សារៈសំខាន់​របស់​លេខ​បារ​កូដ​ដែល​អាជីវករ​ក្នុងស្រុក​គួរ​យល់ដឹង

ជាទូទៅ​គ្រប់​ផលិតផល​ដែល​ដាក់លក់​នៅក្នុង​ទីផ្សារ​តែងតែមាន​លេខ​បារ​កូដ​ដែល​ធ្វើឱ្យ​អតិថិជន​អាច​ដឹងបាន​ថា ផលិតផល​នោះ​ផលិត​ចេញពី​ប្រទេស​ណា។ ជាក់ស្តែង​ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា យើង​មាន​លេខ​បារ​កូដ​សម្រាប់​សម្គាល់​នៅខាងមុខ 3ខ្ទង់​គឺ 884។

លោក ​ឡូញ ​គឹម​អៀន​ នាយក​​ប្រតិបត្តិ​​ស្ថាប័ន​​បារ​​កូដ​​កម្ពុជា​

បច្ចុប្បន្ន​ស្ថាប័ន​តែមួយគត់​ដែលមាន​សិទ្ធិ​ក្នុងការ​គ្រប់គ្រង បែងចែក​លេខ​បារ​កូដ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ស្ថាប័ន​បារ​កូដ​កម្ពុជា ឬ​ហៅ​កាត់​ថា ជី​អេស1កម្ពុជា (GS1cambodia) ស្ថាប័ន​នេះ​ត្រូវបាន​តែងតាំងឡើង​ដោយ ជី​អេស1អន្តរជាតិ (GS1Internaational)គឺជា​ស្ថាប័ន​មិន​ស្វែងរក​ប្រាក់ចំណេញ និង​ជា​ស្ថាប័ន​ដែល​សាមញ្ញ និង​ច្បាស់លាស់​ពី​ច្បាប់​គ្រប់គ្រង កំណត់​មូលដ្ឋានគ្រឹះ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម។

ដូច្នេះ​អាជីវករ​ក្នុងស្រុក​ដែលជា​ម្ចាស់​ក្រុមហ៊ុន ឬ​សហគ្រាស​ឯកជន​ត្រូវតែ​ស្វែងយល់​ពី​អត្ថ​ប្រ​យោ​ជ​ន៏ និង​សារៈសំខាន់​នៃ​ការប្រើប្រាស់​បារ​កូដ​កម្ពុជា​ដើម្បី​ពង្រឹងគុណភាព​ផលិតផល​របស់ខ្លួន​ឱ្យ​ឈានទៅរក​ភាពល្អ​ប្រសើរឡើង​ក្នុង​ទីផ្សារ​ស្របទៅតាម​ការជំរុញរ​បស់​រដ្ឋាភិបាល និង​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។

អគ្គនាយក​សភាពាណិជ្ជកម្ម លោក ងួន ម៉េង​តិច បាន​មានប្រសាសន៍ថា ចំពោះ​បារ​កូដ​កម្ពុជា កន្លងមក​យើង​ធ្លាប់បាន​ជូន​ព័ត៌មាន​ទៅដល់​បងប្អូន​អ្នករកស៊ី​ច្រើន​ហើយ តែ​ពូក​គាត់​នៅ​មិនទាន់​យល់ ដូច្នេះ​ទើប​ការចុះឈ្មោះ​ផលិតផល​ក្នុង​បញ្ជី​បារ​កូដ​នេះ​នៅមាន​ចំនួន​តិច​នៅឡើយ។ លោក​បាន​បន្តថា៖ “លោក​មានបំណង​ចង់ឱ្យ​ពាណិជ្ជករ​យើង​ទាំងអស់​មានការ​យល់់ដឹង​ពី​លេខ​បារ​កូដ​នេះ​ឱ្យ​កាន់តែច្បាស់​ឡើង ពីព្រោះ​បារ​កូដ​នេះ​ជា​តួលេខ​មួយ​ដែល​អាច​ដឹងបាន​ថា​ផលិតផល​ចេញ​មកពី​ប្រទេស​ណាមួយ ព្រោះ​ក្នុង​ប្រទេសមួយ​គេ​ផ្តល់​តួលេខ​បារ​កូដ​ឱ្យតែ​មួយ​ទេ​ជា​តំណាង​របស់​ជាតិ។ ពិភពលោក​គេ​ប្រើប្រាស់ បារ​កូដ​នេះ​ជា​ចាំបាច់​ដើម្បី​គ្រប់គ្រង​ផលិតផល និង​គ្រប់គ្រង​តម្លៃនៅលើទីផ្សារ។

លោកស្រី​ឧកញ៉ា កែវ មុំ នាយិកា​ក្រុមហ៊ុន​លី​លី​ផលិត​នំ​ស្រួយ​បាន​មានប្រសាសន៍​អំពី​បារ​កូដ​សម្រាប់​ផលិតផល​ជាទូទៅ​នេះ​ថា៖ “សម្រាប់​ក្រុមហ៊ុន​របស់ខ្ញុំ ខ្ញុំ​បាន​ចុះបញ្ជី​បារ​កូដ​នេះ​តាំងពី​ជាង 10ឆ្នាំមុន​មកម្ល៉េះ នេះ​ក៏ដោយ​សារ​ខ្ញុំ​បាន​យល់​ពី​អត្ថប្រយោជន៍​នៃ​ការចុះបញ្ជី​បារ​កូដ​សម្រាប់​ផលិតផល​របស់​យើង។

លោកស្រី​នាយិកា​ក៏បាន​ឱ្យដឹង​ផងដែរ​ពី​អត្ថប្រយោជន៍​នៃ​ការចុះ​លេខ​បារ​កូដ​ទៅលើ​ផលិតផល​ដោយបាន​បញ្ជាក់ថា៖“ចំពោះ​អត្ថប្រយោជន៍​នៃ​លេខ​បារ​កូដ​នេះ​គឺ​វា​ផ្តល់ឱ្យ​យើង​ច្រើនណាស់ ពីព្រោះ​ការចុះ​បារ​កូដ​ទៅលើ​ផលិតផល គឺ​ពេលណា​ផលិតផល​ដែល​យើង​ផលិត​បាន យើង​ចង់​យកទៅលក់​នៅលើ​ទីផ្សារ ដូចជា​នៅក្នុង​ផ្សារ​ទំនើប (Super Market) ឬ​ក្នុង​ម៉ា​ត (Mart)គេ​ត្រូវការ​ស្គែ​ន​បារ​កូដ​នេះ​ដើម្បី​គ្រប់គ្រង​ការលក់ និង​តម្លៃផ្សេងៗបាន​ដោយ​ស្រួល ហើយ​វា​ក៏​ជា​អត្តសញ្ញាណ​មួយ​បញ្ជាក់ថា​ផលិតផល​របស់​យើង គឺ​យើង​មានការ​ចុះបញ្ជី​ត្រឹមត្រូវ។

នៅពេលដែល​យើង​ចុះបញ្ជី​បារ​កូដ​ហ្នឹង​ពេល​យើង​ស្គែ​ន​ទៅ យើង​នឹង​ឃើញ​ឈ្មោះ​ក្រុមហ៊ុន អាសយដ្ឋាន លេខ​ទូរស័ព្ទ និង​ព័ត៌មានផ្សេងៗសម្រាប់​ទំនាក់ទំនង​នៅក្នុង​បារ​កូដ​នោះ។ ចង់​បញ្ជាក់ថា ក្រុមហ៊ុន​យើង​ជា​ក្រុមហ៊ុន​ពិតប្រាកដ​ច្បាស់លាស់​មានការ​ចុះបញ្ជី​ត្រឹមត្រូវ។

លោកស្រី​បន្តថា៖ នៅពេល​យើង​ចុះបញ្ជី​បារកូដ​ហ្នឹង​ត្រឹមត្រូវ គឺ​យើង​អាច​នាំយក​ផលិតផល​របស់​យើង​ទៅ​លក់​នៅក្រៅ​ប្រទេស​បាន ពីព្រោះ​ស្រុក​ក្រៅ គឺ​គេ​ត្រូវការបា​រកូដ រាល់​ផលិតផល​ទាំងអស់​គឺ​ត្រូវតែមាន​លេខ​បារ​កូដ​សម្គាល់ ហើយ​បារ​កូដ​នេះ​មិនមែន​ចេះតែ​ចុះ​ផ្តេសផ្តាស​បានទេ ពីព្រោះ​នៅពេលដែល​គេ​ស្គែ​ន​ទៅ គេ​នឹង​ឃើញ​លេខ​បារ​កូដ​ប្រទេស​ដែលជា​ទិន្នន័យ​អត្តសញ្ញាណ​សម្រាប់​សម្គាល់ តែបើ​ក្លែងក្លាយ​នឹង​ពុំ​ឃើញ​មាន​ទិន្នន័យ​ទាំងអស់។

លោក ឡូញ គឹម​អៀន នាយក​ប្រតិបត្តិ​ស្ថាប័ន​បារ​កូដ​កម្ពុជា​បាន​មានប្រសាសន៍ថា តាំងពី​ស្ថាប័ន​បារ​កូដ​កម្ពុជា​បង្កើតឡើង​រហូតមកទល់​ពេលបច្ចុប្បន្ន យើង​មាន​សមាជិក​កើន​ឡើងជា​រៀងរាល់ឆ្នាំ​ព្រោះ​មានការ​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​បារ-កូដ​នេះ​កាន់តែ​ច្រើនឡើង​ហើយ។ ម្យ៉ាងវិញទៀត​ផលិតផល​មួយចំនួន​ប្រសិនបើ​មិនមាន​លេខ​បារ​កូដ​ទេ គេ​នឹងមិន​ទទួល​ទិញ​ទេ​នៅតាម​ម៉ា​ត ឬ​នៅតាម​ផ្សារ​ទំនើប​មួយចំនួន​នោះទេ។

បច្ចុប្បន្ន​គេ​លែង​ប្រើ​ការបិទ​តម្លៃ​នៅលើ​ផលិតផល​ទៀតហើយ គឺ​គេ​ប្រើការ​ស្គែ​ន​តម្លៃ​តាមរយៈ​បារ​កូដ​នេះឯង ហើយក៏​ដោយសារ​គេ​ងាយ​គ្រប់គ្រង​ទិន្នន័យ​ស្តុក​ទំនិញ និង​ចំនួន​នៃ​ការលក់​ចេញ​ជាដើម​ផងដែរ។ គ្រប់​ក្រុមហ៊ុន សហគ្រាស និង​សិប្បកម្ម​តូចតាច​ក៏​អាច​ចុះ​លេខ​បារ​កូដ​បានដែរ​ឱ្យតែ​មាន​ផលិតផល​របស់ខ្លួន។

លោក​បានឱ្យដឹងថា ការចុះ​លេខ​បារ​កូដ​នេះ​មិនមែនជា​ការធ្វើ​ឡើង​ដោយ​នឹក​សង្ឃឹមថា​ទទួលបាន​ជោគជ័យ​ទេ តែ​វា​គឺ​ជោគជ័យ​តែម្តង ដោយសារ​នៅលើ​ជាង 100ប្រទេស​គេ​ប្រើ​ប្រព័ន្ធ​តែមួយ ហើយ​ការចុះ​លេខ​បារ​កូដ​នេះ ក្រុមហ៊ុន សហគ្រាស​គាត់​អាច​យកទៅលក់​នៅ​ប្រទេស​ណា​ក៏បាន​ដែរ​គឺ​គេ​ទទួលស្គាល់​ផលិតផល​ដែល​បាន​ចុះ​លេខ​បារ​កូដ​នេះ​ដោយ​ស្ថាប័ន​បារ​កូដ​ឬ GS1(Global System1)មានន័យថា “ប្រព័ន្ធ​តែមួយ ដំណោះស្រាយ​តែមួយ និង​ស្តង់ដារ​តែមួយ។

កិច្ច​ប្រជុំ​ក្នុង​សភាពាណិជ្ជកម្ម​កម្ពុជា

យោងតាម​បទ​បង្ហាញ​របស់​ស្ថាប័ន​បារ​កូដ​កម្ពុជា​ស្តីពី​សកម្មភាព​ការងារ​ស្នូល​របស់ខ្លួន ស្ថាប័ន​នេះ​បាននិងកំពុង​សហប្រតិបត្តិ​ការ​ជាមួយ​ក្រសួងកសិកម្ម​ក្នុងការ​ជំរុញ និង​ពង្រឹង​សុវត្ថិភាព​ចំណីអាហារ​ក្នុង​វិស័យ​កសិកម្ម។ ទន្ទឹមនឹងនេះ​ក៏បាន​បង្កើត​គម្រោង​កម្ម​វិធី​ទូរទស្សន៍ និង​វីដេអូ​ឯកសារ​ស្តីពី​ការប្រើប្រាស់​លេខ​បារ​កូដ និង​ការបង្កើត​គំរូ​បារ​កូដ​សម្រាប់​ប្រើប្រាស់​លើ​ផលិតផល​ផងដែរ ដោយ​រួមទាំង​កិច្ចប្រជុំ​ទាំង​ក្នុង និង​ក្រៅប្រទេស​សំដៅ​អភិវឌ្ឍ​ជី​អេស1កម្ពុជា​ក្នុងការ​ជំរុញ​បង្កើន​ទីផ្សារ​ឱ្យ​កាន់តែ​ទូលំទូលាយ៕

Advertisement