“8មីនា ទិវាស្ត្រីពិភពលោក” ឧត្តមភាពនៃស្ត្រីកម្ពុជាទាក់ទងនឹងមុខជំនួញ

ចំពោះ​ការធ្វើ​អាជីវកម្ម​នាពេល​បច្ចុប្បន្ន យើង​សង្កេតឃើញថា ស្ត្រី​ចាប់ផ្តើម​មាន​ភាពក្លាហាន ចេញ​ប្រឡូក​ក្នុងការ​ដឹកនាំ​ធ្វើ​ជំនួញ មិន​ចាញ់​បុរស​ប៉ុន្មាន​ទេ ភាគច្រើន​ជា​ប្រភេទ​អាជីវកម្ម​ធុន​តូច និង​មធ្យម។

លោកជំទាវ ឧកញ៉ា លីម ឈីវហូរ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាន​លើកឡើងថា មនុស្ស​ស្រី​ត្រូវមាន​ក្តី​ស្រមៃ​របស់ខ្លួន ហើយ​ក្តី​ស្រមៃ​នឹង​ក្លាយជា​ការពិតនៅពេលដែល​យើង​បាន​ខិតខំ​ប្រឹងប្រែង និង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព មិន​រួញរា តស៊ូ​អត់ធ្មត់ និង​ជម្នះ​គ្រប់​ឧបសគ្គ​ទាំងឡាយ។ ពីមុន​លោកជំទាវ​ក៏​ជាម​នុស្ស​ស្រី​ដ៏​សាមញ្ញ​ម្នាក់​ដែរ តែដោយសារ​ក្តី​ស្រមៃ​ទើប​ធ្វើឱ្យ​លោកជំទាវ​ក្លាយជា​សហគ្រិន​ស្ត្រី​ម្នាក់ និង​ជា​គំរូ​របស់​ស្ត្រី​ជាច្រើន​នៅ​កម្ពុជា​ដូច​សព្វថ្ងៃនេះ។ ដើម្បី​សម្រេចបាន​ជោគជ័យ​ក្នុង​ជំនួញ លោកជំទាវ​បានលើកឡើង​ថា​ស្ត្រី​គ្រប់រូប​គួរ​ចាប់ផ្តើម​ពី​ការបង្កើត​ក្តី​ស្រមៃ​របស់ខ្លួន​ជាមុនសិន ហើយ​ត្រូវ​រៀនសូត្រ និង​កសាង​ខ្លួន​នៅក្នុង​ស្ថាប័ន​ណាមួយ​ឱ្យមាន​បទពិសោធ​ជា​មូលដ្ឋានគ្រឹះ បន្ទាប់មក​ត្រូវ​ចាប់ផ្តើម​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង​ពី​ដើមទុន​បន្តិចបន្តួច ប្រកបដោយ​ទំនុកចិត្ត និង​ការជឿជាក់​លើ​ខ្លួនឯង​ជាមួយ​ភាព​អំណត់​អត់ធ្មត់ និង​ការបូជា​លះបង់។

លោកជំទាវ​បាន​បន្ថែមទៀតថា នៅពេល​ដំណាក់កាលនីមួយៗត្រូវបាន​អនុវត្ត នោះ​អ្នកនឹង​យល់ថា​ជំហាន​ឈានទៅរក​ភាពជោគជ័យ​បាន​ខិតចូល​មកដល់។ ទោះជា​យ៉ាងណាក៏ដោយ លោកជំទាវ​តែងតែ​ចែករំលែក​បទពិសោធ​នៃ​ភាពជោគជ័យ​នេះ​ទៅដល់​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន មិន​ថា​សាច់ញាតិ មិត្ត​ភ័ក្តិ ឬក៏​បុគ្គលិក​ដែល​ធ្វើការ​ជាមួយ​លោកជំទាវ​នោះទេ គឺ​តាមរយៈ​ដំបូន្មាន និង​ការណែនាំ​បង្ហាត់បង្រៀន​ពី​វិធីសាស្ត្រ​ក្នុងការ​ធ្វើ​ជំនួញ និង​វិធីសាស្ត្រ​នៃ​ការដោះស្រាយ​បញ្ហា​ផ្សេង។

លោកជំទាវ ឧកញ៉ា លីម ឈីវហូរ មានប្រសាសន៍ថា៖ “ពី​សម័យមុន ស្ត្រី​មិនសូវ​បាន​ចូល​សាលារៀន​ទេ ស្ត្រី​ភាគច្រើន​គឺជា​មេផ្ទះ ហើយ​ពឹងផ្អែក​ទៅលើ​របរ​ចិញ្ចឹមជីវិត​ដោយសារ​ប្តី ដែលជា​ហេតុ​ធ្វើឱ្យ​ខ្ញុំ​ចង់បង្ហាញ​ដល់​ស្ត្រី​គ្រប់គ្នា​ឱ្យឃើញថា សម័យមុន​បាន​កន្លង​ហួស​ទៅហើយ អតីតកាល​គឺជា​មេរៀន​ដែល​បង្រៀន​មនុស្ស​ឱ្យ​ចេះ​កែលម្អ​នូវ​ការខ្វះខាត និង​ស្វែងរក​គំនិតថ្មីៗ និង​បង្កើត​នូវ​អ្វីដែល​ថ្មី​មាន​ភាព​ច្នៃប្រឌិត និង​រីកចម្រើន​ល្អប្រសើរ​ជាង​មុន។

លោកជំទាវ​បាន​បន្ថែម​ផងដែរ​ថា ការ​ជ្រោមជ្រែង​ពី​ស្វាមី​ជា​កត្តា​ល្អ​មួយផ្នែក ប៉ុន្តែ​ការបង្អាក់​បំភ័យ​ពី​ស្វាមី​គឺជា​កត្តា​មិនល្អ តែ​លោកជំទាវ​យល់ថា ការលើកទឹកចិត្ត ឬ​ការបង្អាក់​ទឹកចិត្ត​គ្រាន់តែ​ជាកត្តា​ខាងក្រៅ​ប៉ុណ្ណោះ សំខាន់​ស្ត្រី​ខ្លួនឯង​ផ្ទាល់​ដែល​គួរ​គិតថា តើ​ខ្លួន​ត្រូវ​ទៅ​ទីណា ដើម្បី​សម្រេច​អ្វី ដើម្បី​ខ្លួនឯង​ឬ​យ៉ាងណា? ស្ត្រី​ខ្លួនឯង​ជា​អ្នកកំណត់​គោលដៅ​ដែល​ខ្លួន​ចង់ទៅ មិន​ថា​មាន​ឧបសគ្គ ឬ​ការជំរុញ​នោះទេ ស្ត្រី​គួរផ្តោត​ទៅរក​គោលដៅ​នោះ​ដោយសារ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​ដែល​ថ្លឹងថ្លែង​រកហេតុ និង​ផល ដូច្នេះ​កត្តា​ដែល​ជះឥទ្ធិពល​ពី​ខាងក្រៅ​នឹងមិន​អាចជា​ការរាំងស្ទះ​បានឡើយ។

ចំពោះ​លក្ខណៈពិសេស​របស់​ស្ត្រី​ក្នុង​ការធ្វើ​អាជីវកម្ម លោកជំទាវ បាន​ណែនាំ​ដល់​ស្ត្រី​កម្ពុជា​ទូទៅ​ថា សម្រស់​ខាងក្រៅ​ពិតជា​សំខាន់ ដូច្នេះ​ការធ្វើ​ខ្លួន​ឱ្យ​ល្អ តុបតែង​ខ្លួន​ឱ្យបាន​ស្អាត​សមរម្យ​ក៏​ជា​ផ្នែក​ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការចេះ​រៀបចំ​ទុកដាក់​របស់​ស្ត្រី​ពី​តម្លៃ និង​ភាពថ្លៃថ្នូរ​របស់​ស្ត្រី​យើង​ដែរ។

ការចេះ​ប្រើប្រាស់​ពាក្យសម្តី​ផ្អែមល្ហែម ទន់ភ្លន់​សមរម្យ​តាម​ទីកន្លែង និង​ពេលវេលា​គឺជា​ចំណុច​សំខាន់​មួយ​ដែល​ស្ត្រី​គួរ​ចាប់អារម្មណ៍​ព្រោះ​សម្តី​ដែល​និយាយ​ចេញមក​ហើយ គឺ​មិនអាច​លេប​ទុក​វិញបានទេ ដូច្នេះ​សម្តី​របស់​អ្នកធ្វើអាជីវកម្ម​ពិតជា​មានតម្លៃ​ណាស់។ ការ​រួសរាយ​រាក់ទាក់ និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ដៃគូ​សហការ​ការងារ ក៏​ជា​ផ្នែក​ចាំបាច់​មួយ​ដែរ​ព្រោះថា ទំនាក់ទំនង​ដែល​កសាង​បានល្អ​អាច​នឹង​នាំ​ជា​ផលប្រយោជន៍ផ្សេងៗនាពេល​អនាគត។

ចំណែក​ភាព​ប្រឈម​របស់​ស្ត្រី​ក្នុង​ការធ្វើ​ជំនួញ​វិញ លោកជំទាវ​បានបញ្ជាក់​ផងដែរ​ថា ពេលចេញ​ធ្វើ​ជំនួញ ស្ត្រី​ភាគច្រើន​តែង​ជួបប្រទះ​ការលំបាក​ជាច្រើន​ដូចជា ការ​មិនឱ្យ​តម្លៃ​ពី​ភាគី​បុរស ដែលពួកគាត់​ភាគច្រើន​គិតថា​ស្ត្រី​ជា​ភេទ​ដែលមាន​កម្លាំង​ទន់ខ្សោយ និង​មានចិត្ត​ទន់ជ្រាយ មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ មិន​ថា​ពេល​ថ្ងៃ ឬ​យប់​អា​ធ្រា​ត្រ សម្រាប់​អ្នកមាន​គ្រួសារ​វិញ ពេលខ្លះ​ទទួលរង​ការ​ប្រចែប្រចណ្ឌ​ពី​ស្វាមី ព្រមទាំង​មាន​ពាក្យ​មិនល្អ​ពី​គ្រួសារ​ខាង​ស្វាមី​ទៀតផង ដោយសារតែ​ខ្វះ​ពេលវេលា​មើលថែទាំ​គ្រួសារ។ ជា​ឧទាហរណ៍​មួយ​ដែលជា​រឿង​របស់​នាង​ខ្ញុំ​ផ្ទាល់ កាលពី​បួនដប់​ឆ្នាំមុន​នៅពេលដែល​នាង​ខ្ញុំ​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស មតិ​ភាគច្រើន​ខាង​អ្នកជំនួញប្រុសៗបាន​និយាយថា “ខ្លួន​ស្រី​សោះ​មិនដឹង​ជា​ធ្វើ​តំបន់​សេដ្ឋកិច្ច​អី​ទេ?” ដែល​ពាក្យសម្តី​នោះ​ធ្វើឱ្យ​នាង​ខ្ញុំ​កាន់តែ​ខិតខំ​ប្រឹងប្រែង​បង្ហាញ​ឱ្យ​ពួកគាត់​ដែលជា​បុរស​ទាំងនោះ​មើលឃើញថា ស្ត្រី​ម្នាក់នេះ​នឹង​សាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឱ្យបាន ហើយ​បច្ចុប្បន្ននេះ​តំបន់​សេដ្ឋកិច្ចពិសេស​ភ្នំពេញ​របស់​នាង​ខ្ញុំ​កំពុង​តែមាន​សក្តានុពល​យ៉ាង​ក្រៃលែង និង​មានការ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជាច្រើន​ដូចជា ជប៉ុន អាមេរិក ថៃ ម៉ាឡេស៊ី សាំង-ហ្កា​ពួរ និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត។ សរុបមក បើទោះជា​មាន​បញ្ហា​ប្រឈម​អ្វី​កើតឡើង​ក៏ដោយ គឺ​យើង​ត្រូវ​ដោះស្រាយ​ម្តងមួយៗនឹង​នៅតែ​ដើរ​តម្រង់​ទៅរក​ទិសដៅ​របស់​យើង​ដែល​បានកំណត់​រួចហើយនោះ​ជានិច្ច។

ជា​អនុសាសន៍​ចំពោះ​ស្ត្រី​ទូទៅ​នា​ថ្ងៃ8 មីនា​ដែលជា “ទិវា​ស្ត្រី​ពិភពលោក” នៅ​កម្ពុជា​នោះ លោកជំទាវ​ឧកញ៉ា លីម ឈីវហូរ បាន​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​ស្ត្រី​គ្រប់រូប​ថា ក្នុងនាម​ជា​ស្ត្រី យើង​អាចធ្វើ​ការងារ​បាន​ច្រើន​មុខ​ដូច​បុរស​ដែរ ដូច្នេះ​កម្លាំងចិត្ត​គឺជា​រឿង​សំខាន់​ដែល​ស្ត្រី​គ្រប់រូប​ត្រូវតែ​ចេះ​លើកទឹកចិត្ត​ខ្លួនឯង ដោយ​មិនត្រូវ​រង់ចាំ​ឱ្យ​មនុស្ស​ជុំវិញខ្លួន​មក​លើកទឹកចិត្ត​យើង​នោះទេ​នៅពេល​ចាប់ផ្តើម​អាជីវកម្ម។ ទោះបី​ជាមាន​ឧបសគ្គ​អ្វី​ក៏ដោយ ត្រូវ​គិតថា បញ្ហា​តែងមាន​ដំណោះស្រាយ ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ និង​ព្យាយាម​រក​វិធី​ដោះស្រាយ​ឱ្យបាន​ល្អ៕

Advertisement