តើ​ក្រុមហ៊ុន​ឯកជន​ទទួលបាន​អត្ថប្រយោជន៍​អ្វីខ្លះ ពីការចុះបញ្ជី​កម្មសិទ្ធិបញ្ញា?

ផលិតផលក្លែងបន្លំម៉ាកសញ្ញាត្រូវបានកម្ទេចចោល

បច្ចុប្បន្ន​គេ​សង្កេតឃើញថា ចំនួន​ក្រុមហ៊ុន/សហគ្រាស​ខ្នាតតូច-មធ្យម និង​ក្រុមហ៊ុន​ខ្នាត​ធំ​បាន​កើនឡើង​កាន់តែច្រើន​នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​មួយចំនួន​បាន​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នៅ​ក្រសួងពាណិជ្ជកម្ម ប៉ុន្តែ​ក្រុមហ៊ុន​ខ្លះទៀត​មិនបាន​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នោះទេ។ ដូច្នេះ​សួរថា​តើ​ការចុះបញ្ជី និង​មិន​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នេះ​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​ដូចម្តេចខ្លះ​សម្រាប់​ក្រុមហ៊ុន​ឯកជន​ទាំងនោះ?។

ពាក់ព័ន្ធ​នឹង​ករណីនេះ លោក អៀង ម៉ុង នាយក​គ្រប់គ្រង​ក្រុមហ៊ុន លី​លី ផលិត​នំ​ស្រួយ​មានប្រសាសន៍ថា នៅ​ដំណាក់កាល​បង្កើត​ក្រុមហ៊ុន​ដំបូងក្រុមហ៊ុន​បាន​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នៅ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ទប់ស្កាត់​ការបន្លំ​ម៉ាក​សញ្ញា​នេះ។ ក្រោយពី​ដំណើរការបាន​ប៉ុន្មាន​ឆ្នាំ​ក្រោយមក ស្រប​ពេលដែល​ក្រុមហ៊ុន​មានឈ្មោះ​កាន់តែ​ល្បីឡើងៗ ស្រាប់​តែមាន​ក្រុមហ៊ុន​មួយ​ឈ្មោះ លី​លី ជា​ក្រុមហ៊ុន​លក់​ភេសជ្ជៈ​កំប៉ុង​បាន​នាំចូល​នំ​កញ្ចប់​ពី​ប្រទេស​ចិន ហើយ​យក​ស្លាក​ឈ្មោះ លី​លី បិទ​លើ​កញ្ចប់​នំ​ទាំងនោះ​ដើម្បី​ចែកចាយ​នៅលើ​ទីផ្សារ​កម្ពុជា រហូត​ធ្វើឱ្យ​មានការ​ប្តឹងផ្តល់​គ្នា​ទៅដល់​តុលាការ​ទៀតផង។

លុះ​ក្រោយមក​តុលាការ​បាន​រកឃើញថា ក្រុមហ៊ុន​ខាងលើ​បាន​បន្លំ​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន លី​លី ផលិត​នំ​ស្រួយ​ពិតប្រាកដ​មែន ក៏​ហាម​លែងឱ្យ​ក្រុមហ៊ុន លី​លី លក់​គ្រឿង​កំប៉ុង​នោះ​បន្ត​ចែកចាយ​នំ​ស្រួយ​ដែលមាន​បិទ​ស្លាក​ឈ្មោះ​លី​លី នៅលើ​សម្បក​កញ្ចប់​នំ​បន្តទៀត​រហូតមកទល់​បច្ចុប្បន្ន។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម សៀងថៃ មានប្រសាសន៍ថា ការចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នេះសម្រាប់​ក្រុមហ៊ុន​ឯកជន​គឺ​ទទួលបាន​អត្ថប្រយោជន៍​ច្រើនណាស់​ក្នុងការ​ទប់ស្កាត់​ការលួចចម្លង​ម៉ាក​សញ្ញា ឬ​ឈ្មោះ​ក្រុមហ៊ុន​ពី​សំណាក់​បុគ្គល​ណាមួយ​ដើម្បី​យកទៅ​ផលិត​ទំនិញ​ក្លែងក្លាយ និង​ដាក់លក់​នៅលើ​ទីផ្សារ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​ក្រុមហ៊ុន​ដើម​ដែល​បាន​ផលិតនិង​ខិតខំ​កសាង​ឈ្មោះ​អស់​ជាច្រើន​ឆ្នាំ​រហូតដល់​ល្បីល្បាញ ស្រាប់តែ​ត្រូវបាន​គេ​លួច​ចម្លង​យកទៅ​ប្រើ​សម្រាប់​ជា​ប្រយោជន៍​ខ្លួនឯង​ទៅវិញ។

ឯកឧត្តម​មានប្រសាសន៍​បញ្ជាក់ថា “ធម្មតា​ផលិតផល​ដែល​ទើប​បង្កើត​ដំបូង មិនដែល​ល្បីល្បាញភ្លាមៗទេ គឺ​ត្រូវ​កសាង​កេរ្តិ៍ឈ្មោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទើប​មានឈ្មោះ​ល្បីល្បាញ​នៅលើ​ទីផ្សារ មាន​អតិថិជន​គាំទ្រ​ច្រើន ហើយ​ដល់ពេល​មានឈ្មោះ​ល្បី ក៏ត្រូវ​គេ​លួច​ផលិត​ផលិតផល​ក្លែងក្លាយ លួច​បន្លំ​ឈ្មោះ​ក្រុមហ៊ុន​ដើម និង​ដាក់​លក់ទំនិញ​ក្លែងក្លាយ​នោះ​នៅលើ​ទីផ្សារ​នាំឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដើម”។

ឯកឧត្តម​បន្តថា ប្រសិនបើ​ក្រុមហ៊ុន​ដើម​បាន​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នៅ​ក្រសួងពាណិជ្ជកម្ម គឺ​ក្រុមហ៊ុន​ដើម​នោះ​មាន​សិទ្ធិ​ប្តឹង​គេ ដើម្បី​ទប់ស្កាត់​ការបន្លំ​យកឈ្មោះ​ក្រុមហ៊ុន​ទៅ​លក់ទំនិញ​ក្លែងក្លាយ​នៅលើ​ទីផ្សារ ឬ​ប្តឹង​ទារ​សំណងផ្សេងៗបាន តែបើ​ក្រុមហ៊ុន​ដើម​មិនបាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​ទេ ពេល​មាន​ការលួចចម្លង​និមិត្តសញ្ញា ឬ​ឈ្មោះ​ក្រុមហ៊ុន ពេលនោះ​យើង​គ្មាន​សិទ្ធិ​ប្តឹង​គេ​នោះទេ ជួនកាល​ទំនិញរបស់គេៗផលិត​តាម​យើង​មែន តែ​គេ​បាន​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​មុន​យើង នោះគេ​មាន​សិទ្ធិ​ប្តឹង​យើង​មិនឱ្យ​យើង​ប្រើ​ឈ្មោះ​ដូច​មុន​ទៀត​ក៏​អាចធ្វើ​បានដែរ។

គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ2017កន្លងទៅ ក្រសួងពាណិជ្ជកម្ម​បាន​ទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ម៉ាក​សញ្ញា​ចំនួន 5,123 និង​បាន​ចុះបញ្ជី​ម៉ាក​ចំនួន 3,917 ជាមួយគ្នានេះ​ក្រសួង​ក៏បាន​ទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ម៉ាក​ជា​អន្តរជាតិ​ចំនួន 2,259 និង​ចុះបញ្ជី​ម៉ាក​អន្តរជាតិ​បាន​ចំនួន 840ក្រុមហ៊ុន។ ការដែល​ក្រុមហ៊ុន​អន្តរជាតិ​សម្រេច​ស្នើសុំ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា គឺ​ដើម្បី​ការពារ​ខ្លាចក្រែង​មាន​អ្នក​ក្លែងបន្លំ​ឈ្មោះ ឬ​ម៉ាក​សញ្ញា(ឡូហ្គោ)ក្រុមហ៊ុន​របស់គេ​ដែល​ល្បី​នៅលើ​ទីផ្សារ​អន្តរជាតិ ដោយ​យកមក​បិទ​លើ​ទំនិញ​ក្លែងក្លាយ ហើយ​ចរាចរណ៍​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា។

នៅក្នុង​ឆ្នាំ2017 កន្លងទៅ ក្រសួង​បានទទួល​ពាក្យស្នើសុំ​លុប​ម៉ាក​សញ្ញា​បាន​ចំនួន 31ម៉ាក​សញ្ញា និង​លុប​ម៉ាក​សញ្ញា​ចេញពី​បញ្ជី​បាន​ចំនួន 12ម៉ាក​សញ្ញា និង​បានទទួល​ពាក្យ​បណ្ដឹងសុំ​ទប់ស្កាត់​ការរំលោភបំពាន​ចំនួន 14ករណី និង​សម្រុះសម្រួល​បាន​ចំនួន 16ករណី។ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ក្រុមហ៊ុន​ឯកជន ក្រសួង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចុះបង្ក្រាប​បទល្មើស​កម្មសិទ្ធិ​បញ្ញាដោយ​ដកហូត​បាន​វត្ថុតាង​រួមមាន បារី​ក្លែងបន្លំ​ម៉ាកចំនួន 36សុង អាវ​រងា​ម៉ាក North Face ចំនួន 19អាវ មួកសុវត្ថិភាព​ក្លែងបន្លំ​រូបរាង និង​ម៉ាកផ្សេងៗចំនួន 520មួក និង​គ្រឿងបន្លាស់​ចំនួន 70ឈុត។

ក្រៅពីនេះ​ក៏មាន​ករណី​បង្ក្រាប​ការ​ក្លែងបន្លំ​ម៉ាក​សញ្ញា និង​ប្រភព​ផលិត​ផលិតផល​នំ​មឹក វេច​ខ្ចប់​រួច​ចំនួន 4.20គីឡូក្រាម នំ​មិនទាន់​វេច​ខ្ចប់​ចំនួន 24គីឡូក្រាម និង​សម្ភារ​វេច​ខ្ចប់​ចំនួន 8គីឡូក្រាម រួមទាំង​ចាប់បាន​ផលិតផល​ក្លែងបន្លំ​ជាច្រើន ដូចជា​សាប៊ូ កង្ហារ ភេសជ្ជៈ ទឹក​ផ្លែឈើ ស្រា​បៀរ សាប៊ូ ទូរស័ព្ទដៃ និង​កា​រំលោភ​កម្មសិទ្ធិបញ្ញា​អ្នកនិពន្ធ​ជាច្រើន​ករណី​ទៀតផង៕

Advertisement