ស្អែក​នេះ​ពលរដ្ឋ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​បាន​ហើយ

ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ដង​មហាវិថី​សហព័ន្ធរុស្ស៊ី ក៏ដូចជា​ក្នុង​ក្រុងភ្នំពេញ​ដែរនោះ ព្រឹកស្អែក​នេះ (12 មេសា) ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​សាកល្បង​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ចាប់ពី​ម៉ោង8ព្រឹក​តទៅ​បន្ទាប់ពី​ចំណាយពេល​សាងសង់​អស់​រយៈពេល​ប្រហែល 2ឆ្នាំ​រួចមក។

ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​នេះ នឹងត្រូវ​បើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន​ស​ម្រា​ប់​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឈានចូល​មកដល់។ក្រោយពី​ការសាងសង់​ចប់​រួចរាល់ ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​នេះ​នឹង​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ក៏ដូចជា​ការកកស្ទះ​ចរាចរណ៍​នៅលើ​មហាវិថី​សហព័ន្ធ​រុស្សី​ផងដែរ។

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធី​បើក​ឱ្យប្រើ​ប្រាស់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​សាកល្បង​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ។ ពិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី12 ខែមេសា ឆ្នាំ2018 វេលា​ម៉ោង6 និង30នាទី​ព្រឹក​ស្ថិតនៅ​ចំណុច​ខាងជើង​គល់ស្ពាន​អាកាស​ផ្សារ​ដី​ហុយ៕

Advertisement