ឯកឧត្តម វេ​ង សាខុន៖ “វិស័យ​កសិកម្ម​នៅតែ​សំខាន់​សម្រាប់​សេដ្ឋកិច្ចកម្ពុជា”

May 11, 2018​ ម៉ោង 11:29 am
0

កសិកម្ម នៅតែ​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា បើទោះបីជា​បច្ចុប្បន្ននេះ​កម្ពុជា​បាន​ប្រែខ្លួន​ពី​ប្រទេស​កសិកម្ម​ទៅជា​ប្រទេស​ឧស្សាហកម្ម​ក៏ដោយ តែ​ជាទូទៅ​យើង​សង្កេតឃើញថា ផ្ទៃដី​ភាគច្រើន​ជា​តំបន់កសិកម្ម ហើយ​ប្រជាជន​ភាគច្រើន​ក៏​ជា​កសិករ​ផងដែរ​នៅតាម​មូលដ្ឋាន។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​លើកឡើងថា ការវិវឌ្ឍ​នៃ​សេដ្ឋកិច្ចពិភពលោក គឺ​បាន​កើតឡើង​ប្រកបដោយ​ភាព​ឆាប់រហ័ស​នៅ​ឆ្នាំ 2017កន្លងទៅនេះ ខណៈ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មាន​ប្រហែលជា 3.7% ចំណែកឯ​តំបន់​អាស៊ាន​មាន​កំណើន 5.3%ស្រប​ពេលដែល​កម្ពុជា​អាច​រក្សាបាន​នូវ​កំណើន​ខ្ពស់​តាមរយៈ​ការអភិវឌ្ឍ​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​សេវាកម្ម​ជាច្រើន​ទៀត។

ក្នុងនោះ​វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក​ប្រមាណ 24.9% នៃ​ផលិតផល​ក្នុងស្រុក​សរុប​ឆ្នាំ2017 ខណៈ​សេវា​កម្មបាន​ចូលរួមចំណែក​ប្រមាណ 32.9% និង​វិស័យ​សេវា​កម្មបាន​ចូលរួមចំណែក​ប្រមាណ 42.2%។

ឯកឧត្តម វេ​ង សាខុន បាន​មានប្រសាសន៍ថា៖ “នាពេល​បច្ចុប្បន្ននេះ វិស័យ​កសិកម្ម​មានកា​រ​ប្រែប្រួល​ពី​ចន្លោះ33.6% ទៅ24.9% ចាប់ពី​ឆ្នាំ2013 ដល់​ឆ្នាំ2017  ដែល​វា មានការ​ភ្ជាប់​គ្នា​ជាមួយនឹង​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម សំណង់ និង​វិស័យ​សេវាកម្ម។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានលើកឡើង​ផងដែរ​ថា បើ​ពិនិត្យ​លើ​តម្លៃបន្ថែម​សរុប គិត​តាម​តម្លៃ​បច្ចុប្បន្ន​នៃ​វិស័យ​កសិកម្ម (GVA)គឺមាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ។ នៅ​ឆ្នាំ2017កន្លងទៅ​ការរួមចំណែក​នៃ​អនុវិស័យ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប រួមមាន ផ្នែក​ដំណាំ​ចំនួន58.5% ផ្នែក​ផលិតកម្ម​សត្វ 11.2% ផ្នែក​ជលផល 23.5% និង​ផ្នែក​ព្រៃឈើ 6.8%។

ជាការ​កត់សម្គាល់​ផលិតកម្ម​ដំណាំ និង​ជលផល គឺជា​កម្លាំងចលករ​នាំមុខ​ក្នុង​ផលិតកម្ម​កសិកម្ម រីឯ​ផលិតកម្ម​សត្វ គឺជា​មុខព្រួញ​សំខាន់​មួយទៀត ក្នុងការ​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​នាំចេញ ដែល​ផ្នែក​នេះ​ត្រូវ​ជំរុញ​អភិវឌ្ឍន៍​ឱ្យបាន​ខ្លាំងក្លា​ផងដែរ។ ជារួម បើតាម​ការវាយតម្លៃ​យើង​ឃើញថា វិស័យ​កសិកម្ម​មានកា​រ​កើនឡើង​ក្នុង​រយៈពេល 3ឆ្នាំកន្លងមក​នេះ​គឺ​ពី 0.2% នៅ​ឆ្នាំ2015 ដល់​ជិត2% (1.79%) នៅ​ឆ្នាំ2017-2018នេះ។

ចំពោះ​ផ្ទៃដី​ដាំ​ដុះ​វិញ ទិន្នផល​ស្រូវ​សម្រេចបាន 3.21លាន​ហិកតា កើនឡើង 2.83% បើ​ធៀប​នឹង​ឆ្នាំ 2016 ហើយ​ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន 3.19លានហិកតា ក្នុងនោះ​ស្រូវវស្សា​មាន2.64 លាន​ហិកតា និង​ស្រូវ​រដូវប្រាំង​មាន 0.55លាន​ហិកតា។ ទិន្នផល​ស្រូវ​គិត​ជា​មធ្យម​ទាំង​ប្រាំង និង​វស្សា​បាន​កើន​ដល់ 3.295តោន​ក្នុង​មួយ​ហិកតា ក្នុងនោះ​ទិន្នផល​ស្រូវវស្សា​ទទួលបាន​ប្រមាណ 3.052តោន​ក្នុង​មួយ​ហិកតា និង​ទិន្នផល​ស្រូវ​រដូវប្រាំង​ទទួលបាន 4.47តោន​ក្នុង​មួយ​ហិកតា។

បរិមាណ​ផល​ស្រូវ​បាន​កើនឡើង​ពី 9.39លាន​តោន នៅ​ឆ្នាំ2013 ដល់​ប្រមាណ10.51លាន​តោន​នៅ​ឆ្នាំ2017-2018នេះ ក្នុងនោះ​បរិមាណ​ផល​ស្រូវវស្សា​ទទួលបាន​ចំនួន 8.062លាន​តោន និង​បរិមាណ​ផល​ស្រូវ​រដូវប្រាំង​ទទួលបាន 2.45លាន​តោន ពោលគឺ​កើន​ប្រហែល 5.61%ធៀប​នឹង​ឆ្នាំ2016 ធ្វើឱ្យ​អតិរេក​ស្រូវ​មាន​ចំនួន 5.6លាន​តោន គិត​ជា​អង្ករ​ស្មើនឹង 3.56លាន​តោន គឺ​កើន​ប្រមាណ 8.6% ធៀប​នឹង​ឆ្នាំ2016។ ការប្រើប្រាស់​គ្រឿងយន្ដ​សម្រាប់​ផលិតកម្ម​កសិកម្ម​ជំនួស​កម្លាំង​អូសទាញ​ដោយ​គោ-ក្របី​នោះ​គឺមាន​ការកើនឡើង​រហូត​ដល់ 94.42%(ឆ្នាំមុន92.20%)។

ចំណែកឯ​ផលិតកម្ម​ដំណាំ​រួមផ្សំ និង​ឧស្សាហកម្ម ពិនិត្យ​ជារួម​ឃើញថា បរិមាណ​ផល​ផលិតកម្ម​បាន​កើន​ពី10.54លាន​តោន នៅ​ឆ្នាំ2013 ដល់​ប្រមាណ16.38លាន​តោន​នៅ​ឆ្នាំ2017 (កំណើន​ជា​មធ្យម​ក្នុង​រយៈពេល 5ឆ្នាំកន្លងមក​នេះ​មាន​ប្រមាណ 2.35%)។

ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​បាន​កើនឡើង​ពី 4.7លាន​តោន​នៅ​ឆ្នាំ2016 ដល់ 5.13លាន​តោន​នៅ​ឆ្នាំ2017។ បរិមាណ អង្ករ​នាំចេញ​ក្នុង​ឆ្នាំ2017 ក្នុង​ក្របខ័ណ្ឌ​នៃ​ច្រកចេញចូល​តែមួយ​សម្រេចបាន​ចំនួន 635,697តោន កើនឡើង 17.30%ធៀប​នឹង​ឆ្នាំ2016 ក្នុងនោះ ប្រភេទ​អង្ករ​ក្រអូប​មាន​ចំនួន 61.99% អង្ក​រស​គ្រប់​ប្រភេទ​មាន​ចំនួន 24.64% និង​អង្ករ​ចំហុយ​មាន​ចំនួន13.37% ដែល​បាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ចំនួន84 ទៅកាន់​ទិសដៅ 63ប្រទេស​នៅលើ​សកលលោក។

ចំពោះ​ផលិតកម្ម​ដំណាំ​កៅស៊ូ​ធម្មជាតិ​កាលពី​ឆ្នាំ2017កន្លងទៅ ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន 436,340ហិកតា ក្នុងនោះ​ក្រុមហ៊ុន​កៅស៊ូ​កសិឧស្សាហកម្ម​មាន​សមា​មាត្រ​ចំនួន 64.22% និង​កៅស៊ូ​គ្រួសារ​មាន​ចំនួន 35.78% បើ​ធៀប​ទៅនឹង​ឆ្នាំ2016 សម្ទុះ​នៃ​ការដាំដុះ​កៅស៊ូ​មានការ​កើនឡើង​ប្រមាណ 0.83%។ ការនាំចេញ​កៅស៊ូ សម្រេចបាន​ចំនួន 188832តោន សើ្ម​នឹង​ទឹកប្រាក់​ប្រមាណ 299លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ2016 គឺ​កើនឡើង 30.14%។

ការចិញ្ចឹម​សត្វ ក៏​ជា​ផ្នែក​មួយ​សំខាន់​នៃ​សូចនាករ​គោលដៅ​ដែល​សម្រេចបាន​កំណើន1.54% ផងដែរ បើ​ធៀប​នឹង​ឆ្នាំ2016។ ចំនួន​សត្វ​សរុបបាន​កើន​ពី 42.18លាន​ក្បាល​នៅ​ឆ្នាំ2016 ដល់ 42.83លាន​ក្បាល​នៅ​ឆ្នាំ2017 ក្នុងនោះ​គោ​កើនឡើង 1.76% ក្របី​ថយចុះ 2.84% ជ្រូក​កើនឡើង 3.49% និង​បក្សី​កើនឡើង 1.43%។

ជាការ​កត់សម្គាល់​កន្ល​ង​មក ស្ទើរតែ​គ្រប់​គ្រួសារ​កសិករ​បាន​ចិញ្ចឹមសត្វ​ក្នុង​គោលបំណង​ផ្គត់ផ្គង់​តម្រូវការ​ចាំបាច់​ក្នុង​គ្រួសារ និង​ប្រើប្រាស់​ជា​កម្លាំង​អូសទាញ។ ប៉ុន្តែ​ការចិញ្ចឹម​ក្នុង​គោលបំណង​បែបនេះ​បាន​ផ្លាស់ប្តូរ​បន្តិចម្តងៗ ដោយបាន​ប្តូរ​បែបផែន​ផលិតកម្ម​សម្រាប់តែ​តម្រូវការ​ក្នុង​គ្រួសារ​ទៅជាការចិញ្ចឹម​សម្រាប់ធ្វើ​ពាណិជ្ជកម្ម។ ក្នុង​ឆ្នាំ2017កន្លងទៅ ការចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​ពាណិជ្ជកម្ម​មាន​ចំនួន 742,771ក្បាល​បាន​កើន 24% បើ​ប្រៀបធៀប​នឹង​ឆ្នាំ2016កន្លងទៅ៕

គាំទ្រកាសែតឡារ៉ែនពាណិជ្ជ សូមជូយចុច Like & Share Facebook Page ខាងក្រោម

គាំទ្រទស្សនាវដ្ដីឡារ៉ែន សូមជូយចុច Like & Share Facebook Page ខាងក្រោម