អាជីវកម្ម​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា

ស្រប​ពេលដែល​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភា​ព​ប្រសើរឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គេ​សង្កេតឃើញថា ក្រុមហ៊ុន​ប្រតិបត្តិ​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​បាន​ចូលមក​បណ្តាក់ទុននៅលើ​ទីផ្សារ​កម្ពុជា​កាន់តែច្រើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

អាជីវករ​លក់ដូរ​នៅ​ក្រុងភ្នំពេញ​ម្នាក់ លោកស្រី ឃិត សុភ​ក្ត្រ មានប្រសាសន៍ថា លោកស្រី​ក៏បាន​ប្រើ​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​អន​ឡាញ​នេះដែរ ដោយ​ជ្រើស​យក​ប្រតិបត្តិ​ការទូទាត់​សាច់ប្រាក់​អេស៊ីលីដា​ទាន់​ចិត្ត។ លោកស្រី​អះអាងថា ប្រព័ន្ធ​នេះ​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ផ្ទេរប្រាក់​ទូទាត់​ថ្លៃ​ទិញ​ទំនិញ​នៅលើ​ទីផ្សារ​អាច​បង់​វិក្កយបត្រ​ទឹក-ភ្លើង​ដោយ​មិន​អស់ថ្លៃ​សេវា និង​អាច​ទិញ​កាតទូរស័ព្ទ​ជាដើម ពិសេស​អ្នកស្រី​មិន​លំបាក​ដាក់​លុយ​តាម​ខ្លួន​ច្រើន​នាំឱ្យ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ទៀតផង។

សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច នៃ​សាកលវិទ្យាល័យ​ភូមិ​ភ្នំពេញ លោក ឡាយ សុខ​ហេង មានប្រសាសន៍ថា អ្វីដែល​ធ្វើឱ្យ​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​អន​ឡាញ ហូរ​ចូលមក​ប្រទេស​កម្ពុជា​កាន់តែច្រើនឡើងៗនេះ គឺ​ដោយសារ​កត្តា​សំខាន់3៖

ទី1.គឺ​កត្តា​តម្រូវការ​របស់​មនុស្ស ស្រប​ពេលដែល​ប្រាក់ចំណូល​ពួកគាត់​មានការ​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​បានធ្វើឱ្យ​ប្រជាពលរដ្ឋចង់​ប្រើ​នូវ​បច្ចេកវិទ្យាថ្មីៗដូច​យើង​ដឹង​ហើយ​ថា​កន្លងមក​ពលរដ្ឋ​ទូទាត់​សាច់ប្រាក់​តាម​មធ្យោបាយ​លុយ​សុទ្ធ ប៉ុន្តែ​នៅពេល​ជីវភាព​កាន់តែ​ប្រសើរឡើង មនុស្ស​តែងមាន​តម្រូវការអ្វីៗដែល​ថ្មី ដូចជា​ប្រើ​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​អន​ឡាញ​នេះ គឺមាន​ភាពងាយស្រួល និង​ចំណេញ​ពេលវេលា​ទៀតផង។

ទី2.គឺ​កត្តា​បច្ចេកវិទ្យា​បើតាម​តួលេខ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ឆ្នាំមុន​បង្ហាញថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជាង15លាន​នាក់ គឺ​ប្រើ​ស៊ីម​កាត​ទូរស័ព្ទ​រហូតដល់ជាង 20លាន​ស៊ីម​កាត ដូច្នេះ​បានន័យថា ប្រជាពលរដ្ឋ​វ័យ​កណ្តាល​ម្នាក់​ប្រើ​ស៊ីម​ដល់​ទៅ​ពីរ ហើយ​ពិសេស​គឺ​ប្រើ​ទូរស័ព្ទ​ប្រភេទ​ស្មា​ត​ហ្វូ​ន​ដែល​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​អន​ឡាញ​នេះ “ពីមុន​ប្រជាពលរដ្ឋ​ប្រើ​ទូរស័ព្ទ​សាមញ្ញ​ធម្មតា​ទេ តែ​ឥឡូវ​គាត់​ប្រើ​ទូរស័ព្ទទំនើបៗស្រប​ពេលដែល​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត កាន់​តែមាន​ល្បឿន​លឿន​ជាង​មុន​ធ្វើឱ្យ​ពលរដ្ឋ​ចង់​ប្រើ​បច្ចេកវិទ្យាថ្មីៗនេះ ដើម្បី​សម្រួល​ដល់​ការងារ​ប្រចាំ​របស់ខ្លួន។

ចំណែក​ទី3 គឺ​កត្តា​ច្បាប់ ដោយ​ធនាគារកណ្តាល​បាន​លើកទឹកចិត្ត​ផ្តល់​ភាពងាយស្រួល និង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​បរទេស​ចូលមក​បណ្តាក់ទុន​លើ​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​អន​ឡាញ​នេះ​ឱ្យ​កាន់តែច្រើន និង​កាន់តែ​សម្បូរបែប​សម្រាប់​ផ្តល់​ជា​ជម្រើសផ្សេងៗផ្តល់​ដល់​អតិថិជន។

ជាក់ស្តែង បច្ចុប្បន្ន​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​អន​ឡាញ​មាន​ច្រើន​ក្រុមហ៊ុន​នៅលើ​ទីផ្សារ​កម្ពុជា ដូចជា​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​អេស៊ីលីដា​ទាន់​ចិត្ត ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់ Pi Pay និង​ Wingជាដើម។ ឥឡូវនេះ ធនាគារ​ឯកទេស​អុ​ី​អន (Aeon Specialized  Bank Cambodia ) បាន​បើកសម្ពោធ​ដាក់​ឱ្យប្រើ​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​អន​ឡាញ​ឈ្មោះថា Aeon Wallet Cambodia ជា​ផ្លូវការ​ថ្មី​មួយ​ទៀតហើយ​កាល​សប្តាហ៍​មុន ដើម្បី​ផ្តល់​ភាពងាយស្រួល និង​រហ័ស​ក្នុង​ការទូទាត់​ថ្លៃទំនិញ​ដោយ​មិន​បារម្ភ​ពី​ការ​អាប់​ប្រាក់​ឬ​ការ​គិតលុយ​ខុស​និង​កាត់បន្ថយ​ហានិភ័យផ្សេងៗដូចជា​បាត់​លុយ​ឬ​ត្រូវ​ចោរលួច​ជាដើម។

Aeon Wallet Cambodiaគឺជា​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម Mobile App ដែល​អតិថិជន​អាច Download ដាក់​ក្នុង​ទូរស័ព្ទដៃ​ហើយ​បន្ទាប់មក​អាច បញ្ចូល​ទឹកប្រាក់ ក្នុង​គណនីរបស់ខ្លួន​នៅតាម​បញ្ជរ Aeon Wallet Cambodia ដែលមាន​នៅក្នុង​ផ្សារ​ទំនើប​អុ​ី​អន ប៉ុន្តែ បច្ចុប្បន្ន តាមរយៈ Aeon Wallet Cambodia អតិថិជន​អាច​ទូទាត់​ត្រឹម​ជា​ប្រាក់រៀល​សិន។

លោក Taketo Ando នាយក​គ្រប់គ្រង​ធនាគារ​ឯកទេស​អុ​ី​អន​បានបញ្ជាក់​ដូច្នេះ​ថា ធនាគារ​ឯកទេស​អុ​ី​អន ខេ​ម​បូ​ឌា មាន​ឆន្ទៈ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​ជួយ​លើកតម្កើង និង​ជំរុញឱ្យមាន​ការប្រើប្រាស់​រូបិយប័ណ្ណ​ប្រាក់រៀល​ខ្មែរ ដោយ​ជួយ​ផ្សព្វផ្សាយ​សេវា​នេះ​ឱ្យ​ក្លាយជា​សេវាកម្ម​ដែល​គួរឱ្យ​ទុកចិត្តបាន មាន​សុវត្ថិភាព និង​ងាយស្រួល​ដើម្បី​ធ្វើឱ្យ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ី​ផ្សេងទៀត​កាន់តែ​ប្រសើរឡើង។

ជាមួយគ្នានេះ លោកជំទាវ ជា សេរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា ការប្រើ​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​អន​ឡាញ​នេះ គឺ​អតិថិជន​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ក្នុង​ការទិញ​ទំនិញ​តាម​បណ្តា​ក្រុមហ៊ុន ឬ​ផ្សារ​ទំនើប​នានា ដោយ​ក្រុមហ៊ុន​ទាំងនោះ​បាន​លក់​បញ្ចុះតម្លៃ​នៅពេល​ទូទាត់​សាច់ប្រាក់​តាមរយៈ​ប្រតិបត្តិការ​ទាំងនេះ ដូចជា ធនាគារ​ឯកទេស​អុ​ី​អន​ដែល​ទើប​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រព័ន្ធ​ទូទាត់​ទំនិញ​អន​ឡាញ​នេះ ដែល​អតិថិជន​អាច​ទទួលបាន​ប្រយោជន៍​ពី​ការទិញ​ទំនិញ​នៅលើ​ផ្សារ​អុ​ី​អន និង​បណ្តា​ក្រុមហ៊ុន និង​ហាង​ដៃគូ​ជាច្រើន​ទៀត។

ទោះយ៉ាងណា ការប្រើ​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​អន​ឡាញ​ក៏​អាច​ជួប​ហានិភ័យ​ខ្លះ​ផងដែរ​នៅពេលដែល​មិនមាន​ការប្រុងប្រយ័ត្ន​ចំពោះ​លេខ​កូដ​នៅលើ​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន ឬ​ពេល​មាន​បញ្ហា​ទូរស័ព្ទ​ជ្រុះ​បាត់​ត្រូវគេ​រើស​បាន​យកទៅ​ប្រើ​ដើម្បី​ដក​សាច់ប្រាក់​ពី​ម្ចាស់​គណនី​ដែល​បាន​បាត់​ទូរស័ព្ទ​នោះ។ ម្យ៉ាងទៀត​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​អាច​ជួប​បញ្ហា​បច្ចេកទេស​មិន​ដំណើរការ​ម្តងម្កាលផងដែរ។ ចំណុច​នេះ​លោកជំទាវ ជា សេរី បាន​បញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា​បានគិត​គូរ និង​យកចិត្តទុកដាក់​ខ្លាំង​លើ​បញ្ហា​នេះ ដើម្បី​ចៀសវាង​ហានិភ័យ​ណាមួយ​ដែល​អាច​កើតឡើង ដោយធនាគារជាតិ​បាន​ចាត់​មន្ត្រី​ជំនាញ​ទៅ​ជួបប្រជុំ​ជាមួយ​ក្រុមហ៊ុន​ឯកជន​នានា​នា ធ្វើយ៉ាងណា​បញ្ចៀស​ហានិភ័យ​ពី​អតិថិជន៕

Advertisement