លោក​ឧកញ៉ា សៀ ឫទ្ធី ពី​បុគ្គលិក​ដឹកជញ្ជូន​ក្លាយជា​សេដ្ឋី​អចលនទ្រព្យ​ដោយសារ​ជំនាញ​ទំនាក់ទំនង

នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា មាន​មនុស្ស​មិន​ច្រើន​ទេ​ដែលមាន​សមត្ថភាព​អាចបង្កើត និង​ដឹកនាំ​ក្រុមហ៊ុន​ដ៏​ច្រើន​ក្នុងពេល​តែមួយ​បាន ហើយ​ក្នុងនោះ​លោក​ឧកញ៉ា សៀ ឫទ្ធី គឺជា​អ្នកជំនួញ​លេចធ្លោ​ម្នាក់​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ជាពិសេស​ផ្នែក​ខាង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដូចជា​ខុន​ដូ The Bridge, The Peak, The Palms និង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​សាធារណៈ​មានតម្លៃ​សមរម្យជាដើម។

លោក​ត្រូវបាន ស្ថិតក្នុង​ចំណាប់អារម្មណ៍​របស់​ស​ហ​គ្រិន​ក៏ដូចជា​ប្រជាជន​ខ្មែរ​ទូទៅ​ដែរ​ដោយសារ​លោក​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុនធំៗជាច្រើន​ជិត 30ក្រុមហ៊ុន ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន World Bridge International (Cambodia) Ltd ហើយ​ទាំងអស់នេះ​ក៏​ជាការ​បាន​ជួយ​រួមចំណែក​លើ​ការអភិវឌ្ឍ​ទីផ្សារការងារ និង​សេដ្ឋកិច្ចជាតិ​យើង​ផងដែរ។

នៅក្នុង​លេខ​នេះ អ្នកយកព័ត៌មាន​នៃ​កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ បានធ្វើ​បទ​សម្ភាស​ជាមួយ​លោក​ឧកញ៉ា សៀ ឫទ្ធី អំពី​ជីវិត​ជាក់ស្តែង​ក្នុង​វិស័យ​ជំនួញ​ដែល​លោក​បានចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​ដំបូង​គេ និង​គន្លឹះសំខាន់ៗពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​អាជីវកម្ម​ឱ្យ​ទទួលបាន​ជោគជ័យ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម។

1.លោក​ឧកញ៉ា​ជាម​នុស្ស​លេចធ្លោ​មួយរូប​ក្នុងចំណោម​អ្នកជំនួញ​ផ្នែក​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​កម្ពុជា ហើយ​ស្របពេល​ជាមួយគ្នានេះ គេ​ក៏​សង្កេតឃើញ​ដែរ​ថា លោក​ឧកញ៉ា​មាន​ក្រុមហ៊ុនជាច្រើន​ដែល​ស្ថិតនៅក្នុង​បណ្ដុំ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន World Bridge International (Cambodia) Ltd។ តើ​លោក​ឧកញ៉ា​អាច​ជម្រាប​បានទេ​ថា សព្វថ្ងៃនេះ​លោក​ឧកញ៉ា​មាន​ក្រុមហ៊ុន​អ្វីខ្លះ?

បើ​និយាយ​ពី​អាជីវកម្ម ខ្ញុំ​ចាំ​មិន​អស់​ទេ តែបើ​រាប់​ទៅ​គឺ​ប្រហែលជា​ជិត 30ក្រុមហ៊ុន ដែលមាន​ដូចជា​ក្រុមហ៊ុន​ផ្នែក​អភិវឌ្ឍន៍​អចលនទ្រព្យ ផ្នែក​ដឹកជញ្ជូន​ផ្នែក​ចំណីអាហារ និង​ភេសជ្ជៈ ផ្នែក​ហិរញ្ញវត្ថុ ដែលមាន​ដូចជា​ធនាគា​រ​ឯកទេស និង​ហាង​បញ្ចាំ(Cash U UP) ហើយ​យើង​ក៏មាន​ផងដែរ​នូវ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​វិទ្យុ​បុ​ស្តិ៍​លេខ89 យើង​មាន​ផ្នែក​កម្សាន្ត មាន​ភោជនីយដ្ឋាន មាន​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ មាន​សណ្ឋាគារ (Shangri La) និង​មាន​ផ្សារ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​បើក​នៅ​ខែមិថុនា​ខាងមុខនេះ។

2.តើ​លោក​ឧកញ៉ា​អាច​បង្ហាញ​បានទេ​ពី​ការសិក្សា និង​ដំណើរ​ឆ្លងកាត់​ការលំបាក​ដើម្បី​បង្កើត​ក្រុមហ៊ុន​ដំបូង?

សម្រាប់​ខ្ញុំ បើ​និយាយ​ពី​ការរៀនសូត្រ​វិញ គឺ​ខ្ញុំ​រៀន​បានត្រឹមតែ​បាក់​ឌុប​ទេ តែ​ខ្ញុំ​បាន​រៀន​បន្ថែម​ពេល​ខ្ញុំ​ធ្វើការ​រកស៊ី គឺ​រៀន​ថ្នាក់អនុបណ្ឌិត និង​រៀន​វគ្គខ្លីៗជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​មុខរបរ​របស់ខ្ញុំ។ កាល​នៅ​ក្មេង ជីវិត​របស់ខ្ញុំ​ខុសគេ ក្រោយពេល​ប្រឡង​បាក់​ឌុប​ចប់​នៅ​ចុងឆ្នាំ1990 ខ្ញុំ​បានការ​ងារ​ធ្វើ​បាត់ទៅហើយ។ ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​ងារ​តាំងពី​អាយុ 18ឆ្នាំ។

នៅ​ឆ្នាំ1990នោះ ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​ដំបូង​លើ​វិស័យ​ដឹកជញ្ជូន(Logistic) ហេតុនេះ​ខ្ញុំ​ចាប់ផ្តើម​រៀន​តែ​ពី​ផ្នែក​នេះ​ទេ។ ពេលខ្លះ​មាន​វគ្គ​នៅ​ប្រទេស​សិង្ហ​បុរី​មួយអាទិត្យ ពេលខ្លះ​មាន​ទៅ​រៀន​នៅ​ហុងកុង3ថ្ងៃ ឬ​ទៅ​ប្រទេសផ្សេងៗទៀត​ដែលជា​វគ្គខ្លី។ ពេល​ខ្ញុំ​ទៅ​រៀន​នោះ​ខ្ញុំ​ទទួលបាន​ចំណេះដឹង​សំខាន់2 គឺ​ទី1 ចំណេះដឹង​ក្នុង​សាលា និង​ទី2 គឺ​ការទំនាក់ទំនង។

ខ្ញុំ​បាន​រៀន​នូវ​អ្វីដែល​ពាក់ព័ន្ធ​នឹង​ការងារ​របស់ខ្ញុំ ដូចជា​ការគ្រប់គ្រង​ឃ្លាំង ការដឹកជញ្ជូន​តាម​ជើង​អាកាស និង​ចំណុច​ពាក់ព័ន្ធ​ជាច្រើន​ទៀត​នៃ​វិស័យ​ដឹកជញ្ជូន ដើម្បី​ចង់ដឹងថា តើ​ប្រទេស​គេ​ធ្វើ​ដូចម្តេចខ្លះ​ពាក់ព័ន្ធ​នឹង​ផ្នែក​នេះ។ ខ្ញុំ​ចេញទៅ​រៀន ចំណេញ​បាន​ទំនាក់ទំនង​ច្រើនណាស់ ព្រោះ​អ្នក​ដែល​ទៅ​រៀន​ជាមួយគ្នា​សុទ្ធតែជា​មនុស្សសំខាន់ៗក្នុងប្រទេស​របស់គេ ហេតុនេះ​ខ្ញុំ​អាច​ទំនាក់ទំនង​ជាមួយ​គេ​បាន ហើយ​រហូតដល់​អាចធ្វើ​ជា​ដៃគូ​ពាណិជ្ជកម្ម និង​យក​ជំនួញ​ពី​គេ​បាន​ថែម​ទៀតផង។ ភាពជោគជ័យ​នៃ​អាជីវកម្ម​ដឹកជញ្ជូន​ដំបូង​បំផុត​របស់ខ្ញុំ​គឺ​ដោយសារតែ​ការរៀន និង​ការធ្វើទំនាក់ទំនង​នេះឯង។

សម្រាប់​ការរកស៊ី​ដំបូង ការ​ជួបនឹង​ការលំបាក​ជា​រឿង​ធម្មតា​ទេ ព្រោះ​វា​ទាក់ទង​នឹង​ការសិក្សា  កាលណា​ចំណេះ​យើង​មិន​ដល់​យើង​នឹង​ពិបាក​រកស៊ី ព្រោះ​កាលដើមឡើយ​នៅពេលដែល​ខ្ញុំ​ចេញ​រកស៊ី​ដំបូង​ខ្ញុំ​មិនសូវ​ចេះ ហេតុនេះ​ទើប​រាង​ពិបាក​បន្តិច។ ចំពោះ​មុខរបរ​របស់​ខ្ញុំ​នៅពេលនោះ គឺ​ត្រូវ​ចេញចូល​ក្រៅប្រទេស​ច្រើន។ អ្វី​ដែលជា​លក្ខណៈពិសេស​របស់ខ្ញុំ គឺ​ខ្ញុំ​រៀន​ឆាប់​ចេះ ហើយ​ខ្ញុំ​អាច​ចេះ​និយាយបាន​ច្រើន​ភាសា។ ខ្ញុំ​ចេះ​និយាយ​ភាសា​អង់គ្លេស ភាសា​ថៃ និង​ភាសា​មួយចំនួនទៀត ដែល​នេះ​ជា​ចំណេះដឹង​ក្រៅផ្លូវការ​មួយ​ក្នុង​ការជួយ​ឱ្យ​ខ្ញុំ​អាចធ្វើ​ការទំនាក់ទំនង​ជាមួយ​អ្នក​ក្រៅ​ស្រុក​បានល្អ។

3.កាលពី​ក្មេង តើ​លោក​ឧកញ៉ា​មាន​គោលដៅ និង​ក្តី​សុបិន​បែបណាខ្លះ?

កាល​នៅ​ក្មេង អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​នៅពេល​ធំ​ឡើង​នោះ​គឺ កុងស៊ីបញ្ចាំ។ កាលនោះ​ប្រហែលជា​មកពី​ខ្ញុំ​មើល​រឿងកុន​ចិន​ច្រើនពេក​ក៏​មិនដឹង ព្រោះ​ក្នុង​រឿងកុន​ចិន​គេ​ឧស្សាហ៍​បង្ហាញ​ពី​របរ​បញ្ចាំ​នេះ។

ចាប់ពីពេលនោះ​មក ការ​បើកហាង​បញ្ចាំ​បាន​ក្លាយជា​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ ព្រោះ​មើលទៅ​ដូចជា​ជម្រើស​ល្អ​ម្យ៉ាងដែរ តែ​ដល់ពេល​ចាប់ផ្តើម​រកស៊ី​ដំបូង​ពិតប្រាកដ គឺពាក់ព័ន្ធ​នឹង​វិស័យ​ដឹកជញ្ជូន​ទៅវិញ។ បច្ចុប្បន្ន​ខ្ញុំ​ក៏មាន​ហាង​បញ្ចាំ​មួយ​ដែរ​គឺ Cash U UP។

4.តើ​លោក​ឧកញ៉ា​អាច​ជម្រាប​បានទេ​ថា តើ​អាជីវកម្ម​អ្វីខ្លះ​ដែល​លោក​ឧកញ៉ា​បាន​ចាប់​ដៃគូ តាមរយៈ​ការធ្វើទំនាក់ទំនង​នាពេលនោះ?

ដៃគូ​ពាណិជ្ជកម្ម​ផ្នែក​ដឹកជញ្ជូន​ដែល​ទទួលបាន​នៅពេលនោះ​មានដូចជា ក្រុមហ៊ុន CEVA ដែល​ខ្ញុំ​នៅតែ​ធ្វើ​ការរកស៊ី​ជាមួយ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ ហើយ​ខ្ញុំ​បាន​ស្គាល់​គាត់​នៅពេលដែល​រៀន​ជាមួយគ្នា។ ពេល​ទៅ​រៀន មាន​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ជាច្រើន​ដែល​មិនទាន់​ស្គាល់​ស្រុក​ខ្មែរ ហើយ​គេ​ក៏​មិន​ចង់​មករក​ស៊ី​នៅ​ស្រុក​ខ្មែរ​ដែរ ព្រោះ​ពេលនោះ​យើង​មាន​សង្គ្រាមស៊ីវិល តែ​ពេលនោះអ្វីដែល​ខ្ញុំ​ធ្វើបាន គឺ​ពន្យល់​ពួកគេ​ឱ្យឃើញ​ពី​សក្តានុពល​ក្នុងការ​រកស៊ី​នៅ​ស្រុក​ខ្មែរ។

ខ្ញុំ​មាន​ជំនាញ​ល្អ​មួយ គឺ​ពន្យល់​គេ​ឆាប់​យល់ ពេលនោះ​ខ្ញុំ​បាន​ប្រាប់​គេ​ឱ្យដឹងថា ស្រុក​ខ្មែរ​គឺ​កំពុង​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ដែល​ធ្វើឱ្យមាន​ការបោះឆ្នោត ហេតុនេះ​អនាគត​ការរកស៊ី​នៅ​កម្ពុជា​នឹង​ល្អប្រសើរ។ ម្យ៉ាងវិញទៀត​ចំណុច​ល្អ​របស់​កម្ពុជា​គឺ​ស្ថិតនៅ​ចំ​កណ្តាល​ប្រទេស​ធំ2 គឺ​ថៃ និង​វៀតណាម​ហេតុនេះ​ប្រសិនបើ​ដាក់​ផ្នែក​ដឹកជញ្ជូន​នៅ​កម្ពុជា ប្រាកដជា​ចំណេញ​ច្រើន ព្រោះ​អាច​នឹង​ងាយ​ក្នុង​ការបញ្ជូន​ទំនិញ​ទៅកាន់​ប្រទេស​ទាំង2នោះ។

ពេល​និយាយជារឿយៗទៅ គេ​ចាប់ផ្តើម​ចាប់អារម្មណ៍ តែ​ដំបូង​ឡើយ​គេ​មិនទាន់​ទុកចិត្ត​យើង​ទាំងស្រុង​ទេ គេ​ឱ្យ​យើង​ធ្វើជា​ភ្នាក់ងារ​ឱ្យគេ​សិន។ ក្រោយពេល​ធ្វើការ​ងារ​នេះ​បាន 4-5 ឆ្នាំ​មក គេឃើញថា​វា​ដំណើរ​ល្អ គេ​ក៏​ចាប់ដៃ​ជាមួយ​យើង​តែម្ដង។

5.តើ​លោក​ឧកញ៉ា​អាច​បញ្ជាក់​លម្អិត​បានទេ​ពី​ដំណាក់កាល​ដំបូង​ដែល​លោក​ឧកញ៉ា​ចេញ​ធ្វើ​ការងារ រហូតដល់​ចាប់ផ្តើម​ផ្លាស់ប្តូរ​មក​ក្លាយជា​ម្ចាស់​អាជីវកម្ម​ដោយ​ខ្លួនឯង?

លោកឧកញ៉ា សៀ ឫទ្ធី នៅក្នុងកម្មវិធីចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​រវាង​ក្រុមហ៊ុន ​KERRY ​Worldbridge ​Logistic Co,.Ltd​ និង​ក្រុមហ៊ុន ​ InSITE ​BAVARIA

ដំបូង​ឡើយ​នៅ​ឆ្នាំ1988 ខ្ញុំ​នៅក្រៅ​ស្រុក ខ្ញុំ​បានធ្វើ​ការងារ​ស្ម័គ្រចិត្ត​មួយចំនួន តែ​ក្រោយ​ឆ្នាំ1990 ក្រោយ​ពេលដែល​ខ្ញុំ​ត្រឡប់មក​កម្ពុជា ខ្ញុំ​បានដាក់​ពាក្យ​ធ្វើ​ការងារ​ជាមួយនឹង​UNTAC។ ខ្ញុំ​ចាប់ផ្តើមធ្វើ​ការងារ​ដំបូង​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត តែ​ក្រោយមកទៀត​ខ្ញុំ​សង្កេតឃើញថា ផ្នែក​នេះ​មិនមែនជា​អនាគត​របស់ខ្ញុំ​ទេ ព្រោះ​វា​ជា​ប្រភេទ​ការងារ​រយៈពេល​ខ្លី ហេតុនេះ​ខ្ញុំ​ក៏​ចាប់ផ្តើម​ដាក់ពាក្យ​ទៅធ្វើ​ការងារ​នៅ​ទីស្នាក់ការ​ធំ​នៅ​SNC វិញ​ម្តង។

នៅពេលនោះ​ដោយសារតែ​ខ្ញុំ​ចេះ​ភាសា គេ​ឱ្យ​ខ្ញុំ​ជ្រើសរើស​កន្លែង​ដែលមាន2 គឺ​ទី1 ជា​អ្នកបកប្រែ និង​ទី2គឺ​ផ្នែក​ដឹកជញ្ជូន(Movement Control)។ នៅពេលនោះ​ខ្ញុំ​បានជ្រើសរើស​ផ្នែក​ដឹកជញ្ជូនបើទោះបីជា​ផ្នែក​នេះ​បាន​ប្រាក់ខែ​តិចជាង​អ្នកបកប្រែ​ក៏ដោយ តែ​ខ្ញុំ​ស្រឡាញ់​ផ្នែក​ដឹកជញ្ជូន។ ប្រាក់ខែ​សម្រាប់​អ្នកបកប្រែ​គឺ 350ដុល្លារ តែ​សម្រាប់​អ្នក​ដឹកជញ្ជូន​វិញ​បានតែ173ដុល្លារ​ប៉ុណ្ណោះ តែ​ខ្ញុំ​សុខចិត្ត​ធ្វើ​ផ្នែក​នេះ ព្រោះ​ខ្ញុំ​គិតថា ខ្ញុំ​អាច​រៀន​បាន​ច្រើន។ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មិនសូវ​គិតគូរ​រឿង​លុយ​ជាសំខាន់​នោះទេ តែ​អ្វីដែល​ខ្ញុំ​ចង់បាន​គឺ​ចំណេះដឹង​ពីអ្វី​ដែល​ខ្ញុំ​ស្រឡាញ់ និង​ចង់​ធ្វើ។ នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​នៅ​អង្គការសហប្រជាជាតិ គេ​ក៏​បញ្ជូន​ខ្ញុំ​ឱ្យទៅ​រៀន​ផ្នែក​ដឹកជញ្ជូន​នៅ​ប្រទេស​ថៃ​ភ្លាម​ដែលជា​ហេតុ​ធ្វើឱ្យ​ខ្ញុំ​ចេះ​ជំនាញ​នេះ​ដំបូង​បំផុត។

ក្រោយពេល​រៀន​ផង​ធ្វើ​ការងារ​ផង​បាន​មួយរយៈ សកម្មភាព UN នៅ​ស្រុក​ខ្មែរ​ចាប់ផ្តើម​ខិតជិត​ដល់ទី​បញ្ចប់​ក្នុង​ឆ្នាំ1992។ ពេលនោះ​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយចំនួន​ដែល​បានមក​ស្រុក​ខ្មែរ​ដើម្បីដឹកជញ្ជូន​ឱ្យ UNTAC នឹងត្រូវ​ត្រឡប់​ទៅ​ស្រុក​គេ​វិញ​ជាហេតុ​ធ្វើឱ្យ​ខ្ញុំ​ត្រូវ​ព្យាយាម​ទាក់ទង​ទៅ​ក្រុមហ៊ុនធំៗជាច្រើន​ដែល​ខ្ញុំ​ស្គាល់​ដើម្បី​បន្តសកម្មភាព​ដឹកជញ្ជូន​នៅក្នុង​ប្រទេស​បន្តទៀត។ នៅពេលនោះ​ខ្ញុំ​បាន​ទាក់ទង​ក្រុមហ៊ុន​មួយ​ឈ្មោះថា Circle Freight ដើម្បី​ធ្វើ​ការងារ​ជាមួយ។

តាមពិតទៅ​នៅពេលនោះ​មាន​ក្រុមហ៊ុន​ច្រើន​ដែល​គេ​ទាក់ទង​ខ្ញុំ​ឱ្យធ្វើ​ការ​ជាមួយ តែ​ខ្ញុំ​សម្រេចចិត្ត​ជ្រើសរើស​ក្រុមហ៊ុន Circle Freight ព្រោះ​ក្រុមហ៊ុន​នេះ​មាន​ទីស្នាក់ការ​ធំ​នៅ​បរទេស។ កាលនោះ មេ​របស់ខ្ញុំ​ជា​ជនជាតិ​ថៃ ហើយ​ការងារ​របស់គាត់​ក៏​មិនសូវ​ជា​រលូន​ប៉ុន្មាន​ដែរ ព្រោះ​ក្រោយពេល​បោះឆ្នោត​ហើយ ប្រទេស​កម្ពុជា​នៅតែមាន​សង្គ្រាម ដែលជា​ហេតុ​ធ្វើឱ្យ​ពួកគាត់​ត្រូវ​សម្រេចចិត្ត​ដកខ្លួន​ចេញទៅ​វិញ។ ខណៈ​ពេលនោះ​ខ្ញុំ​បាន​សុំ​ក្រុមហ៊ុន​Circle Freightនេះ​ពី​ថៅកែ​នោះ ដោយ​កាលនោះ​ខ្ញុំ​ស្នើសុំ​រក្សា​ឈ្មោះ​ដដែល ហើយ​គេ​ក៏​យល់ព្រម​ព្រោះ​គេ​បានចេញ​ទៅវិញ​ហើយ យើង​ចង់​ធ្វើ​យ៉ាងម៉េច​ក៏​ធ្វើទៅ។ ក្រោយពេល​បានទទួល​ការអនុញ្ញាត ខ្ញុំ​ក៏បាន​ចាប់ផ្តើម​យកឈ្មោះ​ក្រុមហ៊ុន Circle Freight នេះ​បើក​នៅ​ស្រុក​ខ្មែរ។

ចាប់ផ្តើម​ពី​ការងារ​ដំបូង ខ្ញុំ​ត្រូវ​ដើរតួ​ច្រើនណាស់​តែម្នាក់ឯង គឺ​ថៅកែ​ក៏​ខ្លួនឯង តៃកុង​ឡាន​ក៏​ខ្លួនឯង ហើយ​វេច​ខ្ចប់​ក៏​ខ្លួនឯង​ដែរ។ នៅពេលនោះ​ខ្ញុំ​មាន​ឡាន​តែមួយ​គ្រឿង​ទេ ហើយ​បុគ្គលិក​មាន 2នាក់ បើ​បូក​ទាំង​ខ្ញុំ​ទៀត​បាន 3នាក់ ហើយ​បុគ្គលិក​របស់ខ្ញុំ​ទាំង 2នាក់​នោះបាន​នៅ​ជាមួយ​ខ្ញុំ​រហូតមកដល់​បច្ចុប្បន្ន។ នៅ​ដំណាក់កាល​ចាប់ផ្តើម​នោះ គឺ​ចុងឆ្នាំ1992 ខ្ញុំ​ធ្វើ​ការងារ​ដឹកជញ្ជូន​ឱ្យតែ​អង្គការ និង​ស្ថានទូត​ដែល​គេ​ត្រូវការ​ដឹកជញ្ជូន​ទំនិញ​មក​កម្ពុជា​ប៉ុណ្ណោះ​ព្រោះ​កាលនោះ​អត់​ទាន់​មាន​រោងចក្រ​ទេ។

ពេលនោះ​ដំណាក់កាល​ដំបូង​គឺ​លំបាក​មែនទែន ព្រោះ​ពេលខ្លះ​ក្នុង​មួយខែ​មាន​អតិថិជន​តែមួយ​ឬ​ពីរ​ក៏មានដែរ ហេតុនេះ​ពេលខ្លះ​ខ្ញុំ​ត្រូវ​ទៅយក​ឥ​វ៉ាន់​នៅ​កំពង់សោម ឬ​ព្រលានយន្តហោះ​ដោយ​ខ្លួនឯង។ ចំពោះ​ឯកសារ គឺ​ខ្ញុំ​រត់ការ​ដោយ​ខ្លួនឯង និង​ធ្វើអ្វីៗគ្រប់យ៉ាង​ដោយ​ខ្លួនឯង​ទាំងអស់ ព្រោះ​បើ​ខ្ញុំ​ជួល​គេ ខ្ញុំ​នឹងត្រូវ​ចំណាយ​ច្រើន​ទៀត​ដែល​ធ្វើឱ្យ​ខ្ញុំ​មិនអាច​ចំណេញ​បាន​ដើម្បី​ផ្គត់ផ្គង់​ដល់​ចង្វាក់​ផលិតកម្ម​របស់ខ្ញុំ​បាន។

6.នៅពេលដែល UNTAC ចេញផុត​ទៅ តើ​លោក​ឧកញ៉ា​ធ្លាប់​អស់សង្ឃឹម​ទេ ព្រោះ​លោក​ឧកញ៉ា​ធ្លាប់​ប្រាប់ថា ពេលខ្លះ​អតិថិជន​មាន​មិន​ច្រើន​ផង?

អត់​ទេ! ខ្ញុំ​ជាម​នុស្ស​ដែល​ចូលចិត្ត​ធ្វើការ​ស្វែងរក​អ្វីដែល​ថ្មី ហើយ​ជាម​នុស្ស​ដែល​មិន​អស់សង្ឃឹម​នោះទេ ព្រោះ​ជាធម្មតា​នៅតាម​ស្ថានទូត អង្គការ និង​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​គេ​មាន​រដូវ​របស់គេ។ រដូវ​ខ្លះ​គេ​យក​ឥ​វ៉ាន់​មក​ច្រើន ហើយ​រដូវ​ខ្លះ​គេ​មិន​យកមក​ទេ តែ​ខ្ញុំ​ជា​មនុស្ស​ឈ្មុសឈ្មុល ក្នុងករណី​ដែល​ខ្ញុំ​ធ្វើការ​ជាមួយ​ស្ថានទូត​មួយ​អស់ហើយ ខ្ញុំ​ស្វែងរក​ស្ថានទូត​ផ្សេងទៀត​ដើម្បី​បន្តការងារ​រហូត ខ្ញុំ​មាន​ចំណូល​ជាប់​ជាប្រចាំ គ្រាន់តែ​ចំណូល​នោះ​មិន​ច្រើន តែបើ​ឱ្យ​ខាត ក៏​មិន​ខាត​ដែរ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ចេះ​សន្សំសំចៃ អ៊ីចឹង 1ខែៗសល់​បាន​តិចតួច​ដែរ ប្រហែល 100ដុល្លារ ឬ200ដុល្លារ។

យើង​បន្ត​ស្ថានភាព​បែបនេះ​រហូតដល់​ឆ្នាំ1996 ទើប​យើង​ទទួលបាន​អតិថិជនល្អៗដែល​អាចធ្វើឱ្យ​យើង​លូតលាស់​បាន គឺ​យើង​ធ្វើការ​ដឹកជញ្ជូន​ឱ្យ UN ទាំងអស់។ ក្នុង​កាលៈទេសៈ​នោះ ការដឹកជញ្ជូន​មាន​ស្ថានភាព​លំបាក​ខ្លាំង ហើយ​ពេលខ្លះ​ត្រូវ​ងើប​ពី​ម៉ោង 4ទៀបភ្លឺ ដើម្បី​ចេញទៅ​សៀមរាប ហើយ​ទម្រាំ​ទៅដល់ ម៉ោង6ល្ងាច​ក៏មានដែរ ដោយសារតែ​ស្ថានភាព​ផ្លូវ​កាលនោះ​មិនល្អ។

នៅពេលនោះ​ស្ថានភាព​សន្តិសុខ និង​ស្ថានភាព​ផ្លូវ​គឺជា​ឧបសគ្គ​សំខាន់​ដែល​ត្រូវ​ដោះស្រាយ ព្រោះ​ពេលខ្លះ​ដើម្បី​ទៅដល់​ទី​រួម​ខេត្ត ខ្ញុំ​ត្រូវ​ដេក​ផ្លូវ ហើយ​ខ្ញុំ​ជា​អ្នក​បើកឡាន​ដោយ​ខ្លួនឯង​ទៀត។

នៅពេលនោះ​មាន​បញ្ហា​អសន្តិសុខ គេ​បាញ់បោះ​គ្រប់​ផ្លូវ​ទាំងអស់ ពេលខ្លះ​អាច​ប្រឈម​ជាមួយនឹង​ការ​ជាន់មីន​ក៏មានដែរ និង​នៅពេល​ធ្វើដំណើរម្តងៗត្រូវដាក់​បារីពេញៗខ្លួន​ដើម្បីឱ្យ​ទាហាន ព្រោះ​ទាហាន​នៅពេលនោះ គឺ​សុំ​តែ​បារី​ជក់​ទេ បើ​គ្មាន​បារី​ឱ្យ គេ​នឹង​បាញ់​យើង។

នៅ​ឆ្នាំ1996 ស្ថានភាព​ចាប់ផ្តើម​ល្អប្រសើរ​ឡើង​ខ្លាំង​ក្រោយ​ពេលដែល​ប្រទេស​យើង​ចាប់ផ្តើម​មាន​រោងចក្រ ហើយ​ពេលនោះ​រោងចក្រ​ដែលមាន​មុនគេ​នោះ​គឺ រោងចក្រ​មិថុនា។ ក្រោយពេល​ដែលមាន​រោងចក្រ​កើតឡើង ខ្ញុំ​ចាប់ផ្តើម​មានការ​ងារ​ច្រើន​ធ្វើ​ជាប់​ជាប្រចាំ ហើយក៏​មាន​ឥ​វ៉ាន់​ច្រើន​ដើម្បី​ដឹក​ទៅ​ក្រៅប្រទេស​ដែរ។ ចាប់ផ្តើម​ពី​ពេល​នោះមក យើង​បាន​ប្តូរ​ការិយាល័យ​ពីក្នុងផ្ទះ​តូច​មួយ​របស់ខ្ញុំ ទៅ​ការិយាល័យ​ធំ​មួយ​វិញ។

ឈាន​មកដល់​ឆ្នាំ1998 ស្ថានភាព​កាន់តែ​ប្រសើរ​ខ្លាំង​នៅពេលដែល​ប្រទេស​របស់​យើង​ចាប់ផ្តើម​មាន​សន្តិភាព ហើយ​រោងចក្រ​ចាប់ផ្តើម​មាន​កាន់​តែច្រើនឡើងៗ នៅពេលនោះ​រោងចក្រ​នៅ​ស្រុកខ្មែរ​ប្រើប្រាស់​សេវា​របស់ខ្ញុំ​សឹងតែ​ទាំងអស់។ នៅពេលនោះ​ខ្ញុំ​ចាប់ផ្តើម​មាន​ឥ​វ៉ាន់​ដឹកចេញទៅ​ក្រៅប្រទេស​ច្រើន ព្រោះ​នៅក្នុង​ប្រទេស​មានតែ​ក្រុមហ៊ុន​ដឹកជញ្ជូន​របស់​យើង​មួយ​ប៉ុណ្ណោះ។ ចាប់ពីពេលនោះ​មក​យើង​ចាប់ផ្តើម​ដឹកទំនិញ​តាមផ្លូវ​អាកាស​ឱ្យគេ​ច្រើន ហើយ​រោងចក្រ​ក៏​ចាប់ផ្តើម​បង្កើន​ការផលិត​ផលិតផល​កាន់តែខ្លាំង​ឡើង​ដែរ។

7.តើ​នៅពេលណា​ទើប​លោក​ឧកញ៉ា​ចាប់ផ្តើម​ងាក​មក​ធ្វើ​អាជីវកម្ម​ទាក់ទង​នឹង​អចលនទ្រព្យ?

នៅ​ចន្លោះ​ឆ្នាំ1998 ដល់​ឆ្នាំ2005 គឺ​យើង​មាន​ការងារ​ច្រើន​មែនទែន ហើយ​វិស័យ​ដឹកជញ្ជូន​ជា​វិស័យ​ដ៏​មាន​សក្តានុពល​មួយ ព្រោះ​ជា​អាជីវកម្ម​ដែលមាន​លុយ​កាន់ពេញៗដៃ។ ថ្លៃ​ដឹកជញ្ជូន​គេ​មិន​ជំពាក់​យើង​ទេ គេ​ចាយលុយ​សុទ្ធ​តែម្ដង និង​ដោយសារតែ​បែបនេះហើយ ទើប​នៅ​ឆ្នាំ2000 យើង​មាន​លុយ​ច្រើន​សម្រាប់​ដើរ​មើល​ដី​ថា តើ​កន្លែង​ណា​ល្អ ហើយ​កន្លែង​ណា​អាច​អភិវឌ្ឍ​បាន តែ​ពេលនោះ​យើង​ធ្វើ​ក្នុងនាម​ជា​ឈ្មួញកណ្តាល​នៅឡើយ មិនមែន​ធ្វើ​ក្នុងនាម​ជា​អ្នក​អភិវឌ្ឍន៍​នោះទេ។

ក្រោយមក​ខ្ញុំ​គិតថា ខ្ញុំ​មិនអាច​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​តទៅទៀត​បានទេ ព្រោះ​ខ្ញុំ​ចង់​ក្លាយជា​អ្នក​អភិវឌ្ឍន៍ តែ​ក៏​នៅតែ​មិនទាន់​ដឹង​នៅឡើយ​ថា តើ​ត្រូវធ្វើ​ដូចម្តេច?។ ហេតុនេះ​ជា​ដំណោះស្រាយ គឺ​ឆ្នាំ2005ខ្ញុំ​ត្រូវ​ហោះ​ទៅ​ស្រុក​ក្រៅ​ជាថ្មី​ម្តងទៀត ដើម្បី​រៀនសូត្រ​អំពី​អចលនទ្រព្យ។ ខ្ញុំ​ស្វែង​រៀនសូត្រ​ពី​គ្រប់​ទីកន្លែង​ឱ្យតែ​ឮថា​កន្លែង​ណា​គេ​បង្រៀន​ពី​អចលនទ្រព្យ​ខ្ញុំ​ចូលរៀន​ទាំងអស់។ ខ្ញុំ​បាន​រៀន​ពី​វិធី​ក្នុង​ការធ្វើ​ខុន​ដូ វិធី​លក់​របស់​ភ្នាក់ងារ​លក់ វិធីសាស្ត្រ​រៀបចំ​អភិវឌ្ឍន៍ និង​វិធីសាស្ត្រ​ក្នុងការ​វាយលុក​រឿង​ដីធ្លី​នេះ។ នៅពេលនោះ​ខ្ញុំ​បាន​រៀន​ច្រើន​នៅ​ហុងកុង សិង្ហ​បុរី ម៉ាឡេស៊ី និង​ថៃ​ជាដើម ដែល​ក្នុង​មួយខែ​ខ្ញុំ​ទៅ​រៀន​ម្តង ដោយ​វគ្គ​ខ្លះ​មាន​រយៈពេល 3ថ្ងៃ ហើយ​វគ្គ​ខ្លះ​មាន​រយៈពេល​មួយ​សប្តាហ៍។

ដូចដែល​បានដឹងហើយថា ខ្ញុំ​ចូលចិត្ត​ការទំនាក់ទំនង ដូច្នេះហើយ​ការ​ទៅ​រៀន​លើក​នេះ​ក៏​ធ្វើឱ្យ​ខ្ញុំ​ចំណេញ​ការទំនាក់ទំនង​ច្រើន​ដែរ ខ្ញុំ​ចាប់ផ្តើម​ស្គាល់​អ្នក​អភិវឌ្ឍន៍ ហើយ​ដឹងថា ភ្នាក់ងារ​លក់​អចលនទ្រព្យ​គេ​ធ្វើ​យ៉ាងម៉េច? ហើយ​អ្នក​អភិវឌ្ឍន៍​គេ​ធ្វើ​យ៉ាងម៉េច?។ នៅពេលនោះ​សេដ្ឋកិច្ចកម្ពុជា​ចាប់ផ្តើម​ល្អឡើងៗ ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​ក្រៅ​ស្រុក​ចាប់ផ្តើម​មើលឃើញ​ពី​សេដ្ឋកិច្ច​ស្រុក​ខ្មែរ ហេតុនេះហើយ​ទើប​ខ្ញុំ​ចាប់ផ្តើម​ទាក់ទាញ​ពួកគេ​ដើម្បី​ធ្វើការ​វិនិយោគ​លើ​ដីធ្លី​នៅ​កម្ពុជា។

8.ក្រោយ​ឆ្នាំ2005 តែ​មិន​ប៉ុន្មាន​ឆ្នាំ​ក៏​កើតមាន​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ហើយ​កម្ពុជា​ក៏​រង​ផលប៉ះពាល់​ច្រើន​ដែរ​នៅ​ឆ្នាំ2008 តើ​លោក​ឧកញ៉ា​មាន​បញ្ហា​ដែរឬទេ​នៅពេលនោះ?

ពេលនោះ​ខ្ញុំ​អត់​ប៉ះពាល់​ទេ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ដែល​ចូលចិត្ត​ប្រមូល​ព័ត៌មាន​ច្រើន​ពី​ក្រៅប្រទេស ម្យ៉ាងវិញទៀត​នៅ​ឆ្នាំ2005 នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម​រកស៊ី​ផ្នែក​អចលនទ្រព្យ​នេះ ខ្ញុំ​បាន​សិក្សា​រួចហើយពី​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ដែល​អាច​នឹង​កើតឡើង ហេតុនេះហើយ​ទើប​យើង​មើលឃើញថា អ្នករកស៊ី​នៅ​ស្រុក​ខ្មែរ​មានការ​ប៉ះពាល់​ច្រើន​នៅ​ឆ្នាំ​នោះ តែ​សម្រាប់​ខ្ញុំ​គឺ​មិនមាន​អ្វី​ប៉ះពាល់​ទេ។

មុនពេល​វិបត្តិ​ឆ្នាំ2008 មកដល់ ខ្ញុំ​ចាប់ផ្តើម​លក់​អស់ហើយ​នូវ​កន្លែង​ដែល​ត្រូវ​បញ្ចេញ តែ​ខ្ញុំ​ក៏បាន​រៀបចំ​ទុក​នូវ​អចលនទ្រព្យ​មួយចំនួន​ដែល​ត្រូវ​ទុក ព្រោះ​ខ្ញុំ​ដឹងថា វា​នឹង​ល្អប្រសើរ​ឡើងវិញ។ ខ្ញុំ​បាន​ត្រៀមខ្លួន​ជាស្រេច​មិនឱ្យ​វិបត្តិ​សេដ្ឋកិច្ច​មក​ប៉ះពាល់​ដល់​អាជីវកម្ម​របស់ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​មាន​ប្រភពព័ត៌មាន​ច្បាស់។

9.លោក​ឧកញ៉ា​ហាក់ដូច​ជាមាន​បទពិសោធ​ច្រើនណាស់​ផ្នែក​អាជីវកម្ម តើ​លោក​ឧកញ៉ា​អាច​បញ្ជាក់​បានទេ​ថា តើ​គួរ​ធ្វើ​បែបណា​ទើប​ធ្វើឱ្យ​អាជីវកម្ម​ទទួលបាន​ភា​ព​ជោគជ័យ?

សម្រាប់​ខ្ញុំ​ការធ្វើ​អាជីវកម្ម​ដែល​ជោគជ័យ គឺ​ខ្ញុំ​មិន​រាប់​ថា ទាល់តែ​សម្រេច100% ទើប​ហៅថា​ជោគជ័យ​នោះទេ ព្រោះ​បើ​មនុស្ស​គ្រប់គ្នា​ជោគជ័យ 100%នោះ វា​គ្មានទេ​អ្នកក្រ ហើយក៏​គ្មាន​អ្នករកស៊ី​ខាត​ដែរ។ ការធ្វើ​អាជីវកម្ម​ដែល​ជោគជ័យ​បាន​ត្រឹម65% ឬ70% ឡើងទៅ គឺ​យើង​រាប់​ថា​ជោគជ័យ​ហើយ។ ចំណុច​ទី1 ដែល​យើង​ចាប់ផ្តើម​ដំបូង​គឺ តម្រូវការ។ បើ​មុខរបរ​របស់​យើង​គ្មាន​តម្រូវការ សូមកុំ​រកស៊ី ព្រោះ​វា​នឹងមិន​ធ្វើឱ្យ​យើង​ជោគជ័យ​ទេ។ ដើម្បី​ដឹងថា​អាជីវកម្ម​របស់​យើង​មាន​តម្រូវការ ឬ​គ្មាន​នោះ មិនមែន​យើង​ត្រូវ​ដើរទៅ​សួរ​មិត្ត​ភ័ក្តិ ឬ​អ្នកជិតខាង​ដើម្បី​ឱ្យដឹងពី​តម្រូវការ​របស់គេ​នោះទេ តែ​យើង​ត្រូវការ​ការស្រាវជ្រាវ​ទីផ្សារ​យ៉ាង​ត្រឹមត្រូវ។

ដើម្បី​ធានាថា តម្រូវការ​របស់​យើង​អាច​សិក្សា​បាន​លម្អិត​នោះ យើង​ត្រូវ​ស្វែងរក​ភាគី​ទី3 នោះ​គឺ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ ដើម្បី​ធ្វើការ​វិនិយោគ​ដោយ​ត្រឹមត្រូវ។ ជា​ឧទាហរណ៍​ថា យើង​បើកហាងលក់​ការ៉េម​មួយ​ចុះ យើង​ដឹង​ហើយ​ថា ហាង​លក់​ការ៉េម​នៅក្នុង​ស្រុក​ខ្មែរ​មាន​ច្រើនណាស់ តែ​យើង​មិនដឹង​ទេ​ថា តើ​គេ​ត្រូវការ​ការ៉េម​បែបណា​ឱ្យ​ច្បាស់​នោះទេ។ ហេតុនេះ យើង​សុខចិត្ត​ធ្វើការ​ស្រាវជ្រាវ​ទីផ្សារ ដោយ​យកលុយ​មួយចំណែក​ពី​ទុនវិនិយោគ​ទៅធ្វើ ប្រសើរ​ជាង​យក​ទុន​ទាំងស្រុង​ទៅ​បោះចោល​ដោយ​មិនបាន​ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់។

ជា​ឧទាហរណ៍ ប្រសិនបើ​យើង​មាន​លុយ 50ម៉ឺន​ដុល្លារ​ដើម្បី​បើកហាង​ការ៉េម យើង​គួរ​ចំណាយ​ប្រហែល 5ពាន់ ទៅ1ម៉ឺន​ដុល្លារ​ដើម្បី​ស្រាវជ្រាវ​ទីផ្សារ យើង​មិនគួរ​ចំណាយលុយ​ទាំង 50ម៉ឺន​ចោលនោះទេ។ ប្រសិនបើ​របាយការណ៍​បង្ហាញ​ចេញមក​ថា 65%ជោគជ័យ នោះ​គឺ​យើង​អាច​ធ្វើបាន តែ​ពេលខ្លះ​ក៏​មិន​ប្រាកដ​ទាំងស្រុង​ដែរ វា​អាស្រ័យ​លើ​យើង​ខ្លួនឯង​ខ្លះ​ដែរ។ ជួនកាល​អ្នកធ្វើ​ទីផ្សារ​ឱ្យ​យើង​គាត់​ថា ទៅ​ឆ្វេង ប្រសិនបើ​យើង​ជា​អ្នករកស៊ី​មើលឃើញថា​ដូចជា​មិនល្អ ឬ​អាច​នឹង​ធ្លាក់ទឹក យើង​អាច​ដើរទៅ​ស្តាំ​បាន តែ​ទោះជា​យ៉ាងណា​ការស្រាវជ្រាវ​ទីផ្សារ​ក៏​អាចជា​ផែនទី​សំខាន់​ខ្លាំង​មួយ​ដែរ​សម្រាប់​ការធ្វើ​អាជីវកម្ម ព្រោះ​អ្នកស្រាវជ្រាវ​ទីផ្សារ​គេ​បាន​ស្រាវជ្រាវ​លម្អិត​រួចទៅហើយ។ គេ​ជា​អ្នកស្រាវជ្រាវ គឺ​ប្រាប់​យើង​ពី​ពេលវេលា​ដែល​មនុស្ស​ចូលចិត្ត​ទិញ គេ​ដឹង​ពី​ចំណូលចិត្ត​របស់​អតិថិជន និង​អតិថិជន​មក​ទិញ​អស់​ប៉ុន្មាន ជាដើម។

ទី2 គឺ​កត្តា​ដើមទុន៖ បើ​ចង់​រកស៊ី​អ្វីមួយ​យ៉ាងហោចណាស់​ក៏​គួរ​មាន​ដើមទុន 60%ដែរ សឹម​ចេញ​រកស៊ី ហើយ​សូមកុំ​ចាប់ផ្តើម​ដោយ​ការខ្ចី​គេ 100%ឱ្យសោះ ព្រោះ​អាជីវកម្ម​ខ្នាតតូច (SME) មិនទាន់​អាចធ្វើ​បានទេ។ អ្នក​ដែល​អាច​ខ្ចី​ទុន​គេ 100% រកស៊ី​លុះត្រាតែ​គេ​នោះ​ធំ​ណាស់។ ពួកគេ​ទាំងនោះ​បង្កើត​អាជីវកម្ម​មួយ​ដោយ​ប្រើតែ​ខួរក្បាល​ទេ ហើយ​ពេលខ្លះ​គេ​ខ្ចីលុយ​ទាំងស្រុង​សម្រាប់​អាជីវ​កម្មនេះ តែ​គេ​មាន​ចំណូល​ច្រើន​ពី​អាជីវកម្ម​ផ្សេង​មក​ទប់។

កត្តា​ទី3 ធនធានមនុស្ស៖ អ្នករកស៊ី​ក៏ដោយ អ្នកនយោបាយ​ក៏ដោយ ប្រសិនបើ​មនុស្ស​នៅ​ជុំវិញខ្លួន​យើង​មិន​ពូកែ យើង​ក៏​មិន​ជោគជ័យ​ដែរ។ រាល់​ការងារ​អ្វី​ទាំងអស់ គឺ​អាស្រ័យ​លើ​ធនធានមនុស្ស ប្រសិនបើ​យើង​មិនចេះ​ច្បាម​យក​ធនធានមនុស្ស​ពូកែ​មកជួយ​យើង​ទេ យើង​នឹង​មិនអាច​ជោគជ័យ​បានជា​ដាច់ខាត។

ការគ្រប់គ្រង​ក្រុមហ៊ុន​ច្រើន​គឺ​ត្រូវការ​មនុស្ស​ពូកែ ខ្ញុំ​ធ្លាប់​ប្រាប់​បុគ្គលិក​ខ្ញុំ​ហើយ​ថា ខ្ញុំ​មាន​ក្បាល​តែមួយ និង​ដៃ​ពីរ ហើយ​ខ្ញុំ​មិនមែនជា​មនុស្ស​អស្ចារ្យ​ទេ ការគិត​របស់ខ្ញុំ​អាច​ត្រូវ ឬ​ខុស តែដោយសារ​តែខ្ញុំ​មាន​ធនធានមនុស្ស​ពូកែ​ទើប​ខ្ញុំ​អាច​បើក​ក្រុមហ៊ុនផ្សេងៗទៀត​បាន។

ជា​គោលដៅ​របស់ខ្ញុំ​សព្វថ្ងៃ ខ្ញុំ​ខ្លួនឯង​ជា​អ្នកវិនិយោគ នៅពេលដែល​ខ្ញុំ​យក​អាជីវកម្ម​ថ្មី​ចូលមក ហើយ​ខ្ញុំ​មិនចេះ ខ្ញុំ​នឹង​រក​អ្នកចេះ​មក​ធ្វើ។ អ្នក​ដែល​ចេះ​មិនចាំបាច់​បោះទុន​នោះទេ យើង​គ្រាន់​តែមានចំណេះ​សម្រាប់ធ្វើ​ការងារ​ទៅបាន​ហើយ ខ្ញុំ​នឹង​ទុក​ភាគរយ​ឱ្យ។ ខ្ញុំ​ជា​អ្នក​បោះទុន អ្នក​ដែល​ចេះ​គាត់​ជា​អ្នក​ដំណើរការ​អាជីវក​ម្ម ហើយ​ខ្ញុំ​គ្រាន់តែ​មើល​បញ្ជីស្នាម​ប៉ុណ្ណោះ។

ជា​ឧទាហរណ៍​ជាក់ស្តែង ខ្ញុំ​ឯណា​ទៅ​ចេះ​ផ្នែក​សំណង់? ខ្ញុំ​អត់​ចេះ​សំណង់​ផង​ហ្នឹង! ហើយ​បើ​យក​ពេល​ទៅ​មើល​សំណង់ ខ្ញុំ​មាន​ពេល​ឯណា​ទៅធ្វើ​ការងារ​ផ្សេងទៀត? ដូច្នេះ​អ្វីដែល​ខ្ញុំ​ធ្វើ គឺ​ជ្រើសរើស​បុគ្គលិក​ណា​ដែល​ពូកែ​ដើម្បី​ឱ្យគេ​មក​ធ្វើការ​ងារ​នេះ គឺជា​ការ​ស្រេច។ សម្រាប់​ខ្ញុំ ប្រសិនបើជា​អ្នក​ពូកែ ខ្ញុំ​មិន​ខ្លាច​នឹង​ចំណាយ​នោះទេ តែ​ប្រសិនបើ​អ្នក​មិន​ពូកែ សូម្បី​ឱ្យតែ​មួយ​សេន​ក៏​ខ្ញុំ​ស្តាយ​ដែរ។

10.បើ​យើង​គិតថា ជន​នោះ​ពូកែ ហើយ​នៅពេល​ធ្វើ បែរជា​មិន​ដូច​យើង​គិត តើ​លោក​ឧកញ៉ា​នឹង​ត្រូវធ្វើ​យ៉ាងម៉េច​វិញ?

ចំណុច​នេះ​គឺ​ទាមទារ​ឱ្យមាន​បទពិសោធ សម្រាប់ខ្ញុំៗចង់ដឹងថា មនុស្ស​ណា​ពូកែ ឬ​មិន​ពូកែ ខ្ញុំ​និយាយ​ជាមួយ​តែមួយ​សន្ទុះ​នឹង​ដឹង​ច្បាស់​តែម្តង។ ម្យ៉ាងទៀត​យើង​មាន​ក្រុម​មួយ​ផ្សេងទៀត​ដើម្បី​តាមដាន​មានន័យថា យើង​មាន​ក្រុម​គ្រប់គ្រង (management team) មួយក្រុម​ទៀត​ដើម្បី​តាមដាន​ការអនុវត្ត​ការងារ​របស់​អ្នកជំនាញ។ សម្រាប់​ខ្ញុំ នៅពេល​ខ្ញុំ​ដាក់​អាជីវកម្ម​មួយ​ឱ្យ​អ្នកណាម្នាក់​ធ្វើ គឺ​មិនមែន​ឱ្យ​គាត់​ជិះសេះ​លែងដៃ​នោះទេ ខ្ញុំ​មាន​ក្រុម​សម្រាប់​តាមដាន​ការអនុវត្ត និង​ជួយ​ដល់​ការងារ​ពួកគាត់​ឱ្យទទួល​បាន​ជោគជ័យ។

11.ក្នុងនាម​ជា​អ្នកវិនិយោគ តើ​លោក​មើលឃើញថា​កម្ពុជា​មានប​ញ្ហា​ប្រឈម​អ្វីខ្លះ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា?

អ្វី​ដែលជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា ទី1គឺ តម្រូវការ​ទីផ្សារ​របស់​យើង​តូច ដោយសារតែ​ចំណូល​របស់ Middle class យើង​នៅ​ទាប (Middle class សំដៅលើ​មនុស្ស​ដែលមាន​វ័យ​ក្រោម40ឆ្នាំ)។

ប្រទេសមួយ​ខ្លាំង វិស័យ​អចលនទ្រព្យ​មាន​ភាពរឹងមាំ គឺ​អាស្រ័យ​លើ Middle class មាន​ចំណូល​កើនឡើង​ទើប​អាច​អភិវឌ្ឍ​បាន​លឿន។ នៅពេលដែល​ពួកគាត់​មានការ​ងារ​ធ្វើ​ល្អ មាន​ចំណូល​ច្រើន នោះ​ពួកគាត់​នឹង​ហ៊ាន​ចំណាយ​ប្រាក់​ដើម្បី​ទិញ​ផ្ទះ ហេតុនេះហើយ​ទើប​យើង​ចង់ឱ្យមាន​ការអភិវឌ្ឍ​លើ​ជីវភាព​អ្នក​ដែលមាន​ចំណូល​កម្រិត​មធ្យម​កើនឡើង​ឱ្យ​កាន់តែច្រើន ដើម្បីឱ្យ​ទីផ្សារ​កាន់តែ​រីក​ធំ។

ចំណុច​ទី2 គឺ​ប្លង់​មេ​របស់​រាជរដ្ឋាភិបាល៖ រាល់ថ្ងៃ​ក្នុងនាម​ជា​អ្នក​អភិវឌ្ឍន៍​យើង​យល់ឃើញថា ការអភិវឌ្ឍ​អាចមាន​បញ្ហា​ខ្លះ​លើ​ថ្លៃដើម ព្រោះ​ប្រសិនបើ​យើង​ចង់​អភិវឌ្ឍ​នៅ​ជាយក្រុង អ្នក​អភិវឌ្ឍន៍​ទៅដល់​រួចហើយ ទើប​ផ្លូវ លូទឹក និង​ភ្លើង​ទៅដល់​តាម​ក្រោយ ខុសពី​ស្រុក​គេ​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ទៅមុន​ទើប​អ្នកវិនិយោគ​ទៅតាម​ក្រោយ។

ចំណុច​ទី3 គឺ​ហិរញ្ញប្បទាន៖ ការគាំទ្រ​ដោយ​ហិរញ្ញប្បទាន​ពី​ធនាគារ​នៅក្នុង​ស្រុក​យើង​អត់​បើកទូលាយ​ដូច​ស្រុក​គេ​នោះទេ។ ធនាគារ​ស្រុក​គេ ការខ្ចី​លុយ​ទិញ​អចលនទ្រព្យ​គឺ​ងាយ​បំផុត ព្រោះ​មាន​ប្លង់​តម្កល់ ហេតុនេះហើយ​ទើប​វិស័យ​អចលនទ្រព្យ​ស្រុក​គេ​កាន់តែ​រីកចម្រើន ព្រោះ​ទាល់​តែមាន​វិស័យ​ហិរញ្ញវត្ថុ​ជួយ។

12.តើ​បញ្ហា​ទាំងអស់នោះ​យើង​ត្រូវ​ដោះស្រាយ​ដូចម្តេច?

ខ្ញុំ​គិតថា រាល់ថ្ងៃ​រាជរដ្ឋាភិបាល​បាន និង​កំពុង​ដោះស្រាយ​ហើយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​រួមទាំង​ប្លង់​មេ​ក៏​រដ្ឋាភិបាល​គិតគូរ​ហើយ​ដែរ គ្រាន់តែ​យើង​ត្រូវការ​ពេលវេលា​បន្តិចទៀត​ប៉ុណ្ណោះ។

ចំពោះ​បញ្ហា​ហិរញ្ញវត្ថុ​វិញ ធនាគារជាតិ​ក៏​កំពុង​គិតគូរ​ហើយ​ដែរ បើ​សេដ្ឋកិច្ច​រីកចម្រើន ប្រជាជនមាន​ចំណូល​កើនឡើង ដូច្នេះ​តម្រូវការ​នឹង​កើតឡើង​ដោយ​ឯកឯង។

បើ​យើង​និយាយ​ពី​គោលនយោបាយ និង​ការ​គាំពារ​សម្រាប់​អ្នកវិនិយោគ ស្រុក​ខ្មែរ​យើង​មាន​ភាពល្អប្រសើរ បើ​ប្រៀបធៀប​នឹង​ស្រុក​គេ។ ហេតុនេះ​យើង​ត្រូវមាន​ស្ថេរភាព​សង្គម​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ពី​ស្រុក​គេ​បន្ថែមទៀត ព្រោះ​ស្រុក​យើង​ក៏​ត្រូវការ​អ្នកវិនិយោគ​បរទេស​ដែរ។

យើង​ត្រូវតែ​អភិវឌ្ឍ​ទៅ​ដំណាលគ្នា ទាំង​អ្នកទិញ និង​អ្នកវិនិយោគ ដើម្បី​ធ្វើឱ្យ​ទីផ្សារ​អចលនទ្រព្យ​កាន់តែ​រីក​ទៅមុខ​បន្ថែមទៀត។ ហើយ​ដើម្បី​រក្សាបាន​ការអភិវឌ្ឍ​នេះ​យើង​ត្រូវការ​ស្ថេរភាព និង​សន្តិភាព ឬ​ភាព​គ្មាន​សង្គ្រាម។ ចំពោះ​ប្រាក់ខែ​វិញ ប្រសិនបើ​យើង​គិតពី​ប្រទេស​ក្នុង​តំបន់ ខ្មែរ​យើង​មាន​កម្រិត​ខ្ពស់ជាង​ប្រទេស​ដទៃ។ បញ្ហា​រាល់ថ្ងៃ គឺ​យើង​ខ្វះ​អ្នកគ្រប់គ្រង​ផ្នែកសំខាន់ៗ ដែល​ពួកគេ​ទាំងអស់នោះ​មាន​ប្រាក់ខែ​ចាប់ពី 2ពាន់​ដុល្លារ​ឡើង ហើយ​ដោយសារតែ​បែបនេះហើយ ទើប​យើង​ទាញ​ពួកគាត់​ទៅវិញទៅមក ដែល​ធ្វើឱ្យ​ពេលខ្លះ​ការងារ​មិនសូវមាន​ប្រសិទ្ធភាព។

ដើម្បី​អភិវឌ្ឍ​អ្នក​កម្រិត​កណ្តាល​ឱ្យមាន​ការអភិវឌ្ឍ​ឡើង យើង​ចង់ឱ្យមាន​ការរីកចម្រើន​គ្រប់កន្លែង​ក្នុងប្រទេស មិនមែន​អភិវឌ្ឍ​តែ​ក្នុង​ទីក្រុង​ភ្នំពេញ​ទេ។ ជា​ឧទាហរណ៍ កម្មករ​ម្នាក់​គាត់​ធ្វើ​ការងារនៅ​ភ្នំពេញ​បាន​ប្រាក់ខែ170ដុល្លារ តែ​ផ្ទះ​គាត់​នៅ​ខេត្ត គាត់​ត្រូវ​ចំណាយលុយ​ច្រើន ព្រោះ​គាត់​ត្រូវ​បង់​លើ​ថ្លៃ​ជួល​ផ្ទះ​គេ​ផង ថ្លៃ​ទឹក​ភ្លើង​ផង និង​ចំណីអាហារ​ផង។ ចុះ​ប្រសិនបើ​គាត់​នៅ​ខេត្តហើយ​មាន​រោងចក្រ​នៅ​ជិត​ផ្ទះ គាត់​នឹង​សន្សំ​បាន​ច្រើន ហើយ​លុយ​ដែល​គាត់​សល់ គាត់​នឹង​អាច​គិតគូរ​ទិញ​អចលនទ្រព្យ​បាន។

ចំណុច​មួយទៀត គឺ​យើង​ចង់ឱ្យមាន​ការរៀបចំ​គោលនយោបាយ​សម្រាប់​តំបន់​ដែល​រាជរដ្ឋាភិបាល​បានធ្វើ​រួចមកហើយ​នៅ​កំពង់សោម។ ក្រោយពេល​មាន​គោលនយោបាយ​តំបន់​សេរី (Free Zone) ភ្លាម យើង​ឃើញថា​កំពង់សោម​មានការ​រីក​ចម្រើន​ភ្លាម​ដែរ ហេតុនេះ​ប្រសិនបើ​យើង​មាន​គោលនយោបាយ​បែបនេះ​សម្រាប់​តំបន់​ច្រើន​ទៀត យើង​នឹង​អាច​អភិវឌ្ឍ​បាន​គ្រប់​ទីកន្លែង។

13.តើ​លោក​ឧកញ៉ា​មាន​គោលដៅ​អ្វី​ជា​បន្តទៀត?

ជាការ​ពិតណាស់ អ្នករកស៊ី​ត្រូវមាន​គោលដៅ​ច្បាស់លាស់។ អ្នករកស៊ី​គេ​មាន​គោលដៅ​គោល 5ឆ្នាំ និង​គោលដៅ​លម្អិត​សម្រាប់មួយឆ្នាំៗ ដើម្បី​ឱ្យដឹងថា ឆ្នាំនេះ​ចង់​ធ្វើ​អ្វី? ហើយ​ឆ្នាំក្រោយ​ចង់​ធ្វើ​អ្វី? ការរកស៊ី​គឺ​ចាំបាច់​ត្រូវមាន​ផែនការមេ ដើម្បី​ដឹង​ឱ្យ​ច្បាស់​ថា យើង​នឹង​ទៅដល់​កន្លែង​ណាខ្លះ? បើ​រកស៊ី​គ្រាន់តែ​ឃើញ​គេ​ធ្វើ​អ្វី ហើយ​យើង​ធ្វើតាម​គេ​នោះ យើង​នឹងមិន​អាចដឹកនាំ​ទីផ្សារ​សម្រាប់ការប្រកួតប្រជែង​បានទេ។ បើ​យើង​នាំមុខគេ យើង​នឹង​អាច​ប្រកួតប្រជែង​ជាមួយ​គេ​បានល្អ ព្រោះ​ទម្រាំ​គេ​តាម​ទាន់ យើង​អាច​យក​ដើម​បាន​មកវិញ​រួច​បាត់ទៅហើយ។ នៅ​ឆ្នាំនេះ​យើង​នឹង​បង្កើត​តំបន់ SME និង​មាន​គម្រោង​អភិវឌ្ឍន៍2 ផ្សេងទៀត​នៅ​ឆ្នាំក្រោយ។

14.សូម​លោក​ឧកញ៉ា​បង្ហាញ​អនុសាសន៍​សម្រាប់​អ្នករកស៊ី​នៅ​កម្ពុជា?

ជា​ចុងក្រោយ ខ្ញុំ​គ្រាន់តែ​ចង់ឱ្យ​ប្រជាជន​ខ្មែរ​យើង ឬ​អ្នករកស៊ី​គួរ​ចេះ​គិតគូរ​ឱ្យបាន​ហ្មត់ចត់ កុំ​ធ្វើតាម​គ្នា។ ខ្មែរ​យើង​បើ​ថា​ចូលចិត្ត​លក់​ពោត គឺ​គាត់​នឹង​នាំគ្នា​លក់​ពោតដូចៗគ្នា។ ជាធម្មតា អ្នកទិញ​គេ​ចង់​ទៅរក​កន្លែង​ដែល​ដូចគ្នា​នោះ តែ​អ្វីដែល​យើង​អាច​ធ្វើបាន​គឺ រក​វិធី​ដើម្បី​លក់​ក្រូច​ឱ្យដាច់​នៅ​កន្លែង​លក់​ពោត។ ហេតុនេះ​ក្នុងនាម​ជា​ប្រជាជន​ខ្មែរ ខ្ញុំ​សូម​ជូនពាក្យ 3ម៉ាត់​ទៅ​អ្នក​ទាំងអស់គ្នា ដែល​ទី1គឺ ហ្មត់ចត់ ទី2 គឺ​ត្រូវ​មានការ​តាំងចិត្ត (Commitment) និង​ទី3 គឺ​កុំ​មានចិត្ត​លោភលន់។

ខ្ញុំ​ចង់​និយាយថា មានមុខ​របរ​មួយ​ដែល​យើង​បាន​សិក្សា​ហើយ​ឃើញថា​ល្អ​ណាស់ តែ​មិន​ចង់ឱ្យ​មិត្ត​ភ័ក្ដិ​ចូល​ហ៊ុន​ជាមួយ​ទេ ចង់​ធ្វើ​តែម្នាក់ឯង អត់​ចង់​ចែក​នំ​ឱ្យគេ​ហូប​ជាមួយ​ទេ តែ​យើង​គួរប្រើ​ពាក្យ​ថា គួរ​ញ៉ាំ​នំ​ធំ​ជាមួយ​គេ ជាជាង​ញ៉ាំ​នំ​តូច​មួយ​តែម្នាក់ឯង ព្រោះថា បើ​យើង​ញ៉ាំ​នំ​ធំ​ជាមួយ​គេ ចំណែក​នំ​ដែល​យើង​នឹង​ទទួលបាន វា​ច្រើនជាង​នំ​តូច​ដែល​យើង​ញ៉ាំ​តែម្នាក់ឯង​នោះ​ទៅទៀត ហើយ​អ្វីដែល​យើង​ទទួលបាន​ថែមទៀត​នោះ​គឺ ទី1 ហិរញ្ញវត្ថុ​ច្រើន និង​ទី2 ចំណេះដឹង ពីព្រោះ​ចំណុចខ្លាំង​របស់​មនុស្សម្នាក់ៗគឺខុសៗគ្នា អ៊ីចឹង​អ្វីដែល​យើង​មិនចេះ គឺ​ត្រូវ​រក​អ្នកចេះ​មកជួយ​យើង ហើយ​ការចាប់​ដៃគូ​ជាមួយគ្នា រឿង​សំខាន់​គឺ ភាពស្មោះត្រង់៕

Advertisement