កសិករ​ខ្មែរ​ដំបូង​នាំ​ពូជ​ផ្លែ Strawberry ពី​បរទេស​មក​ដាំ​ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម

កសិករ​ខ្មែរ​មួយរូប​បាន​ចំណាយ​ប្រា​ក់ជាង 1សែន​ដុល្លារ​នាំយក​ពូជ​ផ្លែ​ស្ត្រ​បឺ​រី (Strawberry) ពី​ប្រទេស​អេ​ស្ប៉ា​ញ​មក​ដាំ​សាកល្បង​នៅក្នុង​ប្រទេស​កម្ពុជា​ជា​លើក​ទី3 ដែល​ការដាក់​ដាំ​កាលពីលើក​ទី1 និង​ទី2 កំពុង​ទទួលបាន​ជោគជ័យ​ជាបណ្តើរៗហើយ។

កសិករ​វ័យក្មេង​លោក អ៊ូច សំបូរ ម្ចាស់​ចម្ការ Strawberry ក្នុង​ខេត្តពោធិ៍សាត់​បានផ្តល់​ប​ទ​សម្ភាស​ជាមួយនឹង​អ្នកយកព័ត៌មាន​នៃ​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា លោក​បាន​នាំ​ពូជ​ស្ត្រ​បឺ​រី (Strawberry)មកពី​ប្រទេស​អេ​ស្ប៉ា​ញ​តាម​ជើងយន្តហោះ​មក​ដាំ​សាកល្បង​នៅក្នុង​ស្រុក​ខ្មែរ​អស់​រយៈពេល​ជាង 2ឆ្នាំ​មកហើយ ដោយមាន​ទីតាំង​ស្ថិតនៅ​ភូមិ​កៀន ជង្រុក ឃុំ​អូរ​សោម ស្រុក​វាលវែង ដែល​កាលពី​ការដាំ​លើកដំបូង​បាន​ទទួលផល​តិចតួច​ប៉ុណ្ណោះ​ដោយសារតែ​អាកាសធាតុ​មិនសូវ​អំណោយផល ពិសេស​មាន​ភ្លៀង​ធ្លាក់​ច្រើន ប៉ុន្តែ​ការដាំ​លើក​ទី2 ទទួលបាន​ផល​ច្រើន​គួរសម ហើយ​លោក​សង្ឃឹមថា ការដាក់​ដាំ​លើក​ទី3នេះ​នឹង​ទទួលបាន​ផល​ច្រើនជាងពេលមុនៗ ព្រោះ​ធ្លាប់​បានធ្វើ​ពិសោធ​ទៅលើ​អាកាសធាតុ​ចំនួន​ពីរលើក​រួចមកហើយ។

ម្ចាស់​ចម្ការ​វ័យក្មេង​ខាងលើ​បន្តថា ការដាំ​លើក​ទី3 នេះ​គឺ​ដាំ​ផ្ទាល់​ដី​ចំនួន​តែ 5,000កូន​ប៉ុណ្ណោះ និង​កំពុង​រៀបចំ​ដាំ​លើ​ទុយោ​ទឹក​ចំនួន10,000កូន​ផ្សេងទៀត​ដែល​សរុប​ទាំងអស់​មាន​ចំនួន 15,000កូន ដោយបាន​ប្រក់​ដំបូល​ពីលើ​ដើម្បី​ការពារ​រដូវភ្លៀង​ធ្លាក់​ច្រើន និង​ការពារ​សត្វល្អិត​បំផ្លាញ។ ប្អូនប្រុស​បន្តថា ការធ្វើ​ពិសោធ​ដាំ​ផ្ទាល់​ដី​កន្លងមក គឺ​មិនសូវ​ទទួលបាន​ផល​ច្រើន​នោះទេ ដោយសារ​ភ្លៀង​ធ្លាក់​ច្រើន​ធ្វើឱ្យ​ងាប់​ដើម នៅសល់តែ​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​នៅមាន​សុខភាព​រឹងមាំ​ល្អ និង​ហុច​ផល​ឱ្យ​ក្នុង​មួយ​សប្តាហ៍​ម្តង ដោយ​បេះ​ផ្លែ​បាន​ចន្លោះ​ពី20 ទៅ30គីឡូក្រាម តែបើ​ដើម​ធំ​ពេញវ័យ​វិញ​អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី100 ទៅ200គីឡូក្រាម​ក្នុង​មួយ​សប្តាហ៍​លើ​ចំនួន​ស្ត្រ​បឺ​រី 15,000ដើម​នេះ និង​មាន​ម៉ូយ​ទៅ​ទិញ​ដល់​កន្លែង បាន​តម្លៃ​ក្នុង​មួយ​គីឡូក្រាម​ចន្លោះ​ពី10 ទៅ11ដុល្លារ ដែល​ម៉ូយ​អាច​យកទៅ​លើ​លក់​បន្តបាន​ថ្លៃ​ពី13 ទៅ15ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។ ស្ត្រ​បឺ​រី​ខ្មែរ​នេះ​មាន​ផ្លែ​តូច​ជាង​របស់​បរទេស តែមាន​រសជាតិ​ផ្អែម​ជាង។

លោក​ថា ដើម​ស្ត្រ​បឺ​រី​អាច​ដាំ​នៅលើ​ដី ឬ​រៀបចំ​ដាំ​នៅលើ​ប្រព័ន្ធ​ទុយោ​ទឹក​ក៏បាន ប៉ុន្តែ​ត្រូវរ​កដី​ដែលមាន​ជីជាតិ​ល្អ មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​គួរសម ប៉ុន្តែ​ត្រូវ​ចេះ​ការពារ​ទឹកភ្លៀង​ដែល​បណ្ដាលឱ្យ​ងាប់​ដើម​ស្ត្រ​បឺ​រី។

សម្រាប់​ការដាំ​នៅលើ​ដី មុនដំបូង​គេ​ត្រូវ​រក​ទីតាំង​ក្នុង​តំបន់​ណា​ដែល​ដី​មាន​ជីជាតិ​ល្អ ហើយ​ត្រូវ​រៀបចំ​ដី​ឱ្យបាន​ស្អាត​ជាមុន ដោយ​ត្រូវ​ភ្ជួរ​ឱ្យបាន​ពីរ​ទៅ​បី​លើក រួចហើយ​សឹម​លើក​ជា​រង រួច​រៀបចំ​ប្រព័ន្ធ​ទឹក និង​ក្រាល​ផ្ទាំង​កៅស៊ូ​ពីលើ​ដី។ ក្រោយពី​រៀបចំ​ដី​រួច គេ​ត្រូវ​ដឹក​កូន​យកមក​ដាំ​ឱ្យបាន​លឿន ចៀសវាង​ទុកចោល​យូរ​ដែលនាំឱ្យ​កូនដើម​ស្ត្រ​បឺ​រី​ខ្សោយកម្លាំង និង​លូតលាស់​មិនបាន​ល្អ។

ក្រោយពី​ដាំ​រួច គេ​ត្រូវ​ស្រោច​ទឹក2 ឬ3ថ្ងៃ​ម្តង​ហើយ​ត្រូវ​ដើរ​មើល​កូន​ណា​ដែល​លូតលាស់​មិនសូវ​ល្អ​ត្រូវយក​ជីលា​មក​គោ ឬ​ជី​កំ​ប៉ុ​ស្ត​ទៅ​ដាក់​បំប៉ន​ដើម​ឱ្យ​លូតលាស់​បានល្អ​ឡើង និង​ត្រូវ​ចេះ​ពី​បច្ចេកទេស​ការពារ​ដំណាំ​ពី​សត្វល្អិត​ចង្រៃ ដូចជា​ដង្កូវ ស្រមោច ឬ​សត្វ​ខ្ញុង​មក​ស៊ី​ស្លឹក និង​លំអងផ្កា​ជាដើម។ រហូតដល់2 ទៅ3ខែ ដើម​ស្ត្រ​បឺ​រីនឹង​ចាប់ផ្តើម​ចេញ​ផ្កា និង​ឱ្យ​ផ្លែ​ជាបណ្តើរៗ ដោយ​អាច​បេះ​ក្នុង​មួយ​សប្តាហ៍​បាន​ម្តង រហូតដល់ 18ខែ​ទើប​ដើម​វា​ងាប់​ទៅវិញ ទើប​រង់ចាំ​ការដាំ​សាជាថ្មី​ទៀត។

កសិករ​វ័យក្មេង​រូបនេះ​បាន​បញ្ជាក់ថា អ្វីដែល​ធ្វើឱ្យ​លោក​សុខចិត្ត​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​នាំយក​ពូជ​ស្ត្រ​បឺ​រី​មក​ដាំ​ជា​លើកដំបូង​នេះ​គឺ៖ ទី1.ដោយសារ​ចង់​លើកកម្ពស់​មុខមាត់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​យើង។ ទី2.ផ្លែឈើ​មួយ​នេះ​នៅ​កម្ពុជា​យើង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ និង​អាច​លក់បាន​ថ្លៃ​ជាង​នៅក្រៅ​ប្រទេស។ ទី3.មាន​ដៃគូ​ជា​អ្នកបច្ចេកទេស​មកពី​ក្រៅប្រទេស​ស្រាប់។ និង​ទី4.អាកាសធាតុ​កម្ពុជា​អាច​ដាំ​ដុះ​បានល្អ​ដូច​នៅ​ប្រទេស​គេ​ដែរ។ ហើយ​បើសិនជា​បងប្អូន​ប្រជាកសិករ​ខ្មែរ​យើង​មានបំណង​ចង់​ដាំ​ពូជ​ស្ត្រ​បឺ​រី​នេះ អាច​ទំនាក់ទំនង​រក​ទិញ​ពូជ​យកទៅ​ដាំ​បានព្រោះ​លោក​បាន​នាំ​ចូលមក​ផ្ទា​ល់ពី​ប្រទេស​អេ​ស្ប៉ា​ញ​ដោយ​ក្នុង​មួយ​ដើម​តម្លៃ​តែ5 ទៅ6ពាន់​រៀល​ប៉ុណ្ណោះ​អាស្រ័យទៅលើ​ការ​កុម្ម៉ង់​ទិញ​តិច ឬ​ច្រើន ហើយ​លោក​នឹង​បង្រៀន​ពី​បច្ចេកទេស​ដាំ​ដុះ និង​ថែទាំ​ទៀតផង៕

Advertisement