កម្ពុជា-បង់​ក្លា​ដែ​ស៖ ពិនិត្យ​លក្ខខណ្ឌ​បំពេញបន្ថែម ដើម្បី​ឈានទៅ​នាំចេញ​អង្ករ 1លាន​តោន

ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា និង​ក្រសួងពាណិជ្ជកម្ម​របស់​ប្រទេស​បង់​ក្លា​ដែ​ស បានចាប់ផ្ដើម​ពិនិត្យឡើងវិញ​នូវ​លក្ខខណ្ឌ​បំពេញបន្ថែម​មួយចំនួនទៀត ដើម្បី​ឈានទៅ​ធ្វើ​ការនាំ​អង្ករ​ចេញ​ចំនួន 1លាន​តោន ក្នុង​រយៈពេល 5ឆ្នាំ និង​ផលិតផល​កសិកម្ម​មួយចំនួនទៀត​ពី​កម្ពុជា​ទៅកាន់​ប្រទេស​របស់ខ្លួន។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​អន្ដរជាតិ និង​ការអភិវឌ្ឍ​នៃ​ចង្វាក់​តម្លៃ​សកល​រវាង​កម្ពុជា និង​បង់​ក្លា​ដែ​ស។

ឯកឧត្តម​បាន​បញ្ជាក់ថា៖ ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​ការទិញ-លក់​អង្ករ​ពី​កម្ពុជា​ចំនួន 1លាន​តោន កាលពី​ចុងឆ្នាំ2017 កន្លងមក ក្នុង​រយៈពេល 5ឆ្នាំ និង​ការទិញ​ផលិតផល​ដំឡូង​មី និង​ផលិតផល​មួយចំនួនទៀត​ពី​កម្ពុជា​ហើយ​បង់​ក្លា​ដែ​ស​ក៏​នឹង​មក​វិនិយោគ​លើ​ម៉ាស៊ីនកិនស្រូវ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​ផងដែរ។ ជាពិសេស ការពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្ដិការ​រ​វាង​កម្ពុជា និង​បង់​ក្លា​ដែ​សគឺ​ផ្ដល់នូវ​ផលប្រយោជន៍ និង​ពិនិត្យ​លើ​សក្ដានុពល​របស់​ប្រទេស​ទាំងពីរ ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក ជាពិសេស​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​ក្នុង​ក្របខ័ណ្ឌ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដូចគ្នា។

ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​បន្ដថា៖ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ក៏​នឹង​ជំរុញ​ផងដែរ​ឱ្យមាន​ការហោះហើរ​ត្រង់​ពី​បង់​ក្លា​ដែ​សមក​កម្ពុជា និង​ការចុះហត្ថលេខា​បន្ថែម​លើ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​ទីផ្សារ​កម្ពុជា និង​បង់​ក្លា​ដែ​ស​ឱ្យ​កាន់​តែមាន​ផលិតផល​កើនឡើង និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

ឯកឧត្តម​បាន​អះអាងថា ប្រទេស​ទាំងពីរ បាននិងកំពុង​តែ​ពិភាក្សាគ្នា​ក្នុងការ​ពង្រីក​ឧស្សាហកម្ម​ម្ហូបអាហារ​ហា​ឡា​ល់ សម្រាប់​នាំចេញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស ហើយ​កម្ពុជា​ក៏​អាច​រៀនសូត្រ​ពី​បង់​ក្លា​ដែ​ស​ក្នុងការ​រៀបចំ​ម្ហូបអាហារ​ហា​ឡា​ល់​ឱ្យមាន​ស្ដង់ដារ ដើម្បី​ពង្រីក​ទីផ្សារ​នាំចេញ​ទៅកាន់​ប្រទេសផ្សេងៗទៀត។

ឯកឧត្ដម តូ​ហ្វែ​ល អា​មេ​ដ(Tofail Ahmed) រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​បង់​ក្លា​ដែ​សបាន​បញ្ជាក់ថា ជំនួប​ពិភាក្សា​ទ្វេភាគី​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​ទាំងពីរ​នឹង​បង្កើន​កិច្ចសហប្រតិបត្ដិការ ការវិនិយោគ និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត។ ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​កម្ពុជា​ក្នុង​ការនាំ​អង្ករ 1លាន​តោន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​កន្លងមកនេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដោយ​ប្រទេស​ទាំងពីរ​ត្រូវការ​ពេលវេលា​ពិភាក្សា និង​អនុម័ត​បន្ថែមទៀត​ដើម្បីឱ្យ​សម្រេចបាន​តាម​ផែនការ​នាពេល​អនាគត។

លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍​បាន​មានប្រសាសន៍​អំពី​វេទិកា​នេះ​ថា៖ វេទិកា​នេះ​នឹង​ពិនិត្យឡើងវិញ​នូវ​លក្ខខណ្ឌ​បំពេញបន្ថែម​មួយចំនួនទៀត ដើម្បី​ឈានទៅ​ធ្វើ​ការនាំអង្ករ​ចេញ 1លាន​តោន​ពី​កម្ពុជា​ទៅ​បង់​ក្លា​ដែ​ស ជា​វេទិកា​មួយ​ក្នុង​ការជំរុញ​ប្រព័ន្ធ​នាំ​ស្រូវ​អង្ករ​ចេញ​របស់​រាជរដ្ឋាភិបាល​ទៅកាន់​បណ្តា​ប្រទេស​មួយចំនួន​លើ​ពិភពលោក ពីព្រោះ​រដ្ឋាភិបាល​មាន​គោលនយោបាយ​ជំរុញ​ការនាំចេញ​ស្រូវ អង្ករ 1លាន​តោន​ទៅកាន់​ប្រទេស​មួយចំនួន រួមមាន​ចិន ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត។

លោក​បន្ថែមថា៖ ដោយ​គិត​រួមទាំង​ប្រទេស​បង់​ក្លា​ដែ​ស​នេះ​ផង ប្រហែលជា​សម្រេច​នូវ​គោលនយោបាយ​នេះ។ តែ​សម្រាប់​យើងខ្ញុំ​ជា​ស្ថាប័នឯកជន​គ្រាន់​តែមាន​ជំហរ​គាំទ្រ​ជាមួយ​រដ្ឋាភិបាល​ដែល​អាច​ពង្រីក​ទីផ្សារ​បន្ថែមទៀត​សម្រាប់​វិស័យ​ស្រូវ​អង្ករ​នេះ​ប៉ុណ្ណោះ។

យោងតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹងថា កាលពី​ចុងឆ្នាំ2017 កន្លងទៅ កម្ពុជា និង​បង់​ក្លា​ដែ​សបាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចំនួន9 និង​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្ដិការ​លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និង​ព័ត៌មានវិទ្យា។ ក្នុង​ឆ្នាំ2016 កន្លងទៅ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ មាន​ត្រឹមតែ5.57 លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ៕

Advertisement