របរ​ភ្ញាស់​កូន​មាន់​លក់ ប្រើ​រយៈពេល​ខ្លី និង​មាន​ទីផ្សា​ធំ

ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់ផ្ដើម​យល់ដឹង​ពី​ការទទួល​ទាន​អាហារ​ធម្មជាតិ​គ្មាន​ជាតិគីមី បានធ្វើឱ្យ​ការចិញ្ចឹម​មាន់​ស្រែ​លក់​ទទួលបាន​ការគាំទ្រ​ខ្លាំង​ឡើង ដែល​ធ្វើឱ្យ​របរ​ភ្ញាស់​កូន​មាន់លក់​ក៏​កាន់តែ​កាក់កប ឆាប់​ទទួលបាន​ផល និង​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ផងដែរ។

លោក សៅ ឌី ម្ចាស់​កសិដ្ឋាន​ភ្ញាស់​កូន​មាន់​ស្រែ​ដែលមាន​ទីតាំងនៅ​ក្នុងភូមិ​ឈើទាល ឃុំ​ឈូក ស្រុក​ឈូក ខេត្តកំពត បានឱ្យដឹងថា កន្លងមក​លោក​ធ្លាប់តែ​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​មើលឃើញ​តម្រូវការ​មាន់​ស្រែ​នៅលើ​ទីផ្សារ​កើនឡើង លោក​ក៏បាន​បង្កើត​កសិដ្ឋាន​ខ្នាតតូច​មួយ​ឡើង ដោយបាន​ច្នៃ​បង្កើត​ម៉ាស៊ីន​ភ្ញាស់​កូន​មាន់​ដោយ​ខ្លួនឯងបាន​ដោយ​ជោគជ័យ កាលពី​អំឡុង​ឆ្នាំ2016។

ក្រោយពី​បង្កើត​ម៉ាស៊ីន​ភ្ញាស់​កូន​មាន់បាន​ជោគជ័យ​រួចមក លោក​បាន​ចិញ្ចឹម​មេមាន់​ចំនួន​ជាង 30ក្បាល និង​មាន់​ឈ្មោល​ប្រមាណ​ជា 5-6ក្បាល ដែល​មេមាន់​ទាំងនោះ​មាន​សមត្ថភាព​អាចផ្ដល់​ស៊ុត​ឱ្យម្តងៗបាន​ចំនួន​ជាង300 ទៅ400គ្រាប់​សម្រាប់​ដាក់​ភ្ញាស់​មួយ​លើក។ តាមពិតទៅ លោក​មិនសូវ​បាន​ចិញ្ចឹម​មាន់​ច្រើន​ប៉ុន្មាន​ទេ ដោយសារតែ​ជាប់រវល់​ផលិត​ម៉ាស៊ីន​ភ្ញាស់​កូន​មាន់​លក់ ហើយ​សរុបទៅ​មកទល់​ពេលនេះ​លោក​ទើបតែ​ភ្ញាស់​បាន​ចំនួន 4-5លើក និង​លក់​កូន​មាន់​សរុប​បាន​ចំនួន​ប្រហែល​ជាជាង 2,000កូន​តែប៉ុណ្ណោះ។

លោក​បានបញ្ជាក់​បន្ថែម​ថា នៅពេលដែល​គេ​ចិញ្ចឹម​មាន់បាន​ពង​មកហើយ គេ​ត្រូវ​យកមក​ដាក់​នៅក្នុង​ធុង​ភ្ញាស់​ដោយមាន​ដោត​ភ្លើងអគ្គិសនី​កម្តៅ ហើយ​ត្រូវ​មើលថែ​ជាប់​ជាប្រចាំ ចៀសវាង​ភ្លើង​ក្តៅ​ខ្លាំង​ជ្រុល និង​ត្រជាក់​ជ្រុល។ ក្រោយពី​នោះ​មួយ​សប្តាហ៍ គេ​ត្រូវ​បើក​ទូ​ភ្ញាស់​នោះ​ពិនិត្យមើល​ម្ដង ដើម្បី​ឱ្យដឹងថា តើ​ពងមាន់​មួយណា​ដែល​មិនមាន​កូន និង​ត្រូវ​យកចេញ​ក្រៅ​ដើម្បី​កុំឱ្យ​ចង្អៀត​កន្លែង និង​កុំឱ្យ​ខាត​ភ្លើង​កម្ដៅ​ចោល។ រហូតដល់ 21ថ្ងៃ ទើប​កូន​មាន់​អាច​ញាស់​ឡើង​បានល្អ​តែម្តង។ ពេលនោះ​ត្រូវ​ដក​ចរន្តអគ្គិសនី​ចេញពី​ទូ ដើម្បី​ប្រមូល​កូន​មាន់​ទៅ​ចិញ្ចឹម​នៅក្នុង​ទ្រុង​ដែល​បានរៀបចំ​ទុក​រួចជាស្រេច។

សម្រាប់​ទ្រុង​ចិញ្ចឹម​កូន​មាន់ គេ​ត្រូវ​រៀបចំ​ក្នុង​ទីកន្លែង​ដែល​ស្អាត គ្មាន​មេរោគ និង​ការពារ​កុំឱ្យ​ត្រូវ​ទឹកភ្លៀង ឬ​ត្រូវ​ពន្លឺ​ចាំង​ចូលមក​នាំឱ្យ​កើន​កម្ដៅ​ឡើង​ខ្លាំងពេក ព្រោះថា ក្នុង​រោង​ច​ញ្ចឹ​ម​កូន​មាន់​នោះគេ​មាន​ដាក់​បំពង់ ឬ​ក្អម​ដើម្បី​ដុត​ធ្យូង​សម្រាប់​កម្ដៅ​រួចស្រេច​ហើយ។ សម្រាប់​កូន​មាន់តូចៗទើបនឹង​ញាស់​ឡើង​នេះ​វា​មិនចេះ​ស៊ី​ចំណី​រឹង​ខ្លាំង​ទេ​ពោល​កសិករ​ត្រូវយក​ចំណី ស្រូវ ពោតឬ​អង្ករ​ទៅបុក ឬ​កិន​ឱ្យ​បែក​ជា​គ្រាប់​តូចប៉ុនៗចុងអង្ករ ទើប​វា​អាច​ស៊ី​បាន ឬ​បើ​យើង​មិន​ចង់​ធ្វើ​ដូច្នេះ​ទេ យើង​អាច​ទៅ​ទិញ​ចំណី​ពី​ផ្សារ​មក​បំប៉ន​កូន​មាន់​មួយរយៈ​ជាមុនសិន ទម្រាំ​នឹង​វា​រឹង​ដៃ​រឹង​ជើង​អាច​ដើរ​បាន និង​ចេះ​រក​ចំណី​ស៊ី​ដោយ​ខ្លួនឯងបាន​ខ្លះ។

បន្ទាប់ពី​កូន​មាន់​អាយុ​បាន1សប្តាហ៍ គឺ​វា​មាន​កម្លាំង​ខ្លះ​ហើយ និង​អាច​លែង​ចេញពី​ទ្រុង​ឱ្យ​ដើររក​ចំណី​ខាងក្រៅ​បានខ្លះៗហើយ និង​គេ​អាច​វា​ចាប់​លក់បាន​ជាប​ណ្តើរៗហើយ ដោយ​កូន​មាន់​មួយ​ក្បាល​តម្លៃ​ពី 3-4ពាន់​រៀល​ទៅតាម​ការ​កុម្ម៉ង់​តិច ឬ​ច្រើន និង​កូន​មាន់​ដែលមាន​អាយុ 2សប្តាហ៍​មានតម្លៃ 4-5ពាន់​រៀល និង​អាយុ 3សប្តាហ៍​មានតម្លៃ​ចន្លោះ​ពី 5-6ពាន់​រៀល​ក្នុង​មួយ​ក្បាល។ លោក​ថា ការ​ភ្ញាស់​កូន​មាន់​លក់ គឺ​មិនដែល​គ្រប់​តាម​ការ​កុម្ម៉ង់​របស់​អតិថិជន​នៅក្នុង​ភូមិ​ស្រុក​ឬ​មកពី​បណ្តា​ខេត្តផ្សេងៗនោះទេ ដោយសារ​លោក​រវល់​តែ​ចំណាយពេល​ផលិត​ម៉ាស៊ីន​ភ្ញាស់​កូន​មាន់​លក់ ទើប​មិនសូវមាន​ពេល​ទៅ​ចិញ្ចឹម​មាន់​យក​ពង​សម្រាប់​ភ្ញាស់​កូន​មាន់​លក់។

គួរ​បញ្ជាក់ថា នៅក្នុង​ស្រុក​ឈូក​នេះ​មិនមែន​មានតែ​កសិដ្ឋាន​របស់លោក សៅ ឌី​តែមួយ​នោះទេ​ដែល​ចិញ្ចឹម​មាន់​សម្រាប់​យក​ស៊ុត​ភ្ញាស់​យក​កូន​លក់​នោះ​ប៉ុន្តែ​នៅមាន​កសិដ្ឋានធំៗចំនួន 3-4ទីតាំង​ផ្សេងទៀត​ក៏​ចិញ្ចឹម​មាន់​យក​ស៊ុត​ភ្ញាស់​យក​កូន​លក់​ដែរ ប៉ុន្តែ​នៅតែ​មិនអាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​អតិថិជន​នៅលើ​ទីផ្សារ​ដដែល។

កសិករ​ម្នាក់​ឈ្មោះ តាន់ លី អ្នកទិញ​កូន​មាន់​យកទៅ​ចិញ្ចឹម​នៅក្នុង​ស្រុក​ឈូក​នោះដែរ​មានប្រសាសន៍​ឱ្យដឹង​ដែរ​ថា លោក​យក​កូន​មាន់​នោះ​ទៅ​បំប៉នចំណី​ធម្មជាតិ​សុទ្ធសាធ ដូចជា​យក​កន្ទក់​មក​ដាំ​ជាប​បរលាយ​ជាមួយ​ត្រកួន​ឱ្យ​ស៊ី និង​មាន​ចំណី​ផ្សេងទៀត ដូចជា​គ្រាប់ពោត គ្រាប់ស្រូវ និង​ចុងអង្ករ​ទុក​សម្រាប់​បាច​ឱ្យ​កូន​មាន់​ស៊ី​បន្ថែម​ពេល​រក​ចំណី​ខាងក្រៅ​ស៊ី​មិន​គ្រប់គ្រាន់​ដើម្បី​បំប៉ន​ឱ្យ​វាឆាប់​ធំធាត់។

ត្រឹមតែ​រយៈពេល 3ខែ​ប៉ុណ្ណោះ កូន​មាន់​នឹង​ធំ​មាន​ទម្ងន់​បាន1គីឡូ ឬ​ជាង 1គីឡូ​ក៏មាន។ ឯ​តម្លៃ​លក់​វិញ ជាធម្មតា​គេ​លក់​បោះ​ដុំ​ឱ្យ​ម៉ូយ​ដែល​មក​ទិញ​ដល់ផ្ទះ បាន​មួយ​គីឡូក្រាម​ថ្លៃ 18,000រៀល ហើយ​មាន​ប៉ុន្មាន​ក៏​គេ​ទិញយក​ទាំងអស់​ដែរ ព្រោះថា សាច់មាន់​ស្រែ​កំពុងមាន​តម្រូវការ​ខ្លាំងណាស់​នៅលើ​ទីផ្សារ ទាំង​នៅ​ជនបទ​ស្រុកស្រែ និង​នៅក្នុង​ទីប្រជុំជន​នានា​ទូទាំងប្រទេស៕

Advertisement