រោងចក្រ​ផលិត​ម្សៅដំឡូង​មី​ចំនួន20 នឹងត្រូវ​ដំឡើង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន

ទីផ្សារ​ដំឡូង​មី​ក្នុង​តំបន់ និង​ពិភពលោក​បានបង្ហាញ​ពី​តម្រូវការ​ខ្ពស់​តាម​ប្រភេទ​មុខទំនិញ ដែលជា​ឱកាស និង​ជា​ច្រក​ទីផ្សារ​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​ចាប់ផ្ដើម​ពង្រឹង​ផលិតកម្ម​ពង្រីក​ការកែច្នៃ​ផលិតផល​នេះ និង​ពង្រឹងសមត្ថភាព​នាំចេញ​ឆ្ពោះទៅរក​ទីផ្សារ​ដែលមាន​តម្លៃ​ខ្ពស់ ដូចជា​ផលិតផល​ម្សៅ​មី​ជាដើម។

ហេតុដូច្នេះ​ហើយ​ទើប​រោងចក្រ​ផលិត​ម្សៅដំឡូង​មី​ចំនួន20 នឹងត្រូវ​ចាប់ផ្តើម​សាងសង់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ចាប់ពី​ឆ្នាំ2018នេះ​ទៅ។ នេះ​បើតាម​ការ​ឱ្យដឹងពី​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ។

ឯកឧត្តម វេ​ង សាខុន​បាន​បន្ត​ឱ្យដឹងថា៖“កម្ពុជា​អាចឈាន​ទៅដល់​ការផលិត​ម្សៅដំឡូង​មី​តាមរយៈ​រោងចក្រ​ទាំង20 នេះ ដែល​យ៉ាងហោចណាស់​ក៏​យើង​ត្រូវ​ការផលិត​ដំឡូង​មី​ប្រមាណ​ជា 10លាន​តោន​ដែរ​ក្នុង 1ឆ្នាំ។

កាលពី​ឆ្នាំ2016 និង​ឆ្នាំ2017 កន្លងទៅនេះ កម្ពុជា​អាចឈាន​ទៅដល់​ការផលិត​ដំឡូង​មី​បាន​ដល់​ទៅ 14លាន​តោន​ក្នុង1ឆ្នាំ។ ដូច្នេះ​ក្នុង 20រោងចក្រ​នេះ​ក្រុមហ៊ុន​អាច​ស្រូបយក​ដំឡូង​មី​ដល់​ទៅ 10លាន​តោន​ពី​ការផលិត​របស់​កសិក​រ​យើង​នៅតាម​បណ្តា​ខេត្ត​គោលដៅ​ទាំង​អស់ហើយ​ការផលិត​នេះ​យើង​សង្ឃឹមថា ក្នុង​រោងចក្រនីមួយៗអាច​កែច្នៃ​ជា​ម្សៅដំឡូង​មី​បាន​ដោយ​ប្រើ​ដំឡូង​មី​ចំនួន 10ម៉ឺន​តោន។

រោងចក្រ​ទាំងនោះ​នឹង​បោះ​ទីតាំងនៅ​តំបន់​ណា​ដែលមាន​ដំណាំ​ដំឡូង​មី​ច្រើន ហើយ​តំណាង​រោងចក្រ​បាន​មើលឃើញ​ពី​សក្តានុពល​នេះ​នៅក្នុង​ខេត្ត​មួយចំនួន ដូចជា​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ធំខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តបន្ទាយមានជ័យ និង​យ៉ាងហោចណាស់​ក្នុង 1ខេត្ត​ក៏មាន1 ទៅ2រោងចក្រដែរ  និង​ក្នុងការ​សាងសង់​រោងចក្រនីមួយៗត្រូវការ​ទុនវិនិយោគ​ប្រមាណ​ជា 2លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​បានបញ្ជាក់​ទៀតថា៖ ក្រោយពី​កិន​ជា​ម្សៅ​ហើយ​កាកសំណល់​របស់​វា​អាច​កែច្នៃ​ធ្វើជា​ចំណី​សត្វ និង​កាកសំណល់​ចុងក្រោយ​បំផុត​អាច​ច្នៃ​ធ្វើជា​ដុំ​ធ្យូង និងកែច្នៃ​ធ្វើជា​ឆ្នួន​ចំហេះ​ក្នុង​ការដុត​បញ្ឆេះ​ធ្វើជា​កម្លាំង​ថាមពល​សម្រាប់​បម្រើ​ដល់​ដំណើរការ​រោងចក្រ​ផលិត​ចរន្តអគ្គិសនី​សម្រាប់​ប្រើប្រាស់​នៅតាម​ផ្ទះសំបែង​បាន​ទៀតផង។ ឯកឧត្តម វេ​ង សាខុន​បានឱ្យដឹង​បន្ថែមថា រោងចក្រ​ទាំង 20នេះ​នឹងមាន 5រោងចក្រ​ត្រូវ​សាងសង់​នៅ​ឆ្នាំ2018 នេះ។ 7រោងចក្រ​សាងសង់​នៅ​ឆ្នាំ2019 និង8រោងចក្រ​ចុងក្រោយ​នឹង​សាងសង់​នៅ​ឆ្នាំ2020។

សូមបញ្ជាក់ថា រោងចក្រ​កែច្នៃ​ដំឡូង​មី​ដែលមាន​គម្រោង​បើក​ទាំង 20ទីតាំង​នេះ គឺជា​ការវិនិយោគ​រប​ស់​ក្រុមហ៊ុន GreenLeader ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន GreenLeaderHoldingGroup ដែល​បាន​ចុះឈ្មោះ​ជា​សាធារណៈ​ក្នុង​ក្រុមប្រឹក្សា​ហ៊ុន​នៅ​ទីក្រុង​ហុងកុង។

កំណត់សម្គាល់៖ ដំឡូង​មី​ត្រូវបានគេទទួលស្គាល់​ថា​ជា​កសិផល​ប្រចាំ​សតវត្សរ៍​ទី21 ដោយ​វា​ត្រូវបាន​ដាំ​ដុះ​យ៉ាងច្រើន រាប់​តាំងពី​ជា​លក្ខណៈ​គ្រួសារ រហូតដល់​ការនាំចេញ​ទ្រង់ទ្រាយ​ធំ ដើម្បី​បម្រើដល់​ឧស្សាហកម្ម​ម្ហូបអាហារ និង​ការផលិត​ប្រេងឥន្ធនៈ​អេតាណុល។ សម្រាប់​ប្រទេស​កម្ពុជា ការដាំដុះ​ដំឡូង​មី​មានការ​រីកចម្រើន​យ៉ាងគំហុក​ចាប់ពី​នៅលើ​ផ្ទៃដី 16ពាន់​ហិកតា​នៅ​ឆ្នាំ2000 ដល់​ទៅ​ជាង 600ពាន់​ហិកតា នៅ​ឆ្នាំ2017 និង​បានផ្តល់​ទិន្នផល​សរុប 14លាន​តោន កាលពី​ឆ្នាំ2017 កន្លងទៅ៕

Advertisement