ប្រវត្តិ​ហាង​កាហ្វេ​ល្បី ដាក់តាំង​ដោយ​រទេះ នង្គ័ល​ដែល​ម្ចាស់​ធ្លាប់ប្រើ​កាលពី​អាយុ 7ឆ្នាំ

May 10, 2018​ ម៉ោង 5:38 pm
0
លោក ម៉ៅ វិបុល ម្ចាស់​ហាង​កាហ្វេ​ Brew House

ផ្តើមចេញពី​កុមារ​ភាពជា​ក្មេង​ជនបទ លោក ម៉ៅ វិបុល ជា​ម្ចាស់​ហាង​កាហ្វេ​ដ៏​ល្បី​មួយ​ដែល​បង្កើតឡើង​ដោយ​គំនិត​ច្នៃប្រឌិត មាន​រចនាប័ទ្ម​នៃ​ការតុបតែង​បែប​ខ្មែរ​ព្រោះ​លោក​ជា​កូន​កសិករមាន​បេះដូង​ស្រឡាញ់​អ្វី​ដែលជា​របស់​ខ្មែរ​យើង។

គេ​សង្កេតឃើញថា នៅតាម​សាខា​នៃ​ហាង​កាហ្វេនីមួយៗរបស់លោក​សុទ្ធតែ​បានដាក់​តាំងនូវរ​ទេះន​ង្គ័​ល​ដែល​វា​មាន​អត្ថន័យ​ដ៏​ធំធេង​សម្រាប់​រូបលោក ព្រោះ​វា​ជា​អនុស្សាវរីយ៍​ដែល​លោក​ធ្លាប់ប្រើ​កាលពី​អាយុ 7ឆ្នាំ។

តើ​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់​ហាង​កាហ្វេ ​Brewhouse ដែល​មនុស្ស​គ្រប់គ្នា​ធ្លាប់បាន​ស្គាល់ និង​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ស្នាដៃ​នៃ​រសជាតិ​អាហារ​នោះ​មាន​បង្កប់​នូវ​ការតស៊ូ និង​ឧបសគ្គ​អ្វីខ្លះ?

កុមារភាព និង​ការអប់រំ​លោក ម៉ៅ វិបុល បានកើត​ក្នុង​ឆ្នាំ1984 នៅក្នុង​ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ក្នុង​គ្រួសារ​ដែលមាន​ឪពុកម្តាយ​ជា​អ្នកធ្វើ​ស្រែចម្ការ ហើយ​ការប្រមូល​ផល​រាល់​ឆ្នាំ គឺ​គ្រប់​សម្រាប់តែ​ការ​ទទួលទាន​តែប៉ុណ្ណោះ មិនមាន​សល់​អ្វី​ច្រើន​នោះទេ។

ក្នុង​វ័យ​ប្រហែល 7ឆ្នាំ ដែល​កាលនោះ​កុមារា​វិបុល ក្រៅតែពី​ទៅ​រៀន​ហើយ នៅមាន​ការងារ​ប្រចាំថ្ងៃ​មួយទៀត គឺ​ឃ្វាលគោ។ ថ្ងៃមួយ​គាត់​បានឃើញ​បងប្រុស​ជីដូនមួយ​រប​ស់​គាត់​មកពី​ទីក្រុង​ភ្នំពេញមាន​ម៉ូតូ​ធំ(អា​ត្រៃ)ជិៈ​យ៉ាង​សង្ហា គាត់​ចាប់ផ្តើម​មាន​អារម្មណ៍​ប្លែក ហើយក៏​សួរ​ទៅ​បងប្រុស​របស់គាត់​ថា បង​ធ្វើការ​នៅ​ភ្នំពេញ​បាន​ប្រាក់ខែ​ប៉ុន្មាន? បង​គាត់​ឆ្លើយថា ប្រាក់ខែ150ដុល្លារ។ គាត់​ក៏​ចាប់ផ្តើម​អង្គុយ​គិតថា បងប្រុស​របស់ខ្ញុំ​តែម្នាក់ឯង​រកបាន​មួយខែ 150ដុល្លារ បើ​ប្រៀបធៀប​មក​គ្រួសារ​របស់ខ្ញុំ​ដែលមាន​សមាជិក 7-8 នាក់​វិញ ធ្វើស្រែ​ពេញ1ឆ្នាំ ហើយ​បើសិន​កុំ​យក​ស្រូវ​ដែល​ធ្វើបាន​នោះមក​ហូប តែ​ទុក​សម្រាប់​លក់​វិញ បាន​ចំណូល​ប្រហែល​តែ 300ដុល្លារ​ប៉ុណ្ណោះ។

គិត​ទៅបាន​ចំណូល​ត្រឹម​ស្មើ​បងប្រុស​ខ្ញុំ​ធ្វើការ​តែ 2ខែ​ប៉ុណ្ណោះ ខ្ញុំ​ក៏​ចាប់ផ្តើម​មាន​ផ្នត់គំនិត​ថ្មី និង​តាំងចិត្ត​ថា​ខ្ញុំ​អត់​នៅ​ស្រុកស្រែ​ទេ។ កូន​ចិត្ត​នេះ​បានធ្វើឱ្យ​គាត់​ចងចាំ​ក្នុង​ខួរក្បាល ខណៈ​ខ្លួនឯង​មិនទាន់​ទាំង​ដឹងផង​ថា តើ​អាចធ្វើ​អ្វី​បាន និង​តាម​វិធី​ណា​នៅឡើយ។ គាត់​បានចាប់ផ្តើម​ខិតខំ​រៀនសូត្រ ព្រោះ​គាត់​មាន​ក្តី​ស្រមៃ​ចង់​មក​ធ្វើការ​នៅ​ភ្នំពេញ។ ដល់​វ័យ​ចូល​អនុវិទ្យាល័យ យុវជន​ម៉ៅ វិបុល បានចាប់ផ្តើម​ចូលរៀន​នៅ​វិទ្យាល័យ ហេង សំរិន ព្រៃ​ល្វា ដែលមាន​ចម្ងាយ​ប្រហែល​ជាង 5គីឡូម៉ែត្រ​ពី​ផ្ទះ ដោយ​ជិះ​កង់​ទៅមក​ជា​រៀងរាល់ថ្ងៃ។

ពីមួយថ្ងៃ​ទៅមួយថ្ងៃ ការខិតខំ​ប្រឹងប្រែង​ចេះតែ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ច្រើន ហើយ​មុខវិជ្ជា​ដែល​គាត់​រៀន​ពូកែ​នៅពេលនោះ គឺ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត (គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា​ជាដើម) តែ​គាត់​មិនសូវ​ពូកែ​ខ្លាំង​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម​នោះទេ។ ពេលវេលា​សម្រាប់​ការសិក្សា​នៅ​ថ្នាក់មធ្យមសិក្សា​ហាក់​មិនយូរប៉ុន្មាន​ឡើយ។ ភ្លេចៗខ្លួន​លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ។

កាលនោះ អ៊ំ​ប្រុស​របស់គាត់​ជា​នាយក​សាលា នៅពេលដែល​ឃើញ​គាត់​រៀន​ពូកែ​ខាង​វិទ្យាសាស្ត្រ​ពិត អ៊ំ​ប្រុស​របស់គាត់​បាន​ផ្តល់យោបល់​ថា ឱ្យ​គាត់​ចូល​ធ្វើជា​គ្រូបង្រៀន បើ​គាត់​ក្លាយជា​គ្រូបង្រៀន​គាត់​នឹង​អាច​បង្រៀន​កួរ​បាន ហើយ​ជីវភាព​ក៏​នឹង​ធូរធារ​តាម​ហ្នឹង​ដែរ តែ​ខុសពី​អ្វីដែល​អ៊ំ​ប្រុស​គាត់​រំពឹង យុវជន​វិបុល បាន​មើលឃើញ​ពី​គោលដៅ​របស់ខ្លួន​សំខាន់​ជាងអ្វីៗទាំងអស់។ ទឹកចិត្ត​ដ៏​មុតមាំ​នេះ​បាន​ជំរុញ​ឱ្យ​គាត់​មាន​សេចក្តីក្លាហាន​ក្នុង​ការសុំ​គ្រួសារ​របស់គាត់​មក​ភ្នំពេញ។

ពេលនោះ គាត់​សម្លឹង​ឃើញ​សាលា​តិច​ណូ(វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា)ជា​សាលា​ល្អ​មួយ​សម្រាប់​គាត់​ក្នុង​ការកសាង​អនាគត ព្រោះ​គាត់​ជា​អ្នក​ដែលមាន​ទេពកោសល្យ​ផ្នែក​វិទ្យាសាស្ត្រ​ពិត។

ជា​លទ្ធផល​គាប់ប្រសើរ លោក​បាន​ប្រឡង​ជាប់ 2សាកលវិទ្យាល័យ គឺ​សាលា​កសិកម្ម និង​សាលា​ពាណិជ្ជ​សាស្ត្រ ចំណែកឯ​សាលា​តិច​ណូ​វិញ គឺ​លោក​ជាប់​បម្រុង​លេខ​រៀង​ទី3។ គេ​និយាយថា “ក្តី​ប្រាថ្នា​មុតមាំ អាចធ្វើឱ្យ​ទេវតា​រំភើបចិត្ត” ប្រហែលជា​អាច​ត្រូវ​សម្រាប់​ជីវិត​របស់​និស្សិត​ក្រីក្រ​ដែល​ពោរពេញ​ដោយ​ក្តី​ប្រាថ្នា​យ៉ាង​មុតមាំ​នៅពេលនោះ។

ទោះបីជា​គាត់​ជា​និស្សិត​បម្រុង​ក្ដី ក៏​គាត់​នៅតែ​រង់ចាំ​ឱកាស​សម្រាប់​ខ្លួន​ដដែល​ហើយ​ទីបំផុត​សំណាងល្អ​ក៏​រត់​មករក​គាត់​មែន គឺ​និស្សិត​ដែល​បាន​ប្រឡង​ជាប់​មួយចំនួន​សម្រេចចិត្ត​បោះបង់ ដែល​អាចធ្វើឱ្យ​គាត់​បាន​ក្លាយជា​និស្សិត​ពេញសិទ្ធិ​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

ហាងកាហ្វេ Brew House សាខាវត្តបទុម

ជីវិត​សិក្សា​នៅ​មហាវិទ្យាល័យ​

ក្តី​ស្រមៃ​របស់​មនុស្ស​មិនមែន​ចេះតែ​សម្រេចបានងាយៗនោះទេ ហើយ​សំណាងល្អ​ក៏​មិន​ចេះតែ​កើតឡើងផ្ទួនៗគ្នា​ដែរ វា​ស្រដៀង​គ្នា​ទៅនឹង​ខ្សែជីវិត​របស់​និស្សិត ម៉ៅ វិបុល នៅពេល​នោះដែរ។ ក្តី​ស្រមៃ​ដែល​គាត់​ស្រឡាញ់​ពិតប្រាកដ គឺ​សិក្សា​ផ្នែក​សំណង់​តែដោយសារ​តែ​គាត់​មិនអាច​ប្រឡង​ជាប់​ផ្នែក​សំណង់ គាត់​ក៏​សម្រេចចិត្ត​ជ្រើស​យក​ជំនាញ​ផ្នែក​គីមី​ចំណីអាហារ​វិញ។

ការជ្រើសរើស​ជំនាញ​ផ្នែក​គីមី​ចំណីអាហារ​នេះ ក្រោយមក​បានក្លាយ​ជា​វិថី​យ៉ាង​ត្រចះត្រចង់​របស់លោក​ទៅវិញ ព្រោះ​ក្រោយពេល​សិក្សា​បាន​មួយរយៈ​ទើប​លោក​ដឹងថា ជំនាញ​ផ្នែក​ចំណី​អាហារ​នេះ​ក៏​ជា​ជំនាញ​មួយ​ដែល​លោក​ស្រឡាញ់ និង​អាច​អភិវឌ្ឍ​ខ្លួន​បានល្អ​ដែរ។ លោក​មាន​បញ្ហា​ភាសា​មិនសូវ​ខ្លាំង ហើយ​នៅ​សាលា​តិច​ណូ គេ​ប្រើ​ភាសា​អង់គ្លេស និង​បារាំង​ច្រើន បានធ្វើឱ្យ​លោក​ខិតខំ​ប្រឹងប្រែង​រហូតដល់​មាន​បញ្ហា​ខួរក្បាល​ភ្លេចភ្លាំង​ច្រើន។

ដោយ​ជីវភាព​ក្រីក្រ​គាត់​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ថ្នាំ​ព្យាបាល​នោះទេ ហេតុនេះ​នៅ​ថ្ងៃមួយ​គាត់​បាន​អាន​ទស្សនា​វ​ដ្តី​ឃើញថា មើម​រមៀត​អាច​ព្យាបាល​បញ្ហា​ភ្លេចភ្លាំង​បាន ហេតុនេះ​គាត់​ក៏បាន​ទាក់ទង​ទៅ​ម្តាយ​របស់គាត់​ឱ្យ​ទិញ​រមៀត​មកឱ្យ​គាត់។ គាត់​ទទួលទាន​រមៀត​អស់​ប្រហែលជា​ជិត 40គីឡូក្រាម ដែល​ធ្វើ​ឱ្យដៃ មាត់ និង​ធ្មេញ​របស់គាត់​ប្រឡាក់​សុទ្ធតែ​ពណ៌​របស់​រមៀត។

លោក ម៉ៅ វិបុល បាន​រំឭកថា៖ “កាលណោះ មាន​អ្នកខ្លះ​មើលងាយ​ខ្ញុំ តែ​ខ្ញុំ​មិន​ខឹង​ទេ ខ្ញុំ​បាន​តាំងចិត្ត​ថា ថ្ងៃនេះ​គេ​មើលងាយ​ខ្ញុំ​សិន​ចុះ ព្រោះ​មកពី​គេ​មាន​ឡាន​ជិៈ ហើយ​ខ្ញុំ​ជិះ​កង់ តែ10ឆ្នាំក្រោយ ខ្ញុំ​នឹងមាន​ឡាន​ជិៈ​ហើយ​បើ​អ្នកឯង​មិនមាន​ឡាន​ជិះ​ទេ នោះ​អ្នកឯង​នឹង​អន់​ជាង​ខ្ញុំ​វិញ​ម្តង​ហើយ។

អំឡុងពេល​រៀន​នៅ​សាលា​តិច​ណូ​នោះ លោក​ក៏​ទទួលបាន​ការជួយជ្រោមជ្រែង​ផងដែរ​ពី​បងប្អូន និង​សាច់ញាតិ​មួយចំនួន​ដែល​ជួយឧបត្ថម្ភ​គាំទ្រ​ដោយ​ផ្តល់​ផ្ទះ​ឱ្យ​ស្នាក់នៅ និង​ធនធានខ្លះៗសម្រាប់​ឱ្យ​លោក​ខ្ចី​បង់​សាលា​រហូតដល់​លោក​បានបញ្ចប់​សាកលវិទ្យាល័យ។

លោក ម៉ៅ វិបុល ថតរូបជាមួយភរិយា ក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់

ជីវិត​ការងារ និង​ការអភិវឌ្ឍ​អាជីព​

ក្រោយ​ភ្លៀង មេឃ​នឹង​ស្រឡះ បន្ទាប់ពី​បានតស៊ូ​នឹង​ភាពលំបាក​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នៅ​មហាវិទ្យាល័យ​រួចមក លោក​វិបុល​បានចាប់ផ្តើម​ចូល​បម្រើ​ការងារ​ជា​អ្នកជំនាញ​មន្ទីរពិសោធន៍ នៅក្នុង​អង្គការក្រៅរដ្ឋាភិបាល​មួយ​នៅ​ចន្លោះ​ឆ្នាំ2005ដល់​ឆ្នាំ2008។

ក្នុងអំឡុង​ពេលនោះ លោក​ទទួលបាន​ប្រាក់ខែ​ជាង 200ដុល្លារ​និង​ប្រាក់ឧបត្ថម្ភផ្សេងៗទៀត​ដែល​សរុបទៅ​ប្រហែលជា​ជិត 400ដុល្លារ​ដែល​សម័យ​នោះ​ចំនួន​នេះ គឺ​ច្រើន​ហើយ​សម្រាប់អ្នកធ្វើការងារ​ទូទៅ។ លោក​គិតថា ការធ្វើការ​នៅ​អង្គការ​វា​មិនសូវមាន​ការអភិវឌ្ឍ​ខ្លាំង​ដូច​នៅ​ក្រុមហ៊ុន​ឯកជន​នោះទេ ក្រោយមក​លោក​ក៏​សម្រេចចិត្ត​ផ្លាស់ប្តូរ​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​វិញ​ម្ដង។

លោក​បាន​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ Qb (ប្រព័ន្ធ 013) ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​តាម​ទូរស័ព្ទ (Call Center)។ នៅពេលនោះ​ព្យុះភ្លៀង​បាន​បោកបក់​ចូលមកក្នុង​ជីវិត​របស់លោក​សាជាថ្មី​ម្តងទៀត។

ដោយសារ​បទពិសោធ​នៅ​អង្គ​ការមិន​ពាក់ព័ន្ធ​គ្នា​នឹង​ការងារ​ដែល​លោក​ធ្វើ​នៅ​ក្រុមហ៊ុន​ឯកជន​នោះ ទើប​ធ្វើឱ្យ​ពេល​ចូលធ្វើការ​ដំបូង គេ​ឱ្យ​ប្រាក់ខែ​តែ​ជាង 100ដុល្លារ​ប៉ុណ្ណោះ។ លោក​វិបុល​ត្រូវ​រង​ការលំបាក​ខ្លាំង​លើ​ជីវភាព​រស់នៅ ហើយ​ពេលនោះ​ប្អូន​របស់លោក​ក៏ត្រូវ​ឡើងមក​សិក្សា​នៅ​មហាវិទ្យាល័យ​ដែរ។

អំឡុង​ពេលធ្វើ​ការងារ​នៅពេលនោះ លោក​ទើបតែ​ចូលធ្វើការ​បាន​មួយ​សប្តាហ៍​ក៏ត្រូវ​នាយក​ប្រតិបត្តិ (CEO)ក្រុមហ៊ុន​ហៅ​ទៅ​ព្រមាន ដែល​នេះ​ជា​រឿង​មួយ​ធ្វើឱ្យ​លោក​ចងចាំ​មិន​ភ្លេច​អំពី​ការងារបម្រើសេវា​កម្ម​ដល់​អតិ​ថិ​ជន។ លោក​ជា​អ្នករៀន​ពូកែ​ខាង​វិទ្យាសាស្ត្រ​ពិត​ធ្លាប់តែ 2បូក2 ស្មើ4 ដល់ពេល​បម្រើសេវា​កម្ម​ជូន​អតិថិជន ពេល​អតិថិជន​មាន​បញ្ហា លោក​មិនបាន​គិតដល់​ការពន្យល់​ដែល​ត្រូវ​បត់បែន​តាម​អតិថិជននីមួយៗឡើយ។ ពេលនោះ​ភ្ញៀវ​មិន​យល់​ហើយ​បាន​ស្តីឱ្យ​លោក ហើយ​លោក​ក៏បាន​ឈ្លោះ​ជាមួយ​ភ្ញៀវ​វិញ​តែម្តង។

ទោះជា​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​ក្តី លោក​វិបុល​នៅតែ​មានឱកាស​បន្តការងា​រ ហើយ​ព្យាយាម​រៀនសូត្រ​ពីបទ​ពិសោធ​រហូតដល់​បាន​ឡើង​តំណែង​ក្លាយជា​មេក្រុម​ផ្នែក​លក់​នៅក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​តែប៉ុណ្ណោះ។ ចាប់ពីពេលនោះ​មក លោក​បាន​យល់ដឹង​ច្រើន​ពី​ការងារ​គ្រប់គ្រង។ ក្រោយមកទៀត ដោយ​មើលឃើញ​ពី​ឱកាស​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង នៅ​ឆ្នាំ2013 លោក​វិបុល បានប្តូរ​ទៅធ្វើជា​នាយក​គ្រប់គ្រង​ទូទៅ​ក្នុង​រោងចក្រ​មួយកន្លែង​នៅ​បែក​ចាន។

នៅ​ឆ្នាំ​នោះ​ជា​ឆ្នាំ​ដែល​ក្នុងសង្គម​របស់​យើង​សម្បូរ​ទៅដោយ​បាតុកម្ម​រវាង​កម្មករ និង​ថៅកែ តែ​សំណាងល្អ​ដែរ​ដែល​រោងចក្រ​របស់លោក​គ្រប់គ្រង មិនមាន​បញ្ហា​អ្វី​ឡើយ តែ​អ្វី​ដែលជា​បញ្ហា​ប្រឈម​របស់លោក គឺ​បញ្ហា​គ្រួសារ​ទៅវិញ ព្រោះ​ការងារ​នៅ​រោងចក្រ​ឆ្ងាយ​ពី​ផ្ទះ​ពេក និង​ត្រូវការ​ចំណាយពេល​ច្រើន​ក្នុង​ការងារ​កំដរ​ភ្ញៀវ​មកពី​ក្រៅប្រទេស។ លោក​ក៏​សម្រេចចិត្ត​ផ្លាស់ប្តូរ​ការងារ​មក​ធ្វើការ​នៅ​ក្រុមហ៊ុន Smart ក្នុង​តំណែង​ជា Head Of Modern Trade and Event Sale ដែលជា​តំណែង​សំខាន់​មួយ​ក្នុង​ក្រុមហ៊ុន។

លោក ម៉ៅ វិបុល ​ថតរូបជាមួយភរិយា ​និង​កូនស្រី​នៅ​មុខហាង​កាហ្វេ ​Brew House

នេះ​ជា​ដំណាក់កាល​មួយ​ដែរ​ដែល​លោក​ត្រូវ​រៀនសូត្រ​ពីបទ​ពិសោធថ្មីៗជាមួយនឹង​ចៅហ្វាយ​ដែលជា​ជនជាតិ​បរទេស​ដែលមាន​ការដឹកនាំ​បែប​ម៉ឺងម៉ាត់​ប្លែក​ថ្មី​មួយ​ផ្សេងទៀត ព្រោះ​កាលពី​នៅ​រោងចក្រ​លោក​បានធ្វើ​ការងា​រ​ជាមួយ​ចៅហ្វាយ​ដែល​ស្និទ្ធស្នាល​ដូចជា​បងប្អូន។ ធ្វើការ​បានយូរ​បន្តិច ការងារ​របស់លោក​ត​ម្រូ​វ​ឱ្យ​ដើរ​ច្រើន​ដូចជា​ការងារ​មុន​ដដែល ហេតុនេះ​លោក​នៅតែមាន​បញ្ហា​គ្រួសារ ដែល​ធ្វើឱ្យ​លោក​សម្រេចចិត្ត​បោះបង់ចោល​ការងារ​ប្រាក់ខែ​រាប់ពាន់​មក​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​វិញ។

ការចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​

លោក​បាន​សិក្សា​ពី​អាជីវកម្ម​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន ដោយសារតែ​ភរិយា​របស់លោក​ជា​អ្នក​ស្គាល់គ្នា​ជាមួយនឹង​លោក​ឧកញ៉ា គួច ម៉េង​លី ហើយក៏​បាន​ចរចា​ទិញ​ហាង​កាហ្វេ​នេះ​ក្នុងនាម​ជា​អ្នកទិញ​សិទ្ធិ​អាជីវកម្ម (Franchise) ពេលនោះ​លោក​ឧកញ៉ា គួច ម៉េង​លី ក៏​ចង់​លក់​ហាង​កាហ្វេ​នេះដែរ ព្រោះ​គាត់​រវល់​ច្រើន​ជាមួយ​សាលារៀន និង​មន្ទីរពេទ្យ។

លោក​វិបុល​ក៏​សម្រេចចិត្ត​មក​អង្គុយ​សង្កេតមើល​ក្នុង​ហាង​កាហ្វេ​នេះ​រយៈពេល10ថ្ងៃ តាំងពីព្រឹក​ដល់​ល្ងាច បន្ទាប់មក​គាត់​ក៏​សម្រេចចិត្ត​ទិញ​ហាង​កាហ្វេ​នេះ ដោយ​លក់​ផ្ទះ​ដែល​ម្តាយក្មេក​ចែក​ឱ្យ រួមទាំង​លុយកាក់​មួយចំនួន​បាន​ប្រមាណ​ជិត 40ម៉ឺន​ដុល្លារ​ជា​ដើមទុន​ដើម្បី​ធ្វើ​អាជីវកម្ម​ហាង​កាហ្វេ​មួយ​នេះ។

ស្ថានភាព​ជាក់ស្តែង​មិន​ដូច​អ្វីដែល​លោក​បានគិត​នោះទេ​ក្រោយ​ពេលដែល​លោក​ចាប់ផ្តើម​ដំណើរការ​ហាង​កាហ្វេ​នេះ ដោយសារ​ខែដំបូងៗត្រូវ​ខាត​អស់​មួយខែ​ជិត 2ម៉ឺន​ដុល្លារ ព្រោះ​គ្រាន់តែ​ថ្លៃ​ភ្លើង​ខែ​ដំបូង​អស់​ជាង 4,000ដុល្លារ។ ពេលនោះ​លោក​ស្ថិតក្នុង​ស្ថានភាព​លំបាក​ខ្លាំង ពីរ​នាក់​ប្តី​ប្រពន្ធ​ខ្វាយខ្វល់​គេង​មិន​លក់​តែង​ជជែក​ពិភាក្សាគ្នា​រក​ដំណោះស្រាយ​រាល់​យប់ ពេលខ្លះ1យប់​គេង​បានតែ​ត្រឹមតែ2-3ម៉ោង​ប៉ុណ្ណោះ ព្រោះ​ត្រូវ​គិតគូរ​រក​វិធី​ស្តារ​អាជីវកម្ម​នេះ​ឡើងវិញ។

ដោយសារ​លោក​បានគិត​គ្នា​ថា ត្រូវតែ​លូក​ឱ្យ​ជ្រៅ​ក្នុង​អាជីវកម្ម​មួយ​នេះ ទើប​ធ្វើឱ្យ​លោក​សម្រេច​ផ្អាក​អាជីវ​កម្មនេះ1ខែ​ដើម្បី​ជួសជុល​ហាង ដោយ​ធ្វើការ​សាងសង់​ជាន់​ទីមួយ​បន្ថែមទៀត ហើយ​រើ​ផ្ទះ​ពី​ស្ទឹងមានជ័យ​មក​ស្នាក់នៅ​ក្នុង​ហាង​តែម្តង ងាយស្រួល​មើល​ការខុសត្រូវ និង​ចាត់ចែង​ផ្ទាល់​ដើម្បី​ងាយ​ស្វែងយល់​ពី​ការ​ខាត​ចំណេញ​ឱ្យបាន​ច្បាស់លាស់។ លោក​បានចាប់ផ្តើម​ប្រឡូក​ការងារ​ដោយផ្ទាល់​ជាមួយ​បុគ្គលិក​ទាំង​ការបម្រើ​អតិថិជន ទាំង​ការងារ​ចុងភៅ ក៏ដូចជា​ការគ្រប់គ្រង​ជាដើម។

លោក​សង្កេតឃើញថា ភ្ញៀវ​បរទេស​ភាគច្រើន​ចំណាយ​តិចតួច​ជា​មធ្យម​ត្រឹម 3ដុល្លា​ក្នុង​មួយ​នាក់​ខណៈ​ភ្ញៀវ​ខ្មែរ1នាក់​ចំណាយ​អស់ 6-7ដុល្លារ​លោក​ក៏​សម្រេចចិត្ត​ផ្លាស់ប្តូរ​មុខម្ហូប និង​ធ្វើការ​រចនា​តុបតែង​ក្នុង​ហាង​ជា​លក្ខណៈ​ខ្មែរ​ដោយបាន​យក​រទេះ​នង្គ័ល​ពី​ស្រុកកំណើត​ដែល​លោក​ធ្លាប់​ប្រើពេល​លោក​អាយុ 7ឆ្នាំ​មក​ជួលជុល​ដាក់តាំង​ក្នុង​ហាង​ព្រោះ​វា​ជា​អនុស្សាវរីយ៍ និង​មាន​អត្ថន័យ​ដ៏​ធំធេង​សម្រាប់​រូបលោក។

លោក​បានលើកឡើង​ពី​ការ​ខាត​ធ្ងន់ធ្ងរ​ក្នុង​ខែ​ទី1 ដែល​បណ្តាលមកពី​រឿង​ធំ3 គឺ​ទី1 ដោយសារ​ហាង​នេះ​លោក​ទិញ​ពី​គេ លោក​មិន​បានដឹង​ពី​កា​រត​ប្រព័ន្ធ​ទឹក-ភ្លើងផ្សេងៗឡើយ ចំណែក​បុគ្គលិកវិញ​បើកភ្លើង​ធ្វើយ៉ាងណា​ឱ្យ​ភ្លឺ​ពេញ​ហាង និង​ម៉ាស៊ីនត្រជាក់​គ្រប់កន្លែង​ដោយ​គ្មាន​ការ​សន្សំសំចៃ។ ទី2វា​ជា​ខែ​ដំបូង​ការគ្រប់គ្រង​មិនបាន​ដិតដល់ បុគ្គលិក​កុម្ម៉ង់​ទិញ​សម្ភារ និង​គ្រឿងគ្រៅ​សម្រាប់ធ្វើ​ម្ហូបផ្សេងៗ យើង​ទិញ​ឱ្យ​គាត់​រហូត​ដោយ​មិនបាន​ដឹងថា តើ​ពួកគេ​ប្រើ​អស់ ឬ​មិន​អស់ ឬ​ខ្ជះខ្ជាយ​គ្រប់មុខ​យ៉ាងណា​នោះឡើយ។ ទី3បញ្ហា​ធនធានមនុស្ស​គ្រប់ផ្នែក​មិនមាន​លក្ខណៈ​ស្តង់ដារ ការបម្រើ​សេវាកម្ម​មិនបាន​ដិតដល់​ធ្វើឱ្យប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ជាដើម។

លោក​បានចាប់ផ្តើម​ចូលមក​កាន់​ការងារ​ដោយ​ពិនិត្យមើល​គ្រប់ផ្នែក រើ​ចោល​ប្រព័ន្ធ​ភ្លើងចាស់ៗរៀបចំ​ត​ថ្មី​ឡើងវិញ ពិនិត្យមើល​ធនធានមនុស្ស​ដោយ​លោក​ជា​អ្នក​បង្ហាត់ និង​បណ្តុះបណ្តាល​ផ្ទាល់ទៅតាម​ផ្នែកនីមួយៗ ប្រាប់​ពី​វប្បធម៌​នៃ​ការធ្វើការងារ ទស្សនវិស័យ​របស់​ហា​ង​ជាដើម។ល។ ចំណែក​បុគ្គលិក​ជាន់ខ្ពស់​លោក​ពិនិត្យមើល​ភាគច្រើន​ទៅលើ​អត្តចរិត ភាពស្មោះត្រង់ និង​ការតាំង​ចិត្ត​ធ្វើ​ការងារ ដោយ​លោក​ចាប់ផ្តើម​បញ្ជ្រាប​អំពី​ទិសដៅ​វែងឆ្ងាយ​របស់​ពួកគាត់​ទៅជា​មួយ​ហាង។

ចូលដល់​ខែ​ទី5 លោក​ចាប់ផ្តើម​ដឹង​ពី​វិធីសាស្ត្រ​ក្នុងការ​បង្វិល​លុយ។ លោក​ថា ក្នុង​ហាង​កាហ្វេ​លុយ​ចូល​រាល់ថ្ងៃ ប្រសិនបើ​មិនចេះ​រៀបចំ​ទុកដាក់​ទេ ចុងខែ​ដឹង​តែ​រកលុយ​បើ​ប្រាក់ខែ​ឱ្យ​បុគ្គលិក​មិនបានឡើយ។ អ៊ីចឹង​យើង​ត្រូវ​ដឹងថា លុយ​កញ្ចប់​ណា​ត្រូវ​ទុក លុយ​កញ្ចប់​ណា​ត្រូវ​បង់​ឱ្យ​ខាង​ណា​មុន​ដែលជា​ការចំណាយ​ចំ​បាច់។ នៅ​ខែ​ទី7 ទើប​ហាង​របស់លោក​ឈប់​ខាត។

ពាក់ព័ន្ធ​នឹង​អារម្មណ៍​របស់លោក​នៅពេល​ជួប​បញ្ហា​លើកដំបូង លោក​និយាយថា លោក​ជឿ​លើ​កត្តា​ផ្លូវចិត្ត​ព្រោះ​លោក​ពិត​ជាមាន​ការតក់​ស្លុត​ណាស់​ចំពោះ​ស្ថានភាព​ខាត​ធ្ងន់ធ្ងរ ដែល​លោក​បាន​និយាយថា ប្រសិនបើ​អ្នកខ្លះ​អាច​នឹង​បោះបង់ចោល​បាត់ទៅហើយ​ផង​ក៏​មិនដឹង តែដោយសារ​កម្លាំងចិត្ត​មួយ​ដែល​ជំរុញ​ឱ្យ​លោក​ត្រូវតែ​ក្រោកឈរ​ជម្នះ​គ្រប់​ឧបសគ្គ​ទាំងឡាយ​ដោយ​មិន​រាថយ ព្រោះ​ពេល​លោក​សម្រេចចិត្ត​បើក​អាជីវកម្ម​មួយ​នេះ លោក​បាន​បោះបង់ចោល​ការងារ​ដែល​មាន​ប្រាក់ខែ​រាប់ពាន់​ដុល្លារ មិនតែប៉ុណ្ណោះ​សូម្បីតែ​សាច់ញាតិ រួមទាំង​មិត្ត​ភ័ក្តិ​ជិតស្និទ្ធ​មួយចំនួន​គ្មាន​អ្នកណា​គាំទ្រ​លោក​ទេ មានតែ​ភរិយា ម្តាយក្មេក និង​ម្តាយមីង​របស់លោក​ប៉ុណ្ណោះ​ដែល​បាន​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​ពេល​លោក​ជួប​ស្ថានភាព​លំបាក​នេះ។

លោក​ថា មនុស្ស​គ្រប់គ្នា​ដែល​មិន​គាំទ្រ​លោក គេ​នឹង​ចំអក​ឱ្យ​លោក​ប្រសិនបើ​អាជីវកម្ម​មួយ​នេះ​បរាជ័យ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​លោក​ដាក់​ជីវិត​ជាមួយ​វា​ដោយ​សន្យា​នឹង​ខ្លួនឯង​ថា វា​មិនអាច​ដួល​បានទេ​និង​បើ​ទើប​ទោះជា​លោក​គេង​បានត្រឹមតែ 2-3ម៉ោង​ក្នុង​មួយ​យប់​ក៏ដោយ ក៏​លោក​ត្រូវតែ​ក្រោក​ឡើង​បន្តការងារ​ដោយ​មិន​ខ្លាច​នឿយហត់​ឡើយ ទោះបីជា​ឈឺ​ក៏​នៅតែមាន​កម្លាំង​ធ្វើ​ដែរ នោះ​គឺ​កម្លាំងចិត្ត​ហ្នឹងឯង ហើយ​ខំ​រិះគិត ដើរ​ក៏​គិត អង្គុយ​ក៏​គិត រិះរក​គ្រប់​វិធី​ដើម្បី​អភិវឌ្ឍ​វា​ឱ្យ​ដំណើរការ​ទៅមុខ​បាន។

លោក ម៉ៅ វិបុល ​ថតរូបជុំគ្នា​ជា​មួយបុគ្គលិក​ក្នុង​ថ្ងៃភ្ជុំបិណ្ឌ

ទីបំផុត​រយៈពេល​ជាង​កន្លះ​ឆ្នាំក្រោយ​ទើប​លោក​បាន​ឈរជើង​ជាប់ និង​បន្ត​អភិវឌ្ឍ​រហូតដល់​ទទួល​បាន​ប្រាក់ចំណេញ ក្លាយជា​ហាង​កាហ្វេ​មួយ​ដែលមាន​ប្រជាប្រិយភាព​ក្នុង​ដួងចិត្ត​យុវវ័យ និង​ប្រជាជន​ខ្មែរ។

ជា​ចុងក្រោយ​លោក​សូម​ផ្តាំផ្ញើ​ទៅដល់​យុវជន​ទាំងឡាយ​ដែល​ចូលចិត្ត​ចូលរួម​ស្តាប់​ក្នុង​សិក្ខាសាលាផ្សេងៗមេត្តា​យល់​ឱ្យបាន​ច្បាស់​ពី​គំនិត​របស់​វាគ្មិន​ដែល​បានធ្វើការ​ចែករំលែក។ សូមកុំ​គិតថា ការចែករំលែក​មួយចំនួន​តាម​បទពិសោធ​របស់គេ យើង​មើលឃើញ​គេ​ជោគជ័យ យើង​ចង់​ធ្វើតាម មិន​ប្រាកដថា​ជោគជ័យ​ដូច​គេ​នោះទេ ឧទាហរណ៍​មហាសេដ្ឋី​លើ​ពិភពលោក​គេ​រៀន​អត់​ចប់អត់​មាន​សញ្ញាបត្រ យើង​បែរជា​ចង់​ឈប់រៀន​តាម​គេ​ដើម្បី​ក្លាយជា​មហាសេដ្ឋី​ដូច​គេ​ដែរនោះ គឺ​មិនអាច​ទៅរួច​ឡើយ គេ​រៀន​អត់​ចប់ អត់​បាន​សញ្ញាបត្រ​មែន តែ​គេ​អាន​សៀវភៅ​ចប់​រាប់សិប​ក្បាលគេ​មាន​ចំណុចល្អៗជាច្រើន​ផ្សេងទៀត​ដែល​យើង​អត់​មាន ដូច្នេះ​យើង​ត្រូវ​ស្តាប់ ដោយ​ការ​ត្រិះរិះ វិភាគ​និង​ពិចារណា និង​ខិតខំ​ប្រឹង​សិក្សា​រៀនសូត្រ​ឱ្យបាន​ខ្ពង់ខ្ពស់។

ជា​ចុងក្រោយ​សូម​យុវជន ក៏ដូចជា​ប្រជាជន​ទាំងអស់​មេត្តាជួយ​គាំទ្រ​ដល់​ម៉ាក​សញ្ញា​ក្នុងស្រុក ដើម្បី​លើកទឹកចិត្ត​ដល់​អាជីវករ​របស់​យើង​ឱ្យមាន​កម្លាំងចិត្ត​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ជាមួយ​អាជីវកម្ម​បរទេស៕

គាំទ្រកាសែតឡារ៉ែនពាណិជ្ជ សូមជូយចុច Like & Share Facebook Page ខាងក្រោម

គាំទ្រទស្សនាវដ្ដីឡារ៉ែន សូមជូយចុច Like & Share Facebook Page ខាងក្រោម