សាលា​រាជធានី​ត្រៀម​រៀបចំ​តំបន់​ភាគខាងត្បូង​ឱ្យក្លាយ​ទៅជា​ទីក្រុង​បៃតង

ស្រប​ពេលដែល​កំណើនប្រជាជន​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មាន​ចំនួន​ច្រើន និង​មាន​ភាព​ចង្អៀត​កាន់តែខ្លាំងឡើងៗពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ អាជ្ញាធរ​សាលា​រាជធានីភ្នំពេញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​សាលាក្រុង​ប៉ារីស​រៀបចំ​ផែនការអភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ​ឱ្យ​កាន់តែ​ធំ​ទូលាយ ដោយ​យក​ទីតាំង​ភាគខាងត្បូង​ធ្វើជា​ទីតាំង​សម្រាប់​សាងសង់​សំណង់​គ្រឹះស្ថាន អគារ នានា និង​អភិវឌ្ឍ​តំបន់​នោះ​ឱ្យក្លាយ​ជាទី​ក្រុង​បៃតង​សម្រាប់​ទាក់ទាញ​ឱ្យ​ប្រជាពលរដ្ឋ​ចូលទៅ​រស់នៅ​កាន់តែ​ច្រើនឡើង។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី ភ្នំពេញ​បានធ្វើ​បទ​បង្ហាញ​នៅក្នុង​សិក្ខាសាលា​ជាមួយ​ភាគី​បារាំង​ដោយបាន​ដាក់ចេញ​នូវ​ផែនការ​ថ្មី​មួយ​ដើម្បី​ឆ្លើយតប​ទៅនឹង​លំហូរ​ចរាចរណ៍ទេសចរណ៍ សោភណភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​វិស័យផ្សេងៗនៅ​រាជធានី​ភ្នំពេញ ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​សាធារណៈ សំណង់​គ្រឹះស្ថាន អគារ​ពាណិជ្ជកម្ម​នានា​ក្នុង​ទីក្រុង​បៃតង​ថ្មី​មួយ​ដែលមាន​ទីតាំងនៅ​តំបន់​បឹង​ជើងឯក។

ឯកឧត្តម​បាន​មានប្រសាសន៍​បញ្ជាក់ថា “បច្ចុប្បន្ន​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​សាធារណៈ សំណង់​គ្រឹះស្ថាន អគារ​នានា ក្នុង​រាជធានី​ភ្នំពេញ​បានចាប់ផ្តើម​មានការ​អភិវឌ្ឍ​ឆ្លើយតប​នឹង​កំណើនប្រជាជន​ទីក្រុង​ដែល​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស។

គម្រោង​អភិវឌ្ឍន៍​ថ្មី​នេះ​ធ្វើឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ និង​សាលា​ក្រុងប៉ារីស​លើ​វិស័យ​នគរូបនីយកម្ម​ក្នុង​រាជធានី​ភ្នំពេញ ដោយ​តំបន់​ភាគខាងត្បូង​ជាទី​តាំង​ដែលមាន​ទំហំ​ធំ​ទូលាយ​មួយ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដែលមាន​សក្តានុពល​ក្នុងការ​អភិវឌ្ឍ​លើ​វិស័យផ្សេងៗ ពិសេស​សំណង់​ពាណិជ្ជកម្ម​ដែលជា​មូលហេតុ​នាំឱ្យ​សាលាក្រុង​ប៉ារីស​ដែលជាទី​ក្រុង​ដ៏​ធំ ទំនើប និង​មាន​បទពិសោធ​ក្នុង​ការរៀបចំ​ទីក្រុង​ឱ្យមាន​ភាពស្រស់​បំព្រង និង​ចង់ឱ្យ​តំបន់​នោះ​ក្លាយជា​តំបន់​បៃតង​ដែលមាន​បរិស្ថាន​ល្អ ពិសេស​ចៀស​ផុតពី​គ្រោះទឹកជំនន់។

លោកស្រី អេ​ឡូ​ឌី គុយ​អង់កា តំណាង​សាលាក្រុង​ប៉ារីស​នៃ​សាធារណរដ្ឋ​បារាំង​បាន​ថ្លែងថា ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ទីក្រុង​ដែល​ទីក្រុង​ភ្នំពេញ​បាននិងកំពុង​ជួបប្រទះ​នោះ​គឺមាន​ការងារ​អាទិភាព​ចំនួន2 ត្រូវបាន​ដាក់ឱ្យ​សិក្សា​មាន៖ 1-ការរៀបចំ​ផែនការអភិវឌ្ឍន៍​តំបន់​ភាគខាងត្បូង​ក្រុងភ្នំពេញ​ដែល​សព្វថ្ងៃ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង និង2-គឺ​ការពង្រឹង​ការរំដោះ និង​ការគ្រប់គ្រង​ច្រាំង​មាត់​ទន្លេសាប ព្រម​ជាមួយនឹង​ការពង្រីក​ទៅ​ភាគ​ខាងជើង​នៃ​តីរវិថី​ព្រះស៊ីសុវត្ថិ។

ភាគី​បារាំង​តែងតែ​ជួយ​គាំទ្រ​កិច្ចសហប្រតិបត្តិការ​ចំពោះ​សាលា​រាជធានី​ភ្នំពេញ និង​បាន​បញ្ជូន​អ្នកជំនាញ​មក​សិក្សា​ពី​ការអភិវឌ្ឍ​របស់​រាជ​ធានី​ភ្នំពេញ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ថែមទៀត​ក្នុង​កិច្ចប្រតិបត្តិការ​លើ​ការរៀបចំ​អភិវឌ្ឍ ជាពិសេស​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដូចជា​ការអភិវឌ្ឍ​បណ្តាញ​ធារាសាស្ត្រ សំណង់​ធំ​តូច លំហូរ​ចរាចរណ៍ រៀបចំ​បណ្តាញ​ផ្លូវ​ឱ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ព្រមទាំង​បន្ត​ចូលរួម​អនុវត្ត​លើ​ការអភិវឌ្ឍ​នគរូបនីយកម្ម និង​សំណង់​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​ស៊ីជម្រៅ​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ឱ្យ​ស្រស់បំព្រង​ឆ្លើយតប​ទៅនឹង​បរិការណ៍​ថ្មី​នៃ​សង្គម​សេដ្ឋកិច្ចកម្ពុជា។

គួរ​បញ្ជាក់ថា ដោយសារ​ទីតាំង​បឹង​ជើងឯក​នៅជាប់​ផ្លូវ​លេខ 60កំពុងមាន​សក្តានុពល បច្ចុប្បន្ន​គេ​សង្កេតឃើញ​វត្តមាន​សំណង់​លំនៅឋាន​នៃ​ក្រុមហ៊ុន​សាងសង់​មួយចំនួន​បាននិងកំពុង​ងាក​ឆ្ពោះទៅ​ទីនោះ​ជាបណ្តើរៗហើយ ដូចជា​សំណង់​លំនៅឋាន និង​ផ្សារ​ទំនើប ប៉េង​ហួត ផ្សារ​ទំនើប​អុ​ី​អន(AEON)ទី3 និង​ផ្សារ Makroទី2 ក៏​កំពុង​ត្រៀមខ្លួន​សាងសង់​នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​ក្នុងពេលឆាប់ៗនេះដែរ។

យោងតាម​ទិន្នន័យ​ស្ថិតិ​របស់​សាលា​រាជធានី​ភ្នំពេញ​ឱ្យដឹងថា បច្ចុប្បន្ន​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ​បាន​កើនឡើង​រហូតដល់ 1.7លាន​នាក់ គឺ​ប្រមាណ​ជា 56ភាគរយ ដែល​ភាគច្រើនជា​អ្នក​ចំណាកស្រុក​មកពី​បណ្តា​ខេត្តផ្សេងៗទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ចូលមក​បន្ត​ការសិក្សា និង​បំពេញការងារផ្សេងៗ ដែល​ធ្វើ​ទីក្រុង​កាន់តែ​មាន​ភាព​ចង្អៀត​ឡើង៕

Advertisement