ដឹង​ទេ​ថា ប៉ុន្មាន​ថ្ងៃនេះ​កម្ពុជា​ទទួលបាន​កាដូ​អ្វីខ្លះ​ពី​ជប៉ុន?

ភ្នំពេញ – ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ត្រូវបាន​ប្រជាជន​កម្ពុជា​ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​ទៅលើ​សកម្មភាព​នៃ​ជំនួប​រវាង​ប្រមុខ​ប្រទេស​ទាំងពីរ ថា​តើ​អាចមាន​ផល​វិជ្ជមាន​អ្វីខ្លះ​ដល់​កម្ពុជា​យើង?

តាមរយៈ​បណ្ដាញ​ផ្សព្វផ្សាយ​ជាច្រើន​នៅក្នុង​ស្រុក​បានបង្ហាញ​ពី​សកម្មភាព​នៃ​កិច្ច​ខំប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការស្នើ​ប្រទេស​ជប៉ុន​ឱ្យជួយ​បន្ថែម​មកលើ​កម្ពុជា។ តើ​ជប៉ុន​បានផ្ដល់​កាដូ​អ្វីខ្លះ​ដល់​កម្ពុជា?  ក្នុងជំនួប​រវាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ដ្រី​ជប៉ុន Shinzo Abe ធ្វើឱ្យ​កម្ពុជា​ទទួលបាន៖

  1. ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​សរុប​ចំនួន 3,948លាន​យ៉េន (ប្រមាណ35លាន​ដុល្លារ​អាមេរិក) សម្រាប់​អនុវត្ដ​គម្រោងការ​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ប្រព័ន្ធ​ការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ​ក្នុងតំណាក់កាល​ទី4។
  2. ការផ្ដល់​ឥណទាន​សម្បទា​ន​ចំនួន 35,502លាន​យ៉េន (ប្រមាណ209 លាន​ដុល្លារ​អាមេរិក) សម្រាប់​អនុវត្ដ​លើ​គម្រោង​អភិវឌ្ឍន៍​ចំណត​កុង​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។
  3. នៅ​ខែមករា ឆ្នាំ2018 ខាងមុខនេះ​ជប៉ុន​នឹង​បើក​ការិយាល័យ​កុងស៊ុល​នៅ​ខេត្ដ​សៀមរាប​ដែល​នឹង​បង្ក​ភាពងាយស្រួល​ដល់​វិនិយោគិន និង​ទេសចរ​ជប៉ុន​ទៅ​ទស្សនកិច្ច​នៅ​ខេត្ដ​សៀមរាប។
  4. នាយករដ្ឋមន្ដ្រី Shinzo Abe នឹង​បន្ដ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កើនឡើង​ជាង2,000លាន​ដុល្លារ​អាមេរិក។ ពិសេស​បាន​សន្យាថា នឹង​ជួយ​ដល់​កម្ពុជា​ឱ្យ​កា្ល​យ​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030។
  5. រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​នឹង​ផ្ដល់​កប៉ាល់​ប្រដេញ2គ្រឿង​ឱ្យ​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​រូ​ម​ចំណែក​ពង្រឹង​ការប្រឆាំង​អំពើ​រត់ពន្ធ​នៅលើ​ផ្ទៃសមុទ្រ​កម្ពុជា។
  6. ជប៉ុន​នឹង​ជួយ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​ប​ម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម។
  7. ជប៉ុន​នឹងសិក្សា​គម្រោង​រថភ្លើង​ធុន​ស្រាល​ស្វ័យ​ប្រ​វ​ត្ដិ​លើ​អាកាស​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ និង​ទាក់ទាញ​ភ្ញៀវ​ទេ​ចរណ៍។
  8. ជប៉ុន​នឹង​ពិភាក្សា​ជាមួយ​ប្រទេស​បារាំង​ដែលជា​សហប្រធាន​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ​សម្រាប់​ប្រាសាទ​អង្គរវត្ដ ហៅ​កាត់​ថា ICC អង្គរ និង​អង្គការ​យូណេស្កូ ដើម្បី​ពង្រីក​ដែន​សមត្ថកិច្ច ICC អង្គរ​គ្រប់​ដណ្ដប់​លើ​ប្រាសាទសំបូរព្រៃគុក​ផងដែរ។
  9. អ្វីដែល​ប្រជាជន​កម្ពុជា​កំពុងតែ​រំពឹង​បន្ថែមទៀត​នោះ គឺ​ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ទៅកាន់​រោងចក្រ​កែច្នៃ​សំរាម​នៅ​ប្រទេស​ជប៉ុន​រួចមក ភាគី​ជប៉ុន​នឹង​ផ្ដល់ជំនួយ​មកដល់​កម្ពុ​ជា​បន្ថែម​នូវ​អគារ​កម្ពស់6ជាន់​ដើម្បី​កែច្នៃ​សំរាម​នៅក្នុង​ទីក្រុង​ភ្នំពេញ​ទៅជា​ជី និង​ថាមពល​អគ្គិសនី​បន្ថែមទៀត៕
Advertisement