ការ​សាង​អត្តសញ្ញាណ​ផ្ទាល់ខ្លួន ជា​រឿង​សំខាន់​សម្រាប់​អាជីវកម្ម​សម័យថ្មី

0
លោក ហាក់ គីម​ថុង ស្ថាបនិក និង​ជានា​យក Kumnit Creative / លោក ម៉ៅ វិបុល អគ្គនាយកហាងកាហ្វេ Brewhouse

ការ​សាង​អត្តសញ្ញាណ​ផ្ទាល់ខ្លួន ឬ​សាង​ម៉ាក​សញ្ញា​ផ្ទាល់ខ្លួន (personal branding) ជា​រឿង​សំខាន់​មួយ​សម្រាប់​ម្ចាស់​អាជីវកម្ម​សម័យថ្មី ជាពិសេស​អាជីវកម្ម​ដែល​រកស៊ី​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (e-commerce) ដែល​ទាមទារ​ឱ្យមាន​ចំណាប់អារម្មណ៍​ខ្លាំង​ពី​អតិថិជន។

លោក ហាក់ គីម​ថុង ស្ថាបនិក និង​ជានា​យក Kumnit Creative បាន​លើកឡើងថា សម្រាប់​អ្នកធ្វើអាជីវកម្ម​ចាំបាច់​ត្រូវតែមាន​កេរ្តិ៍ឈ្មោះ​ល្អ និង​មាន​អត្តសញ្ញាណ​ច្បាស់លាស់​សម្រាប់​ឱ្យ​អតិថិជន​បាន​ស្គា​ល់ពី​ភាពខ្លាំង​របស់ខ្លួន។ អ្នករកស៊ី​ត្រូវ​ចេះ​វិនិយោគ​ខ្លួនឯង​ក្នុង​រយៈពេល​យូរ ជាមួយនឹង​ការ​សាង​កេរ្តិ៍ឈ្មោះ​ឱ្យបាន​ល្អ រួមទាំង​ទំនាក់ទំនង​ទូលំទូលាយ​មុនពេល​បង្ហាញ​ផលិតផល​របស់ខ្លួន​ទៅកាន់​អតិថិជន ព្រោះថា នៅពេលដែល​អតិថិជន​បាន​ស្គាល់​ពី​ភាពខ្លាំង​របស់​យើង​ច្បាស់លាស់ យើង​នឹង​ទទួលបាន​ការជឿទុកចិត្ត​លើ​ផលិតផល​របស់​យើង​កាន់តែខ្លាំង​ឡើង​ដូចគ្នា។

លោក ហាក់ គីម​ថុង បាន​និយាយថា ៖ “អ្នក​ដែល​ចង់​ធ្វើ​អាជីវកម្ម គួរ​មាន​គោលដៅ​ច្បាស់លាស់​ក្នុងការ​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​មើលឃើញ​ពី​ចំណុច​ពិសេស​របស់ខ្លួន​យូរអង្វែង ហើយ​ត្រូវដាក់​ផែនការ​ក្នុងការ​ធ្វើ​វា រហូត​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​អតិថិជន​គោលដៅ​របស់ខ្លួន។

លោក ហាក់ គីម​ថុង បានលើកឡើង​ផងដែរ​ថា មាន​មនុស្ស​ជាច្រើន ជាពិសេស​អ្នករកស៊ី​តាម​បណ្តាញ​អន​ឡាញ​ដែល​គាត់​ផ្សព្វផ្សាយ​តែ​ពី​ផលិតផល​ខ្លាំងពេក បែរជា​ធ្វើឱ្យ​គាត់​ក្លាយជា​មនុស្ស​គួរឱ្យ​រំខាន ឬ​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ទៅវិញ។ បញ្ហា​នេះ មកពី​អតិថិជន​របស់គាត់​មិនទាន់​ស្គាល់ និង​ទុកចិត្ត​គាត់​នៅឡើយ ហើយ​ពេលខ្លះ​ថែមទាំង​បង្ហាញ​នូវ​ការមិន​ចូលចិត្ត​ទៀតផង។ ជា​ជម្រើស​ល្អ​សម្រាប់​ពួកគាត់ គឺ​គាត់​អាច​សាកល្បង​បង្ហាញ​អំពី​ខ្លួន​គាត់​ជាមុនសិន បន្ទាប់មក​តាមរយៈ​កេរ្តិ៍ឈ្មោះ​ល្អ​របស់គាត់ គាត់​អាច​នឹងមាន​ឥទ្ធិពល​សម្រាប់ការណែនាំ​ដល់​អតិថិជន​ឱ្យប្រើ​ប្រាស់​ផលិតផល ឬ​សេវា​ដែល​គាត់​កំពុង​ធ្វើ​អាជីវកម្ម​នោះបាន​យ៉ាង​មាន​ប្រសិទ្ធភាព។

បង្ហាញ​លើ​ចំណុច​នេះដែរ លោក ម៉ៅ វិបុល​អគ្គនាយក​ហាង​កាហ្វេ Brewhouse បាន​លើកឡើងថា កេរ្តិ៍ឈ្មោះ​ផ្ទាល់ខ្លួន​ពិតជា​សំខាន់​ណាស់​សម្រាប់​អ្នកធ្វើអាជីវកម្ម ព្រោះថា នៅពេលដែល​យើង​មានឈ្មោះ​ល្អ អតិថិជន​នឹង​ទុកចិត្ត និង​គាំទ្រ​យើង​ច្រើន ប្រសិនបើ​សេវាកម្ម ឬ​ផលិតផល​របស់​យើង​មានគុណ​ភាពល្អ។ ម្យ៉ាងវិញទៀត ក្រៅពី​ទទួលបាន​ចំណាប់អារម្មណ៍​ពី​អតិថិជន​ហើយ ការ​មានកេរ្តិ៍ឈ្មោះ​ល្អ បូករួម​ទាំង​មាន​គម្រោង​អាជីវកម្ម​ល្អ​ផង អាចធ្វើឱ្យ​យើង​មាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​ដៃគូ​អាជីវកម្ម ឬ​ប្រភព​ទុន​បន្ថែម​ទៀតផង។

លោក ម៉ៅ វិបុល បាន​និយាយថា ៖ “នៅពេលដែល​យើង​ចាប់ផ្តើម​អាជីវកម្ម​ដំបូង យើង​ចាំបាច់​ត្រូវធ្វើ​ការប្រមូល​ទុន​ជាមុនសិន ប្រសិនបើ​យើង​មានឈ្មោះ​មិនសូវ​ល្អ យើង​ក៏​មិនអាច​ប្រមូល​ទុន ឬ​ស្វែងរក​ដៃគូ​បានល្អ​ដែរ ផ្ទុយ​មកវិញ​ប្រសិនបើ​យើង​មាន​ភាពច្បាស់លាស់ យើង​នឹង​ក្លាយជា​មនុស្ស​ដែល​អាច​ដោះស្រាយ​បញ្ហា​អាជីវកម្ម​បាន​យ៉ាង​ងាយស្រួល។

សហគ្រិន​ខាងលើ​បានលើកឡើង​ផងដែរ​ថា បើ​និយាយ​ពី​ការដោះស្រាយ​បញ្ហា​ទុន​ធ្វើ​អាជីវកម្ម គឺ​គេ​គិតពី​ទុន​ដែលមាន​នៅក្នុង​ដៃ និង​ទុន​ដែល​មិនទាន់មាន​នៅក្នុង​ដៃ។ ទុន​ដែល​មិនទាន់​មាននៅក្នុង​ដៃ គឺជា​ទុន​បង្វិល​ដែល​យើង​ទទួលបាន​ពី​សាច់ញាតិ​ដែល​ស្និទ្ធស្នាល​បំផុត ឬ​ប្រភព​មួយចំនួនទៀត​ដែល​ចុងក្រោយ​អាចជា​កម្ចី​ធនាគារ ប្រសិនបើ​យើង​មានឈ្មោះ​ល្អ និង​គម្រោង​អាជីវកម្ម​ល្អ​យើង​នឹង​អាច​ទទួលបាន​ការទុកចិត្ត ហើយ​ទទួលបាន​ទុន​នោះ​យ៉ាង​ងាយ។ ហេតុនេះហើយ ទើប​អ្នកធ្វើអាជីវកម្ម​ចាំបាច់​ត្រូវតែ​រក្សា​ឱ្យបាន​នូវ​ភាពស្មោះត្រង់ និង​ភាពច្បាស់លាស់​ស្របពេល​ដែល​យើង មានគំនិត​អាជីវកម្ម​ល្អ​ហើយ​ដែរ៕

ចែករំលែក