បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​តម្លៃ​សមរម្យ និង​ត្រឹមត្រូវ

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា

ក្នុង​គោលបំណង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ហៅ​កាត់​ថា (AFI) បានរៀបចំ​កិច្ចពិភាក្សា​មួយ​ឡើង​ដើម្បី​រៀបចំ​គោលនយោបាយ និង​ដាក់ចេញ​នូវ​វិធីសាស្ត្រ​ធ្វើយ៉ាងណា​ឱ្យ​ពលរដ្ឋ​ក្រីក្រ​អាច​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​មានតម្លៃ​សមរម្យ​ឱ្យបាន​គ្រប់គ្នា​ដោយមាន​កិច្ចការពារ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។

លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា កិច្ចពិភាក្សា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដាក់ចេញ​វិធីសាស្ត្រ​ដើម្បី​បែងចែក​សេវាកម្ម​ហិរញ្ញវត្ថុ​ឱ្យដល់​ដៃ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដែលមាន​តម្លៃ​សមរម្យ​ដែលមាន​កិច្ចការពារ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។

លោក​ថ្លែងថា៖ “ការផ្ដល់សេវា​ហិរញ្ញវត្ថុ​តម្លៃ​សមរម្យ​នេះ គឺមាន​អាទិភាព​ច្រើន​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ព្រោះ​អត្រា​ការប្រាក់ និង​ថ្លៃ​សេវា​រដ្ឋបាល​នានា​ទាប​បំផុត ព្រមទាំង​មានការ​គាំពារ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី NBC ទៀតផង។ ជា​ទិសដៅ នៅពេល​បច្ចុប្បន្ននេះ យើង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នេះ ដែល​ក្នុងនោះ​យើង​មាន​ជា​គោលនយោបាយ និង​វិធីសាស្ត្រផ្សេងៗដើម្បី​ជំរុញ​ឱ្យ​កម្រិត​នៃ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដែល​នៅពេល​យើង​ដាក់​ចេញទៅ​មាន​ភាពល្អ​ប្រសើរឡើង​ថែមទៀត​នាពេលខាងមុខ។

លោក​អគ្គនាយក​បន្ដថា៖ “កន្លងមក ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​ធ្វើការ​សិក្សា​លើ​កា​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ ហើយ​ទទួលបាន​លទ្ធផល​ថា 71%នៃ​ចំនួន​ពលរដ្ឋ​ពេញវ័យ​សរុប ទទួលបាន​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ។ អ៊ីចឹង ពីមុនមក​កម្រិត​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​យើង​នៅ​ទាប តែ​មកដល់​ឆ្នាំ2015 ឃើញថា​មានការ​កើនឡើង។ លោក​បញ្ជាក់ថា “បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ មានន័យថា ធ្វើយ៉ាងណា​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ បាន​ប្រើប្រាស់​សេវា​ហ្នឹង ដូចជា​សេវា​ប្រាក់កម្ចី ការដាក់​ប្រាក់​បញ្ញើ និង​ការផ្ទេរ​ប្រាក់ ជាដើម ឱ្យ​គាត់​មានលទ្ធភាព​ប្រើប្រាស់​សេវា​ទាំងនេះ​បាន​គ្រប់គ្នា។

អ្នកជំនាញ​សេដ្ឋកិច្ច​បាន​ពន្យល់ថា បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ គឺ​ការចូលរួម​ពី​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ដោយ​ពួកគាត់​ចេះ​ធ្វើ​ផែនការ​ចំណូល-ចំណាយ ចេះ​ធ្វើ​របាយការណ៍ ចេះ​ធ្វើ​បទដ្ឋាន​ស្នើសុំ​ទៅ​ធនាគារ។ល។ ដូច្នេះ​គេ​ចង់ឱ្យមាន​ការបណ្តុះបណ្តាល​ប្រជាជន​ថ្នាក់ក្រោម ថ្នាក់មូលដ្ឋាន​ឱ្យ​ចេះ​រៀបចំ​បទដ្ឋាន និង​ផែនការ​ហិរញ្ញវត្ថុ​ដោយ​ខ្លួនឯង។ គោលបំណង​នៃ​ការជំរុញ​របស់ NBC និង​AFI នៅក្នុង​ប្រទេស​យើង វា​អាច​ស្ថិតនៅត្រង់​បញ្ហា​នៃ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត សូម្បីតែ​សហគ្រាស​ធុន​តូច និង​មធ្យម​ខ្លះ​ក៏​មិនទាន់មាន​ការយល់ដឹង​ពី​បច្ចុប្បន្នភាព និង​កាតព្វកិច្ច​នៃ​ការធ្វើ​បញ្ជីស្នាម​របស់ខ្លួន​ស្រួលបួល​នៅឡើយ​ផង។ នៅពេលដែល​គេ​រក​ឯកសារ​ចំណូល-ចំណាយ គឺ​ពុំមាន​បញ្ជី​ជាក់លាក់ ពុំមាន​គណនេយ្យ​ភាពច្បាស់​លាស់​ទេ ព្រោះ​ពួកគេ​ធ្លាប់តែ​រកស៊ី​បែប​ជា​លក្ខណៈ​គ្រួសារ(ការ​ដកហូតយក​ចំណាយ​ដោយ​គ្មាន​ការកត់ត្រា​ទុក)ដែល​នេះ​ជា​ទម្លាប់​របស់​យើង​ពីមុនមក។

សូមបញ្ជាក់ថា ដើម្បី​រៀបចំ​គោលនយោបាយ​នានា​ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នេះ ត្រូវ​លើកស្ទួយ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ជនបទ​យល់ដឹង​ពី​សេវា​ហិរញ្ញវត្ថុ និង​មានលទ្ធភាព​អាច​ទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដែល​ផ្លូវការ។ កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​គោលនយោបាយ និង​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ត្រូវបាន​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​អ្នករៀបចំ​គោលនយោបាយ បញ្ញត្តិ​ករ មន្ត្រី​ត្រួតពិនិត្យ និង​ភាគី​ពាក់ព័ន្ធ ដូចជា​ស្ថាប័ន​នានា​របស់​អង្គការសហប្រជាជាតិ និង​ស្ថាប័ន​ស្រាវជ្រាវ​អន្តរជាតិ​ជាដើម និង​មាន​អ្នកចូលរួម​សរុប​ប្រមាណ 90រូប​មកពី​ធនាគារកណ្តាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អាជ្ញាធរ​ត្រួតពិនិត្យ​មកពី​ប្រទេស​ចំនួន43 ដែលជា​សមាជិក​របស់​សហព័ន្ធ​AFI។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍​ពី​គោលនយោបាយ​នេះ​ថា៖ “ការធ្វើ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នេះ​មាន​សារៈសំខាន់​និង​ជា​ទិសដៅ​មួយ ហើយ​ការលើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ជា​ការជំរុញឱ្យ​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​អាច​ទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​នេះ​បានរួម​ចំណែក​យ៉ាងច្រើន​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​គ្រួសារ។ បច្ចុប្បន្ន បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មានការ​រីកចម្រើន​យ៉ាងខ្លាំង និង​មាន​តួនាទី​សំខាន់​ក្នុងការ​លើកកម្ពស់​ការ​ទទួលបាន និង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឱ្យ​ប្រកបដោយ​គុណភាព តម្លៃ​សមស្រប និង​ត្រឹមត្រូវ​ផ្លូវការ។

លោក​បាន​បន្តថា ទោះយ៉ាងណា អ្នករៀបចំ​គោលនយោបាយ និង​បញ្ញត្តិ​ករ​ត្រូវមាន​ភាព​សកម្ម​ក្នុងការ​ស្វែងយល់​ពី​ហានិភ័យ​ពាក់ព័ន្ធ​នានា។ ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​ក្រសួង-ស្ថាប័ន​នានា​កំពុង​រៀបចំ​សេចក្តីព្រាង​ស្តីពី​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដោយ​គ្រោង​នឹង​បញ្ចប់​រួចរាល់​ក្នុង​ឆ្នាំ2018នេះ។

សូមបញ្ជាក់ថា បើ​តាមរយៈ​លទ្ធផល​នៃ​ការអង្កេត​ស្រាវជ្រាវ​របស់ FinScope កាលពី​ឆ្នាំ2015 បាន​បង្ហាញថា 59% នៃ​ចំនួន​សរុប​របស់​ប្រជាពលរដ្ឋ​ដែល​ពេញវ័យ មានលទ្ធភាព និង​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ចំណែកឯ 12%ទៀត​បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​មិន​ផ្លូវការ និង29%ទៀត​ពុំទាន់​បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នៅឡើយ​ទេ។

អ្នកជំនាញ​សេដ្ឋកិច្ច​ក៏បាន​បង្ហាញ​ដែរ​ថា នេះ​ជាគោលការណ៍​រដ្ឋាភិបាល​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ចង់ឱ្យ​ពលរដ្ឋ​មានការ​ចាយវាយ​ហិរញ្ញវត្ថុ​របស់ខ្លួន​យ៉ាង​ត្រឹមត្រូវ​ទៅតាម​ច្បាប់ និង​ឱ្យមាន​តម្លាភាព។ ទី1 គឺ​ឱ្យ​ក្រុមហ៊ុន ឬ​ពលរដ្ឋ​អាច​ខ្ចីប្រាក់​ពី​ធនាគារ​ដោយមាន​បញ្ជីស្នាម​ត្រឹមត្រូវ ហើយ​បើ​យើង​មាន​ចរន្ត​គណនេយ្យ​ថវិកា​ច្បាស់លាស់ ពេល​យើង​ត្រូវការ​ពង្រីក​ទុន​ថែម​តាមរយៈ​ការខ្ចី​បុល​ពី​ធនាគារ គេ​ងាយស្រួល​នឹង​ឱ្យ​យើង។ ចំណុច​ទី1នេះ វា​អាច​នឹង​ចំណេញ​ទាំងសងខាង ព្រោះ​អ្នករកស៊ី​គេ​មើលឃើញ​ពី​ការ​ចំណេញ​ប្រសិនបើ​គេ​បាន​ទុន​បន្ថែម​មករក​ស៊ី គេ​នឹង​បាន​ចំណេញ​ច្រើនជាង​មុន ទោះបី​ត្រូវ​ដក​ការប្រាក់​សម្រាប់​ទុន​បន្ថែម​ដែល​បាន​ខ្ចី​មក​ក៏ដោយ។ ទី2 យើង​មាន​លក្ខណៈ​ល្អប្រសើរ​ក្នុងការ​ពង្រឹង​ឱ្យមាន​គណនេយ្យ​ភាពច្បាស់​លាស់ ហើយ​យើង​អាចធ្វើ​ការប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​គេ​មក​បណ្តាក់ទុន​រកស៊ី​ក្នុង​នាម​ជា​ប្រទេស​សមាជិក​អាស៊ាន​បាន និង​យើង​ក៏​អាច​ទៅរក​ស៊ី​នៅ​ប្រទេស​គេ​បានដែរ ព្រោះ​យើង​ក៏​ជា​ប្រទេសសមាជិក​អាស៊ាន​ដែរ។

ដូច្នេះ​វា​ដល់​ពេលដែល​យើង​ត្រូវ​ធ្វើឱ្យ​ប្រាកដ​នូវ​លិខិតបទដ្ឋាន​ឱ្យមាន​លក្ខណៈ​ច្បាស់លាស់​ដែល​ត្រូវ​ចាប់ផ្តើម​ពី​ថ្នាក់ក្រោម​ទៅ ហើយ​ការដែល​ធ្វើ​គោលនយោបាយ​ជំរុញឱ្យមាន​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​ថ្នាក់ក្រោម​នេះ អ្នកជំនាញ​យល់ថា នឹង​អាចទៅរួច តែ​ស្ថិតក្នុងជំហានៗជាបណ្តើរៗ តែបើ​ចង់ឱ្យ​ដូច​ប្រទេសជិតខាង​យើង​តែម្ដង នឹងមិន​ទាន់​ទៅរួច​ទេ ពីព្រោះ​ការយល់ដឹង​របស់​ពល​រដ្ឋ​ថ្នាក់ក្រោម​របស់​យើង​នៅមានកម្រិត។

ប៉ុន្តែ​បើតាម​ការផ្តល់​សម្ភាសរ​ប​ស់លោក ឈុន កុសល ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​គ្រឺះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ AMK បានឱ្យដឹងថា យោងតាម​គោលនយោបាយ​នេះ​យើង​បាននិងកំពុង​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ​ដូច្នេះ​សង្ឃឹមថា​ការជំរុញឱ្យ​ពលរដ្ឋ​ក្រីក្រ​អាច​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​មានតម្លៃ​សមរម្យ និង​ប្រើប្រាស់​ឱ្យបាន​គ្រប់គ្នា​នឺង​អាចមាន​ដំណើការ​ទៅមុខ​ដោយ​រលូន ព្រោះ​យើង​បានធ្វើការ​បណ្តុះបណ្តាល​ផងដែរ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងនោះ​ឱ្យ​គា​ត់ព​ង្រឺ​ង​នូវ​ការយល់ដឹង​របស់​ពួកគាត់ មានន័យថា ធ្វើយ៉ាងណា​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​បាន​ប្រើប្រាស់​សេវា​នេះ ដូចជា​ប្រាក់កម្ចី បញ្ញើ និង​ការផ្ទេរ​ប្រាក់ ជាដើម ឱ្យ​គាត់​មានលទ្ធភាព​ប្រើប្រាស់​សេវា​នេះ​បាន​គ្រប់គ្នា​ស្របទៅតាម​គោលបំណង​នៃ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ (AFI)ដែល​បាន​ដាក់ចេញ​នូវ​វិធីសាស្ត្រ​ធ្វើយ៉ាងណា​ឱ្យ​ពលរដ្ឋ​ក្រីក្រ​អាច​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​មានតម្លៃ​សមរម្យ​នោះ៕

Advertisement