គម្រោង​លក់​ខុន​ដូ​ធ្លាក់ចុះ​ក្នុង​ត្រីមាស​ទី 1ដើមឆ្នាំ 2018

ស្រប​ពេលដែល​ការផ្គត់ផ្គង់​ខុន​ដូ​ហាក់​ទំនង​ជាមាន​កំណើន​លើសពី​តម្រូវការ​ខ្លាំង​នោះ បានធ្វើឱ្យ​ការលក់​បន្ទប់​ខុន​ដូ​មានការ​ធ្លាក់ចុះ​នៅ​ដើម​ត្រីមាស​ទី1 ឆ្នាំ2018នេះ ជាពិសេស​ខុន​ដូ​ប្រភេទ​មធ្យម និង​ប្រភេទ​ប្រណីត​តែម្តង។

របាយការណ៍​ស្រាវជ្រាវ​ទីផ្សារ​របស់​ក្រុមហ៊ុន CBRE Cambodia បាន​បង្ហាញថា តម្លៃ​លក់​ខុន​ដូ​ប្រភេទ​មធ្យម និង​ប្រភេទ​ប្រណីត​បាន​ថយចុះ2% ក្នុង​ត្រីមាស​ទី1ដើមឆ្នាំ2018 បើ​ធៀប​នឹង​ត្រីមាសចុងក្រោយ​នៃ​ឆ្នាំ2017 ស្រប​ពេលដែល​តម្លៃ​ជា​មធ្យម​របស់​ខុន​ដូ​ប្រភេទ​តម្លៃ​សមរម្យ​បាន​កើនឡើង​ចំនួន 7% ក្នុង​ត្រីមាស​ទី1ឆ្នាំនេះ។

តម្លៃ​នៃ​ការជួល​របស់​ខុន​ដូ​ប្រភេទ​មធ្យម និង​ប្រភេទ​ប្រណីត​ស្ថិតក្នុង​ទីតាំងសំខាន់ៗត្រូវបាន​ធ្លាក់ចុះ​ចំនួន 3.8% ប្រចាំត្រីមាស ចំណែក​តម្លៃ​ជួល​របស់​អគារ​ការិយាល័យ និង​ទីតាំង​ពាណិជ្ជកម្ម​មាន​សភាព​ថេរ​ក្នុង​ត្រីមាស​ទី1 នៃ​ឆ្នាំ2018នេះ បើ​ប្រៀបធៀប​ទៅនឹង​ត្រីមាស​ចុងឆ្នាំ​មុន។ ហើយ​អត្រា​នៃ​ការជួល​អគារ​ការិយាល័យ​សម្រាប់​ត្រីមាស​ទី1នៃ​ឆ្នាំ2018 មាន​ប្រមាណ 82.7%។

អ្នកនាង លឹម មុយ​ងី​ម អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ និង​ទីប្រឹក្សា​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​និយាយថា នៅក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ​ទៀត​នេះ មាន​គម្រោងខុន​ដូ​ជាច្រើន​ត្រូវបាន​សាងសង់​ចប់ និង​តាម​ការអង្កេត​របស់​ក្រុមហ៊ុន CBRE Cambodia បានបង្ហាញ​ឱ្យឃើញថា ដើម្បី​ទាក់ទាញ​អតិថិជន​សម្រាប់​ការលក់​ចេញ​ឱ្យបាន​លឿន គម្រោង​ខុន​ដូ​មួយចំនួន​បាន​ទម្លាក់​តម្លៃ​លក់​ទៅតាម​អត្រា​ភាគរយផ្សេងៗគ្នា ឬ​ផ្តល់រ​ង្វាន់​ជា​សម្ភារ ឬ​សេវាកម្មផ្សេងៗទៅឱ្យ​អតិថិជន​សម្រាប់​ការ​ស្នាក់នៅ ឬក៏​ផ្តល់​ការប្រាក់​កម្ចី​ជាដើម​ទៀតផង។

ម្យ៉ាងវិញទៀត​ខុន​ដូ​មួយចំនួន ជាពិសេស​ខុន​ដូ​ដែល​នឹង​បញ្ចប់​គម្រោង​សាងសង់​ក្នុងពេលឆាប់ៗនោះបាន​ផ្តល់​ការបញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​អតិថិជន​ដែល​បាន​បង់ប្រាក់​ពេញ 100% ឬ​យ៉ាងហោច​ត្រឹម 80%នៅពេល​ទិញ​ដែល​ខុសពី​ដំណាក់កាល​សាងសង់​ដំបូង​ដែល​តម្រូវឱ្យ​អតិថិជន​បង់ប្រាក់​ក្នុង​អត្រា​ភាគរយ​កម្រិត​ទាប។

អ្នកនាង​បាន​បន្តថា ខុន​ដូ​ដែលមាន​សក្តានុពល​សម្រាប់​ជួល​ស្នាក់នៅ​នោះ​គឺ ស្ថិតនៅក្នុង​ខណ្ឌដូនពេញ និង​ខណ្ឌចំការមន ពិសេស​នៅក្នុង​សង្កាត់​បឹង​កេងកង​តែម្ដង។ បច្ចុប្បន្ន​អ្នករស់នៅ​ក្នុង​ខុន​ដូ​ភាគច្រើន គឺជា​ជនបរទេស​ដែលមាន​ប្រមាណ​ជា 95%នៃ​អតិថិជន ចំណែក​ប្រជាជន​ខ្មែរ​មានតែ 5%ប៉ុណ្ណោះ ដោយសារ​ការរស់នៅ​ក្នុង​ខុន​ដូ​ត្រូវ​ចំណាយ​ច្រើន ហើយ​ប្រជាជន​ខ្មែរ​មាន​ចំណូល​ទាប​ជាង​បរទេស។

យោងតាម​របាយការណ៍​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យដឹងថា ក្នុង​រយៈពេល 2ខែ​ដំបូង​ឆ្នាំ2018 ក្រសួង​បានអនុម័ត​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន 365លាន​ដុល្លារ​ក្នុងចំណោម 386គម្រោង​ក្នុង​វិស័យ​អចលនទ្រព្យ​ទូទាំងប្រទេស។ របាយការណ៍​នេះ​បាន​បង្ហាញថា ទឹកប្រាក់​ដែល​បានអនុម័ត​នេះ​មានការ​ធ្លាក់​ចុះបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។ គិត​ត្រឹម​ត្រីមាស​ទី1 ឆ្នាំ2018នេះ តម្លៃ​ដី​នឹងមាន​កំណើន​ជា​មធ្យម 1.2% ចន្លោះ​ពី​ត្រីមាស​មួយ​ទៅ​ត្រីមាស​មួយ និង​កើនឡើង4.2% ចន្លោះ​ពី​ឆ្នាំ​មួយ​ទៅ​ឆ្នាំ​មួយ។

គិត​ត្រឹម​ដំណាច់ត្រីមាស​ទី1កន្លងមកនេះ ការផ្គត់ផ្គង់​អគារ​ខុន​ដូ​បាន​កាន់តែ​កើន​ចំនួន​ឡើងដល់​ជិត 10.000យូ​នី​ត ស្មើនឹង14% ហើយ​សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ2018 ចំនួន​ខុន​ដូ​ប្រមាណជា 12.000យូ​នី​ត​ទៀត​នឹងត្រូវ​បញ្ចប់​គម្រោង​សាងសង់​របស់ខ្លួន និង​ដាក់ចូល​ទីផ្សារ។ ចំណែក​ការជួល​អគារ​ការិយាល័យ​វិញ តម្លៃ​នៅតែ​ដំណើរការ​ទៅមុខ​ដោយបាន​កើនឡើង​ដល់82.7% ទោះបីជា​ចំនួន​នៃ​ការផ្គត់ផ្គង់​មានការ​កើនឡើង​ក៏ដោយ៕

Advertisement