សួនច្បារ​ចំនួន2 និង​វិទ្យាល័យ​ចំនួន3 ត្រូវ​បានដាក់​ឱ្យប្រើ Public Wi-Fi ឥតគិតថ្លៃ

សូន​ច្បារ 2កន្លែង​ក្នុង​រាជធានី​ភ្នំពេញ និង​វិទ្យាល័យ​ចំនួន 3ទីតាំង​ផ្សេងទៀត​ត្រូវបាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ Public Wi-Fi ដែលមាន​ល្បឿន​លឿន​កម្រិត 1Gps ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី9 ខែឧសភា ឆ្នាំ2018 នេះ​តទៅ។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា គម្រោង Public Wi-Fi នេះ​ធ្វើឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ(KT) នៃ​សាធារណរដ្ឋ​កូរ៉េ​ដោយ​ភាគី​កូរ៉េ​បានផ្ដល់​ជូន​នូវ​ជំនួយឥតសំណង​សម្រាប់​គម្រោង Public WiFi និង Digital Connectivity for School ដោយ​ធ្វើ​ការដំឡើង​នៅក្នុង​ទីតាំង​ចំនួន5 គឺ៖1. សួនច្បារ​សម្ដេច​ហ៊ុន សែន។  2.សួនច្បារ​មុខ​ព្រះបរមរាជវាំង។ 3.វិទ្យាល័យ​ហ៊ុន សែន កំពង់លែង ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង។ 4. វិទ្យាល័យ​ហ៊ុន សែន ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។ 5.វិទ្យាល័យ​អ៊ី​វ៉ា​ស្រង់ កំពង់លែង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងនោះដែរ​ឧបករណ៍​បច្ចេកទេស​ប្រព័ន្ធ Public Wi-Fi ចំនួន 2កន្លែង​នៅ​សួនច្បារ​សម្ដេច​ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង​ត្រូវបាន​ដំឡើង​រួចរាល់​ហើយ​ជាមួយនឹង​ល្បឿន 1Gps (1ហ្សី​ហ្គា​ប៊ីត​ក្នុង​មួយ​វិនាទី)។ដោយឡែក 3ទីតាំង​ទៀត​ដែលជា​គម្រោង​សម្រាប់​សាលារៀន​កំពុង​ស្ថិតក្នុង​ដំណើរការ​ដំឡើង​ដែល​អាច​នឹង​ដាក់ឱ្យ​ដំណើរការ​ក្នុងពេលឆាប់ៗនេះដែរ។

សម្រាប់​ប្រព័ន្ធ Public Wi-Fi នៅ​ទីតាំង​សួនច្បារ​ខាងលើ​នឹង​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ក៏ដូចជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​អាច​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​បាន​ដោយ​ឥតគិតថ្លៃ​ក្នុង​ល្បឿន​លឿន​សម្រាប់​ការកម្សាន្ត និង​ការសិក្សា​របស់​សិស្សានុសិស្ស។ ដោយឡែក 3ទីតាំង​ទៀត​ដែល​នៅតាម​បណ្ដា​ខេត្ត​ធ្វើឡើង​ឱ្យស្រប​តាម​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​តាមរយៈ​ការបង្កើត​សាលារៀន​ជំនាន់​ថ្មី (NGS) ដែលជា​គំរូ​អភិវឌ្ឍន៍​ថ្មី​ក្នុង​ប្រព័ន្ធ​អប់រំ​សាធារណៈ​ដែល​នាំទៅដល់​ការបង្កើត​សាលារៀន​សាធារណៈ​ស្វយ័ត​ទទួលបាន​ការវិនិយោគ​ខ្ពស់​ផ្សារភ្ជាប់​ស្តង់ដារ​ថ្មី​មាន​គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ​ព្រមទាំង​ស្តងដារ​វិជ្ជាជីវៈ​សម្រាប់​ការសិក្សា​ក្នុង​សតវត្ស​ទី21 ដែលជា​សម័យ​បច្ចេកវិទ្យា​ទំនើប និង​ជឿនលឿន។

តាមរយៈ​ការផ្ដល់​នូវ​សេវា​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន​នេះ លោកគ្រូ-អ្នកគ្រូ និង​សិស្សានុសិស្ស​ត្រូវបាន​បំពេញតម្រូវការ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នូវ​ចំណេះដឹងថ្មីៗដែលមាន​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​សង្គមជាតិ៕

Advertisement