ការ​ព្យាករ៖ កំណើនសេដ្ឋកិច្ច​នៅ​ថេរ 7% ថ្វីបើ​ការចំណាយ​ថវិការដ្ឋ​មាន​ទំហំ​ធំ

រាជរដ្ឋាភិបាល​កម្ពុជា​បានបង្ហាញ​នូវ​មោទនភាព​របស់ខ្លួន​អំពី​ការអនុវត្ត​ជាក់ស្តែង​នៃ​ថវិកាជាតិ​ដែលមាន​ភាពល្អ​ប្រសើរឡើង​ដោយសារ​លំហូរ​ថវិកា​ចំណូល និង​ចំណាយ​កាន់​តែមាន​ភាពរលូន ជំរុញ​ការទូទាត់​សាច់ប្រាក់​បាន​ទាន់ពេលវេលា កាត់បន្ថយ​ការកកស្ទះ​បាន​ទាំងស្រុង​នូវ​បំណុល​ដ៏​រ៉ាំរ៉ៃ ព្រមទាំង​ដាក់ឱ្យអនុវត្ត​នូវ​ព័ត៌មានវិទ្យា​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ជាដើម​ទៀតផង។

តាម​ការ​ព្យាករ កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ឆ្នាំ 2018នេះ​នឹង​អាច​បន្ត​សម្រេចបាន​ក្នុង​រង្វង់ 7% ដែល​ផលិតផល​ក្នុងស្រុក​បច្ចុប្បន្ន​នឹង​កើនឡើង​ដល់ 99,116 ប៊ី​លាន​រៀល ស្មើនឹង24.6ប៊ី​លាន​ដុល្លារ​អាមេរិក។ កំណើន​នេះ​ទ្រទ្រង់​ដោយ​វិស័យ​ឧ​ស្សហកម្ម​ប្រមាណ8.6% វិស័យ​សេវាកម្ម7.6% និង​វិស័យ​កសិកម្ម​ប្រមាណ2%។ ចំណែក​អត្រា​អតិផរណា​មធ្យម​ប្រចាំឆ្នាំ​វិញ ត្រូវបាន​ប៉ាន់ស្មាន​ក្នុង​អត្រា3.5%ដោយសារ​ការ​ងើប​ឡើងវិញ​ជាបណ្តើរៗនៃ​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ និង​តម្លៃ​កសិផល​មួយចំនួន។ រីឯ​អត្រា​ប្តូរ​ប្រាក់រៀល​ត្រូវបាន​រក្សា​ក្នុង​ស្ថិរភាព​អាច​គ្រប់គ្រង​បាន ដោយ​ស្ថិតក្នុង​រង្វង់4,037រៀល​ក្នុង 1ដុល្លារ​អាមេរិក។ អត្រា​នៃ​ភាពក្រីក្រ​បាន​ថយចុះ​ពី 53.5% ក្នុង​ឆ្នាំ2004 មក​នៅត្រឹម 13.5% ក្នុង​ឆ្នាំ2014 និង​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់​ទៀត។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ថ្លែង​នៅក្នុង​បទ​សម្ភាស​មួយ​ថា ខ្ញុំ​គិតថា យើង​ពិបាក​នឹង​ឆ្លុះបញ្ចាំង​ស្ថានភាព​ហ្នឹង​ថាឱ្យ​វា​ប្រាកដ​កម្រិតណា​បានឡើយ។ “ខ្ញុំ​ពិបាក​ធានា និង​មានការ​ពិបាក​ក្នុងការ​ផ្ទៀងផ្ទាត់​មែនទែន​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ពីព្រោះ​ប្រទេស​កម្ពុជា​ខ្ញុំ​មានការ​កត់សម្គាល់​មួយ​គឺ នៅ​ស្រុក​ខ្មែរ​យើង​គាត់​មាន​ទម្លាប់​អួត​ច្រើន ជួនកាល​គាត់​ខ្ចីលុយ​គេ​ជំពាក់​លុយ​គេ តែ​គាត់​ទិញ​របស់ល្អៗច្រើន​ទៅប្រើ គាត់​ធ្វើ​ផ្ទះ​ធំ​ដើម្បី​បង្ហាញថា​គាត់​មាន​លុយ​ច្រើន​ប៉ុន្តែ​ជំពាក់​គេ​ទេ តែ​គាត់​ចំណាយ​សម្បើម ប្រៀប​ដូចទូងៗដូច​ស្គរ តែ​ប្រហោង​ក្នុង។

លោក​បាន​បន្ថែមថា៖ “អ៊ីចឹងទៅ ខ្ញុំ​ពិបាក​នឹង​ពន្យល់ថា តើ​កំណើនសេដ្ឋកិច្ច​ហ្នឹង​វា​ឆ្លុះបញ្ចាំង​នូវ​ស្ថានភាព​ការពិត​បានដែរ​ឬក៏​អត់​ទេ? គឺ​វា​ទាមទារ​ឱ្យមាន​ការសិក្សា​ស្រាវជ្រាវ​ថែមទៀត​នៅក្នុង​ចំណុច​នេះ ទើប​យើង​អាច​រកឃើញ​ការពិត។ តែ​លោក​បាន​មើលឃើញថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​តម្លាភាព​ជាង​មុន ដោយបាន​ផ្សព្វផ្សាយ​ព័ត៌មាន​ច្រើនជាង​មុន ទាក់ទង​នឹង​ព័ត៌មាន​ថវិកា​នៅក្នុង​វេ​ប​សាយ​របស់​ក្រសួង។ តែ​លោក​ចង់ឱ្យមាន​ការចូល​រួម​ពី​ប្រជាពលរដ្ឋ​ឱ្យបាន​ច្រើន​ក្នុង​ការយល់ដឹង​ពី​ការពិភាក្សា​លើ​ការចាយវាយ​ថវិកា​របស់​រដ្ឋ​ឱ្យបាន​ច្រើនជាង​មុន។

បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទំហំ​ចំណូល​នៃ​ចរន្ត​ថវិការដ្ឋ​បាន​កើនឡើង 2ដង គឺ​ពី 2,264លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2013 ដល់4,080លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2018។ ការសម្រេចបាន​នូវ​ចំណូល​ដ៏​ខ្ពស់​ពុំ​ធ្លាប់មាន​ក្នុង​រយៈពេល 20ឆ្នាំ​ចុង​ក្រោយនេះ បាន​នាំ​កម្ពុជា​ដែល​ធ្លាប់​តែមាន​ចំណូល​ថវិកាជាតិ​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប​ទាប​ជាងគេ​ក្នុង​តំបន់​ឱ្យ​ឡើងដល់​កម្រិត​កណ្តាល​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់ ហើយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ក៏បាន​វាយតម្លៃ​ខ្ពស់​លើ​សមិទ្ធផល​នេះ​ផងដែរ។

កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​ត្រូវបាន​ទទួលស្គាល់ និង​វាយតម្លៃ​ខ្ពស់​ពី​ដៃគូ​អភិវឌ្ឍន៍ និង​ប្រព័ន្ធ​វាយតម្លៃ​អន្តរជាតិ រួមមាន​ក្របខ័ណ្ឌ​ចំណាយ​សាធារណៈ និង​គណនេយ្យភាព​ហិរញ្ញវត្ថុ​ដែល​ហៅ​កាត់​ថា ភី​ហ្វា(PEFA)។ ជារួម ចំណូល​សរុប​ថវិកាជាតិ​ត្រូវបាន​ព្យាករ​កើន​ដល់​ប្រមាណ23,383ប៊ី​លាន​រៀល​សមមូល  5.8%ប៊ី​លាន​ដុល្លារ​អាមេរិក ស្មើនឹង23.59% ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប​ដែលមាន​កំណើន 10.6% ធៀប​នឹង​ឆ្នាំ2017។ ប៉ុន្តែ​ជាមួយនឹង​កំណើន​នៃ​ចំណូល​របស់​រដ្ឋ គេ​ក៏បាន​សង្កេតឃើញថា​ចំណាយ​ថវិកាជាតិ​សរុប​របស់​រដ្ឋាភិបាល​ក៏មាន​ការកើនឡើង​ដែរ។

សម្រាប់​ឆ្នាំ2018 គ្រោង​ចំណាយ24,375ប៊ី-លាន​រៀល ស្មើនឹង24.59%នៃ​ផលិតផល​សរុប​ក្នុងស្រុក និង​មាន​កំណើន15.2% ធៀប​នឹង​ឆ្នាំ2017។ ពោលគឺ ចំណាយ​សរុប​ថវិកាជាតិ​នេះ​ត្រូវបាន​បង្កើន​ជិត 2ដង គឺ​ប្រមាណ3.35ប៊ី​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2013 រហូតដល់​ប្រមាណ 6ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2018។

រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ចំណូល​ថវិការដ្ឋ​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា​បាន​កើនឡើង​ជិត​ពីរដង​ក្នុង​រយៈពេល 5ឆ្នាំ​ចុងក្រោយ ពោលគឺ​ពី 2.2ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ 2013 ដល់4.5ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2018 ដែល​ការកើនឡើង​នៃ​ទំហំ​ចំណូល​នេះ​បានផ្ដល់​លទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាល​បង្កើន​ចំណាយ​យ៉ាងច្រើន​ទៅលើ​ការលើកកម្ពស់​គុណភាព និង​ការពង្រីកវិសាលភាព​នៃ​សាធារណៈ ទាំង​តាមរយៈ​ចំណាយ​ចរន្ត​ថវិកាជាតិ និង​តាមរយៈ​ចំណាយ​វិនិយោគសាធារណៈ ដើម្បី​ធ្វើឱ្យ​ការផ្ដល់សេវា​សាធារណៈកា​ន់​តែមាន​ភាពប្រសើរឡើង និង​កាន់តែ​ខិតជិត​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់។

ឯកឧត្តម​ថ្លែងថា៖ ក្នុងអំឡុង 5ឆ្នាំ​ចុង​ក្រោយនេះ​ចំណាយ​សរុប​ថវិការដ្ឋ​ត្រូវបាន​បង្កើន​ជិត​ពីរដង ក្នុងនោះ​ចំណាយ​សរុប​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបាន​បង្កើន​ជាង​បី​ដង ចំណាយ​សរុប​របស់​ក្រសួងសុខាភិបាល​ត្រូវបាន​បង្កើន​ជិត​ពីរដង​កន្លះ ចំណាយ​សរុប​របស់​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ក៏ត្រូវ​បាន​បង្កើន​ជិត​បី​ដង វិស័យ​ការពារជាតិ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវបាន​គ្រោង​ថវិកា​ចំនួន 3,894ប៊ី​លាន​រៀល ស្មើនឹង3,93%នៃ​ផលិតផល​សរុប​ក្នុងស្រុក និង​មាន​កំណើន​ស្មើនឹង16,7% ធៀប​នឹង​ឆ្នាំ2017។ ហើយ​ចំណាយ​វិនិយោគ​ផ្ទាល់​ដោយ​ហិរញ្ញប្បទាន​ក្នុងប្រទេស​ត្រូវបាន​បង្កើន​ជិត​ពីរដង​កន្លះ។

លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ និង​ជា​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ និង​សន្តិភាព(CICP)បញ្ជាក់ថាៈ តាមពិត​គេ​ធ្វើការ​ចំណាយ​ដោយ​ផ្អែកទៅលើ​តម្រូវការ​ចាំបាច់ កាលណា​ចំណូល​គេ​រក​បានមក គេ​នឹង​ចំណាយ​ទៅតាម​ហ្នឹង។ ចំណូល​ពន្ធ​ដែល​រដ្ឋ​ប្រមូលបាន​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​ចំណែក​ការដែល​មានតម្លៃ 7% មកពី​ការដែល​គេ​បូក​ទាំង​វិស័យ​រដ្ឋ និង​ឯកជន។ ដូច្នេះ​គេ​បែងចែក​ថវិកា​ទៅតាម​វិស័យ​អាទិភាព​មិនមែន​ទាំងអស់​ទេ។

ឧទាហរណ៍​បើ​គេ​ផ្តោតទៅលើ​វិស័យ​កសិកម្ម គេ​នឹង​បង្កើន​ក្រសួង​ហ្នឹង។ បើ​គេ​ត្រូវការ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ គេ​បង្កើន​ថវិកា​ក្រសួងការពារជាតិ ឬ​ក្រសួងមហាផ្ទៃ។ ប្រសិនបើ​គេ​ឃើញ​ថវិកា​កើន​នៅ​ក្រសួង​ណាមួយ ក្រសួង​នោះ​ពិតជា​មាន​តម្រូវការ​ខុសប្លែក​ពីឆ្នាំមុនៗហើយ។

លោក​បណ្ឌិត​បាន​បន្តទៀត​ថា ដូច្នេះ​គេ​បែងចែក​ទៅតាម​តម្រូវការ​នៃ​ឆ្នាំនីមួយៗ ឬ​ទៅតាម​ផែនការ​វិនិយោគ​ជា​សាធារណៈ។ ចំណែក​ថវិកា​ដែល​យកមក​បែងចែក​វិញ​នោះ ខ្លះ​បានមកពី​ការប្រមូល​ពន្ធ​ជា​ថវិកាជាតិ និង​ខ្លះ​បានមកពី​ជំនួយ។

ចំពោះ​រឿង​ថវិកា គេ​មិនមែន​មើល​តែ​ក្រសួង2 ឬ3ដែលមាន​កំណើន​នោះទេ គេ​ត្រូវ​មើល​ជា​សរុប ព្រោះ​យើង​មាន​ប្រភព​ចំណាយ​ខ្លះ​យក​មកពី​ទុនបម្រុង​ដើម្បី​បង្គ្រប់​ការចំណាយ​នោះ។ ប៉ុន្តែ​លោក ព្រាប កុល បាន​យល់​ដូច្នេះ​ថា បញ្ហា​នេះ​ត្រូវធ្វើ​ការត្រួតពិនិត្យ​ការចាយវាយ​ក្រសួង​របស់​រដ្ឋ​ឱ្យ​ប្រាកដថា​គាត់​បានផ្តល់​របាយការណ៍​ទាន់ពេល​ផ្សព្វផ្សាយ​របាយការណ៍​ចាយវាយ​ក្រសួង​របស់គាត់​ដែល​ការចាយ​នោះ​ឱ្យ​ត្រូវ​តាម​ផែនការ ព្រោះ​កន្លងមក​មានការ​ខ្វះខាត​មួយ​គឺ​ក្រសួង​ភាគច្រើន​ចាយលុយ​នៅពេល​ដាច់​ឆ្នាំ គឺ​ក្នុង​ត្រីមាស​ចុងក្រោយ​ធ្វើឱ្យមាន​លំហូរ​នៃ​ការចាយ​មិនមាន​តុល្យភាព។ កាលណា​យើង​ចាយ​គំហុក​ខ្លាំង វា​អាចមាន​ហានិភ័យ​ក្នុងការ​ដេញថ្លៃ​ការគ្រប់គ្រង ការត្រួតពិនិត្យ។ ដូច្នេះ​យើង​គួរ​មាន​វិធានការ​ធ្វើ​ម៉េច​កុំឱ្យ​គាត់​ចាយ​បែប​គំហុក ត្រូវ​ចាយ​ទៅតាម​ផែនការ តាម​នីតិវិធី​ហើយ​ផ្សព្វផ្សាយ​របាយការណ៍​ស​វន​កម្ម​ឱ្យបាន​ទៀងទាត់​ផងដែរ៕

Advertisement