ថៃ​បង្កើត​របាំង​សម្រាប់​ទំនិញ​ចេញ-ចូល​កម្ពុជា

ខណៈ​ការតភ្ជាប់​មធ្យោបាយ​ដឹកជញ្ជូន​រវាង​ប្រទេស​កម្ពុជា និង​ថៃ កាន់​តែមាន​ភាពល្អប្រសើ​រ​នោះ ការដឹកជញ្ជូន​ទំនិញ​ចេញ-ចូល​របស់​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ទី3 ដោយ​ឆ្លងកាត់​ប្រទេស​ថៃ បែរជា​អាច​នឹង​ជួប​ផល​លំបាក​ខ្លះ​ទៅវិញ ដោយសារតែ​ច្បាប់​គយ​ថ្មី​របស់​ថៃ ដែល​មិន​អនុញ្ញាតឱ្យ​កម្ពុជា​នាំ​ទំនិញ​ឆ្លងកាត់​ប្រទេស​ថៃ​ឡើយ។

បើទោះបីជា​អាជ្ញាធរ​ថៃ​ហា​ក់នៅ​យោគយល់ និង​ផ្តល់​ការអនុគ្រោះ​ឱ្យ​កម្ពុជា​នាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ទី3 និង​នាំចូល​ទំនិញ​ពី​ប្រទេស​ទី3 ដោយ​ឆ្លងកាត់​ប្រទេស​ខ្លួន​ក៏ដោយ ប៉ុន្តែ​ច្បាប់​គយ​ថ្មី​របស់​ភាគី​ថៃ បាន​ក្លាយជា​របាំង​សម្រាប់​កម្ពុជា​រួចទៅហើយ។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា នៅ​ថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2017បានចេញ​សេចក្តីប្រកាស​មួយ ដោយ​អះអាងថា អាជ្ញាធរ​ថៃ នឹង​នៅតែ​បន្ត​អនុញ្ញាតឱ្យ​ដឹកទំនិញ​ឆ្លងកាត់​តាមផ្លូវ​គោក​ពី​ប្រទេស​ទី3 ចូលមក​កម្ពុជា និង​ពី​កម្ពុជា ទៅកាន់​ប្រទេស​ទី3 រហូតដល់​កិច្ចព្រមព្រៀង​ថ្មី​ត្រូវបាន​ចុះហត្ថលេខា​រវាង​ភាគី​ទាំងពីរ បើទោះបីជា​ច្បាប់​គយ​ថ្មី​របស់​ថៃ ដែល​នឹង​ហាមឃាត់​មិនឱ្យ​មានការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវគោក​ឆ្លងកាត់​ប្រទេស​ថៃ​បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2017 នេះ​ក៏ដោយ។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​បញ្ជាក់ថា ការអនុញ្ញាត​នេះ គឺ​ស្របតាម​ស្មារតី​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា-ថៃ លើក​ទី3 ដែល​បាន​ប្រព្រឹត្តឡើង​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី07 ខែកញ្ញា ឆ្នាំ2017 ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ។

កន្លងមក​សហគមន៍​អ្នក​ប្រកប​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា តែងតែ​ប្រាថ្នា​ចង់បាន​ការដឹក​ទំនិញ​ឆ្លងកាត់​ប្រទេស​ថៃ​ទៅកាន់​ទីផ្សារ​ពិភពលោក។ អ្នក​នាំ​អង្ករ​ចេញ​ក៏​ធ្លាប់​បានបង្ហាញ​ពី​ការស្នើសុំ​ទៅកាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួងពាណិជ្ជកម្ម ក្នុង​ការចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​ខាងក្រៅ ដោយ​ឆ្លងកាត់​តាម​កំពង់ផែ Laem Chabang នៅក្បែរ​ទីក្រុង​បាងកក ផងដែរ។

ឯកឧត្តម ហ៊ាន វណ្ណ​ហន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​និយាយថា ប្រទេស​ថៃ​ចេញ​ច្បាប់​គយ​ថ្មី​នេះ ដោយ​បារម្ភ​រឿង​លក្ខខណ្ឌ​ភូតគាម​អនាម័យ រវាង​ថៃ និង​កម្ពុជា។ គេ​មិនគួរ​យក​បញ្ហា​នេះ​មក​ប្រើ​ជា​របាំង​នោះទេ ព្រោះ​វា​ជា​វិធានការ​ទប់ស្កាត់​ការ​រាលដាល​ឆ្លង​សត្វល្អិត​ចង្រៃ និង​ជំងឺ​ដំណាំ ខណៈ​ប្រទេស​កម្ពុជា និង​ថៃ មាន​ព្រំដែន​គោក​ជាប់​គ្នា​យ៉ាង​វែង ក្សេត្រ​បរិស្ថាន​ដូចគ្នា ដែលនាំឱ្យ​សមាសភាព​ចង្រៃ​ទាំងនោះ មាន​ប្រភេទ (Species) ដូចគ្នា។

ឯកឧត្តម​បាន​បញ្ជាក់ថា៖“កម្ពុជា​ក៏មាន​ច្បាប់ និង​ស្តង់ដារ​តម្រូវ​របស់ខ្លួន​ដែរ ប៉ុន្តែ​កម្ពុជា​មិនដែល​ដាក់​លក្ខខណ្ឌ​តឹងតែង​ណាមួយ​លើ​ការ​នាំចូល​កសិផល​ពី​ថៃ​ជាច្រើន​ប្រភេទ​ទាំង​នោះទេ។ កន្លងមក​ថៃ​តែង​ប្រើ​របាំង​នេះ​ជាមួយ​កម្ពុជា។ កម្ពុជា និង​ថៃ ទំនងជា​ពង្រីក​ការភ្ជាប់​ការដឹកជញ្ជូន​កាន់តែ​ប្រសើរ​នៅ​ឆ្នាំ​ខាងមុខ ដោយសារ​មធ្យោបាយ​ដឹកជញ្ជូន​ដ៏​មាន​សក្តានុពល គឺ​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​នឹងត្រូវ​ត​ភ្ជាប់​រវាង​ប្រទេស​ទាំងពីរ​នៅ​ដើមឆ្នាំ2018 ខាងមុខ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អះអាងថា ប្រទេស​ថៃ​នឹង​ផ្តល់ជំនួយ​ក្បាលរថភ្លើង​មួយគ្រឿង​ដល់​ប្រទេស​កម្ពុជា សម្រាប់​ប្រតិបត្តិ​ការដឹកជញ្ជូន​តា​ម​ផ្លូវដែក នៅ​ដើមឆ្នាំ2018 ខាងមុខ ខណៈ​ការតភ្ជាប់ និង​ការស្តា​ឡើងវិញ​នូវ​ផ្លូវ​រថភ្លើង​ភាគ​ពាយព្យ​បាន​ជិត​រួចរាល់។

ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​និយាយថា រដ្ឋមន្ត្រី​សាធារណការ​របស់​ប្រទេស​ថៃ បាន​សន្យា​ជាមួយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​ថា ប្រទេស​ថៃ​នឹង​ផ្តល់ជំនួយ​ក្បាលរថភ្លើង និង​តួ​រថភ្លើង​ខ្លី​សម្រាប់​កម្ពុជា​នៅ​ដើមឆ្នាំ2018។

ឯកឧត្តម បាន​បញ្ជាក់ថា ពិធី​ប្រគល់ និង​ទទួល​រថភ្លើង​នេះ​នឹង​ធ្វើឡើង​នៅក្នុង​ខែមករា ឆ្នាំ2018 ទាំង​ក្បាលរថភ្លើង និង​តួ​រថភ្លើង ព្រមទាំង​ធ្វើ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​ច្រក​អន្តរជាតិ​ថ្មី​សម្រាប់​ទំនិញ​ឆ្លងកាត់​នៅ​ស្ទឹង​បត់​ទៀតផង៕

Advertisement