប្រទេស​ប្រេ​ស៊ី​ល​ដែល​ទំហំ​ទឹកប្រាក់​ក្នុង​សេដ្ឋកិច្ច​សរុប​ប្រមាណ​ជាង 2.14ទ្រី​លាន​ដុល្លារ ខណៈដែល​កាណាដា​ឈរ​លំដាប់ថ្នាក់​លេខ 10 ជាមួយនឹង​ទឹកប្រាក់​សរុប 1.8ទ្រី​លាន​ដុល្លារ​អាមេរិក។

យោងតាម​ទិន្នន័យ​ខាងលើ​មានន័យថា សហរដ្ឋអាមេរិក​ជា​ប្រទេស​ដែល​ឈរ​នៅក្នុង​លំដាប់ថ្នាក់​ខ្ពស់​ជាងគេ ហើយ​បើ​បូកសរុប​ចំនួន​ទឹកប្រាក់​នៃ​ប្រទេស​ចាប់ពី​លេខ4 ដល់​លេខ10 យើង​ឃើញថា មាន​ចំនួន​ទឹកប្រាក់​សរុប​ប្រមាណ 19.4ទ្រី​លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ ដែល​ចំនួន​នេះ​នៅ​តិចជាង​សហរដ្ឋអាមេរិក​តែម្នាក់ឯង​ផង។

ប្រសិនបើ​យើង​មើល​ទៅលើ​សេដ្ឋកិច្ចពិភពលោក​ជារួម​វិញ នៅ​ឆ្នាំ2018 នេះ​យើង​ឃើញថា​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ 79.98ទ្រី​លាន​ដុល្លារ មានន័យថា ទំហំ​ទឹកប្រាក់​របស់​សហរដ្ឋអាមេរិក គឺ​ធំ​ជាង 1/4 នៃ​សេដ្ឋកិច្ចពិភពលោក។ តែ​ទោះជា​យ៉ាងនេះ​ក្តី បើ​យោងតាម​ការបង្ហាញ​នេះ ធនាគារពិភពលោក​បាន​ព្យាករ​ទុក​ថា ចិន និង​ឥណ្ឌា អាច​នឹង​តាម​ទាន់​សហរដ្ឋអាមេរិក ឬ​អាចមាន​សេដ្ឋកិច្ច​ធំ​ជាង​ទៀត​ក៏​ថា​បានដែរ ព្រោះថា តាម​ការប៉ាន់ប្រមាណ​ថា GDP របស់​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​រំពឹងទុក​ថា កើនឡើង​ប្រមាណ​ត្រឹម​ចន្លោះ 17.9% ប៉ុណ្ណោះ​ក្នុង​ចន្លោះ​ឆ្នាំ2017 ដល់​ឆ្នាំ2019 ប៉ុន្តែ​ចិន​គឺ​ត្រូវបាន​គេ​វាយតម្លៃ​ទុក​ថា អាច​នឹង​កើន​ឡើងដល់​ទៅ 35.2%។

ចរន្ត​សេដ្ឋកិច្ច​បច្ចេកវិទ្យា​រប​ស់​ចិន​គឺ​កំពុងតែ​មានការ​កក្រើក​ជាមួយនឹង​កំណើន​ពី​ត្រឹមតែ​ជាង 1% នៃ​ទីផ្សារ​អាជីវកម្ម​អេឡិចត្រូនិក (e-commerce) របស់​ពិភពលោក​កាលពី 10ឆ្នាំមុន មកដល់ 42% នាពេល​បច្ចុប្បន្ននេះ។ បើសិនជា​ប្រៀបធៀប​ជាមួយនឹង​សហរដ្ឋអាមេរិក ចំណែក​ទីផ្សារ​គឺមាន​ត្រឹមតែ 24% ប៉ុណ្ណោះ​នាពេល​បច្ចុប្បន្ន ព្រោះ​វា​បាន​ធ្លាក់ចុះ​ទៅវិញ ខណៈ​នៅ​ឆ្នាំ 2005 នៅ​សហរដ្ឋអាមេរិក​មាន​ទី​ផ្សារ​អាជីវកម្ម​អេឡិចត្រូនិក​ដល់​ទៅ 35%ឯណោះ។ យោងតាម​របាយការណ៍​ដែល​វិភាគ​ដោយ​ស្ថាប័ន​ជំនាញ PwC បាន​បង្ហាញថា សេដ្ឋកិច្ច​ចិន​អាច​នឹង​ឡើងទៅ​ស្មើ​អាមេរិក​នៅ​ឆ្នាំ2050៕

Advertisement