តំបន់​ដែល​ប្រជាពលរដ្ឋ​មាន​ចំណូល​ច្រើន​នៅក្នុង​ទ្វីបអាស៊ី

សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​បាន​ងើបឡើង​យ៉ាង​ឆាប់រហ័ស​នាពេលថ្មីៗនេះ ដែល​ការរីកចម្រើន​នេះ​បានធ្វើឱ្យ​ប្រាក់ចំណូល​មធ្យ​ម​សម្រាប់​មនុស្សម្នាក់ៗកើនឡើង​ផងដែរ។ កំណើនសេដ្ឋកិច្ច​នេះ​គឺ​កើត​ឡើងលើ​មនុស្ស​ប្រមាណ 4.4ប៊ី​លាន​នាក់​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ចំនួន 49ក្នុង​ទ្វីបអាស៊ី។

ទោះបីយ៉ាងណា​កំណើនសេដ្ឋកិច្ច និង​ទ្រព្យសម្បត្តិ​នៃ​ប្រទេស​ទាំងអស់​មិនមាន​ភាព​ស្មើគ្នា​នោះទេ។ ថ្ងៃនេះ​យើង​សូម​បង្ហាញ​ប្រទេស និង​តំបន់​ចំនួន 5ដែលមាន GDP ច្រើនជាងគេ​នៅ​ទ្វីបអាស៊ី។

1.ទីក្រុង​ម៉ា​កាវ នៃ​ប្រទេស​ចិន $73,187

ម៉ា​កាវ ជាទី​ក្រុង​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន និង​មាន​សកម្មភាព​សេដ្ឋកិច្ច​រស់​រវើក ដោយ​ទីក្រុង​នេះ​ជា​លំនៅ​របស់​ប្រជាជន​ប្រមាណ 650,900នាក់​លើ​ផ្ទៃដី 30.5គីឡូម៉ែត្រ​ការ៉េ។ សេដ្ឋកិច្ច​ទីក្រុង​ម៉ា​កាវ រីកចម្រើន​ខ្លាំង​ដោយ​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​ជា​គោល។ ក្រៅពីនេះ​ការនាំចេញ​ផ្នែក​វាយ​ន​ភណ្ឌ និង​សេវា​ហិរញ្ញវត្ថុ ដោយ​រួមទាំង​សេវាកម្ម​ធនាគារ​ក៏​ជា​ផ្នែក​ដែល​បានផ្តល់​ឱ្យនូវ​ផលប្រយោជន៍​យ៉ាង​ទូលំទូលាយ​ដល់​សេដ្ឋកិច្ច​ទីក្រុង​ម៉ា​កាវ​ផងដែរ។ ប្រមាណ 50%នៃ GDP គឺ​បានមកពី​វិស័យ​ទេសចរណ៍ ល្បែង​កម្សាន្ត និង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច។ ជនបរទេស​ដែល​បាន​ទៅលេង​ទីក្រុង​ម៉ា​កាវ​បាន​កើន​ពី 9.1លាន​នាក់​ក្នុង​ឆ្នាំ2000 ទៅ​ប្រមាណ 22លាន​នាក់​ក្នុង​ឆ្នាំ2006។

  1. ប្រទេស​កាតា $59,330 កាតា

ជា​ប្រទេស​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​លេខ2 នៅ​ទ្វីបអាស៊ី ដោយ GDP សម្រាប់​ប្រជាជនម្នាក់ៗមាន​ប្រមាណ 59,330ដុល្លារ​សហរដ្ឋ​អាម​រិ​ក។ សេដ្ឋកិច្ច​របស់​ប្រទេស​កាតា ពឹង​ផ្អែកលើ​ការនាំចេញ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ។ ថវិកា70% ជា​របស់​រដ្ឋាភិបាល ហើយ​ច្រើនជាង 85% គឺ​បានមកពី​ការនាំចេញ។ ប្រទេស​កាតា​មាន​ប្រេង​បម្រុង​ទុក​យ៉ាងច្រើន ដែល​អាច​ទ្រទ្រង់​ឱ្យ​ប្រទេស​នេះ​មាន​សេដ្ឋកិច្ច​ស្ថិតស្ថេរ​រហូតដល់​ទៅ23ឆ្នាំ។ ជា​គោលដៅ​របស់​ប្រទេស​នេះ គឺ​ចង់​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រេង​ដែល​អាច​នឹង​អស់​ក្នុងពេលឆាប់ៗនេះ។

3.ប្រទេស​សិង្ហ​បុរី – $52.960

សិង្ហ​បុរី ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ3 ដែលមាន​ជាងគេ​នៅក្នុង​ទ្វីបអាស៊ី ដោយ GDP សម្រាប់​ពលរដ្ឋម្នាក់ៗមាន​ប្រមាណ 52,960ដុល្លារ​អាមេរិក។ សិង្ហ​បុរី ជា​ប្រទេស​ដែល​បាន​កសាង​ប្រព័ន្ធ​ជំនួញ និង​ទីផ្សារ​យ៉ាង​ល្អ​បំផុត។ វា​ជា​ប្រទេស​ដែល​ទទួល​ចំណាត់ថ្នាក់​ល្អ​ក្នុងការ​កាត់បន្ថយ​អំពើពុករលួយ និង​ជា​ប្រទេស​ដែល​ងាយស្រួល​រកស៊ី​បំផុត​មួយ​នៅក្នុង​ពិភពលោក។ ប្រទេស​នេះ​អនុគ្រោះ​ច្រើន​ដល់​ការវិនិយោគ​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យបាន​ច្រើន​បំផុត​ពី​គ្រប់ទិសទី​ក្នុង​ពិភពលោក។ សិង្ហ​បុរី​ព្យាយាម​ក្នុងការ​ជំរុញឱ្យមាន​ន​វា​នុ​វត្ត​ន៍ និង​សហគ្រិនភាព​នៅក្នុង​ប្រទេស​ឱ្យបាន​កើនឡើង​ជា​លំដាប់ ខណៈ​ការអភិវឌ្ឍ​ធនធានមនុស្ស​ត្រូវបាន​គេ​ចាត់ទុកជា​ផ្នែក​ចម្បង​បំផុត​សម្រាប់​ប្រទេស។

4.ទីក្រុង​ហុងកុង នៃ​ប្រទេស​ចិន – $43,681

ទីក្រុង​ហុងកុង ជា​តំបន់​រដ្ឋបាល​ពិសេស​មួយ​របស់​ប្រទេស​ចិន ដែលមាន​ផ្ទៃដី​ប្រមាណ 1,104គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​រស់នៅ​ជាង 7.2លាន​នាក់។ ទីក្រុង​នេះ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ4 ដែលមាន​ជាងគេ​នៅក្នុង​អាស៊ី ដោយ​ប្រជាជនម្នាក់ៗមាន GDP 43,681 ដុល្លារ​អាមេរិក។ សេដ្ឋកិច្ច​របស់​ទីក្រុង​នេះ​ពឹងផ្អែក​ច្រើន​លើ​ពាណិជ្ជកម្ម​អន្តរជាតិ និង​វិស័យ​ហិរញ្ញវត្ថុ ខណៈ​ទីក្រុង​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​មជ្ឈមណ្ឌល​ដែលមាន​ពិន្ទុ​ល្អ​លើ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ហិរញ្ញវត្ថុ។ ក្រៅពីនេះ​ចំណុច​ពិសេស​របស់​ទីក្រុង​ហុងកុង គឺមាន​ការកម្រិត​ពន្ធ​ទាប ជាមួយ​ការជំរុញ​ឱ្យមាន​សេដ្ឋកិច្ច​បែប​ទីផ្សារសេរី។ ទីក្រុង​នេះ​ក៏​ជា​តំបន់​ឆ្លងកាត់​ទំនិញ​តាម​កំពង់ផែ​ដ៏​ធំ​មួយ​ផងដែរ ដែលមាន​ប្រព័ន្ធ​ដឹកជញ្ជូន​ល្អ និង​តម្លៃ​ពលកម្ម​សមរម្យ។ ទីក្រុង​ហុងកុង ក៏​ទទួលបាន​ផលប្រយោជន៍​ច្រើន​ផងដែរ​ពី​វិស័យ​ទេសចរណ៍​ដែរ។

5.ជប៉ុន – $38,894.5

ជប៉ុន ជា​ប្រទេស​ដែលមាន​បំផុត​លំដាប់ថ្នាក់​លេខ5 នៅ​តំបន់​អាស៊ី ដោយ​ប្រជាជនម្នាក់ៗមាន​ប្រាក់ចំណូល​ជា​មធ្យម​ប្រចាំឆ្នាំ​ចំនួន 38,894.5ដុល្លារ​អាមេរិក។ សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន ផ្តោត​ខ្លាំង​ទៅលើ​ការផលិត​យានយន្ត និង​សហគ្រាស​ផលិត​គ្រឿង​អេឡិចត្រូនិក។ ប្រទេស​នេះ​ក៏​ជា​ប្រទេស​ដែលជា​ប់​លេខ3 ដែលមាន​សង្វាក់​ផលិតកម្ម​ផលិត​យានយន្ត​ធំ​បំផុត និង​ជា​ប្រទេស​ដែលមាន​សហគ្រាស​ផលិត​ផលិតផល​អេឡិចត្រូនិក​ធំ​បំផុត​ក្នុង​ពិភពលោក​ផងដែរ។ ជប៉ុន ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែលមាន​គំនិត​បង្កើត​ថ្មី​ខ្ពស់បំផុត​ក្នុង​ពិភពលោក តែ​ប្រទេស​នេះ​ក៏មាន​បញ្ហា​ប្រឈម​យ៉ាង​ធំ​មួយ​ផងដែរ​លើ​ការថយចុះ​នៃ​ចំនួន​ប្រជាជន​យ៉ាងគំហុក៕

Advertisement