វិនិយោគិន​ជប៉ុន​ត្រៀម​ផ្តល់​កម្ចី​ការប្រាក់​ទាប​ជូន​កសិករ​ខ្មែរ​សម្រាប់​វិស័យ​កសិកម្ម

ក្នុង​គោលបំណង​លើកកម្ពស់​កម្រិតជីវភាព​កសិករ និង​លើកស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង ក្រុម​អ្នកវិនិយោគ​ជប៉ុន​គ្រោង​នឹង​បោះទុន​វិនិយោគ​លើ​វិស័យ​ហិរញ្ញវត្ថុ សម្រាប់​ផ្តល់​ជា​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ជូន​ដល់​កសិករ​កម្ពុជា។

គម្រោង​វិនិយោគ​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះ​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅក្នុង​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កាលពី​ចុង​សប្តាហ៍​មុន​ជាមួយ​ក្រុម​អ្នកវិនិយោគ​ក្រុមហ៊ុន Idemitsu Saison Microfinance ។

នៅក្នុង​ជំនួប​នោះ​លោក Koichi Watanabe តំណាង​របស់​ក្រុមហ៊ុន Idemitsu Saison Microfinance បានលើកឡើង​អំពី​ប្រវត្តិ និង​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ដែល​ផ្តោត​សំខាន់​លើ​ការចូលរួម​ពង្រីក​ឥណទាន​សម្រាប់​វិស័យ​កសិកម្ម​តាមរយៈ​សេវាកម្ម​ផ្ដល់ប្រាក់​កម្ចី​រយៈពេល​វែង និង​ការប្រាក់​ទាប​ដល់​កសិក​រ​ផ្ទាល់ ឬ​ដល់​សហគមន៍​ណាមួយ​ក្រោមរូបភាព​ដាក់​ទ្រព្យ​បញ្ចាំ​និង​មិនមាន​ទ្រព្យ​បញ្ចាំ។

ជា​កិច្ច​ឆ្លើយតប​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ស្វាគមន៍​ចំពោះ​វត្តមាន​ក្រុមហ៊ុន​ខាងលើ​ដែល​បានរួម​ចំណែក​ជួយ​ដល់​វិស័យ​កសិកម្ម និង​កសិករ​កម្ពុជា។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ការពង្រីក​ឥណទាន​ក្នុង​វិស័យ​កសិកម្ម គឺជា​កិច្ចការ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល ហើយ​ការវិនិយោគ​របស់​ក្រុមហ៊ុន Idemitsu Saison នឹង​រួមចំណែក​ដោះស្រាយ​បញ្ហា​ដែល​កសិករ និង​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​ភាគច្រើន​បាន​ជួបប្រទះ​ដោយសារតែ​ឥណទាន​កសិកម្ម​មាន​សារៈសំខាន់​ដល់​ការពង្រីក​មុខរបរ ក៏ដូចជា​បង្កើន​ផលិតកម្ម​ឱ្យស្រប​ទៅនឹង​តម្រូវការ​នៃ​ទីផ្សារ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើ​សុំឱ្យ​ក្រុមហ៊ុន បន្ត​សហការ​ឱ្យបាន​ស្អិតល្មួត​ជាមួយ​ប្រជាកសិករ សហគ្រាស​ធុន​តូច និង​មធ្យម និង​សមាគម​កសិកម្ម​មួយចំនួន​ថែមទៀត​ដូចជា ស្រូវ-អង្ករ ដំឡូង​មី ម្រេច ពោត កៅស៊ូ ស្វាយ និង​ស្វាយចន្ទី-ល- ដោយសារតែ​ផលិតផល​ទាំងអស់នោះ មាន​សក្ដានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ៕

Advertisement