តម្លៃ​ដី​នៅ​ខេត្តកំពត​កំពុងតែ​ហក់​ឡើង​ខ្លាំង​តាម​ខេត្ត​ព្រះសីហនុ​ដែរ​ហើយ

បន្ទាប់ពី​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​តម្លៃ​ដី​នៅ​ខេត្តកំពត ក៏​កំពុងមាន​សម្ទុះ​កើនឡើង​ខ្លាំង​ដែរ ដោយសារតែ​ខេត្ត​នេះ​ក៏មាន​ទីតាំង​នៅជាប់​សមុទ្រ មាន​សក្តានុពល​ក្នុង​វិស័យ​ទេសចរណ៍ និង​មាន​សក្តានុពល​ក្នុង​ការធ្វើ​កំពង់ផែ​ដឹកជញ្ជូន​ទំនិញ​តាម​សមុទ្រ​ដូចគ្នា​ដែរ។

លោក អៀង ហោ ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ សុវណ្ណ​ភូមិ គ្រុប មានប្រសាសន៍ថា បច្ចុប្បន្ន​តម្លៃ​ដី​នៅ​ខេត្ត​នោះ​កំពុងមាន​សម្ទុះ​ឡើង​ខ្លាំង​មែន​ពិសេស​នៅ​ចំណុច​តាម​ដងព្រែក​កំពង់បាយ​ដែលមាន​សក្តានុពល​ខ្លាំង​ខាង​វិស័យ​ទេសចរណ៍ និង​ដី​នៅតាម​សងខាង​ផ្លូវជាតិ​ឆ្លងកាត់​ពី​ខេត្តកំពត​ទៅ​ខេត្ត​ព្រះសីហនុ​តែម្តង។ លោក​ថា កាលពី​ឆ្នាំមុន ដី​នៅ​តំបន់​ទាំងនោះ​មានតម្លៃ​ប្រមាណ​ជា25 ទៅ30ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​មកទល់​បច្ចុប្បន្ន​ដី​នៅ តំបន់​នោះបាន​ស្ទុះ​ឡើង​យ៉ាងខ្លាំង​ក្នុង​មួយ​ម៉ែត្រការ៉េ មានតម្លៃ​ដល់​ទៅ​ជាង 100ដុល្លារ​ឯណោះ។

អ្វីដែល​ធ្វើឱ្យ​ដី​នៅ​តំបន់​នោះ​ឡើងថ្លៃ​ខ្ពស់ គឺ​ដោយសារ​ជនបរទេស​បាន​ចូលមក​រស់នៅ​ទីនោះ​កាន់តែច្រើនឡើងៗ ដូចជា​ជនជាតិ​អឺរ៉ុប​បាន​ចូលមក​ជួល​ដី​ប្រជាពលរដ្ឋ​បើក​ធ្វើ​អាជីវកម្មផ្សេងៗពិសេស​ធ្វើជា​ភោជនីយដ្ឋាន​លក់​ម្ហូបអាហារ​ជូន​ភ្ញៀវទេសចរ​បរទេស​ដូចគ្នា។ មួយវិញទៀត​វិនិយោគិន​ក៏​កំពុង​ឈាន​ជើង​ចូលទៅ​ទីនោះ ដើម្បី​ទិញ​ដី​ទ្រង់ទ្រាយ​ធំ​ទុក​វិនិយោគ​ថែមទៀត​ផង។

ចំណែក​លោក ឃាង ពុ​ទ្ឋិ ប្រធាន​ក្រុមហ៊ុន Sleukrith Realty ក៏មាន​ប្រសាសន៍​ទទួល​ស្គាល់​ដែរ​ថា​តម្លៃ​ដី​នៅ​ខេត្តកំពត​ឥឡូវ​កំពុងមាន​សម្ទុះ​កើនឡើងបណ្តើរៗហើយ ស្រប​ពេលដែល​រដ្ឋាភិបាល​ប្រកាស​សាងសង់​កំពង់ផែ​អន្តរជាតិ​ទឹក​ជ្រៅ និង​ពង្រីក​ផ្លូវជាតិ​លេខ3 ពី​ភ្នំពេញ​ទៅ​ខេត្តកំពត​កាលពីពេលថ្មីៗរួចមក។ លោក​ថា នៅពេលដែល​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​សាងសង់​រួច តម្លៃ​ដី​នៅ​ទីនោះ​នឹង​កាន់តែ​ឡើងថ្លៃ​ខ្ពស់ឡើងៗដូចគ្នា​នឹង​ខេត្ត​ព្រះសីហនុ​ដែរ ហើយ​ដោយសារតែ​តម្លៃ​ដី​នៅ​ខេត្ត​នោះ​ឡើងថ្លៃ​ខ្ពស់​រួចទៅហើយ ដូច្នេះ​អ្នកវិនិយោគ​នឹង​ងាក​មករក​តំបន់​ណា​ដែលមាន​ទីតាំង​ភូមិសាស្ត្រ​ប្រហាក់ប្រហែលគ្នា ពិសេស​គឺ​ខេត្តកំពត​តែម្ដង ព្រោះ​មាន​ទីតាំង​ជាប់មាត់​សមុទ្រ​ដូចនឹង​ខេត្ត​ព្រះសីហនុ​ដែរ។

យ៉ាងណាក៏ដោយ លោក​បាន​បន្ថែមថា បើសិនជា​អាជ្ញាធរខេត្ត​ខិតខំ​ពង្រឹង​វិស័យ​ទេសចរណ៍ ឱ្យ​កាន់តែ​ប្រសើរឡើង ភ្ញៀ់​វ​ទេសចរ​នឹង​ងាក​មក​កម្សាន្ត​ក្នុង​ខេត្ត​នេះច្រើនឡើងៗ ខណៈដែល​ទេសចរ​ខេត្ត​ព្រះសីហនុ​មាន​កាន់តែច្រើន​ឡើង ដែល​ពេលខ្លះ​អាច​នឹង​បង្ក​ជា​ភាព​រញ៉េរញ៉ៃ និង​ម្យ៉ាងទៀត​តម្លៃ​ស្នាក់​នៅតាម​ផ្ទះសំណាក់ សណ្ឋាគារ និង​ម្ហូបអាហារ​ក៏មាន​តម្លៃ​ខ្ពស់​ខ្លាំង​ដែរ “បើសិនជា​ទេសចរ​មកលេង​ទីនេះ(កំពត)កាន់តែច្រើន ជាធម្មតា​វា​នឹងធ្វើ​ឱ្យ​តម្លៃ​ដី​នៅទីនេះ​កាន់តែ​ឡើងថ្លៃ​ខ្លាំង​ឡើង ប៉ុន្តែ​យ៉ាងណា​ក៏​ឡើង​មិន​ដល់​ខេត្ត​ព្រះសីហនុ​ដែរ។

លោក​ក៏បាន​អំពាវនាវ​ទៅដល់​ឈ្មួញ​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែរ​ថា ត្រូវធ្វើ​ការពិចារណា​ឱ្យបាន​ច្បាស់លាស់ មុននឹង​សម្រេចចិត្ត​ទិញ​ដី​គួរ​មើល​ពី​ទីតាំង​ភូមិសាស្ត្រ ពិនិត្យមើល​ឯកសារ​ឱ្យបាន​ច្បាស់លាស់ និង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ ចៀសវាង​ហានិភ័យ​កើតឡើង​ក្រោយពេល​ទិញ​រួច។

គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន គ្រោង​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​ថ្មី​មួយទៀត​នៅពេលឆាប់ៗខាងមុខ ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​តាម​នាវា​សមុទ្រ​ទឹក​ជ្រៅ​ដែល​អាច​ផ្ទុកទំនិញ​បាន​ច្រើន​ពាន់​តោន​ផងដែរ។

អគ្គនាយក​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប លោក​ឧកញ៉ា ទ្រី ភាព បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ស្តីពី​កំពង់ផែ​ខេត្តកំពត រវាង​ក្រុមហ៊ុន​កំពង់ផែ​អន្តរជាតិ​នៃ​ខេត្ត​គ័ង​ស៊ី ប្រទេស​ចិន​ថា ការបង្កើត​កំពង់ផែ​នៅក្នុង​ខេត្តកំពត គឺមាន​គោលបំណង​ជំរុញ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ឱ្យ​កាន់តែ​ទូលាយ​ឡើង​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​រួមគ្នា​រវាង​ប្រទេស​កម្ពុជា- ចិន ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន ជាពិសេស​ការចូលរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចសង្គម​ផងដែរ ដែល​ធ្វើឱ្យ​ខេត្ត​នោះ​មាន​សក្តានុពល​សេដ្ឋកិច្ច និង​ធ្វើឱ្យ​តម្លៃ​ដី​នៅ​ទីនោះ​កាន់តែ​ឡើង​ខ្ពស់​ដែរ។

ជាមួយគ្នានេះដែរ រដ្ឋាភិបាល​ក៏បាន​ប្រកាស​ដែរ​ថា គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ3 ចាប់ពី​រង្វង់​មូល​ចោមចៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ទី​រួម​ខេត្តកំពត​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ដើមខែ​ឧសភា​ខាងមុខនេះ ក្រោម​កម្ចីសម្បទាន 215លាន​ដុល្លារ​ពី​ប្រទេស​ចិន​ដើម្បី​សម្រួល​ដល់​ការតភ្ជាប់​រវាង​ប្រទេស​ទាំងមូល។

គម្រោង​នេះ​ត្រូវបាន​បែងចែក​ជា​ពីរ​កំណាត់ គឺ​កំណាត់​ផ្លូវ​ចោមចៅ-បែក​គូស និង​កំណាត់​ផ្លូវបែក​គូស-កំពត ដែល​ផ្លូវ​ចោមចៅ-បែក​គូស​នឹង​សាងសង់​ជា​ផ្លូវ​បួន​គន្លង (2ទៅ 2មក) ដោយមាន​ទទឹង​សរុប 24.5 ម៉ែត្រ។ ចំណែកឯ​កំណាត់​ផ្លូវ​ពី​បែក​គូស-កំពត​នឹង​ពង្រីក​ជា​ផ្លូវ​ទទឹង 12 ម៉ែត្រ ប៉ុន្តែ​មាន​ពីរ​គន្លង ដែល​ករណីនេះ​គេ​រំពឹងថា នៅពេល​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​កំពង់ផែ​ទឹក​ជ្រៅ​សាងសង់​រួចរាល់​ជា​ស្ថាពរ តម្លៃ​ដី​នៅ​ខេត្តកំពត​នឹង​ឡើងថ្លៃ​ខ្ពស់​ជាមិនខាន៕

Advertisement