ដាំ​ទំពាំង​បារាំង​ទទួលបាន​ផល​រាល់ថ្ងៃ និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ

ទំពាំង​បារាំង ជា​ប្រភេទ​បន្លែ​ថ្មី​ម្យ៉ាង​ដែល​ស្ត្រី​មេផ្ទះ​អាច​យកទៅ​ច្នៃ​ធ្វើជា​ម្ហូប​បាន​ច្រើនយ៉ាង ពិសេស​យកទៅ​ធ្វើជា​បន្លែ​អន្លក់​ផ្ទាប់​ជាមួយ​សាច់​អាំង ឆា​ជាមួយ​សាច់មាន់-សាច់គោ ឬ​ឆា​ប្រេងខ្យងមាន​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់​គួរឱ្យ​ចង់​ទទួលទាន និង​ថែមទាំង​ជួយ​លើកកម្ពស់​សុខភាព​ទៀតផង។

អ៊ំស្រី ជួន ជឿន ជា​កសិករ​ដាំ​ទំពាំង​បារាំង​នៅក្នុង​ភូមិ​ក្រចាប់ ឃុំ​អូ​តា​វ៉ៅ ស្រុក​ប៉ៃលិន ខេត្ត​ប៉ៃលិន​មានប្រសាសន៍ថា គ្រួសារ​លោក​អ៊ំ​ទើបតែ​ចាប់ផ្តើម​ដាំ​បន្លែ​ទំពាំង​បារាំង​នេះ​បាន​ត្រឹម​រយៈពេល 2ឆ្នាំ​ប៉ុណ្ណោះ និង​ពេល​ដាំដំបូងៗពុំ​សូវ​មាន​អ្នក​ស្គាល់​ប៉ុន្មាន​ទេ ប៉ុន្តែ​បន្ទាប់ពី​បានទទួល​ទានតៗគ្នា​មក ធ្វើឱ្យ​បន្លែ​មួយ​នេះ​ទទួលបាន​ការគាំទ្រ​ខ្ពស់​នៅលើ​ទីផ្សារ​ថែមទាំង​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​ទៀតផង។

អ៊ំស្រី​បន្តថា ដើមឡើយ​ជនជាតិ​ថៃ​បានមក​ផ្សព្វផ្សាយ​លក់​គ្រាប់​នៅក្នុង​ភូមិ តែ​ពុំមាន​អ្នក​ចាប់អារម្មណ៍​ដាំ​នោះទេ ហើយ​ដោយសារតែ​ចង់ដឹង គ្រួសារ​លោក​អ៊ំ​ក៏​ទិញ​គ្រាប់​យកមក​ដាំ​សាក ល្បង​លើ​ផ្ទៃដី​ចំនួន​មួយ​រ៉ៃ(40មx40ម) ហើយក៏​ទទួលបាន​ទិន្នផល​ដូច​ការផ្សព្វផ្សាយ​របស់​គេ​មែន។ ដំបូង​ឡើយ​បាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​រហូតដល់​អាយុ 8ខែ​ទើប​អាច​ប្រមូលបាន​ចន្លោះ​ពី8 ទៅ10គីឡូក្រាម​ជា​រៀងរាល់ថ្ងៃ​មិនដែល​អត់​នោះទេ ហើយ​បោះ​ឱ្យ​ម៉ូយ​យកទៅលក់​បន្ត​នៅ​ខេត្តសៀមរាប និង​ក្រុងភ្នំពេញ​ក្នុងតម្លៃ​តែ 3.50ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ចំណែក​ម៉ូយ​គេ​យកទៅលក់​បោះ​ដុំ​បន្ត ឬ​លក់រាយ​បាន​ប្រហែល 5ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។

អ៊ំស្រី​បាន​បញ្ជាក់ថា “បច្ចុប្បន្ន​មាន​ឈ្មួញ​មករក​ទិញ​ដែរ តែដោយសារ​យើង​ដាំ​បាន​តិចពេក គេ​មិន​ទទួលយក​ទេ បើសិន​ប្រមូល​ផល​បាន 30គីឡូក្រាម​ក្នុង​មួយថ្ងៃ​គេ​នឹង​ចាំ​ទិញ​ដុំ​តែម្តង ហើយ​ពេលនេះ​ខ្ញុំ​កំពុងតែ​ពង្រីក​ដី​ថែម​មួយ​រ៉ៃ​ទៀតហើយ។ សម្រាប់​គ្រួសារ​លោក​អ៊ំ បច្ចុប្បន្ន​កំពុងតែ​កាប់​ដំណាំ​មួយចំនួន​ចោល​ដើម្បី​ពង្រីក​ដី​ដាំ​ដុះ​បន្លែ​ទំពាំង​បារាំង​នេះ ទោះបី​វា​ជួប​ការលំបាក​ក្នុងការ​ធ្វើ​ស្មៅ និង​ស្រោច​ទឹក​បន្តិច​ក៏ដោយ ប៉ុន្តែ​វា​ផ្តល់​ផលប្រយោជន៍​បាន​ច្រើន ដោយ​ក្នុង​មួយ​ហិកតា​អាច​ប្រមូល​ផល​លក់បាន​ប្រហែល 100ដុល្លារ​ដែរ​ក្នុង​មួយថ្ងៃ ហើយ​ថែមទាំង​ផ្តល់​ទិន្នផល​បាន​ច្រើន​ឆ្នាំ​ទៀតផង​ទម្រាំ​តែ​វា​ងាប់​ដើម​ទៅវិញ។

ការដាំ​ដំណាំ​បន្លែ​ទំពាំង​បារាំង​នេះ​ដំបូង​ឡើង​គេ​ត្រូវយក​គ្រាប់​ទៅ​ដាក់​បណ្តុះ​ក្នុង​កូន​កន្ទោង ប្រហែល​ជាមួយ​សប្តាហ៍ រួចមក​កូន​ទំពាំង​បារាំង​នឹង​ចាប់ផ្តើម​ដុះ ហើយ​ត្រូវ​ស្រោច​ទឹក​ឱ្យ​សើម​ល្មម​ជាប្រចាំ និង​ដាក់​ជី​ទើប​កូន​ទំពាំង​បារាំង​លូតលាស់​បានល្អ។ រហូតដល់ 3ខែ​ទើប​យក​កូន​ទាំងនោះ​ទៅ​ដាក់​ដាំ​នៅតាម​រងនីមួយៗ ដែលមាន​ចម្ងាយ​ពីគ្នា​ប្រហែល1.5ម៉ែត្រ និង​ត្រូវដាក់​ដាំ​ឃ្លាត​ពីគ្នា​ប្រហែល​កន្លះ​ម៉ែត្រ។ អំឡុងពេល​បណ្តុះ​កូន កសិករ​ត្រូវ​រៀបចំ​ដី​ឱ្យ​ល្អ ដោយ​ត្រូវ​ភ្ជួរ​រាស់​ដី​ឱ្យបាន2-3ដង ដើម្បី​ហាល​ដី​ឱ្យបាន​ឆ្អិន​ល្អ សម្លាប់​ស្មៅ និង​សម្លាប់​មេរោគផ្សេងៗ រួចហើយ​ទើប​លើក​ជា​រង​ចន្លោះ​ពីគ្នា1.5ម៉ែត្រ។ រហូតដល់​កូន​អាយុ 3ខែ​ទើបត្រូវ​លើក​យកមក​ដាំ ហើយ​មើលថែទាំ​បោចស្មៅ​ដាក់​ជីកំប៉ុស និង​ស្រោច​ទឹក​រាល់ថ្ងៃ (តែ​កុំ​ស្រោច​ច្រើនពេក​ខ្លាច​វា​ជាំ​ទឹក អាចធ្វើឱ្យ​កូន​ទំពាំង​បារាំង​រលួយ​ដើម) រហូតដល់ 3ខែក្រោយ​មកទៀត ទើប​ដើម​ទំពាំង​បារាំង​ចាប់ផ្តើម​ដុះ​កូន​ចេញមកបណ្តើរៗ និង​រហូតដល់​អាយុ 8ខែ​ទើប​វា​ឱ្យ​ហុច​ផល​ពេញលេញ​អាច​ដក​លក់បាន​រាល់ថ្ងៃ។

យោងតាម​ឯកសារ​ស្រាវជ្រាវ​បង្ហាញថា ទំពាំង​បារាំង​មាន​ផ្ទុក​ជីវជាតិ និង​វីតាមីន​ជាច្រើន​ដូចជា វីតាមីន​អា (A) វីតាមីន​សេ (C) វីតាមីន​អ៊ី(E) វីតាមីន​បេ1 (B1) ហើយ​សម្បក​វា​សម្បូរ​ទៅដោយជាតិ​ដែក កាល់ស្យូម(CA) សារធាតុ​ខ្លាញ់ និង​មាន​សារធាតុចិញ្ចឹមផ្សេងៗជាច្រើន​ទៀត​ដែល​រាងកាយ​មនុស្ស​យើង​ត្រូវការ។ ក្រៅពីនេះ ជាតិ​កាក​សរសៃ​ដ៏​ល្អ​ក្នុង​ដំណាំ​នេះ​អាចជួយ​ទប់ទល់​ជាតិ​ស្ករ​នៅក្នុង​ឈាម​មិនឱ្យ​ឡើង​ខ្លាំង ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ ជួយ​ឱ្យ​ពោះវៀនធំ​ងាយស្រួល​ធ្វើការ ជួយ​ឱ្យ​សរសៃសក់​មាន​សុខភាព​ល្អ ជួយ​ថែរក្សា​សុខភាព​ភ្នែក និង​ជួយ​ថែរក្សា​សុខភាព​បេះដូង​ថែម​ទៀតផង៕

Advertisement