អាមេរិក និង​ចិន​ត្រៀម​ផលិត​កង់​នៅ​កម្ពុជា​ដើម្បី​នាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស

ដោយ​មើលឃើញ​ពី​សក្តានុពល​សេដ្ឋកិច្ចកម្ពុជា ក្រុម​អ្នកវិនិយោគ​របស់​អាមេរិក និង​ចិនតៃវ៉ាន់ គ្រោង​បណ្តាក់ទុន​រួមគ្នា​បង្កើត​រោងចក្រ​ផលិត​កង់​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ដាក់​ម៉ាក​សញ្ញា​ផលិត​នៅ​កម្ពុជា (Made in Cambodia) ដើម្បី​នាំចេញ​ទៅ​លក់​នៅលើ​ទីផ្សារ​ក្រៅប្រទេស។

ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក Robert Margevicius បាន​មានប្រសាសន៍ថា កម្ពុជា​បានក្លាយ​ជា​ប្រទេស​ដំឡើង និង​ផលិត​កង់​សម្រាប់​នាំចេញ​ធំ​បំផុត​លំដាប់​ទី2 នៅលើ​ពិភពលោក ដែលមាន​ចំណែក​ទីផ្សារ​នៅ​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អាស៊ាន និង​ប្រទេស​អាស៊ី​ផ្សេងទៀត ក៏ប៉ុន្តែ​កម្ពុជា​ពុំមាន​រោងចក្រ​ផលិត​គ្រឿង​ផ្គុំ​កង់​នៅឡើយ​ទេ គឺ​ត្រូវ​នាំចូល​ពី​ប្រទេសផ្សេង។ លោក Robert Margevicius បានស្នើ​សុំ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ជួយ​គាំទ្រ​គម្រោង​នេះ​ផង ដើម្បីឱ្យ​ក្រុមហ៊ុន​ទាំងអស់​អាច​ចូលរួម​ធ្វើ​ពិពិធ​កម្មវិស័យ​ការងារ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។

ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​គម្រោង​វិនិយោគ​នេះ ហើយ​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ឱ្យធ្វើ​ការសម្របសម្រួល និង​ជួយ​ដោះស្រាយ​បញ្ហាផ្សេងៗ ដើម្បីឱ្យ​គម្រោង​នេះ​ដំណើរការ​ទៅមុខ​ដោយ​ជោគជ័យ។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បង្ហាញជូន​គណៈប្រតិភូ​អំពី​ព័ត៌មានសំខាន់ៗទាក់ទិន​នឹង​ឱកាស​វិនិយោគ​នៅ​កម្ពុជា និង​ផលិតផល​អាទិភាព​មួយចំនួន​ដែល​ក្រសួង​កំពុង​ជំរុញ​ការនាំចេញ មានដូចជា សម្លៀកបំពាក់ ស្បែកជើង អង្ករ ដំឡូង​មី ពោត ម្រេច សូត្រ​ប្រណីត និង​ផលិតផល​ឧស្សាហកម្ម​ដូចជា គ្រឿងបន្លាស់​រថយន្ត ម៉ូ​ទ័​រ និង​ម្ហូបអាហារ​កែច្នៃ។

តាម​របាយការណ៍​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បានបង្ហាញ​ឱ្យដឹងថា កាលពី​ឆ្នាំ 2017 កម្ពុជា​បាន​ផលិត និង​ដំឡើង​កង់​នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក​ចំនួន 1,824,895គ្រឿង (មួយ​លាន​ប្រាំបី​សែន​ពីរម៉ឺន​បួន​ពាន់​ប្រាំបី​រយ​កៅសិប​ប្រាំ) គិត​ជា​ទឹកប្រាក់​ស្មើនឹង 391លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង 29% បើ​ធៀប​នឹង​ឆ្នាំ2016 ដែល​បច្ចុប្បន្ន​កម្ពុជា​កំពុង​ផលិត​កង់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្តស្វាយរៀង ជិត​ព្រំប្រទល់​ព្រំដែន​កម្ពុជា និង​វៀតណាម៕

Advertisement