អ៊ិន ចាន់​រតនា កំពុង​សម្លឹងមើល​ផលិតកម្ម​ថ្មី​បង្កើន​ប្រជាប្រិយភាព​

មានឈ្មោះ​ថា​ជា​តារាចម្រៀង និង​ធ្លាប់បាន​ចរាចរណ៍​បទ​ចម្រៀង​ជាច្រើន​បទ​នៅលើ​ទីផ្សារ​យ៉ាងណាក៏ដោយ ក៏​ប្រជាប្រិយភាព​របស់លោក អ៊ិន ចាន់​រតនា ត្រូវបាន​គេ​សង្កេតឃើញថា ហាក់​នៅមានកម្រិត​នៅឡើយ ហើយក៏​កម្រ​បានចេញ​មុខជា​សាធារណៈ​ដូច​តារា​ដទៃទៀត​នោះដែរ បើទោះបីជា​នៅពេល​បច្ចុប្បន្ននេះ មានកម្ម​វិធី​ប្រគំ​តន្ត្រី​បង្ហាញ​ពី​ផលិតផល​នានា​ជាច្រើន​កំពុងតែ​សម្រុក​បង្កើត​ព្រឹត្តិការណ៍​យ៉ាង​គគ្រឹកគគ្រេង ។

អស់​រយៈពេល​ប្រមាណ​ជា3ឆ្នាំ​កន្លងមកហើយ ដែល​លោក អ៊ិន ចាន់​រតនា បានសម្រេច​ចិត្ត​ឈោង​ចាប់​អាជីព​ជា​តារាចម្រៀង​តាមរយៈ​ការចូលរួម​ប្រឡង​នៅក្នុង​កម្មវិធី «ផ្កាយ​រះ​ក្នុង​សួន» ដែល​រៀបចំឡើង​ដោយ​ស្ថានីយទូរទស្សន៍​អប្សរា ប៉ុស្តិ៍​លេខ11 ជាមួយនឹង​លទ្ធផល​ជាប់​ជម្រុះ​នៅក្នុង​វគ្គ​ចុងក្រោយ​នៃ​បេក្ខជន​សំឡេង​ពិ​រោះ​រណ្តំ។ បន្ទាប់ពីនោះ លោក ចាន់​រតនា ក៏បាន​ចូល​បង្ហាញខ្លួន​នៅក្នុង​ផលិតកម្ម​ក្នុងស្រុក​មួយ រួម​ជា​នឹង​ការផលិត​បទ​ចម្រៀង​ចេញលក់​នៅលើ​ទីផ្សារ​ជា​បន្តបន្ទាប់ ដែល​ក្នុង​នៅក្នុង​បទ​ចម្រៀង​ដែល​ទទួលបាន​ប្រជាប្រិយភាព​គួរសម​ពី​សំណាក់​អ្នក​ស្តាប់ រួមមាន​បទ «ហេតុតែ​ស្រឡាញ់» និង​បទ «ចង់​បែក កុំ​ឆ្លើយ​អត់​អារម្មណ៍» ខណៈដែល​បទ​ទាំង2នេះហើយ ដែល​ជួយ​ជម្រុញ​កេរ្តិ៍​របស់លោក​ឱ្យគេ​ស្គាល់​ជា​សាធារណៈ។

ជាថ្មី​ម្ដងទៀត កាលពីពេល​កន្លងទៅថ្មីៗនេះ​តារាចម្រៀង​ដែល​ទើបតែ​ចុះឈ្មោះ​ជា​សមាជិកគ្រួសារ​តារា​កម្ពុជា លោក អ៊ិន ចាន់​រតនា បាន​ពង្រីក​វិសាលភាព​នៃ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​គួរ​ជាទី​មោទន ជាមួយនឹង​ការផលិត​បទ​ចម្រៀង​តប​ទៅតាម​សំណូមពរ​របស់​ពលរ​ករ​ខ្មែរ នៅ​ប្រទេស​កូរ៉េ ដើម្បី​ចែករំលែក​នៅលើ​បណ្តាញ​គេហទំព័រ Youtube រួមមាន​បទ «សង្សារ​ទៅ​កូរ៉េ​ចោល» និង​បទ «ព្រះ​គុណ​ម៉ែ» ក្រោម​ការទទួលបាន​ចំនួន like ជាច្រើន​ពាន់​នាក់ ។ លោក អ៊ិន ចាន់​រតនា បាន​បង្ហើប​ប្រាប់​យ៉ាង​ដូច្នេះ​ថា ៖ «សម្រាប់​បទ​ចម្រៀង​ទាំង 2 ខាងលើនេះ ពិតជា​ទទួល​បានការ​គាំទ្រ​ច្រើន​មែន ប៉ុន្តែ​មិនបាន​ថត​ជា MV នោះឡើយ ព្រោះ​គ្រាន់តែ​ថត​ជា​បទ​ចម្រៀង ហើយ​បង្ហោះ​នៅលើ Youtube តែប៉ុណ្ណោះ ។ ប៉ុន្តែ​ដោយសារតែ​បទ​ទាំង2នេះ វា​មាន​អត្ថន័យ​ជ្រាលជ្រៅ និង​បង្កប់​ទៅដោយ​មនោសញ្ចេតនា​ផង​នោះ ទោះជា​មិនមាន​រូបភាព​កាយវិកា ក៏​អាច​ទាក់ទាញ​ចំនួន like បានដែរ » ។

ភ្ជាប់​ជាមួយនឹង​ការបង្ហាញ​ពី​មោទនភាព​ដែល​ទទួលបាន​ការគាំទ្រ​ទៅលើ​បទ​ចម្រៀង​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ Youtube ខាងលើនេះ មាន​សំណួរ​មួយ​ចោទ​សួរថា បើ​បទ​ចម្រៀង​របស់លោក​ទ​ទួលបាន​ការគាំទ្រ​ពី​សំណាក់​អ្នក​ស្តាប់ ចុះ​ហេតុអ្វី​បានជា​វត្តមាន​របស់លោក​ហាក់​ត្រូវបាន​ស្ងប់ស្ងាត់​ពី​វិស័យ​មួយ​នេះ ? ជាការ​ឆ្លើយតប​ទៅនឹង​សំណួរ លោក អ៊ិន ចាន់​រតនា បាន​និយាយថា ដោយសារតែ​លោក​បាន​ចាក​ចេញពី​ផលិតកម្ម​ចាស់ ដ្បិត​ការ​ជ្រកកោន​មួយរយៈ​កន្លងទៅនេះ​ហាក់​មិនមាន​លទ្ធផល​ល្អ​ដូច​ការរំពឹងទុក ។ លោក​បញ្ជាក់ថា « ពេលនេះ​ខ្ញុំ​បាន​ចាក​ចេញពី​ក​ម្លែ​ង​ចាស​ហើយ ហើយក៏​កំពុង​សម្លឹងមើល​ផលិតកម្ម​ថ្មី​ណាមួយ​ដែល​អាច​បន្ត​ក្ដីសង្ឃឹម​របស់ខ្ញុំ​បាន។ ពេលនេះ​ខ្ញុំ​មាន​បទ​ចម្រៀង Original Song ដែល​និពន្ធ​ឡើង​ដោយ​ខ្លួនឯង ហើយ​ក៏មាន​អត្ថន័យ​ល្អ​គួរសម ។ ខ្ញុំ​នឹង​បង្ហាញ​ស្នាដៃ​ថ្មី​នេះ​នៅក្នុង​ផលិតកម្ម​ថ្មី​ណាមួយ​ដែល​ខ្ញុំ​អាច​សហការ​បាន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខឆាប់ៗនេះ »៕

Advertisement