បន្តិចទៀតប្រជាជនអាចឆែកទិន្នន័យនៃរបាយការណ៍កម្ចីរបស់ខ្លួនពី CBC នៅគ្រប់ទីកន្លែងក្នុងប្រទេសតាមរយៈធនាគារអេស៊ីលីដា

ប្រជាជន​កម្ពុជា​អាច​នឹងមាន​ភាពងាយស្រួល​កាន់តែខ្លាំង​ក្នុងការ​ស្នើសុំ​មើល​ពី​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​ពី​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) នៅ​ទូទាំងប្រទេស​បន្ទាប់ពី​ស្ថាប័ន​ដ៏​សំខាន់​មួយ​នេះ​បាន​ចាប់ដៃគ្នា​ជាមួយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដើម្បី​ផ្តល់​សេវាកម្ម​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ឬ​ដែល​យើង​ស្គាល់​ជាទូទៅ​ថា ​ពិនិត្យមើល​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន។

លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) បាន​លើកឡើងថា ក្នុង​រយៈពេល​ជាង 6ឆ្នាំ​នៃ​ប្រតិបត្តិការ CBC បានចាប់ផ្តើម​ជាមួយ​របាយការណ៍​ឥណទាន​អតិថិជន​ដែល​អនុញ្ញាតឱ្យ​សមាជិក​របស់​យើង​អាច​ស្វែងយល់​ពី​អតិថិជន​របស់​ពួកគេ​កាន់តែច្បាស់ និង​ធ្វើការ​សម្រេចចិត្ត​លើ​ឥណទាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ។

បន្ថែម​ពីលើ​នេះ ប្រព័ន្ធ​មួយ​នេះ​ក៏​អាចជួយ​ដល់​អតិថិជន​ទូទៅ​ក្នុងការ​ស្នើសុំ និង​ស្វែងយល់​ពី​ព័ត៌មាន​ឥណទាន​របស់​ពួកគេ​កាន់តែ​ប្រសើរឡើង ដែល​នឹង​ជួយ​ពួកគេ​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ការស្នើ​កម្ចី។ មិនតែប៉ុណ្ណោះ​ប្រព័ន្ធ​នេះ​ក៏​ចូលរួមចំណែក​ដល់​ស្ថិរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ផងដែរ។

លោក អឿ សុធា​រ័ត្ន បាន​និយាយថា៖ «ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​របា​យ​ការណ៍​ឥណទាន​ចំពោះ​ប្រជាជន​កម្ពុជា និង​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​នៅតាម​បណ្តា​ខេត្ត ការិយាល័យ​ឥណទាន​កម្ពុជា បាន​បង្កើត​សេវា​កម្មនេះ​ឡើង​ដោយ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម​ជាមួយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ក្នុង​ការផ្តល់សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​នេះ ដោយជំហានដំបូងយើងដាក់ឱ្យដំណើរការនៅតាមសាខារបស់ធនាគារអេស៊ីលីដាចំនួន 5ខេត្ត-ក្រុង ហើយគ្រោងនឹងពង្រីកឱ្យបានទូទាំងប្រទេសនៅចុងឆ្នាំ2019 នេះ»។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា ធនាគារអេស៊ីលីដា ភីអិលស៊ី មានក្តីសោមនស្សរីករាយ ដោយបានចាប់ដៃគូសហប្រតិបត្តិការជាមួយការិយាល័យឥណទានកម្ពុជា ក្នុងការបម្រើសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាឱ្យបានកាន់តែទូលំទូលាយតាមរយៈការស្នើសុំឆែករបាយការណ៍ឥណទានផ្ទាល់ខ្លួននៅតាមសាខានៃធនាគារអេស៊ីលីដា ភីអិលស៊ីទាំង 5សាខា។ លោកបណ្ឌិត អ៊ិន ចាន់នី បាននិយាយថា៖ «សេវានេះនឹងជួយដល់អតិថិជនក្នុងការស្វែងយល់ពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ព្រោះនៅពេលប្រជាជនបានដឹងច្បាស់ពីស្ថានភាពផ្ទាល់ខ្លួនលើលទ្ធភាពនៃការខ្ចីពីស្ថាប័នហិរញ្ញវត្ថុហើយ គាត់នឹងអាចគ្រប់គ្រងស្ថានភាពរបស់គាត់បានល្អ ហើយចៀសវាងបាននូវការខ្ចីហើយមិនមានលទ្ធភាពបង់សងមកវិញដែលបង្កការលំបាកដល់ខ្លួនគាត់ផ្ទាល់ផង និងដល់គ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់កម្ចីសម្រាប់គាត់ផង»។

គួរបញ្ជាក់ផងដែរថា សេវាត្រួតពិនិត្យហិរញ្ញវត្ថុ គឺជាសេវាកម្មមួយរបស់ CBC ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅអាចពិនិត្យមើលរបាយការណ៍ឥណទាន ឬលទ្ធភាពក្នុងការប្រើប្រាស់ឥណទានដោយខ្លួនឯងតាមរយៈភ្នាក់ងារដៃគូយុទ្ធសាស្រ្តរបស់ CBC។ ដើម្បីប្រើប្រាស់សេវាកម្មនេះ អតិថិជនគ្រាន់តែយកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលនៅមានសុពលភាព ហើយអញ្ជើញទៅកាន់សាខាទាំង5 របស់ធនាគារអេស៊ីលីដា ភីអិលស៊ី ដូចជាទីស្នាក់ការកណ្តាល សាខាសៀមរាប សាខាកំពង់ស្ពឺ និងសាខាខេត្តកណ្តាល។

សូមរំឭកថា ដោយចាប់ផ្តើមដំណើរការជាផ្លូវការនៅឆ្នាំ2012 CBCបានបម្រើដល់សមាជិក និងអតិថិជនជាមួយនឹងសេវាកម្មស្នូល គឺរបាយការណ៍ឥណទានអតិថិជន។ ប្រព័ន្ធនេះបានចូលរួមចំណែកជាប្រយោជន៍យ៉ាងច្រើនដល់ភាគីពាក់ព័ន្ធ រួមមានប្រជាជន ស្ថាប័នហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុ៕

Advertisement