លូ ម៉េង៖ អង្ករ​ល្អ​ជួយ​លើកកម្ពស់​ម្ហូបអាហារ និង​ទេសចរណ៍​កម្ពុជា

កម្ពុជា​ធ្លាប់បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុងការ​ប្រកួត​អង្ករ​ជា​លក្ខណៈ​អន្តរជាតិ​រយៈពេល 3ឆ្នាំជាប់ៗគ្នា គឺ​ក្រោយ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​បន្ទាប់ពី​កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​សហភាព​អឺរ៉ុប ជា​លើកដំបូង​ក្នុង​ឆ្នាំ2008។ ឆ្នាំ2012 ជា​ឆ្នាំ​ដំបូង​បំផុត​ដែល​អង្ករ​កម្ពុជា​ទទួល​បាន​ពាន​ជា​អង្ករ​ល្អ​បំផុត​ប្រចាំឆ្នាំ ដែល​កាលនោះ​ការយក​អង្ករ​ចេញទៅ​ប្រកួត​មិនទាន់​ទទួលបាន​ការចូលរួម​ទូលំទូលាយ​នោះទេ។

ដោយ​មើលឃើញ​ពី​ការរីកចម្រើន​ក្នុង​វិស័យ​ស្រូវ​អង្ករ ខណៈ​មាន​ក្រុមហ៊ុន និង​សហគមន៍​កសិកម្ម​កាន់​តែ​ច្រើន​បាន​ចូលរួម​ក្នុង​សកម្មភាព​ធុរកិច្ច​ស្រូវ​អង្ករ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានរៀបចំ​ការប្រកួត​ប្រជែង​ជ្រើស​គុណភាព​អង្ករ​តាមរយៈ​ការ​ចម្អិនបាយ ដោយ​ផ្តោតលើ​លក្ខណៈ 4យ៉ាង​នៅមុន​ពេល និង​ក្រោយពេល​ចម្អិន មានដូចជា រូបរាង​សាច់​អង្ករ សំណើម ក្លិនក្រអូប និង​ប្រវែង​គ្រាប់​អង្ករ ដើម្បី​ទទួលបាន​អង្ករ​ល្អ​បំផុត​សម្រាប់​យកទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នាពេលខាងមុខ។

ថ្មីៗនេះ​អ្នកយកព័ត៌មាន​នៃ​កាសែត ឡា​រ៉ែ​ន ពាណិជ្ជ បាន​សាកសួរ លោក លូ ម៉េង សហប្រធាន​ក្រុមការងារ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ និង​ជា​ចុងភៅ​ដ៏​ល្បីឈ្មោះ​មួយរូប​នៅ​កម្ពុជា ព្រមទាំង​ជា​ម្ចាស់​ភោជនីយដ្ឋានធំៗ និងល្បីៗជាច្រើន​នៅ​កម្ពុជា អំពី​ព្រឹត្តិការណ៍​រៀបចំ​ប្រកួតប្រជែង​អង្ករ​ល្អ​បំផុត​ប្រចាំឆ្នាំ​ថ្នាក់ជាតិ និង​អន្តរជាតិ។

តើ​លោក​មើលឃើញ​ពី​សារៈប្រយោជន៍​អ្វីខ្លះ​ពី​ការប្រកួតប្រជែង​គុណភាព​អង្ករ​ប្រចាំឆ្នាំ?

ការជ្រើសរើស​អង្ករ​លេខ1 គឺជា​សកម្មភាព​ដ៏​មាន​អត្ថន័យ។ អង្ករ​ជា​តំណាង​សំខាន់បំផុត​សម្រាប់​ម្ហូបអាហារ។ ការប្រកួតប្រជែង​ប្រចាំឆ្នាំ​ជា​ឱកាសល្អ​មួយ​ដើម្បី​ជ្រើសរើស​អង្ករ​ល្អ​សម្រាប់​ប្រទេស​កម្ពុជា។ តាមរយៈ​ព្រឹត្តិការណ៍​នេះ យើង​ក៏​អាចមាន​ឱកាស​ពន្យល់​គ្នា​យើង​ដែលជា​ចុងភៅចំណានៗអំពី​អ្វីដែល​យើង​ឃើញ​កើតចេញពី​ការប្រកួត។ អ្វីដែល​យើង​ទទួលបាន​ពី​ការប្រកួត យើង​នឹង​ចែកចាយ ដោយ​ពន្យល់​ដល់​សមាជិក​ចុងភៅ​ក្នុង​សហព័ន្ធ​របស់​យើង​អំពី​ប្រភេទ​អង្ករ​ល្អ​ថា​វា​មាន​លក្ខណៈ​បែបណា។ យើង​ដឹង​ហើយ​ថា អង្ករ​ខ្លះ​ពេល​មើលឃើញ​ស្អាត តែ​គ្មាន​ក្លិនក្រអូប​នោះទេ ខណៈ​អង្ករ​ខ្លះ​មើលទៅ​មិន​ស្អាត​ទេ ប៉ុន្តែ​ពេល​យើង​ភ្លក់​ទៅ​បែរ​ជាមាន​រសជាតិ​ឆ្ងាញ់ និង​ក្លិន​ល្អ​ទៅវិញ។ អង្ករ​ពេល​គេ​កិន និង​កែច្នៃ​ច្រើនពេក រូបរាង​របស់​វា​នឹង​ភ្លឺរលោង​ស្អាត តែ​រសជាតិ​របស់​វា​នឹងត្រូវ​បាត់បង់​ខ្លះ​ជាមិនខាន។

តើ​លោក​យល់ថា ការរៀបចំ​ប្រកួត​អង្ករ​ប្រចាំ​ឆ្នាំមាន​អត្ថន័យ​បែបណា?

អង្ករ​តំណាង​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន។ ព្រឹត្តិការណ៍​ប្រកួត​អង្ករ​ប្រចាំឆ្នាំ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ស្នាដៃ និង​កិច្ចខិតខំ​ប្រឹង​ប្រឹង​របស់​ប្រជាកសិករ។ ខ្ញុំ​យល់ថា ការប្រកួត​អង្ករ​ប្រចាំឆ្នាំ​មិន​ត្រឹមតែ​ផ្តល់​លទ្ធភាព​ឱ្យ​ចុងភៅ​ជ្រើសរើស​បាន​អង្ករ​ល្អ​សម្រាប់​ផ្គត់ផ្គង់​ដល់​ភោជនីយដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជាការ​លើកទឹកចិត្ត​ដល់​កសិករ​ឱ្យមាន​ការយកចិត្តទុកដាក់​ក្នុង​ការដាំដុះ ប្រកបដោយ​ក្តី​ស្រឡាញ់ គ្មាន​ប្រើប្រាស់​សារធាតុ​គីមី ដើម្បី​រួមចំណែក​ដល់​ការនាំចេញ​ឱ្យបាន​កាន់តែច្រើន​ផងដែរ។ ការរៀបចំ​ការប្រកួត​ប្រចាំឆ្នាំ គឺជា​វេទិកា​ផ្សព្វផ្សាយ​ដ៏​សំខាន់​មួយ​ទៅកាន់​អន្តរជាតិ ដោយ​វា​មិន​ត្រឹមតែ​ផ្សព្វផ្សាយ​អង្ករ​នោះទេ សូម្បីតែ​វិស័យ​ទេសចរណ៍ ក៏​ទទួលបាន​ផល​ពី​ការផ្សព្វផ្សាយ​ផលិតផល​ល្អ​បំផុត​នេះដែរ។

ជាទូទៅ តើ​លោក​ចែករំលែក​បទពិសោធ​ដែល​ទទួលបាន​ពី​ការជ្រើសរើស​អង្ករ​ល្អ​បំផុត​ប្រចាំឆ្នាំ​ដល់​សមាជិក​ចុងភៅ​ទាំង​ក្នុងប្រទេស និង​អន្តរជាតិ​យ៉ាងដូចម្តេច?

ខ្ញុំ​តែងតែ​ចែករំលែក​ជាមួយ​សមាជិក​របស់​យើង​ថា ប្រភេទ​អង្ក​រណា​សម្រាប់​ប្រើប្រាស់​បាយ​ឆា អង្ករ​ប្រភេទ​ណា​សម្រាប់​បាយ​ចំហុយ។ល។ អង្ករ​មាន​ច្រើន​ប្រភេទ និង​មាន​ច្រើន​រសជាតិ មិនមែន​ឃើញ​អង្ក​រស យើង​សន្ម​ត់​ថា​ល្អ​នោះទេ។ យើង​បាន​ចូលរួម​ជ្រើសរើស​អង្ករ​ល្អ​ថ្នាក់ជាតិ​នេះ ឈានចូល​ឆ្នាំ​ទី4ហើយ យើង​បាន​រៀន​ពីបទ​ពិសោធ​នេះ​ច្រើនណាស់។ យើង​ឃើញ​រូបរាង​អង្ករ​ជាទី1 ក្លិន​ជាទី2 និង​ចុងក្រោយ​គឺ​រសជាតិ។ ក្រោយពី​ការជ្រើសរើស យើង​តែងតែ​ផ្តល់​បទពិសោធ​នោះ​ទៅកាន់​ចុងភៅ​អន្តរជាតិ ដោយ​ប្រាប់​គេ​ពី​លក្ខណៈ​របស់​អង្ករ​កម្ពុជា ហើយ​បាយ​ចេញពី​អង្ករ​កម្ពុជា​ត្រូវ​ជាមួយ​អ្វី​ប្រសើរ​បំផុត​ពេល​ភ្លក់ ឬ​បរិភោគ។ ការចែករំលែក​នេះ យើង​តែងតែ​ធ្វើឡើង​នៅក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ចុងភៅ​នៅ​ប្រទេស​ចិន។ យើង​ក៏បាន​រួមចំណែក​ដល់​ចុងភៅ​នៅ​ទូទាំង​ពិភពលោក​ដែរ​ថា អង្ករ​កម្ពុជា​អាច​ជ្រើសរើស​ប្រើប្រាស់​ក្នុង​មុខម្ហូប​បាន​ច្រើន​ប្រភេទ។

ដោយសារ​លោក​ធ្លាប់ធ្វើ​ការងារ​ជាមួយ​ចុងភៅ​អន្តរជាតិ​ក្នុងការ​ជ្រើសរើស​អង្ករ​កម្ពុជា​ជាប់​លេខ1 ក្នុង​ឆ្នាំ2014 តើ​ពេលនោះ​មានការ​ដាក់ពិន្ទុ​បែបណា​ដែរ?

ក្នុងពេលដែល​ក្រុមការងារ​ចុះមក​រៀបចំ និង​ដាក់ពិន្ទុ​ដែល​គេ​ហៅថា Judges គេ​បាន​សម្តែង​ក្តីសប្បាយ​ចិត្ត​ដោយសារ​ចុងភៅ​របស់​ពួក​ខ្ញុំ បានដាក់​ពិន្ទុ​ម៉ត់ចត់។ ខ្ញុំ​សង្កេតឃើញថា អង្ករ​កម្ពុជា​បានជា​ប់​លេខ1 ក្នុង​ពីរ​ឆ្នាំ​ដំបូង ចុងភៅ​របស់​កម្ពុជា​មិនសូវ​បាន​ចូលរួម​ដឹង​ពី​លក្ខខណ្ឌ​សម្រាប់​ជ្រើសរើស​អង្ករ​ល្អ​បំផុត​នោះទេ ទើប​ប្រហែល 3-4ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ដែល​ចុងភៅ​របស់​យើង​មានឱកាស​ស្គាល់​អង្ករ​ល្អ​របស់​ខ្មែរ​ពិតប្រាកដ។ ដោយសារ​ការចូលរួម​របស់​យើង អង្ករ​របស់​យើង​រក្សាបាន​ចំណាត់ថ្នាក់​ល្អ​ក្នុងការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ។

តើ​ការប្រើប្រាស់​អង្ករ​ល្អ​មាន​ចំណែក​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ចូល​បរិភោគ និង​ភ្ញៀវទេសចរ​អន្តរជាតិ ឬទេ?

នេះ​ជា​រឿង​សំខាន់ ប្រទេស​ទូទៅ អង្ករ​ភាគច្រើន​របស់គេ​ជា​អង្ករ​ចាស់ និង​យូរ​ឆ្នាំ គេ​មិន​ប្រើ​សម្រាប់​ចម្អិនបាយ​នោះទេ។ ភ្ញៀវទេសចរ​ខ្លះមក​ប្រទេស​កម្ពុជា យើង​បាន​ណែនាំ​មុខម្ហូប​ដែល​ផ្សំ​ជាមួយ​បាយ គាត់​ក៏​បរិភោគ ហើយ​ក្រោយមក​គាត់​ក៏​ជ្រើសរើស​ការបរិភោគ​បាយ​ជា​បន្តទៅទៀត។ អង្ករ​ល្អ និង​អង្ករ​អត់​ល្អ​ធ្វើឱ្យ​រសជាតិ​អាហារ​មាន​ភាពខុសគ្នា ដូច​មេឃ និង​ដី។

តើ​លោក​យល់​យ៉ាងណា ចំពោះ​អនាគត​អង្ករ​កម្ពុជា?

តាមរយៈ​ការប្រកួតប្រជែង​ដែល​កម្ពុជា​ធ្លាប់ធ្វើ​នេះ បាន​ដើរតួនាទី​សំខាន់បំផុត​សម្រាប់​កសិករ អ្នកវិនិយោគ និង​ចុងភៅ។ នេះ​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវតែ​ធ្វើ​បន្តទៅទៀត និង​ធំ​ជាងនេះទៅទៀត ព្រោះនេះ​ជាការ​ចែករំលែក និង​ការផ្សព្វផ្សាយ​មួយ​ដ៏​ល្អ។ អ្វីដែល​យើង​ប្រកួត​មិន​ឈ្នះ​គេ យើង​មិនគួរ​អនុលោម​ទៀត​ទេ។ យើង​ត្រូវ​ដឹង​ពី​លក្ខណៈ​តម្រូវ​នៅពេល​ក្រោយ។

ក្នុងនាម​ជា​ម្ចាស់​ភោជនីយដ្ឋាន និង​សហព័ន្ធ​ចុងភៅ​កម្ពុជា តើ​លោក​អាចធ្វើ​អ្វី​បាន​ខ្លះ​សម្រាប់​អង្ករ​កម្ពុជា?

តួនាទី​សំខាន់​របស់ខ្ញុំ គឺ​ការផ្សព្វផ្សាយ ព្រោះ​ក្នុង​បញ្ជី​មុខម្ហូប (Manu) យើង​បានដាក់​ឈ្មោះ​អង្ករ​ល្អ​បំផុត គឺ​ប្រៀបបាន​យើង​ផ្សព្វផ្សាយ​ប្រទេស​យើង​ឱ្យគេ​ដឹង​ដូច្នោះ​ដែរ។ យើង​មិន​ត្រឹមតែ​ផ្សព្វផ្សាយ​ពី​អង្ករ​កម្ពុជា​ដល់​បរទេស​នោះទេ សូម្បីតែ​ភ្ញៀវទេសចរ​អន្តរជាតិ​ក៏​ពេញចិត្ត​មក​ប្រទេស​យើង​ដែរ។

យើង​មើលឃើញ​បទពិសោធ​ម្រេច​កំពត គឺ​ជួយ​យើង​បាន​ច្រើនណាស់។ អង្ករ​របស់​យើង​មាន​លក្ខណៈពិសេស ដែល​អ្នក​បរិភោគ តែងតែ​នឹកឃើញ​ពេល​ដាក់ចូល​មាត់៕

Advertisement