ក្តីបារម្ភ​លើ​គុណភាព​សំណង់​នៅតែមាន​សម្រាប់​កម្ពុជា

0

រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​សម្ដែង​ក្តីបារម្ភ​ចំពោះ​គុណភាព​សំណង់​ដែល​បាន និង​កំពុង​សាងសង់​ដែល​មិនទាន់​អាច​គ្រប់គ្រង​បាន​ទាំងស្រុង​នៅឡើយ និង​បាន​អំពាវនាវ​ដល់​អ្នក​អភិវឌ្ឍន៍​វិស័យ​សំណង់​ទាំងអស់​ឱ្យ​រួមគ្នា​ផ្តោត​ការយកចិត្តទុកដាក់​លើ​គុណភាព​សំណង់​នៅ​កម្ពុជា​ផង។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អះអាងថា រឿងរ៉ាវ​ក្នុង​វិស័យ​សំណង់​ត្រូវបានធ្វើ​យ៉ាង​ល្អប្រសើរ​ច្រើន​មកហើយ ប៉ុន្តែ​រឿង​ដែល​នៅ​សេសសល់​តិចតួច​ទាក់ទង​នឹង​ការគ្រប់គ្រង​គុណភាព នៅតែ​ជា​បញ្ហា​ចោទ​នៅឡើយ។

ឯកឧត្តម ជា សុផារ៉ា បញ្ជាក់ថា៖ “នៅ​សេសសល់​បញ្ហា​ដែល​យើង​ត្រូវ​រួមគ្នា​ធ្វើ​គឺ បង្កើន​គុណភាព​ដែល​ចាត់ទុកថា វា​នៅតែ​ជា​បញ្ហា​នៅឡើយ។ ការបង្កើន​គុណភាព​នេះ កន្លងមក​យើង​ឃើញថា លក្ខណៈ និង​សោភ័ណភាព​យើង​មាន​ហើយ ប៉ុន្តែ​នៅ​ខ្វះចន្លោះ​ខ្លះ​ត្រង់​ការត្រួតពិនិត្យ​គុណភាព។

ឯកឧត្តម ទេសរដ្ឋមន្ត្រី​ក៏បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ទាំងអស់​បង្កើន​ការត្រួតពិនិត្យ​គុណភាព​សំណង់​ឱ្យបាន​ច្បាស់លាស់​ដើម្បី​ផ្តល់នូវ​សុវត្ថិភាព និង​ផាសុកភាព​ដល់​ពលរដ្ឋដែលជា​អតិថិជន​ទិញ​នូវ​សំណង់​សម្រាប់​ស្នាក់នៅ។ ឯកឧត្តម បញ្ជាក់ថា៖ “សំណូមពរ​របស់ខ្ញុំ​នៅពេលនេះ គឺ​សុំ​ឱ្យជួយ​ពិនិត្យ​បង្កើន​គុណភាព​សំដៅ​ផាសុកភាព។ វា​ជាការ​អៀនខ្មាស់​ណាស់​ឧទាហរណ៍​ថា​ពេល​យើង​ធ្វើ​រួច វា​បាក់ ឬ​ស្រុត ដែល​អាច​ប៉ះពាល់​ដល់​សេចក្តីសុខ សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ។

របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានបង្ហាញ​ឱ្យឃើញថា គិត​ត្រឹម 7ឆ្នាំ​ចុង​ក្រោយនេះ ចាប់ពី​ឆ្នាំ2010 រហូតមកដល់​ខែកញ្ញា ឆ្នាំ2017 ក្រសួង​សេដ្ឋកិច្ច បានផ្តល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន សរុប​ចំនួន 213គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ 3,375លាន​ដុល្លារ​អាមេរិក។ ក្នុងចំណោម​គម្រោង​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ទាំងអស់ ក្នុងនោះ​គម្រោង​បុរី​មាន​ចំនួន 132គម្រោង ស្មើនឹង 31,997ខ្នង​ផ្ទះ និង​អគារ​សហកម្មសិទ្ធិ​មាន​ចំនួន 81គម្រោង ស្មើនឹង 29,612 យូ​នី​ត។

វិស័យ​សំណង់ គឺជា​វិស័យ​ស្នូល​ដ៏​សំខាន់​មួយ​នៃ​ការផ្លាស់ប្តូរ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​មកទល់​បច្ចុប្បន្ន​នេះ ឧស្សាហកម្ម​សំណង់​នៅ​ប្រទេស​កម្ពុជា​បាន​បង្កើត​រហូតដល់​ប្រមាណ 1ភាគ10 នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស និង​បាន​បង្កើត​ការងារ​ដោយផ្ទាល់ និង​មិនផ្ទាល់​សម្រាប់​ប្រជាពលរដ្ឋ​ជាច្រើន។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ នៅក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ 2017 និង​លើក​ទិសដៅ​ផែនការ​ការងារ​សម្រាប់​ឆ្នាំ2018 លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​លើកឡើងថា បន្ទាប់ពី​បាន​បង្កើតឡើង​កាលពី​ចុងឆ្នាំ2015 សមាគម​នេះ​បានសម្រេច​ជោគជ័យ​លើ​កិច្ចការ​ជាច្រើន ដូចជា ជួយ​ដោះស្រាយ​បញ្ហា​ពន្ធដារ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជួយ​សម្របសម្រួល​ទាក់ទង​នឹង​បណ្តាញ​អគ្គិសនី​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បណ្តាញ​ទឹកស្អាត និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ការងារ​ពាក់ព័ន្ធ​ការអភិវឌ្ឍ​លំនៅឋាន​ជាច្រើន​ទៀត៕

ចែករំលែក