​ ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​ ​ចាប់ផ្តើម​មានការ​កើនឡើង​ ​

October 7, 2019​ ម៉ោង 8:49 pm

ការប្រើ​ប្រាស់​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​(​Fintech​)​ ​ថ្វី​ដ្បិតតែ​បាន​បង្ហាញ​ពី​កំណើន​ខ្ពស់​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏ដោយ​ ​ក៏​តួលេខ​នៅ​មាន​អត្រា​ទាប​នៅឡើយ​ ​។​ ​នេះ​បើ​តាម​ ​Mekong​ ​Strategic​ ​Partners​ ​(​MSP​)​។​ ​

​ក្រុមហ៊ុន​ ​MSP​ ​បានឱ្យ​ដឹង​ថា​ ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​ក្នុង​ឆ្នាំ2019​ ​នេះ​ត្រូវ​បាន​ព្យាករ​ថា​នឹង​មានតម្លៃ​សរុប​ប្រមាណ​ ​2,215លាន​ដុល្លារ​កើនឡើង37​%​ ​បើ​ធៀប​នឹង​ឆ្នាំ2018​។​ ​MSP​ ​បាន​ព្យាករ​ថា​ ​អត្រា​នេះ​នឹង​កើនឡើង​ដល់​ ​3,469លាន​ដុល្លារ​នៅ​ឆ្នាំ2020​។​

ទោះបីជា​និន្នាការ​នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុង​មានការ​វិវឌ្ឍ​ទៅមុខ​យ៉ាង​លឿន​ក៏ដោយ​ ​ក៏​អត្រា​នៃ​អ្នកប្រើ​ប្រាស់​នៅ​មានកម្រិត​ទាប​នៅឡើយ​ ​បើ​ធៀប​នឹង​ការ​ទូទាត់​តាមរយៈ​ភ្នាក់ងារ​ដែល​មាន​រហូតដល់​ជាង​ ​90​%​។​
​ ​ថ្លែង​ក្នុង​ទិវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​Cambodia​ ​Fintech​ ​Day​)​លោកជំទាវ​ ​នាវ​ ​ច័ន្ទ​ថា​ណា​ ​ទេសាភិបាល​រង​នៃ​ធនាគារជាតិនៃកម្ពុជា​បាន​មានប្រសាសន៍​ថា​ ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន​រួមចំណែក​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ ​និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​យ៉ាងច្រើន​ ​ខណៈ​វា​ជួយ​ធ្វើ​ឱ្យ​ការ​ទូទាត់​មាន​ភាព​ឆាប់រហ័ស​ ​និង​មានការ​ចំណាយ​តិច​។​

​ ​លោកជំទាវ​មានប្រសាសន៍​ថា​៖​ ​«​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មាន​តួនាទី​យ៉ាង​សំខាន់​ ​ព្រោះ​វា​ជា​នវានុវត្តន៍​ក្នុង​ការចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា​ ​ហើយ​ធនាគារ​ ​ADB​ ​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ដល់​ធនាគារជាតិ​ក្នុង​ការជំរុញ​ការប្រើ​ប្រាស់​ ​Fintech​ ​នៅ​កម្ពុជា​»​។​

​ ​លោកស្រី​ ​អំ​ ​គី​មតុល​ ​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​តាម​បណ្តាញ​ទូរស័ព្ទ​ ​BIMA​ ​បាន​លើកឡើង​ថា​ ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការ​ដំណើរការ​របស់​ក្រុមហ៊ុន​របស់​លោកស្រី​ ​ព្រោះ​គ្រប់​ប្រតិបត្តិ​ការផ្ទេរ​ប្រាក់​រវាង​អតិថិជន​ជាមួយ​ក្រុមហ៊ុន​ ​គឺ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​100​%​។​
​ ​
​ ​ ​លោក​ ​គឹម​ ​បូរ៉ា​ ​តំណាង​មក​ពី​ក្រុមហ៊ុន​ ​Mekong​ ​Strategic​ ​Partners​ ​បានឱ្យ​ដឹង​ថា​បច្ចុប្បន្ន​ការ​ទូទាត់​តាមរយៈ​ភ្នាក់ងារ​មាន​សកម្មភាព​ខ្លាំង​នៅ​កម្ពុជា​ ​ប៉ុន្តែ​ការប្រើ​ប្រាស់​តាមរយៈ​មធ្យោបាយ​ប្រព័ន្ធ​អេឡិចត្រូនិក​តាមរយៈ​ ​Mobile​ ​App​ ​មាន​អត្រា​មិនដល់​ ​10​%​នោះ​ទេ​។​ ​

​ ​លោក​ ​គឹម​ ​បូរ៉ា​ ​បញ្ជាក់​ថា​៖​ ​«​ការប្រើ​ប្រាស់​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​រីកចម្រើន​យ៉ាង​រហ័ស​ ​ប៉ុន្តែ​អត្រា​អ្នកប្រើ​ប្រាស់​នៅ​ទាប​នៅឡើយ​។​ ​ចំណេះដឹង​ទាក់ទង​នឹង​បច្ចេកវិទ្យា​ ​និង​ការ​ផ្សព្វផ្សាយ​ក្នុងចំណោម​សាធារណជន​នៅ​មានកម្រិត​នៅឡើយ​ ​ដែល​ធ្វើ​ឱ្យ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ភាគច្រើន​មានតែ​នៅ​ភ្នំពេញ​ប៉ុណ្ណោះ​។​ ​ទោះបី​យ៉ាងណា​ខ្ញុំ​គិតថា​ ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នឹង​មាន​កំណើន​ខ្ពស់​នៅពេលអនាគត​»​៕​