វិស័យ​សំណង់​បន្ត​រួមចំណែក​ដល់​សេដ្ឋកិច្ច ប៉ុន្តែ​ថយចុះ​ក្នុង​ឆ្នាំ​បោះឆ្នោត​នេះ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានដាក់​ការ​ព្យាករ​ថា វិស័យ​ឧស្សាហកម្ម​ដែល​គ្របដណ្តប់​លើ​វិស័យ​វាយ​ន​ភណ្ឌ និង​វិស័យ​សំណង់​នឹង​បន្ត​រួមចំណែក​ធំ​ក្នុង​ការជំរុញ​សេដ្ឋកិច្ចកម្ពុជា​ឱ្យសម្រេចបាន​ក្នុង​រង្វង់7% សម្រាប់​ឆ្នាំ2018នេះ ខណៈដែល​ក្រសួង​ដែនដី​នគរូបនីយកម្ម និង សំណង់​ពង្រឹង​បែបបទ​ក្នុងការ​សាងសង់។

ឯកសារ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​កា​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2019 បាន​បង្ហាញថា វិស័យ​សំណង់​នឹងមាន​ការរីកចម្រើន​ក្នុង​អត្រា​ប្រមាណ16.7% ក្នុង​ឆ្នាំ2018 និង​ក្នុង​អត្រា16.9% ក្នុង​ឆ្នាំ2019។

ការរីកចម្រើន​ក្នុង​វិស័យ​សំណង់​នេះ​ត្រូវបាន​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ព្យាករ​ថា វា​នឹង​ផ្តោតលើ​ប្រភេទ​គម្រោង​សំណង់​តម្លៃ​ទាប និង​មធ្យម​ដែល​ជួយ​ប៉ះប៉ូវ​ដល់​កំណើន​យឺត​នៃ​ប្រភេទ​សំណង់​តម្លៃ​ខ្ពស់។

យោងតាម​ឯកសារ​ដដែល​បានឱ្យដឹងថា វិស័យ​សំណង់​មាន​ភាពរឹងមាំ​ដោយសារ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ ការប្តេជ្ញាចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវន្ត និង​ភាពជឿជាក់​ចំពោះ​ការវិនិយោគ និង​ដោយសារ​ភាពរឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា ទោះ​ជាមាន​ឥរិយាបថ​ប្រុងប្រយ័ត្ន​ពី​សំណាក់​វិនិយោគិន​មួយចំនួន​ក្នុង​ឆ្នាំ2018 ដែលជា​ឆ្នាំ​បោះឆ្នោត​ក្ដី។

អ្នកសេដ្ឋកិច្ច​វ័យក្មេង​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អ្នកស្រី តាន់ ឡា​នី​ន បាន​កត់សម្គាល់ថា វិស័យ​ឧស្សាហកម្ម​ដែល​គ្របដណ្តប់​លើ​អនុវិស័យ​ពីរ គឺ​វិស័យ​កាត់ដេរ និង​សំណង់​បាន​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ វិស័យ​ទាំងពីរ​នេះ​ក៏បាន​រួមចំណែក​ធំ​ក្នុង​កំណើនសេដ្ឋកិច្ច​នាពេល​កន្លងមក​ក៏ដូចជា​ទៅ​អនាគត​ដែរ។

អ្នកស្រី តាន់ ឡា​នី​ន និយាយថា៖ “កម្ពុជា​កំពុង​ស្ថិតក្នុង​និន្នាការ​នៃ​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់ខ្លួន ជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ទៅជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឆ្នាំ2018 ក្រសួង​រៀបចំ​ដែនដី​បានចេញ​លិខិតអនុញ្ញាត​សាងសង់​ចំនួន 3,418គម្រោង ស្មើនឹង​ជាង 11លាន 3សែន 8ម៉ឺន​ម៉ែត្រការ៉េ និង​មាន​ទុនវិនិយោគ 6,799លាន​ដុល្លារ​អាមេរិក។

កាលពីពេលថ្មីៗនេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ផ្សព្វផ្សាយ​សៀវភៅ​ណែនាំ​អំពី​សុ​វត្តិភាព​នៅក្នុង​ការដ្ឋាន​សំណង់​ទៅដល់​អ្នកម៉ៅការ​សំណង់ ម្ចាស់​ការដ្ឋាន និង​ក្រម​ហ៊ុនផ្សេងៗទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​សំណង់​ដើម្បី​បង្ការ​គ្រោះថ្នាក់ផ្សេងៗ និង​ធានា​សុវត្ថិភាព​ជូន​ទាំង​កម្មករសំណង់ អ្នក​ដែល​រស់នៅ​ក្បែរ និង​អ្នក​ដែល​ធ្វើដំណើរ​ជុំវិញ​ការដ្ឋាន​ដែល​កំពុងធ្វើការ​សាងសង់៕

Advertisement