មិន​ធ្លាប់​ដឹង​សោះ! មាក់ប្រាង1ដើម​ប្រមូល​ផល​បាន​ជាង 1,000ដុល្លារ​ក្នុង 1ឆ្នាំ

មាក់ប្រាង គឺជា​ដំណាំ​ហូប​ផ្លែ​ដែលមាន​សម្បុរ​ពណ៌​លឿង ផ្លែ​ទ្រវែង​រាង​ដូច​ពងមាន់ និង​មាន​រសជាតិ​ជូរអែម​ឆ្ងាញ់​ជាប់មាត់ ទទួលទាន​ម្តង​ហើយ​គួរឱ្យ​ចង់​ទទួលទាន​ម្តងទៀត ពិសេស​ជា​ផ្លែឈើ​ដែលស្ត្រីៗចូលចិត្ត​ញ៉ាំ​លេង នៅពេល​សម្រាក​ពី​ការងារ​នៅពេល​រសៀល។

អ្នកស្រី សែន រ័​ត​ធី ម្ចាស់​ចម្ការ​មាក់ប្រាង និង​ជា​ឈ្មួញ​ទិញ​ផ្លែឈើ​នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​បានផ្តល់​បទ​សម្ភាស​ថា មាក់ប្រាង​ផ្តល់​ផល​ចាប់ពី​ពាក់កណ្តាល​ខែកុម្ភៈ រហូតដល់​ចុងខែ​មិនា​រៀងរាល់ឆ្នាំ ដោយ​ផ្តល់​ផល​តែម្តង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ។ ទោះ​វា​មិនសូវ​ផ្តល់​ផល​ច្រើនដង​ដូច​ដំណាំ​មួយចំនួនទៀត​មែន ប៉ុន្តែ​នៅពេល​វា​ឱ្យ​ផលម្តងៗគេ​អាច​បេះ​ផ្លែ​វា​បាន​ទម្ងន់​ចន្លោះ​ពី​ជាង 100គីឡូក្រាម ទៅជា1000គីឡូក្រាម​ក្នុង​មួយ​ដើម ហើយ​បើ​គេ​លក់​ចេញ​ឱ្យ​ម៉ូយ​ដុំ​នៅលើ​ទីផ្សារ​ត្រឹមតែ1ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​នោះ មានន័យថា កសិករ​អាច​រកប្រាក់​បាន​ជាង100ដុល្លារ​ទៅជា​ង1,000ដុល្លារ​ក្នុង​មាក់ប្រាង1ដើម។

ប៉ុន្តែ​ជា​ទោះជា​យ៉ាងណា ឈ្មួញ​អាច​យកមក​លក់រាយ​បន្ត​នៅលើ​ទីផ្សារ​បាន​ថ្លៃ​លើសពីនេះ ដោយ​អាច​លក់​ចន្លោះ​ពី 8,000រៀល​ទៅ​ជាង10,000រៀល​ក្នុង​មួយ​គីឡូក្រាម​តាម​ទីតាំង​លក់រាយ​នីមួយ។ ឈ្មួញ​ខាងលើ​បន្តទៀតថា មាក់ប្រាង​គឺជា​ផ្លែឈើ​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ លក់​មិនដែល​សល់​នោះទេ​ដោយសារ​វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្លែឈើ​កម្រ​ព្រោះ​មួយឆ្នាំ​ទើប​វា​ផ្តល់​ផល​ម្តង​ហើយ​ផ្តល់​ផល​ក្នុង​រយៈពេល​ខ្លី​ត្រឹម1ខែ​កន្លះ ទៅ2ខែ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ។

ដោយសារតែ​ជា​ផ្លែឈើ​កម្រ​បែបនេះហើយ ទើប​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ ពិសេស​អតិថិជន​នៅក្នុង​ទីក្រុង​ភ្នំពេញ​តែម្តង។ ទោះ​វា​បាន​ផល​ច្រើន​ដូច្នេះ​ក្តី ប៉ុន្តែ​ការដាំ​មាក់ប្រាង​ត្រូវ​ចំណាយពេល​យូរណាស់ គឺ​ចន្លោះ​ពី 8ឆ្នាំ រហូតដល់​ទៅ10ឆ្នាំ​ឯណោះ​ទើប​វា​ផ្តល់​ផល តែ​អាច​ប្រមូល​ផល​បានយូរ​រហូតដល់ 70 ទៅ100ឆ្នាំ​ក៏មាន។ ប៉ុន្តែ​សម្រាប់​បច្ចេកទេស​កសិក​ម្ម​ថ្មី​វិញ គេ​អាច​បំបៅ​មែក​យកមក​ដាំ ធ្វើឱ្យ​ឆាប់​ទទួលបាន​ផល​ជាង​យក​កូន​មក​ដាំ។

ការដាំ​មាក់ប្រាង​មិន​លំបាក​ក្នុងការ​ថែទាំ​នោះទេ ដោយ​គ្រាន់តែ​ធ្វើ​របង​ការពារ​សត្វពាហនៈ ដូចជា​គោក្របី​ជាដើម​កុំ​ឱ្យមក​ស៊ី​តែ និង​ស្រោច​ទឹកយូរៗម្តង​នៅពេល​ដាំ​ដំបូង​ឱ្យ​កូន​មាក់ប្រាង​ធំ​ខ្ពស់​ផុតពី​សត្វពាហនៈ​ហើយ គេ​មិនបាច់​ថែទាំ​អ្វី​ទៀត​ទេ ដោយ​គ្រាន់តែ​ទុក​វា​ចោល​រហូតដល់​បាន​ផល​បេះ​ផ្លែ​លក់​តែម្តង។

អ្នកស្រី​បញ្ជាក់ថា នៅក្នុង​ស្រុក​មេមត់ ដើម​មាក់ប្រាង​ត្រូវគេ​ដាំ​ជា​លក្ខណៈ​គ្រួសារ នៅតាម​ផ្ទះនីមួយៗ គ្រួសារ​ខ្លះ​មាន 10ដើម គ្រួសារ​ខ្លះ​មាន​ដល់ 20ដើម មិនមែនជា​ដំណាំ​ក​សិ-ឧស្សាហកម្មដូច​ដំណាំ​ម្រេច ឬ​ដំណាំផ្សេងៗទៀតឡើយ។ តែ​យ៉ាងណា ការដាំ​មាក់ប្រាង​នៅតាម​ផ្ទះ​វា​អាច​ផ្តល់​ផល​បានល្អ​ជាង​ដើម​រុក្ខជាតិ​ដទៃ​មួយចំនួនទៀត ក្រៅពី​ទាញយក​អាកាសធាតុ​ត្រជាក់ ផ្ដល់នូវ​ផាសុកភាព​សម្រាប់​ការ​រ​ស់​នៅ​ដល់​ក្រុមគ្រួសារ​ហើយ​នោះ គេ​នៅ​អាច​បេះ​ផ្លែ​វា​លក់​បានជា​រៀងរាល់ឆ្នាំ និង​បាន​ចំណូល​ច្រើន​សម្រាប់​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​ទៀតផង។

ឈ្មួញ​ខាងលើ​បន្តថា ស្រុក​មេ​មេ​ត់​ជា​ស្រុក​មួយ​ដែល​សម្បូរ​ផ្លែឈើ​ហូប​ផ្លែ​ជាង​ស្រុក​ផ្សេងទៀត​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ (អតីត​ស្រុក​មួយ​របស់​ខេត្តកំពង់ចាម) ហើយ​ផ្លែឈើ​ទាំងនោះ​ជា​ផ្លែឈើ​ធម្មជាតិ 100% ដែល​ផ្តល់​ប្រយោជន៍​ដល់​សុខភាព។ ករណីនេះ​អ្នកស្រី​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យជួយ​គាំទ្រ​ផលិតផល​ផ្លែឈើ​ក្នុងស្រុក​ជាជាង​គាំទ្រ​ផ្លែឈើ​នាំចូល​ពី​ក្រៅប្រទេស​ដែល​ក្រៅតែពី​ការផ្តល់​ប្រយោជន៍​សម្រាប់​សុខភាព​ក្រុមគ្រួសារ​ហើយ​នោះ វា​នៅ​អាចជួយ​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​កសិករ​ខ្មែរ​យើង​បាន​មួយចំណែក​ទៀត​ដែរ៕

Advertisement