គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​តួនាទី​អ្វីខ្លះ​នៅក្នុង​សេដ្ឋកិច្ចសង្គម និង​ការរស់នៅ​របស់​ពលរ​ដ្ឋ?

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ(MFIs) គឺជា​អ្នកផ្តល់​សេវា​ហិរញ្ញវត្ថុ​ចម្បង​សម្រាប់​សេដ្ឋកិច្ច​ជនបទ ជាពិសេស​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​អាចជួយ​ដល់​អ្នក​ជនបទ​ក្រីក្រ​ក្នុងការ​បង្កើន​ប្រាក់ចំណូល ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ផ្តល់ទុន​ពង្រីក​មុខរបរ និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ពី​ស្ថានការណ៍​ខាងក្រៅ ដូចជា​ជំងឺ គ្រោះមហន្តរាយផ្សេងៗ និង​គ្រោះធម្មជាតិ​នានា ហើយ​ក៏មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​កាត់បន្ថយ​ភាពក្រីក្រ​ដែរ។

ម្យ៉ាងទៀត​នោះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ខ្នាតតូច និង​មធ្យម​ដែល​ផ្តល់​សេវាកម្ម​ប្រាក់​សន្សំ ប្រាក់​បញ្ញើ និង​ផ្តល់​សេវា​ប្រាក់កម្ចី​ខ្នាតតូច និង​ខ្នាត​មធ្យម​ទៅឱ្យ​ប្រជាជន​ក្រីក្រ និង​អ្នក​ដែល​ខ្វះ​ដើមទុន ឬ​អ្នកបង្កើត​មុខរបរ​ថ្មី ដើម្បីឱ្យ​ពួកគាត់​មាន​ជីវ​ភាពល្អ​ប្រសើរឡើង និង​ធ្វើឱ្យ​ខ្លួនឯង​មាន​និរន្តរភាព​ផងដែរ។

ដូច្នេះ​បើ​យើង​មាន​ចម្ងល់​ទៅលើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ថា តើ​មាន​តួនាទី​អ្វីខ្លះ​នៅក្នុង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នោះ? ចម្លើយ​ក៏​គឺ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន ដូចជា​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ដើមទុន(ទទួលបាន​ប្រាក់កម្ចី)ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត ក្នុងនោះ​ពួកគាត់​ទទួលបាន​នូវ​លទ្ធភាព​ក្នុងការ​ពង្រីក​អាជីវកម្ម ហើយក៏​អាច​ជំរុញការបង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​ឱ្យបាន​ច្រើនជាង​មុន ជួយ​ឱ្យ​គាត់​មាន​ជីវភាព​ធូរធារ​រួច​ចាក​ផុតពី​ភាពក្រីក្រ និង​ធ្វើឱ្យ​គាត់​មានលទ្ធភាព​បញ្ជូន​កូន​ទៅ​រៀន​បាន​ទៀតផង។

បច្ចុប្បន្ន​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះ​ហាក់​មានការ​ប្រកួតប្រជែង​កាន់តែខ្លាំង​ឡើង ព្រោះ​ចំនួន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កាន់តែ​កើន​ឡើងជា​បន្តបន្ទាប់ ខណៈ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​កម្ពុ​ជាមាន​ប្រមាណ​ជា 16លាន​នាក់​ប៉ុណ្ណោះ។ រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុ​ជាមាន​ប្រមាណ​ជាជាង 70គ្រឹះស្ថាន ចំណែក​ប្រតិបត្តិ​ករ​ឥណទាន​វិញ​មាន​ប្រមាណ​ជាជាង 200ផងដែរ តែ​ជាការ​កត់សម្គាល់​ចំពោះ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា មានការ​រីកចម្រើន​គួរឱ្យ​ចាប់អារម្មណ៍ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូចគ្នា។

លោក យក់ ចំរើន​ឬ​ទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ហ្វ័​រ​តេ​បានផ្តល់​ការពន្យល់​ដូច្នេះ​ថា គោលការណ៍​ទី1របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​គឺ​ការ​ផ្តល់ទុន (ប្រាក់កម្ចី)ទៅឱ្យ​អ្នក​ដែលមាន​ចំណូល​ទាប​ខ្ចី​យកទៅធ្វើ​ការរកស៊ី ប៉ុន្តែ​មុននឹង​ផ្តល់ឱ្យ​ប្រជាពលរដ្ឋ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានធ្វើ​ការសិក្សា​ច្បាស់លាស់​ពី​តម្រូវការ​ខ្ចីប្រាក់​របស់​អតិថិជន ដើម្បី​ឱ្យដឹងថា តើ​ប្រាក់​នោះ​គាត់​យកទៅ​ធ្វើ​អ្វី?។ បើសិនជា​អ្នក​ខ្ចីប្រាក់​គាត់​មាន​គោលការណ៍​ច្បាស់លាស់ គ្រឹះស្ថាន​នឹង​ឱ្យ​ខ្ចី ព្រោះ​នៅពេលដែល​គាត់​រកស៊ី​បាន គាត់​នឹងមាន​ប្រាក់​បង្វិល​មកឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិញ។ ទី2 គឺ​ពេល​ផ្តល់​កម្ចី​ទៅឱ្យ​ក្រុមហ៊ុន​ក្នុង​សហគ្រាស​ធុន​តូច និង​មធ្យម​ណាមួយ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក៏បានផ្តល់​ការប្រឹក្សា​យោបល់​ដែរ​ព្រោះ​គ្រឹះស្ថាន​គាត់​មាន​ក្រុម​ជំនាញ​ដែល​សិក្សា​ពីមុខ​របរ​របស់​សហ​គ្រាស​ធុន​តូច និង​មធ្យម​ឱ្យ​យល់ដឹង​ពី​គោលការណ៍​ច្បាប់ទម្លាប់​នៃ​ការប្រើប្រាស់​ទុន​ឱ្យ​សមស្រប និង​ត្រូវ​នឹង​តម្រូវការ។

លោក​បាន​បញ្ជាក់ថា៖ “នេះ​ជា​តួនាទី​ចម្បង​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​សេដ្ឋកិច្ច​សង្គមជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ពីព្រោះ​ការធ្វើឱ្យ​ជីវភាព​ប្រជាជន​នៅ​ជនបទ​មាន​ភាពល្អ​ប្រសើរឡើង គឺជា​ការរួមចំណែក​ដ​ល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​តាមរយៈ​ការដើរ-តួ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ដែលមាន​និរន្តរ​ភាពរឹងមាំ ជា​បេសកកម្ម​ដ៏​ពិសេស​ក្នុង​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​សហគមន៍ និង​សហគ្រាស​ខ្នាតតូច​នៅ​ជនបទ​ប្រកបដោយ​ក្ដី​ជឿជាក់ និង​មាន​និរន្តរភាព​ហិរញ្ញវត្ថុ។

លោក​ឧកញ៉ា​បណ្ឌិត ប៊ុន មុនី ប្រធាន​ក្រុមប្រឹក្សាភិបាល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វិថី​ម៉ា​យ​ក្រូ​ហ្វា​យ​ណាន់​បានឱ្យដឹងថា ធនាគារ​ភាគច្រើន​មាន​ការិយាល័យ​នៅ​ទីក្រុង និង​ទីប្រជុំជនធំៗ ឯ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ច្រើន​ធ្វើ​អាជីវកម្ម​នៅតាម​ទីជនបទ ហើយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ទិសដៅ​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ជនបទ និង​បានរួម​ចំណែក​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងការ​អភិវឌ្ឍ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ពួកគាត់​ឱ្យបាន​ល្អប្រសើរ​ឡើង និង​បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​យើង ហើយ​យើង​ក៏​មានជំនឿថា មីក្រូហិរញ្ញវត្ថុ​នឹង​ជួយ​រក​និរន្តរភាព​លើ​វិស័យនេះ​ដោយ​ខ្លួនឯងបាន​ទៅ​ថ្ងៃ​អនាគត​ដែរ។

លោក​ឧកញ៉ា​បណ្ឌិត ប៊ុន មុនី ប្រធាន​ក្រុមប្រឹក្សាភិបាល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វិថី​ម៉ា​យ​ក្រូ​ហ្វា​យ​ណាន់​

លោក​ឧកញ៉ា​បណ្ឌិត​ក៏បាន​បញ្ជាក់ដែរថា៖ “ប្រយោជន៍​របស់​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​វិស័យសេដ្ឋកិច្ច និង​សម្រាប់​ប្រទេស​កម្ពុជា​យើង​បានទទួល​ស្គាល់​ដោយ​អន្តរជាតិ គឺ​ការគ្រប់គ្រង​ឥណទាន និង​ការបញ្ចេញ​ឥណទាន​ទៅដល់​ដៃ​ប្រជាពលរដ្ឋ​ពិតប្រាកដ។ ដូច្នេះ​មីក្រូហិរញ្ញវត្ថុ​មាន​ប្រយោជន៍​សំខាន់បំផុត​សម្រាប់​ស្ថានភាព​នៅ​កម្ពុជា​យើង ហើយ​ខ្ញុំ​តែង​គាំទ្រ​ដល់​វិស័យនេះ ព្រោះ​គេ​បាន​ចូលខ្លួន​មក​បម្រើ​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ​ខ្មែរ​យ៉ាង​សមស្រប​ទៅតាម​ស្ថានភាព​វប្បធម៌ និង​ការរស់នៅ​របស់​ពលរ​ដ្ឋ​យើង។ ហិរញ្ញវត្ថុ​នៅក្នុង​វិស័យសេដ្ឋកិច្ច គឺ​ប្រៀបដូចជា​សរសៃឈាម​នៅក្នុង​ខ្លួន​មនុស្ស​បើសិន​អវយវៈ​ណាមួយ​ឈាមរ​ត់ទៅ​មិន​ដល់ អវយវៈ​នោះ​នឹង​ស្លាប់​ហើយ ដូចគ្នានេះដែរ សេដ្ឋកិច្ច​បើ​គ្មាន​ហិរញ្ញវត្ថុ​ទេ វា​នឹង​គ្មាន​ការរីកចម្រើន​ឡើយ។ ដូច្នេះ​មីក្រូហិរញ្ញវត្ថុ​ដែល​បានធ្វើ​អាជីវកម្ម​ទៅដល់​ទីជនបទ នឹង​ធ្វើឱ្យ​ទីជនបទ​មានការ​ផ្លាស់ប្តូរ។

យោងតាម​របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា ក្នុង​ត្រីមាស​ទី1 ដើមឆ្នាំ​នេះ​ការផ្តល់​ឥណទាន​មាន​ទឹកប្រាក់​ប្រមាណ​ជា 4.6ប៊ី​លាន​ដុល្លារ ពោលគឺ​កើនឡើង​ប្រមាណ 7.6% និង​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​នៅតាម​គ្រឹះស្ថាន​មាន​ប្រមាណ 2.12ប៊ី​លាន​ដុល្លារ​កើនឡើង 6.3% បើ​ធៀប​នឹង​ត្រីមាស​ទី4 ឆ្នាំ2017៕

Advertisement