លោក​គង់ តារា បង្ហាញ​ពី​យុទ្ធសាស្ត្រ​លក់​ដ៏​ជោគជ័យ

លោក គង់ តា​រា ជា​គ្រូ​បណ្តុះបណ្តាល​ផ្នត់គំនិត​ជោគជ័យ(​ឥស្សរៈ)

ភាពជោគជ័យ​លើ​អាជីព​មុខរបរ​រហូត​ទទួលបាន​ភាព​ឥស្សរៈ​សេរីភាព​ខាង​ហិរញ្ញវត្ថុ​របស់​មនុស្សម្នាក់ៗមិនមែន​បានមក​ដោយ​ក្ដី​ចៃដន្យ​នោះទេ ប៉ុន្តែ​បានមក​ដោយសារ​ការខិតខំ​ប្រឹងប្រែង អំណត់​ព្យាយាម និង​ជម្នះ​គ្រប់​ឧបសគ្គ​ទាំងអស់​ក្នុង​ជីវិត ដែល​ទាំងអស់នេះ​គឺជា​ការលើកឡើង​តាមរយៈ​បទពិសោធ​កន្លងមករ​ប​ស់លោក គង់ តារា ជា​គ្រូ​បណ្តុះបណ្តាល​ផ្នត់គំនិត​ជោគជ័យ(ឥស្សរៈ) និង​ជា​ប្រធាន​ផ្នែក​លក់​គម្រោង​អចលនទ្រព្យ​ដ៏​ពូកែ​ម្នាក់​នៅក្នុង​ក្រុមហ៊ុន​ធំ​មួយ​ផងដែរ។

ដើម្បី​ក្លាយជា​គ្រូ​បណ្តុះបណ្តាល​ដ៏​ល្បី និង​ជា​អ្នកជំនាញ​ផ្នែក​លក់​ដ៏​ពូកែ​ដូច​សព្វថ្ងៃនេះ លោក​តារា បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​លើ​ការសិក្សា និង​ការអនុវត្ត​ការងារ​ជាប្រចាំពោលគឺ​ក្រោយពី​រៀប​ចប់​ថ្នាក់បាក់ឌុប​ក្នុង​ឆ្នាំ2001មក លោក​បាន​ចាក​ចេញពី​ស្រុកកំណើត នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​ក្រុងភ្នំពេញ។ ពេលមកដល់​ភ្នំពេញ​ដំបូង លោក​ពុំ​មានផ្ទះ​បងប្អូន​ឱ្យ​ស្នាក់នៅ​ជាមួយ​នោះទេ គឺ​លោក​បាន​ជួល​បន្ទប់​ស្នាក់នៅ​ជាមួយ​បងប្រុស និង​បាន​ថវិកា​ឧបត្ថម្ភ​ពី​ឪពុកម្តាយ​ខ្លះ និង​បងប្អូន​ជួយ​ទំនុកបម្រុង​បន្តិចបន្តួច លោក​ត្រូវ​រៀន​បណ្តើរ និង​បង្រៀន​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​បណ្តើរ ដើម្បី​បាន​ប្រាក់​បន្ថែម​ផ្គត់ផ្គង់​ការសិក្សា​របស់ខ្លួន។

តែ​អ្វីដែល​គួរ​ស្ងើចសរសើរ​នោះ គឺ​ចាប់ផ្ដើម​ពី​ឆ្នាំ2005មក លោក​បាន​រៀន​ចប់ 3មហាវិទ្យាល័យ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​គ្នា ដោយ​ក្នុងនោះ​លោក​បាន​ចប់​បរិញ្ញាបត្រ​រូបវិទ្យា​នៅ​ឆ្នាំ2005 ចប់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​អង់គ្លេស​នៅ​ឆ្នាំ2006 ចប់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ឆ្នាំ2007 និង​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​ឆ្នាំ2009មួយទៀត ដោយ​ការសិក្សា​ទាំងនេះលោក​សុទ្ធតែ​ទទួលបាន​អាហារូបករណ៍​ទាំងអស់​លើកលែងតែ​មហាវិទ្យាល័យ​ភាសា​អង់គ្លេស​តែមួយ​ប៉ុណ្ណោះ​ដែល​លោក​ត្រូវ​ចំណាយ​ប្រា​ក់បង់។

ក្រៅពី​ការសិក្សា លោក​ក៏បាន​ឆ្លៀតពេល​បង្រៀន​តាម​មហាវិទ្យាល័យផ្សេងៗផងដែរ និង​ធ្វើការ​ដើម្បី​យកប្រាក់​មក​ផ្គត់ផ្គង់​ការសិក្សា​បន្ថែមទៀត។ ត្រង់ចំណុច​នេះ​លោក គង់ តារា បាន​រំឭកថា កាលណោះ​លោក​គេង​ក្នុង​មួយយប់ៗបានតែ 5ម៉ោង​ប៉ុណ្ណោះ ពោលគឺ​ត្រូវ​ងើប​នៅ​ម៉ោង 3ទៀបភ្លឺ ដើម្បី​ធ្វើការ​បកប្រែ​ភាសាបរទេស និង​អាន​ព័ត៌មាន​នៅ​ទូរទស្សន៍​ក្នុងស្រុក​មួយ ប៉ុន្តែ​ដោយ​គិតថា​ធ្វើការ​ឱ្យគេ​មិន​អាចមាន​សេរីភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​បាន ទើប​មួយឆ្នាំ​ក្រោយមក​លោក​បាន​សម្រេចចិត្ត​ឈប់​ធ្វើការ​នៅ​ទូរទស្សន៍ ដោ​យមក​ធ្វើការ​ជា​ប្រធាន​ផ្នែក​លក់​នៅក្នុង​ក្រុមហ៊ុន​មួយ និង​ធ្វើជា​គ្រូ​បណ្តុះបណ្តាល​ឥស្សរៈ​រហូតមកទល់​ពេលបច្ចុប្បន្ន។

លោក គង់ តារា មានប្រសាសន៍ថា លោក​បានធ្វើ​ការងារ​លើ​ផ្នែក​លក់​គម្រោង​អចលនទ្រព្យ​ប្រមាណ​តែ​ជាង 3ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឱ្យគេ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ គឺ​លោក​អាច​លក់​គម្រោង​អ​ចលន​ទ្រព្យ​បានជា​ច្រើន​គម្រោង ដែល​ក្នុងនោះ​លោក​បាន​លក់​ផ្ទះល្វែង និង​វីឡា​កូនកាត់​បាន​ចន្លោះ​ពី2,000 – 3,000ល្វែង លក់​ដីឡូត៍​បាន​ចំនួន​ប្រមាណ​ជា 5,000 – 6,000ឡូត៍ លក់​ខុន​ដូ​បាន​ចំនួន 6អគារ​ស្មើនឹង 2,000 Units នៅ​តំបន់​អរិយ​ក្សត្រ​ក្នុងស្រុក​ខ្សាច់កណ្តាល និង​នៅ​ក្រុង​កំពង់សោម និង​កំពុង​បន្ត​លក់​ខុន​ដូ​ថ្មី​មួយកន្លែង​ទៀត​នៅ​ជិត​ផ្សារ​ទំនើប Aeon ទី2 និង​ផ្សារ​ម៉ាក្រូ​ក្នុង​ខណ្ឌ​សែន​សុខ​ទៀតផង។

លោក គង់ តា​រា ថតរូបជុំគ្នាជាមួយក្រុមការងារ

នៅ​ថ្ងៃ​ខាងមុខ​លោក​នៅតែ​បន្ត​អាជីព​ផ្នែក​លក់​នេះ ដោយសារតែ​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​កម្ពុជា​ដ៏​ច្រើន​នៅតែ​បន្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ហើយ​ផ្តោត​សំខាន់​ទៅលើផ្ទះ​ស្នាក់នៅ​ក្នុងតម្លៃទាប និង​មធ្យម​ដែល​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប និង​មធ្យម​មានលទ្ធភាព​អាច​ទិញ​ផ្ទះ​រស់នៅ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បាន។

លោក​ថា អ្វីដែល​ធ្វើឱ្យ​ការលក់​របស់លោក​ទទួល​បាន​ជោគជ័យ​ខ្លាំង​នោះ គឺ​ដោយសារតែ​លោក​បាន​បង្កើត​បណ្តាញ​ផ្នែក​លក់​ជាច្រើន​រយ​នាក់ ទាំង​អ្នកធ្វើការ​ពេញ​ម៉ោង និង​អ្នកធ្វើការ​ក្រៅ​ម៉ោង។

សម្រាប់​បុគ្គលិក​ទាំងពីរ​ប្រភេទ​នេះ លោក​តែង​ធ្វើការ​បណ្តុះបណ្តាល​ដល់​ពួកគេ​ជាប្រចាំ​ដោយ​ផ្តោត​សំខាន់​លើ 1.យុទ្ធសាស្ត្រ​នៃ​ការលក់ 2.បង្កើត​ទំនាក់ទំនង និង​បណ្តាញ​ក្នុងសង្គម 3.ជំនាញ​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​អតិថិជន។ ចំពោះ​ការប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​អាចជួយ​ដល់​អតិថិជន​ឱ្យ​ចេះ​រៀបចំ​ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់​ពួកគេ​ឱ្យបាន​ត្រឹមត្រូវ និង​ដោយ​ប្រាកដថា ពួកគាត់​អាច​ដកយក​ប្រាក់ចំណូល​នោះមក​សម្រាប់​ទិញ​ដី ទិញ​ផ្ទះ​បង់​រំលស់ ឬ​អាចមាន​លទ្ធភាព​ទិញ​ផ្ទះ​ដោយ​គ្មាន​ហានិភ័យ​តាមរបៀប​ណា។

លោក​ថា ក្នុងនាម​ជា​អ្នកលក់​ម្នាក់ អ្នកណា​ក៏​ចង់​លក់​ផលិតផល​របស់ខ្លួន​ឱ្យបាន​ច្រើន​ដែរ ប៉ុន្តែ​ក្នុងនាម​ជា​បុគ្គលិក​ផ្នែក​លក់​ម្នាក់ ពិសេស​លក់​ដី​ឬ​ផ្ទះ​បង់​រំលស់​នេះ គឺ​ត្រូវ​សិក្សា​ពី​ចំណូល​របស់​អតិថិជន​ឱ្យបាន​ច្បាស់ ខ្លាចក្រែង​កើតមាន​ហានិភ័យ​ណាមួយ​ឡើង ធ្វើឱ្យ​អតិថិជន​ខាតបង់​ប្រាក់ ព្រោះថា គម្រោង​ដែល​លក់​ចេញនីមួយៗ គឺ​យើង​ចង់​ចំណេញ​ទាំង​ក្រុមហ៊ុន និង​ចំណេញ​ទាំង​អតិថិជន មានន័យថា បើសិនជា​អតិថិជន​ទិញ​គម្រោង​ដីឡូត៍ ឬ​ទិញ​ផ្ទះ​នៅថ្ងៃនេះ ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណេញ ហើយ​ទៅ​ថ្ងៃ​ខាងមុខ​អតិថិជន​ក៏​នឹង​បាន​ចំណេញ​បន្ត​ជាមួយ​ក្រុមហ៊ុន​ដែរ។

ក្រៅតែពី​ការងារ​ផ្នែក​លក់​នេះ លោក​ក៏​ត្រូវបាន​គេ​ស្គាល់​ថា ជា​គ្រូបង្វឹក​ម្នាក់​ដែលមាន​ភាពលេច​ធ្លោ​នៅក្នុង​សង្គម​ផងដែរ ដែល​ក្នុងនោះ​លោក​បាន​បណ្តុះបណ្តាល​លើ​ជំនាញ៖ 1.លក់  2.បណ្តុះបណ្តាល​ពី​ផ្នត់គំនិត​ជោគជ័យ 3.បណ្តុះបណ្តាល​ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ 4.បណ្តុះបណ្តាល​វិធីសាស្ត្រ​ដោះស្រាយ​បំណុល  និង5.វិធីសាស្ត្រ​ក្នុងការ​ពិនិត្យមើល​បំណុល​ល្អ និង​បំណុល​អាក្រក់​ជាដើម។ បំណុល​អាក្រក់​មានន័យថា អតិថិជន​ខ្ចីប្រាក់​គេ ឬ​ខ្ចីប្រាក់​ពី​ធនាគារ យកទៅ​រកស៊ី​ដោយ​មិនបាន​គ្រប់គ្រង​ឱ្យ​ល្អ នាំឱ្យ​ខាត ហើយ​បើ​កើតមាន​បំណុល​អាក្រក់ តើ​ត្រូវ​លុបចោល​ដោយ​របៀប​ណា?

ចំណែក​បំណុល​ល្អ គឺ​ខ្ចីប្រាក់​គេ​មក​យកមក​រកស៊ី​ទទួលបាន​ប្រាក់ចំណេញ។ ឧទាហរណ៍​យើង​ខ្វះ​លុយ​ទិញ​ដី ឬ​ផ្ទះ យើង​ទៅ​ខ្ចីលុយ​គេ​មក​បង្គ្រប់ ប៉ុន្តែ​មុននឹង​ទិញ​ត្រូវ​គិតថា ទិញ​យកមក​ធ្វើ​អ្វី? យកមក​ជួល ឬ​លក់​បន្ត​ដើម្បី​បាន​ចំណេញ ឬ​យ៉ាងណា? បើ​គិត​ឃើញថា បាន​ចំណេញ​សឹម​ខ្ចីលុយ​គេ​មក ដែល​នេះ​ហៅថា បំណុល​ល្អ។

លោក តារា បាន​រៀបរាប់​បន្ថែមថា ការសិក្សា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ហេតុនេះហើយ​ទើប​លោក​ចំណាយពេល​សឹងតែ​គ្មាន​នៅសល់​ដើម្បី​រៀន​ក្នុងអំឡុង​ពេលដែល​លោក​កំពុង​សិក្សានៅ​មហាវិទ្យាល័យ ប៉ុន្តែ​សំខាន់បំផុត គឺ​លោក​ចេះ​គ្រប់គ្រង​ពេលវេលា​ច្បាស់លាស់។ ដើម្បី​ទទួលបាន​ចំណេះដឹង និង​ជំនាញ​ទាំងនោះ មិនមែន​លោក​បាន ឬ​មាន​ពី​កំណើត​មក​ឡើយ ប៉ុន្តែ​ដោយសារ​លោក​បាន​ព្យាយាម​អាន​សៀវភៅ​អស់​ជាច្រើន​រយ​ក្បាល ជា​សៀវភៅ​ដែល​សរសេរ​ដោយ​មនុស្សល្បីៗនៅលើ​ពិភពលោក ហើយ​ក្រៅពីនោះ​លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​អន្តរជាតិ​ជាច្រើនលើក ដូចជា​នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​សិង្ហ​បុរី​ជាដើម និង​ទទួលបាន​ចំណេះដឹងផ្សេងៗបន្ថែមទៀត​ពី​មនុស្ស​នៅ​ជុំវិញខ្លួន ហើយ​នៅពេល​អនាគត​ក៏​លោក​នៅតែ​មិន​បោះបង់ចោល​ការអាន និង​ការសិក្សា​បន្ថែម​នេះឡើយ ពោលគឺ​លោក​នៅតែ និង​កំពុង​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នៅ​បរទេស ជាពិសេស​ក្នុងប្រទេស​នៅ​ទ្វីបអឺរ៉ុបផ្សេងៗទៀត។

តាមរយៈ​បទពិសោធ​ខាងលើ លោក​បាន​អំពាវនាវ​ទៅដល់​យុវជន​ជំនាន់​ក្រោយ ត្រូវ​ចេះ​រៀបចំ និង​កំណត់​ផែនការ​ជីវិត​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់​ជាមុន និង​ត្រូវ​ចេះ​គ្រប់គ្រង​ពេលវេលា​ឱ្យ​ល្អ ដោយ​មិន​ខ្ជះខ្ជាយ​ពេលវេលា និង​មិនឱ្យ​ខាត​ពេលវេលា​ដោយ​ឥតប្រយោជន៍ ដើម្បី​យើង​អាច​សម្រេច​នូវ​គោលដៅ​របស់​យើង​នា​ថ្ងៃ​អនាគត​បាន​លឿន៕

Advertisement