តម្លៃ​ដី​មាត់សមុទ្រ ខេត្ត​ព្រះសីហនុ​អាច​នឹង​ឡើងថ្លៃ​ដូច​នៅ​ក្រុងភ្នំពេញ​ដែរ

0
រង្វង់មូលតោពីរតំណាងឱ្យខេត្តព្រះសីហនុ

ស្រប​ពេលដែល​វិនិយោគិន​បរទេស​ចូលមក​បណ្តាក់ទុន​កាន់តែច្រើនឡើងៗ នៅ​ខេត្ត​ព្រះសីហនុ បានធ្វើឱ្យ​តម្លៃ​ដី​នៅជាប់​មាត់សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុឡើងថ្លៃ​ខ្ពស់ឡើងៗយ៉ាង​មិន​គួរឱ្យ​ជឿ។ ជាក់ស្តែង​តម្លៃ​ដី​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​តំបន់​ខ្លះ​បាន​ឡើងថ្លៃ​ជិត​ប្រហែល​នឹង​តម្លៃ​ដី​នៅ​តំបន់​ទួលគោក​ក្នុង ក្រុងភ្នំពេញ​ដែរ ហើយ​នៅពេលឆាប់ៗខាងមុខនេះ​វា​អាច​នឹង​កើនឡើង​ដូច​តម្លៃ​ដី​នៅ​តំបន់​បឹង​កេងកង​ដែរ។

លោកជំទាវ លុក សុ​វណ្ណា អគ្គនាយិកា​ក្រុមហ៊ុន KH Niron Investment ដែលជា​ក្រុមហ៊ុន​ទិញ​លក់​អចលនទ្រព្យ​ដ៏​មាន​សក្តានុពល​មួយ​បាន​មាន​ប្រសាសន៍​ថា កាលពីដើមឆ្នាំ2015 ក្រុមហ៊ុន​លោកជំទាវ​បាន​ទិញ​ដី​នៅ​ចង្កេះភ្នំ​មួយកន្លែង​នៅ​ម្តុំ CT ដែលមាន​ចម្ងាយ​ប្រមាណ​ជា 3គីឡូម៉ែត្រ​ពី​កំពង់ផែ​សមុទ្រ​ហើយ​ក្រោយពី​វិនិយោគ​លើដី​នោះ​រួចមក ក្រុមហ៊ុន​បាន​បើក​គម្រោង​ពុះ​ដីឡូត៍​លក់​ក្នុង​មួយ​ឡូត៍​មាន​ទំហំ5 x 25ម៉ែត្រ​ដែលមាន​តម្លៃ​ត្រឹមតែ 20,000ដុល្លារ​ប៉ុណ្ណោះ ហើយ​បានបញ្ចប់​ការលក់​នៅ​ដើមឆ្នាំ2017 ប៉ុន្តែ​រហូតមកទល់​ប​ច្ចុ​ប្បន្ន​ដី​នៅ​តំបន់​នោះ​ឡើងថ្លៃ100%តែម្តង ពោលគឺ​ក្នុង​មួយ​ឡូត៍​តម្លៃ​ដល់​ទៅ 40,000ដុល្លារ​ឯណោះ។ តែ​យ៉ាងណា​ក៏​ក្រុមហ៊ុន​មានការ​រីករាយ​ដែរ ខណៈដែល​អតិថិជន​បានមក​ទិញ​ដី​សម្រាប់​វិនិយោគជាមួយ​ក្រុមហ៊ុន​ទទួលបាន​ផលចំណេញ​ច្រើន​ដូច្នេះ។

ជាមួយគ្នានេះ​លោក ហ៊ឹម សីហា ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ក្រុមហ៊ុន Vtrust Appraisal មានប្រសាសន៍ថា តម្លៃ​ដី​នៅ​ខេត្ត​ព្រះសីហនុ​នៅតែមាន​សក្តានុពល​ទៅ​ថ្ងៃ​អនាគត ដោយសារ​វិនិយោគិន​ចិន​បន្ត​ចូលមក​បណ្តាក់ទុន​សាង​សង់​សំណង់​អគារ​លំនៅឋាន និង​អគារខ្ពស់ៗនៅ​ទីនោះ​កាន់តែច្រើនឡើងៗ “តម្លៃ​ដី​នៅ​ខេត្ត​ព្រះសីហនុ​មិនអាច​ចុះថ្លៃ​នោះទេ ទោះជា​សេដ្ឋកិច្ច​ប្រែប្រួល​យ៉ាងណាក៏ដោយ ហើយ​បើ​សេដ្ឋកិច្ចធ្លាក់ចុះ​ក៏​មិន​ចុះថ្លៃ​ដែរ យ៉ាងច្រើន​គ្រាន់តែ​នៅ​ទ្រឹង​មួយរយៈ​ប៉ុណ្ណោះ។

លោក​បន្តថា កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​អគារចាស់ៗដែល​ត្រូវគេ​បោះបង់ចោល​នៅលើ​ភ្នំ សឹងតែ​មិនមាន​មនុស្ស​ហ៊ាន​ចូលទៅ​មើល​ផង ឥឡូវ​ត្រូវបាន​គេជួសជុល​ដាក់លក់ ឬ​ជួល​បាន​ថ្លៃ​ខ្ពស់កប់ពពក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ទៀតផង ចំណែក​បុរី​នៅ​តំបន់​ទឹកឈូ ឆា្ង​យ​ពី​ឆ្នេរសមុទ្រ 3ទៅ5គីឡូម៉ែត្រ​ដែល​ធ្លាប់តែ​ស្ងាត់ជ្រងំ ធ្វើ​ហើយ​ទុកចោល​មិនមាន​មនុស្ស​ចូលទៅ​នៅ​ផង​នោះ ឥឡូវនេះ​ស្រាប់​តែមាន​អតិថិជន​ចូលទៅ​ជួល​នៅ និង​ជួល​ក្នុងតម្លៃ​ថ្លៃ​ទៀតផង។

ហើយ​ដី​នោះ​នៅ​ឯនាយសមុទ្រ កាលពីមុន​មិនមាន​មនុស្ស​ទៅលេង​ទេ តែ​ឥឡូវ​ត្រូវបាន​ក្រុមហ៊ុន​បរទេស​មួយចំនួន​ទៅ​បណ្តាក់ទុន​នៅទីនោះ​បង្កើតជា​រមណីយដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ Bangalow សម្រាប់​ស្នាក់​នៅលើ​ដែន​កោះ ក្លាយជា​កន្លែង​ទេសចរណ៍​ដ៏​មាន​សក្តានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ខ្មែរ និង​បរទេស​ធ្វើដំណើរ​ឆ្លង​ទឹក​ទៅ​កម្សាន្ត​កាន់តែ​ច្រើនឡើង។ វា​ប្រៀប​ដូច​មនុស្ស​ឈឺ​ធ្ងន់​ធ្លាប់តែ​ដេក​មួយកន្លែង ឥឡូវ​ស្រាប់តែ​អាច​ដើរ​រួច​រស់រានមានជីវិត​ក្លាយជា​ដង្ហើម​សេដ្ឋកិច្ចជាតិ​ទៀតផង។

ចំណែក​លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន CPL មានប្រសាសន៍​ទទួលស្គាល់​ថា ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ឯទៀត​ដែលមាន​សក្តានុពល​ខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ។ សក្តានុពល​គឺ​នៅត្រង់ថា ខេត្ត​ព្រះសីហនុ​គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ចំនួន3 នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ព្រលានយន្តហោះ​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស មាន​កំពង់ផែ​ទឹក​ជ្រៅ​ដែល​អាច​ដឹកទំនិញ​ធុន​ធ្ងន់​ឆ្លងកាត់​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំជាងគេ មាន​ផ្លូវ​រថភ្លើង​ហើយ​អ្វីដែល​ពិសេស​នោះ គឺ​រដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពីទីក្រុង​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ដែលមាន​ចម្ងាយ​តិចជាង 200គីឡូម៉ែត្រ​នាពេលឆាប់ៗនេះ​ទៀតផង។

អ្វីដែល​ធ្វើឱ្យ​អតិថិជន​ទទួលបាន​ផលចំណេញ​គឺថា ដី​នៅ​តំបន់​មាត់សមុទ្រ​ខេត្ត​ព្រះសីហនុ​នេះ​នឹង​នៅតែ​បន្ត​ឡើងថ្លៃ​ទៀត​នាពេលខាងមុខ ដោយសារតែជនបរទេស​សម្លឹង​ឃើញ និង​បាន​ចូលមក​បោះទុន​វិនិយោគ​កាន់តែច្រើនឡើងៗនា​រយៈពេល​ចុងក្រោយ​នេះ ពិសេស​ជនជាតិ​ចិន​តែម្តង​ដែល​ធ្វើឱ្យ​តម្លៃ​ដីកា​លពី​ឆ្នាំមុន​មានតម្លៃ​ត្រឹមតែ500 ឬ600ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​នោះ បច្ចុប្បន្ន​ឡើងថ្លៃ​ដល់ 1,500 ឬ2,000ដុល្លារ​ក្នុង1ម៉ែត្រការ៉េ ស្មើនឹង​ដី​ក្នុង​តំបន់​ទួលគោក​ក្នុង​ក្រុងភ្នំពេញ​ដែរ ហើយ​ថា តម្លៃ​ដី​នៅ​ទីនោះ​នឹង​កាន់តែ​ឡើងថ្លៃ​ថែមទៀត​ដូច​តំបន់​បឹង​កេងកង​ដែរ នៅពេល​បរទេស​វិនិយោគ​សាងសង់​គម្រោង​អគារធំៗនៅ​ទីនោះ។

គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ការផ្គត់ផ្គង់​អគារ​ស្នាក់នៅ ឬ​ជួល​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​នៅតែមាន​ចំនួន​តិចជាង​តម្រូវការ​ប្រើប្រាស់ ពិសេស​នៅពេលចុង​សប្តាហ៍ ឬ​ថ្ងៃ​បុណ្យទានផ្សេងៗ ផ្ទះសំណាក់ ឬ​សណ្ឋាគារ​នៅ​តំបន់​នោះ​នឹង​ឡើងថ្លៃ​ខ្លាំង ហើយ​ពេលខ្លះ​ថែមទាំង​រក​ជួល​ស្នាក់នៅ​មិនបាន​ទៀតផង។ លោក​បញ្ជាក់​ដូច្នេះ​ថា “ពីមុន​តម្លៃ​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​មានតម្លៃ​ចន្លោះ​ត្រឹម​ក្រោម 10ដុល្លារ​ទៅដល់ 20ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន​បន្ទប់​ស្នាក់នៅ​ដែល​អន់​បំផុត​ក៏មាន​តម្លៃ​ពី 70ទៅ 80ដុល្លារ​ដែរ​ក្នុង​មួយ​យប់ ហើយ​ជួនកាល​រក​បន្ទប់​ស្នាក់នៅ​មិនបាន​ទៀតផង ប្រសិនបើ​មិនបាន​កក់​មុន​នោះ”៕

ចែករំលែក